សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 22, 2013

បក្ស​ប្រឆាំង​ចោទ​ គ.ជ.ប ​ថា​ពន្លើស​ចំនួន​អ្នក​បោះ​ឆ្នោត

ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត 
កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ មករា ថា ចំនួន​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ក្នុង​ឆ្នាំ​២០១៣ មាន​ជិត ៩​លាន​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​បញ្ជី​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) គឺ​មាន​ចំនួន​តិច​ជាង។
តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ថា បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មាន​ភាព​មិន​ប្រក្រតី​ចំពោះ​ការ​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ និង​ការ​លុប​ឈ្មោះ​ប្រជាពលរដ្ឋ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​នោះ។
លោក គួយ ប៊ុនរឿន បាន​អះ​អាង​ថា អង្គការ​អន្តរជាតិ​ចំនួន​ពីរ​បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​គិត​ចាប់​ពី​អាយុ ១៨​ឆ្នាំ មាន ៨,៩​លាន​នាក់ ដោយ​ឡែក​បញ្ជី​ឈ្មោះ​របស់ គ.ជ.ប មាន​ជាង ៩,៦​លាន​នាក់ គឺ​មាន​ចំនួន​ច្រើន​លើស ហាក់​ដូច​ជា គ.ជ.ប បាន​បំប៉ោង​ចំនួន​តួលេខ។

លោក គួយ ប៊ុនរឿន បាន​លើក​ឡើង​ថា ផ្អែក​លើ​ការ​ផ្ទៀងផ្ទាត់​ស្ថិតិ​របស់​អង្គការ​អន្តរជាតិ​ចំនួន​ពីរ មាន​អង្គការ យូនីសេហ្វ (UNICEF) និង​ស្ថិតិ​របស់​អង្គការ ស៊ីអាយអេ (CIA) របស់​អាមេរិក​នោះ គឺ​ចំនួន​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​មាន​ចំនួន​តិច​ជាង​បញ្ជី​របស់ គ.ជ.ប។
លោក គួយ ប៊ុនរឿន បាន​ឲ្យ​ដឹង​ថា ចំនួន​តួលេខ​ខុស​គ្នា​ប្រមាណ ១​លាន​នាក់​នេះ ជា​ឈ្មោះ​ខ្មោច និង​ឈ្មោះ​ជនអន្តោប្រវេសន៍ ហើយ​គណបក្ស សម រង្ស៊ី នឹង​ស្នើ​ឲ្យ​តំណាង គ.ជ.ប ស្រាយ​បំភ្លឺ​អំពី​បញ្ហា​នេះ។
អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា ការ​ធ្វើ​បញ្ជី​បោះ​ឆ្នោត និង​ការ​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ មិន​មែន គ.ជ.ប ធ្វើ​ម្នាក់​ឯង​ទេ គឺ​មាន​ការ​ចូល​រួម​ពី​តំណាង​គណបក្ស​នយោបាយ និង​បើក​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​តវ៉ា និង​ផ្ដល់​យោបល់។
លោក ទេព នីថា បាន​បន្ថែម​ថា គិត​ពី​ឆ្នាំ​២០០៧ មក បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​មាន​គុណភាព​ជាង ៨០% បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​ទៀត ក៏​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​មាន​គុណភាព​ជាង​ដែរ។
គណបក្ស សម រង្ស៊ី បាន​បង្ហាញ​របាយការណ៍​ស្ថិតិ​ប្រជាពលរដ្ឋ​សរុប​មាន ១៤.៩៥០.០០០​នាក់ ប្រជាពលរដ្ឋ​មាន​អាយុ​ក្រោម ១៨​ឆ្នាំ មាន ៥.៩៨០.០០០ និង​ប្រជាពលរដ្ឋ​មាន​អាយុ​លើស​ពី ១៨​ឆ្នាំ ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​នោះ​មាន ៨.៩៧០.០០០​នាក់។
ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) លោកបណ្ឌិត ហង្ស ពុទ្ធា មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ចំនួន​តួលេខ​ដែល​ខាង​គណបក្ស សម រង្ស៊ី រក​ឃើញ និង​តួលេខ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នេះ​ទេ ពីព្រោះ​លោក​បញ្ជាក់​ថា អង្គការ​របស់​លោក​កំពុង​ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​ឆ្នោត​របស់ គ.ជ.ប ហើយ​លទ្ធផល​យ៉ាង​ណា​នោះ នឹង​ចេញ​ផ្សាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៣ ខាង​មុខ៕

No comments:

Post a Comment

yes