ប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារ ដែលរស់នៅភូមិស្រះជ្រៃ និងភូមិបឹងកំប្លោក នៃឃុំត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា កងទាហាននៅតែបន្តកាន់កាប់ដីចម្ការរបស់ពួកគេមួយផ្នែក និងក្រុមហ៊ុនឯកជនមួយ កំពុងព្យាយាមឈូសឆាយដើម្បីពង្រីកយកផ្នែកខ្លះដែរ។
អ្នកភូមិបានឱ្យដឹងថា កន្លងទៅ ក្រុមយុវជនស្ម័គ្រចិត្តបានចុះទៅវាស់វែងដីចំការរបស់ពួកគេទាំងនោះហើយ ក៏ប៉ុន្តែកងទាហាននៅតែបន្តដាំដុះនៅឡើយ ហើយកាលពីពេលថ្មីៗ ក្រុមហ៊ុនវៀតណាមមួយ បានយកគ្រឿងចក្រទៅឈូសឆាយផ្នែកខ្លះនៃដីចំការរបស់ពួកគេថែមទៀត។
លោក ឈុត ឆេន គឺជាកសិកររស់នៅភូមិបឹងកំប្លោក នៃឃុំត្រពាំងប្រាសាទ។ គាត់បានមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី២៧ ខែមករា ថា គាត់មានដីចំការដំឡូងចំនួន ៦ហិកតារ នៅឯភូមិថ្នល់កែង។ កាលពីអំឡុងខែសីហា ឆ្នាំ២០១២ កន្លងទៅ គឺក្រុមយុវជនស្ម័គ្រចិត្តបានចុះទៅវាស់វែងរួចហើយ ក៏ប៉ុន្តែកងទាហាន និងក្រុមហ៊ុនឯកជននៅតែចង់បានដីរបស់គាត់។
លោក ឈុត ឆេន បានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមករា កន្លងទៅ ក្រុមហ៊ុនឯកជនបានយកគ្រឿងចក្រទៅឈូសឆាយដីចំការនោះ ធ្វើឱ្យខូចខាតផលដំឡូងមីមួយចំនួន៖ «ក្រុមហ៊ុនតៃនិញ (យួន) ឈូសទាំងដំឡូងចោល មិនយកអីបានផង។ ឈូសប្រហែលជា ៤ហិកតារ ប៉ុន្តែដីនោះវាស់រួចហើយ មិនដឹងជាយ៉ាងណា បើគេឈូសយកអីចេះ? ខ្ញុំទៅហ្នឹងថា ក្មួយអើយ! ចាំអ៊ំដកដំឡូងរួចសិន គេមិនព្រមឯណា គេថាអត់ឈូសៗ ដល់ពេលយប់ឡើងគេឈូសអស់រលីង»។
ចំណែកលោក សឿង សោភា ជាអ្នកភូមិស្រះជ្រៃ បានមានប្រសាសន៍ថា ទាំងកូនចៅរបស់លោកចំនួន ៣គ្រួសារ គឺមានដីចម្ការនៅឯភូមិថ្នល់កែងទំហំ ១៨ហិកតារ។ ដីចម្ការទាំងនោះត្រូវក្រុមយុវជនស្ម័គ្រចិត្តបានចុះវាស់វែងតាំងតែពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ ម្ល៉េះ ក៏ប៉ុន្តែកងទាហានដែលមានបន្ទាយនៅជិតនោះនៅតែបន្តកាន់កាប់ដដែល។
លោក សឿង សោភា៖ «ទាហានវរៈ ២៦៤ ចំណុះឱ្យកងពលតូចអន្តរាគមន៍លេខ៦ នៅតែកាន់កាប់ដាំដំណាំដូចជាសណ្ដែកសៀង ដូចជាអី ហើយក្រុមយុវជនហ្នឹងអត់ទាន់បានហៅខ្ញុំទៅផ្ដិតមេដៃបំពេញទម្រង់បែបបទទេ។ ខ្ញុំមានការព្រួយបារម្ភដែរ កាលពីថ្ងៃទី២៥ ខែធ្នូ នោះ ខ្ញុំទៅជួបចៅហ្វាយស្រុក គាត់ថា ដីហ្នឹងចាំដាច់ឆ្នាំសកលហ្នឹងគេត្រូវដូរដោះឱ្យហើយ។ ដល់ពេលខ្ញុំទៅជួបក្រុមនិស្សិតដែលចុះមកថ្មី គាត់ទូរស័ព្ទសួរចៅហ្វាយស្រុក គេថា មិនទាន់មានដីដូរដោះឱ្យទេ»។
អាជ្ញាធរស្រុកត្រពាំងប្រាសាទ មិនបានពន្យល់អំពីបញ្ហាដីចំការរបស់ប្រជាពលរដ្ឋដែលថា កងទាហាននៅតែកាន់កាប់នោះយ៉ាងណាទេ ក៏ប៉ុន្តែរឿងដែលអ្នកភូមិអះអាងថា ក្រុមហ៊ុនឯកជនកំពុងឈូសយកដីនោះ គឺគេពុំទាន់បានទទួលពាក្យបណ្ដឹងនៅឡើយ។
លោក វណ្ណ កុសល ជាអភិបាលស្រុកត្រពាំងប្រាសាទ បានមានប្រសាសន៍ថា លោកមិនទាន់បានទទួលព័ត៌មានអំពីក្រុមហ៊ុនឯកជនដែលទៅឈូសឆាយយកដីចំការប្រជាពលរដ្ឋនោះនៅឡើយទេ៖ «វាដំណើរការវាស់វែងនៅតែថ្ងៃចេញប័ណ្ណចែកទៅហើយហ្នឹង វាអត់មានថា ឈូសឆាយយកដូចជាមិនមាន ហើយលោកដឹងដំណឹងចេញពីប្រភពណាមក? ស្រួលខ្ញុំជួយតាមដានថែមទៀត ព្រោះខ្ញុំនៅទីនេះ ខ្ញុំចុះជាប់នៅមូលដ្ឋានរហូត»។
ទោះយ៉ាងណា សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមករា កន្លងទៅ មានប្រជាពលរដ្ឋចំនួន ១៣គ្រួសារ បានពឹងពាក់លោកឱ្យជួយដោះស្រាយបញ្ហាដីធ្លីដែលកំពុងជាប់ពាក់ព័ន្ធជាមួយកងទាហាននៅតំបន់នោះ៕
No comments:
Post a Comment
yes