កណ្តាលៈ រោងចក្រផលិតជីមួយកន្លែង ដែលមានម្ចាស់ជាជនជាតិវៀតណាម ស្ថិតក្នុងខេត្តកណ្តាល ត្រូវគេរាយការណ៍ថា ជ្រើសរើសយកតែកម្មករនិយោជិតណាដែលគាំទ្រគណបក្សប្រជាជន កម្ពុជា ដែលកំពុងកាន់អំណាចតែប៉ុណ្ណោះ។
អ្នកភូមិព្រែកត្រែង ២នាក់ ឃុំសំរោងធំ ដែលបដិសេធមិនឲ្យបញ្ចេញឈ្មោះនិងលោក ហាំង សួន មេភូមិនេះបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា រោងចក្រជីផ្កាយប្រាំអន្តរជាតិ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានថៅកែជាជនជាតិវៀតណាម។
ពួកគេ អះអាងថា ម្ចាស់រោងចក្រនេះរើសអើងក្នុងការជួលកម្មករទៅធ្វើការ ហើយថា រោងចក្រនេះ មិនជ្រើសយកកម្មករណាដែលគាំទ្រគណបក្សប្រឆាំងឲ្យធ្វើការ ក្នុងរោងចក្រឡើយ។
លោកមេភូមិ ហាំង សួន បាននិយាយថា ៖ «ប្រសិនបើ [អ្នកគាំទ្រគណបក្ស]ប្រឆាំង ពួកគេមិនត្រូវបានអនុញ្ញាតឲ្យធ្វើការនៅក្នុងរោងចក្រនេះឡើយ។ សាច់ញាតិរបស់ខ្ញុំប្រហែល ២៥ ទៅ៣០នាក់ ធ្លាប់ដាក់ពាក្យសុំការងារក្រុមហ៊ុននេះ ប៉ុន្តែ ពួកគេមិនត្រូវបានជ្រើសរើសឡើយ»។
លោក លី លីន ជំទប់ទី១ ឃុំសំរោងធំ មកពីគណបក្សសមរង្ស៊ី ដែលជាគណបក្សប្រឆាំងក៏បានទទួលស្គាល់ការចោទប្រកាន់ខាងលើ ដោយបានអះអាងថា ម្ចាស់រោងចក្រជាជនជាតិវៀតណាមបានរើសអើងនៅក្នុងការជួល កម្មករ ប៉ុន្តែ លោកបានបញ្ជាក់ថា សកម្មភាពនេះមិនបានធ្វើឡើងដោយបើកចំហនោះទេ។
លោក លី លីន បានបន្តថា៖ «ពួកគេថា ប្រសិនបើ [អ្នកណាម្នាក់]ចង់ធ្វើការត្រូវលាលែងពីគណបក្សប្រឆាំង។ យើងគ្មានឯកសារភស្តុតាង ប៉ុន្តែ វាពិតជាមានការរើសអើងប្រាកដមែន»។
លោក ប៊ុន ធឿន អ្នកភូមិម្នាក់ដែរបានបន្ទរថា លោកបានដាក់ពាក្យសុំការងារក្នុងក្រុមហ៊ុននេះ តាមរយៈក្រុមប្រឹក្សាឃុំអស់រយៈពេល៣ខែមកហើយ ហើយថា លោកគាំទ្រគណបក្សប្រជាជនកម្ពុជា ប៉ុន្តែរហូតមកដល់ពេលនេះ លោកក៏មិនត្រូវបានជ្រើសរើសឲ្យធ្វើការក្នុងក្រុមហ៊ុននេះដែរ ។ លោកបានបន្ថែមថា អ្នកគ្រប់គ្រងរោងចក្រថា ប្រសិនបើអ្នកណាម្នាក់ចង់ធ្វើការក្នុងរោងចក្រ ត្រូវដាក់ពាក្យតាមមេឃុំ។
ទោះជាយ៉ាងណា លោកស្រី ប៊ុត សុវណ្ណ មេឃុំសំរោងធំ បានច្រានចោលការចោទប្រកាន់នេះ ដោយលោកស្រីបានថ្លែងប្រាប់ថា លោកស្រីជាប់រវល់ការងារខ្លាំងណាស់ លោកស្រីមិនបានទទួលពាក្យពីជនណាម្នាក់ដើម្បីស្នើសុំការងារ ក្នុងរោងចក្រនោះទេ។ ម្យ៉ាងលោកស្រីអះអាងដែរថា ពុំមានការរើសអើងផ្នែកនយោបាយក្នុងការជួលកម្មករធ្វើការ ក្នុងរោងចក្រទេ។
លោកស្រី ប៊ុត សុវណ្ណ បានបន្តថា៖ «ពួកគេបានដាក់ពាក្យសុំដោយផ្ទាល់ទៅរោងចក្រ។ ខ្ញុំគ្រាន់តែបញ្ជាក់លើលិខិតផ្លូវការអំពីអាសយដ្ឋានពួកគេ បើមិនដូច្នោះគេមិនទទួលពាក្យសុំការងារទេ។ ខ្ញុំគ្មានពេលទទួលពាក្យសុំការងារឬ ជ្រើសរើសអីទេ»។
នៅ ពេលសួរអំពីម្ចាស់ក្រុមហ៊ុនឬអ្នកគ្រប់គ្រងរោងចក្រ លោកស្រីថា មិនបានស្គាល់អ្នកណាម្នាក់ក្នុងក្រុមហ៊ុននោះទេ ប៉ុន្តែ លោកស្រី ទទួលស្គាល់ថា ម្ចាស់រោងចក្រ អ្នកគ្រប់គ្រង ឬអ្នកត្រួតពិនិត្យ សុទ្ធតែជនជាតិវៀតណាម។
តំណាងរោងចក្រជីផ្កាយប្រាំអន្តរជាតិ មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ។
ការ សាងសង់រោងចក្រផលិតជីគីមីនេះ បានចាប់ផ្តើមកាលពីខែធ្នូឆ្នាំ២០០៩ នៅឃុំសំរោងធំ បញ្ចប់នៅក្នុងឆ្នាំ២០១០ នឹងចាប់ផ្តើមដំណើរការផលិតផ្គត់ផ្គង់ទីផ្សារក្នុងស្រុកចាប់ពី ឆ្នាំ២០១១រហូតមក៕
No comments:
Post a Comment
yes