តំណាងធនាគារពិភពលោក (World Bank) ចេញមកទទួលយកញត្តិពី
អ្នកភូមិបឹងកក់ នៅមុខធនាគារពិភពលោក កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២
តំណាងធនាគារពិភពលោកប្រចាំកម្ពុជា (World Bank) សន្យាជាមួយអ្នកភូមិបឹងកក់ ថានឹងបន្តយកចិត្តទុកដាក់ជួយអ្នកភូមិបឹងកក់ និងមិនបោះបង់ពួកគាត់ចោលនោះទេ ដរាបណាពួកគាត់នៅមិនទាន់បានដំណោះស្រាយសមរម្យពីអាជ្ញាធរ។
ការសន្យានេះធ្វើឡើងនៅបន្ទាប់ពីអ្នកភូមិបឹងកក់ បាននាំគ្នាយកញត្តិដែលមានស្នាមមេដៃអ្នកភូមិរងគ្រោះចំនួន ៤៨នាក់ ទៅដាក់នៅការិយាល័យធនាគារពិភពលោក កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២។ ក្រោយអ្នកភូមិដាក់ញត្តិទៅធនាគារពិភពលោក តំណាងធនាគារបានអនុញ្ញាតភ្លាមៗឲ្យតំណាងអ្នកភូមិ ៩រូប ចូលជួបសំដែងពីសារទុក្ខកង្វល់ និងការទាមទាររបស់ពួកគាត់។
អ្នកស្រី ហេង មុំ តំណាងអ្នកភូមិបឹងកក់ ដែលបានចូលរួមជួបជាមួយតំណាងអ្នកភូមិបឹងកក់ ថ្លែងថា អ្នកភូមិស្នើសុំឲ្យខាងធនាគារពិភពលោកពិចារណា និងធ្វើការតាមដានរាល់ជំនួយ និងប្រាក់កម្ចីរបស់ធនាគារ និងដាក់សំពាធទៅលើរដ្ឋាភិបាលឲ្យជួយដោះស្រាយរឿងទំនាស់ដីធ្លីរាំរ៉ៃ ជូនអ្នកភូមិឲ្យបានឆាប់។
អ្នកស្រី ហេង មុំ៖ «ខាងធនាគារពិភពលោកបានទទួលទូរលេខថា ពួកខ្ញុំបានទទួលដំណោះស្រាយគ្រប់គ្រាន់រួចរាល់អស់ហើយ គាត់នឹងទម្លាក់ប្រាក់កម្ចីដល់រដ្ឋាភិបាល តែខ្ញុំមិនជំទាស់នឹងប្រាក់កម្ចីរបស់រដ្ឋាភិបាលទៅធនាគារពិភពលោកនោះទេ ក៏ប៉ុន្តែខ្ញុំគ្រាន់តែចង់ថា សុំឲ្យខាងធនាគារពិភពលោកទម្លាក់ប្រាក់កម្ចីមកទាំងឡាយ សុំឲ្យគាត់ពិចារណា និងធ្វើការតាមដានរាល់ជំនួយរបស់គាត់ តើបានដល់ដៃប្រជាពលរដ្ឋ ឬអត់?ខ្ញុំអត់ថា ឲ្យគាត់ផ្ដាច់ទេ តែថា ឲ្យគាត់សុំឲ្យគាត់ជួយប្រជាពលរដ្ឋ ជំរុញឲ្យរដ្ឋាភិបាលធ្វើយ៉ាងម៉េចជួយផ្ដល់ប្លង់កម្មសិទ្ធិប្រជាពលរដ្ឋខ្ញុំ»។
សំណើរបស់អ្នកភូមិបឹងកក់ សុំឲ្យធនាគារពិភពលោកជំរុញឲ្យរដ្ឋាភិបាល ទី១ ត្រូវផ្ដល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៥៧គ្រួសារដែលនៅសេសសល់ ទី២ សុំឲ្យមានការបោះព្រំប្រទល់ដីទំហំជាង ១២ហិកតារជូនអ្នកភូមិ ទី៣ សុំឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ឆា ជាតំណាងអ្នកភូមិបឹងកក់ និងអ្នកស្រី ទឹម សាក់មុន្នី ជាសកម្មជនដីធ្លីនៅបុរីកីឡា ដែលពួកគាត់អះអាងថា អ្នកទាំងពីរគ្មានកំហុស ហើយត្រូវតុលាការចាប់ឃុំខ្លួន និងទី៤ សុំឲ្យតុលាការទម្លាក់ចោលនូវបទចោទប្រកាន់តំណាងអ្នកភូមិបឹងកក់ចំនួន ១៣នាក់ផ្សេងទៀត៕
No comments:
Post a Comment
yes