សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 20, 2012

មេ​ឃុំ​ខេត្ត​កណ្ដាល​យក​ដី​បរិវេណ​សាលា​ឃុំ​ឲ្យ​បក្ស​ប្រជាជន​សង់​ស្នាក់​ការ​បក្ស

សមាជិក​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន និង​គណបក្ស​ប្រឆាំង ឃុំ​តាលន់ ខ្វែង​គំនិត​គ្នា​ចំពោះ​សកម្មភាព​ដែល​មេ​ឃុំ​តាលន់ បាន​យក​ដី​បរិវេណ​សាលា​ឃុំ​ផ្តល់​ជូន​គណបក្ស​កាន់​អំណាច​សង់​ទីស្នាក់ការ​បក្ស ជាប់​អគារ​សាលា​ឃុំ។ ទោះ​យ៉ាង​ណា សកម្មភាព​នេះ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ជា​ទង្វើ​ខុស​ច្បាប់។
លោក ជា ផាត ជំទប់​ទី១ ឃុំ​តាលន់ ស្រុក​ស្អាង ខេត្ត​កណ្ដាល មក​ពី​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី២០ ខែ​ធ្នូ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ស្រុក ខេត្ត ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត​ជួយ​បញ្ឈប់​សកម្មភាព​របស់​លោក ណោត ហួត មេ​ឃុំ​តាលន់ ដែល​យក​ដី​បរិវេណ​សាលា​ឃុំ​ផ្តល់​ជូន​គណបក្ស​ប្រជាជន​កម្ពុជា សង់​ទីស្នាក់ការ​បក្ស។
លោក ជា ផាត ចាត់​ទុក​ការ​យក​បរិវេណ​ទីធ្លា​សាលា​ឃុំ ផ្តល់​ជូន​បក្ស​កាន់​អំណាច​សង់​ទីស្នាក់ការ ជា​រឿង​ខុស​ច្បាប់ ហើយ​លោក​ទាម​ទារ​ឲ្យ​ផ្អាក​សកម្មភាព​នេះ​ជា​បន្ទាន់៖ «ក្រសួង​មហាផ្ទៃ​ឲ្យ​ជួយ​ពិនិត្យ​មើល​បញ្ហា​នេះ ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​មន្ទីរ​បក្ស​នៅ​ក្បែរ​សាលា​ឃុំ​ទេ។ សាលា​ឃុំ​ជា​កន្លែង​ដែល​ពលរដ្ឋ​ទទួល​សេវា​ផ្សេងៗ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់»
បញ្ហា​នេះ ក្រៅ​ពី​សមាជិក​គណបក្ស​ប្រឆាំង ក៏​មាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​បញ្ចេញ​ប្រតិកម្ម​តវ៉ា​ដែរ។
លោក សួន សារុំ ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឃុំ​តាលន់ មាន​ប្រសាសន៍​ថា ទីស្នាក់ការ​របស់​គណបក្ស​នយោបាយ​មិន​គួរ​អនុញ្ញាត​ឲ្យ​សាងសង់​ជាប់​ជញ្ជាំង​អគារ​សាលា​ឃុំ​នោះ​ទេ ព្រោះ​ស្ថាប័ន​ទាំង​ពីរ​នេះ​មិន​អាច​នៅ​ជាមួយ​គ្នា​បាន​ទេ។
បញ្ហា​នេះ លោក ណោត ហួត មេ​ឃុំ​តាលន់ បាន​ទទួល​ស្គាល់​ថា រូប​លោក​ពិត​ជា​បាន​ផ្តល់​ដី​បរិវេណ​សាលា​ឃុំ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា សង់​ទីស្នាក់ការ​បក្ស​ពិត​មែន។ លោក​ថា ការ​ផ្តល់​ដី​សាលា​ឃុំ​តាលន់ ដើម្បី​សង់​ស្នាក់​ការ​បក្ស មាន​ការ​ឯកភាព​ពី​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​គណបក្ស​ប្រជាជន លើក​លែង​តែ​បក្ស​ប្រឆាំង​ទេ​ដែល​មិន​គាំទ្រ៖ «វា​អ៊ីចឹង​មែន​ហើយ ប៉ុន្តែ​ខ្ញុំ​ថា​អាច​ឲ្យ​យើង​បាន​ប្រើប្រាស់​បង្គន់​អនាម័យ​ផ្សេងៗ ព្រោះ​ថា​សាលា​ឃុំ​តាំង​ពី​សាងសង់​មក​អត់​ទាន់​មាន​បន្ទប់​ទឹក ឬ​បង្គន់​អនាម័យ​បាន​ត្រឹមត្រូវ​ទេ។ ដូច្នេះ​អាច​ឲ្យ​អ្នក​ធ្វើ​ការ​ឃុំ​អាច​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​បាន​ត្រឹមត្រូវ ហើយ​ការ​ងារ​បក្ស​នោះ​គេ​ប្រជុំ​ម្តង​ម្កាល​ទេ ជួប​មេ​ភូមិ​នោះ។ វា​ខុស​គោលការណ៍​បន្តិច​ដែរ ប៉ុន្តែ​កាល​ពី​មេ​ឃុំ​ចាស់​ធ្វើ​សាលា​ឃុំ ខ្ញុំ​បាន​ប្រាប់​គាត់​ដែរ»
លោក​ថា ដំណើរ​ការ​សាងសង់​ទីស្នាក់ការ​បក្ស​ប្រជាជន​នៅ​ជាប់​របង​សាលា​ឃុំ​តាលន់ កំពុង​មាន​សកម្មភាព​រាល់​ថ្ងៃ និង​ស្ថាបនា​បាន​ប្រមាណ ១០% រួច​ហើយ។
ទាក់​ទិន​បញ្ហា​នេះ លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត និចហ្វិក (Nicfec) មាន​ប្រសាសន៍​ថា ការ​យក​ដី​ទីធ្លា​សាលា​ឃុំ ឬ​សង្កាត់​ផ្តល់​ជូន​គណបក្ស​នយោបាយ​ណា​មួយ​សម្រាប់​សង់​ស្នាក់​ការ​បក្ស​ជា​រឿង​ខុស​ច្បាប់។ លោក​ថា សកម្មភាព​នេះ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​តែ​មាន​វិធានការ​ទប់​ស្កាត់​ឲ្យ​បាន​ជា​ស្ថាពរ៖ «បើ​យើង​គិត​ពី​នយោបាយ​វិមជ្ឈការ​នៅ​កម្ពុជា ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ពិសេស​ទឹកដី​ទីស្នាក់ការ​ឃុំ-សង្កាត់​ហ្នឹង គឺ​ជា​សមិទ្ធផល​មួយ​ដែល​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​ប្រជាពលរដ្ឋ។ អ៊ីចឹង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ មិន​ថា​គណបក្ស​នយោបាយ​ណា ឬ​គណបក្ស​នយោបាយ​ណា​មួយ​ទេ។ អ៊ីចឹង​ការ​កសាង​សំណង់​គណបក្ស​នយោបាយ​ណា​មួយ​នៅ​ក្នុង​បរិវេណ​ឃុំ ខ្ញុំ​គិត​ថា​មិន​មែន​ការ​សមស្រប​ទេ ដែល​គួរ​តែ​ឆ្លុះ​បញ្ចាំង​ឡើង​វិញ​ពី​តួនាទី​របស់​ក្រុម​ប្រឹក្សា​ឃុំ​ដែល​ត្រូវ​ស្ថិត​នៅ​ជា​អព្យាក្រិត និង​ជា​កត្តា​សម្រាប់​ប្រជាពលរដ្ឋ​ដែល​លោក​ជា​ម្ចាស់​ឆ្នោត»
យ៉ាង​ណា​ក៏ដោយ មន្ត្រី​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ឃុំ​តាលន់ បាន​ឲ្យ​ដឹង​ថា សកម្មភាព​ផ្តល់​ដី​សាលា​ឃុំ​ជូន​គណបក្ស​នយោបាយ​សង់​ទីស្នាក់ការ​បក្ស កំពុង​កើត​មាន​ក្នុង​មូលដ្ឋាន​នេះ ដែល​ទាម​ទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។
មន្ត្រី​គណបក្ស​ប្រឆាំង​ឲ្យ​ដឹង​ថា ករណី​អ្នក​គ្រប់គ្រង​ស្ថាប័ន​រដ្ឋ បាន​យក​បរិវេណ​ទីធ្លា​អង្គភាព​របស់​រដ្ឋ​ទៅ​ប្រឡាក់​ប្រឡូក ឬ​ជួល​ឲ្យ​គណបក្ស​នយោបាយ​កំពុង​កាន់​អំណាច បាន​កើត​មាន​ច្រើន​កន្លែង​នៅ​តាម​រាជធានី ខេត្ត​មួយ​ចំនួន ប៉ុន្តែ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​បាន​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ នៅ​ពេល​គណបក្ស​ប្រឆាំង​ប្ដឹង​ឲ្យ​មាន​វិធានការ​ទប់​ស្កាត់​នោះ៕

No comments:

Post a Comment

yes