កប៉ាល់បូមខ្សាច់នៅទន្លេសាប ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីម្សិលមិញ
ភ្នំពេញៈអ្នកភូមិចំនួន៥ គ្រួសារ ក្នុងចំណោម ២២ គ្រួសារ នៅតាមច្រាំងទន្លេសាប ក្នុងខណ្ឌឫស្សីកែវ បានទទួលយកប្រាក់សំណងចំនួន៥០០ដុល្លារ ចំពោះការបូមខ្សាច់នៅតាមដងទន្លេនេះ ដោយក្រុមហ៊ុន ដែលមានកម្មករភាគច្រើន និយាយភាសាវៀតណាម ដែលបានធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់អ្នកភូមិទាំងនេះ ខណៈអ្នកភូមិផ្សេងទៀតកំពុងធ្វើការប្តឹងតវ៉ា។
ប្រជាពលរដ្ឋ ចំនួន ២២ គ្រួសារ នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក បានដាក់ពាក្យបណ្តឹងទៅសាលាខណ្ឌឫស្ស៊ីកែវ កាលពីម្សិលមិញ បន្ទាប់ពីសសរផ្ទះរបស់ពួកគេមួយចំនួន បានបាក់ដែលបណ្តាលមកពីការបូមខ្សាច់ របស់កប៉ាល់បូមខ្សាច់។
អ្នក ភូមិឈ្មោះ ពុំ ឡូត អាយុ ៥៨ ឆ្នាំ បានឲ្យដឹងថា សកម្មភាពបូមខ្សាច់ បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែវិច្ឆិកា។ ប៉ុន្តែប្រជាពលរដ្ឋ មិនត្រូវបានគេផ្តល់ដំណឹងជាមុន ឬផ្តល់ព័ត៌មានណាមួយ អំពីក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធនោះទេ បើទោះបីជាពួកគេ បានសួរអាជ្ញាធរក៏ដោយ។ អ្នកភូមិរូបនេះបានបញ្ជាក់ថា កម្មករភាគច្រើនដែលនៅលើកប៉ាល់បូមខ្សាច់នោះនិយាយភាសាវៀតណាម។
អ្នក ភូមិរូបនេះឲ្យដឹងទៀតថា អាជ្ញាធរក្នុងតំបន់ ផ្តល់ប្រាក់សំណងចំនួនតែ ៥០០ ដុល្លារអាមេរិកដល់ពលរដ្ឋទាំង២២ គ្រួសារ ដែលទទួលរងការខូចខាតខ្លាំង ដើម្បីជាថ្នូរឲ្យពួកគេចាកចេញ។ អ្នកភូមិរូបនេះ បន្ថែមថា រហូតដល់ពេលនេះ មានពលរដ្ឋតែ ៥គ្រួសារប៉ុណ្ណោះ ដែលយល់ព្រមទទួលយកប្រាក់សំណង តាមដំណោះស្រាយនេះ ហើយ ១៧ គ្រួសារផ្សេងទៀតមិនយល់ព្រមនោះទេ។
គាត់និយាយថា៖ «សសរផ្ទះរបស់គ្រួសារមួយចំនួន បានបាក់ចាប់តាំងពីការបូមខ្សាច់កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។ យើងចាប់ផ្តើមភ័យខ្លាច និងព្រួយបារម្ភកាន់តែខ្លាំង ចំពោះបញ្ហានេះ។ អាជ្ញាធរមិនបានផ្តល់ដំណឹងដល់ពួកយើងសោះ ពីសកម្មភាពបូមខ្សាច់នោះ ដូច្នេះពួកយើងប្រញាប់ដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ»។
ស្ត្រី ឈ្មោះ ហុន សុធាវី អាយុ ៣០ ឆ្នាំ ជាអ្នកភូមិម្នាក់ទៀត បានលើកឡើងថា ការបូមខ្សាច់ដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែងនេះធ្វើឲ្យអ្នក ស្រីព្រួយបារម្ភពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន។ អ្នកស្រី បន្តថា៖ «ពួកគេចំណាយឲ្យមួយគ្រួសារតែ ៥០០ ដុល្លារ វាតិចពេក! តើឲ្យយើងយកទៅទិញដី ផ្ទះ ឬអ្វីបាន ដើម្បីរស់នៅ។ យើងខ្ញុំបានចំណាយលុយច្រើនណាស់ ដើម្បីសាងសង់ផ្ទះ ហើយមានប្រជាពលរដ្ឋខ្លះ បានខ្ចីប្រាក់គេ មកធ្វើផ្ទះថែមទៀត។ វាមិនអាចទទួលយកបានឡើយ។ ឥឡូវយើងបារម្ភណាស់ ពីការរលំផ្ទះសម្បែងចូលទៅក្នុងទឹកទន្លេ»។
លោក ជា ពិសី អភិបាលរងខណ្ឌឫស្សីកែវ បាននិយាយថា លោកមិនទាន់បានទទួលពាក្យបណ្តឹងនោះនៅឡើយទេ។ ដោយមិនមានការបញ្ជាក់ពិស្តារ លោកថា អាជ្ញាធរមូលដ្ឋាន គួរពិនិត្យមើលអ្វីដែលពួកគេប្តឹង៕
No comments:
Post a Comment
yes