អតីតអ្នករស់នៅសហគមន៍ដីក្រហម អុជធូបដាក់បណ្ដាសាឲ្យក្រុមហ៊ុន 7NG
ដែលបានបណ្ដេញពួកគាត់ចេញទាំងបង្ខំ ក្នុងថ្ងៃរំឭកខួបពីរឆ្នាំនៃការបណ្ដេញចេញ
នៅតំបន់ដីក្រហម រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១១
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមករា បើកសវនាការជំនុំជម្រះក្ដីលើករណីអតីតអ្នកភូមិដីក្រហម ក្រោមបទចោទ «ធ្វើឲ្យខូចខាត» ដោយចេតនា តាមក្រមព្រហ្មទណ្ឌថ្មី។
អ្នកភូមិសង្ស័យថា បទចោទនេះ គឺសំដៅលើអ្នកភូមិដីក្រហម បានរារាំងគ្រឿងចក្រពីរគ្រឿងរបស់ក្រុមហ៊ុន សេវិន អិនជី (7 NG) បានចូលទៅឈូសឆាយផ្ទះពួកគាត់ក្នុងពេលដែលពួកគាត់ត្រូវរដ្ឋាភិបាលបណ្ដេញចេញពីផ្ទះទាំងបង្ខំ ដើម្បីយកដីនោះជួលឲ្យក្រុមហ៊ុននេះកន្លងមក។
អតីតអ្នកភូមិដីក្រហម លោក ចាន់ វិចិត្រ ជាចុងចោទដែលមានវត្តមាននៅក្នុងសវនាការបញ្ជាក់ថា លោកមិនបានដឹងពីមូលហេតុពិតប្រាកដ ដែលចៅសង្កាត់ទន្លេបាសាក់ លោក ខាត់ ណារិទ្ធ ដាក់ពាក្យបណ្ដឹងប្រឆាំងនឹងលោកពីបទធ្វើឲ្យខូចខាតដោយចេតនានោះទេ។ ពាក្យបណ្ដឹងនេះត្រូវបានចៅសង្កាត់ទន្លេបាសាក់ ប្ដឹងទៅតុលាការកាលពីចុងខែមករា ឆ្នាំ២០០៨ ហើយសំណុំរឿងនេះត្រូវបានអូសបន្លាយពេលរហូតដល់ឆ្នាំ២០១៣ ទើបបើកសវនា។
លោក ចាន់ វិចិត្រ៖ «នៅក្នុងពាក្យបណ្ដឹងគាត់ហ្នឹងមានទាំងចោទប្រកាន់ខ្ញុំបង្កើតអង្គការចាត់តាំង ដែលខ្ញុំតាំងខ្លួនឯងជាមេភូមិ ហើយសមាជិកសហគមន៍ផ្សេងទៀតជាអនុភូមិ ជាប្រធានសន្តិសុខ។ខ្ញុំភ្ញាក់ផ្អើលដែរនៅពេលដែលគេចោទប្រកាន់ខ្ញុំពីបទហ្នឹង ប៉ុន្តែតុលាការបានចោទខ្ញុំតែមួយបទចោទទេ គឺបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ ក្នុងទ្រព្យសម្បត្តិហ្នឹង គឺមានអេស្កាវ៉ាទ័រមួយគ្រឿង និងអាប៊ុលមួយគ្រឿង»។
មេធាវីការពារក្ដីឲ្យអតីតអ្នកភូមិដីក្រហម គឺលោក ហម ស៊ុនរិទ្ធ មកពីអង្គការលីកាដូ បញ្ជាក់ថា បណ្ដឹងនេះ មានអតីតអ្នកភូមិដីក្រហមពីរនាក់ជាចុងចម្លើយ គឺលោក ចាន់ វិចិត្រ និងលោកស្រី លី យូឡេង។ ប៉ុន្តែអ្នកស្រី លី យូឡេង មិនមានវត្តមានក្នុងសវនាការទេ។
ក្នុងសវនាការរយៈពេលជិត ៣ម៉ោង ចៅក្រម ឌុច គឹមសន បានសម្រេចបញ្ចប់សវនាការ និងប្រកាសសាលក្រមលើករណីនេះនៅថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខ។
តាមក្រមព្រហ្មទណ្ឌថ្មី ត្រង់មាត្រា ៤១០ ប្រសិនបើតុលាការរកឃើញថា អតីតអ្នកភូមិដីក្រហមមានទោសដូចបទចោទប្រកាន់មែននោះ ពួកគេអាចនឹងជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៤លានរៀល៕
No comments:
Post a Comment
yes