សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 24, 2012

បញ្ជូន​វៀត​ណាម​៧​នាក់​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ពី​បទ​លួច​ចូល​កាប់​ឈើ

121224_09a
គំនរ​ឈើ ដែល​ក្រុម​ហ៊ុន​វៀត​ណាម​កាប់ នៅ​ក្នុង​ព្រៃ​សហ​គមន៍​ខេត្ត​រត​ន​គិរី​​​
រតនគិរីៈ ជន​ជាតិ​វៀតណាម៧នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​តុលាការ បាន​ចោទ​ប្រកាន់​ពី​បទ​លួច​ចូល​មក​កាប់​ឈើ នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ខុស​ច្បាប់។ នេះ​បើ​តាម​ លោក ម៉ា វិចិត្រ ​អភិបាល​ស្រុក​អូរ​យ៉ា​ដាវ។
បុរសជនជាតិ​វៀតណាម​ទាំង​៧នាក់​នោះ មាន​ឈ្មោះ ហ្វង មឹក​រ៉ុង អាយុ ៣២ ឆ្នាំ លឿង ង៉ុក​យឹក អាយុ ៣៥ ​ឆ្នាំ ម៉ាយ ប៊ុន​ហា អាយុ​ ២៩​ ឆ្នាំ ង្វៀង យ៉ី​កាន់ អាយុ ៣៥ ឆ្នាំ ង្វៀង វ៉ាន់ ជុង អាយុ ២៧​ ឆ្នាំ ង្វៀង វ៉ាង​ហ៊ី​ហុង អាយុ​ ២០ ឆ្នាំ និង​ ង្វៀង វ៉ាន់​ក្វាង អាយុ ២៤ ឆ្នាំ។ ជនទាំង​នេះ ត្រូវ​បាន​នគរបាល​កម្ពុជា ចាប់​ខ្លួន​ ក្រោម​កិច្ច​សហការ​ជាមួយ​កង​រាជ​អាវុធហត្ថ និង​រដ្ឋបាល​ព្រៃ​ឈើ​ ក្នុង​ស្រុក​អូរយ៉ាដាវ​កាល​ពី​ថ្ងៃទី​២០ធ្នូ​ ឆ្នាំ២០១២។

លោកម៉ា វិចិត្រ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «ពួកគេ​បាន​ចូល​មក​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់​ដើម្បី​កាប់​ឈើ​ប្រណីត នៅ​ក្នុង​តំបន់​ព្រៃហាម​ឃាត់ និង​ព្រៃ​សហគមន៍ នៅ​ក្នុងស្រុក​អូរ​យ៉ា​ដាវ។ ពួកគេ​ត្រូវបាន​ចាប់​ខ្លួនខណៈ​ពួកគេ​កំពុង​កាប់​ឈើ»។ លោក​បន្ថែម​ថា បន្ទាប់​ពី​ចាប់​ខ្លួន​ពួកគេ នគរបាល បាន​រឹប​អូស​យក​ម៉ាស៊ីន​អារ​ឈើ​ចំនួន​៤​គ្រឿង និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។
លោក ឆាយ ធី អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​នៅ​ខេត្ត​រតនគិរី បាន​ថ្លែង​ថា បទ​ល្មើស​ព្រៃ​ឈើ​ដែល​នៅ​តែ​បន្ត​កើត​ឡើង​យ៉ាង​ខ្លាំង នៅ​ក្នុង​ខេត្ត​រតនគិរី គឺ​ដោយសារ​តែ​សមត្ថកិច្ច មាន​ការ​ធូររលុង​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស។ ជា​ពិសេស​នៅ​ពេល​ចុះ​បង្ក្រាប​អំពើ​កាប់ឈើ ឬ​ក៏​ការ​ដឹក​ឈើ​ខុស​ច្បាប់​ម្ដងៗ អាជ្ញាធរ​មិន​ដែល​ចាប់​ខ្លួន ឬក៏​នាំ​ខ្លួន​ឈ្មួញ​ឈើ ក៏​ដូច​ជា​ អ្នក​កាប់​ឈើ​ខុស​ច្បាប់មក​កាត់​ទោស​នោះ​ទេ ក្រៅតែ​ពី​ការ​រឹប​អូស​បាន​ឈើ និង​សម្ភារ​ផ្សេង​ទៀត​ និង​ស្វែង​រក​ចាប់​ខ្លួន​ពួកគេ​ប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «ខ្ញុំ​បាន​កត់​សម្គាល់​ថា ថ្មីៗ​នេះ បទ​ល្មើស​ព្រៃឈើ បាន​កើត​ឡើង​យ៉ាង​ខ្លាំង​ ព្រោះ​អាជ្ញាធរ ខ្វះ​វិធានការ​ និង​សកម្មភាព​តឹង​រ៉ឹង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​នេះ»។
លោក ឆាយ ធី ដែល​តែង​តែ​រួម​សហ​ការ ជាមួយ​ជន​ជាតិ​ដើម​ភាគ​តិច ចុះ​ល្បាត​ព្រៃឈើ​បន្ថែម​ថា៖​«ដើម្បី​ទប់​ស្កាត់​សកម្មភាព​កាប់ឈើ ឬក៏​ដឹក​ឈើ​ខុស​ច្បាប់ ខ្ញុំ​គិត​ថា អាជ្ញាធរ គួរ​តែ​ចាប់​ខ្លួន​ និង​នាំ​ខ្លួន​ជន​សង្ស័យ​ មក​កាត់​ទោស និង​ផ្តន្ទាទោសឲ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់​...មិន​ត្រូវ​គ្រាន់​តែ ពិន័យ​ពួកគេ​នោះ​ទេ»៕ 

No comments:

Post a Comment

yes