សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 28, 2013

បញ្ហា​បំពុល​បរិស្ថាន​របស់​ជនជាតិ​វៀតណាម​រស់​នៅ​លើ​ទឹក​នា​កំពង់ឆ្នាំង

២៣-មករា-២០១៣៖ ទិដ្ឋភាព​​នៃ​ការ​រស់​នៅ​របស់​ជនជាតិ​វៀតណាម នា​ភូមិ​បណ្ដែត​ទឹក 
ក្នុង​​ខេត្ត​កំពង់ឆ្នាំង

ការ​រស់​នៅ​បណ្ដែត​លើ​ផ្ទៃ​ទឹក​របស់​ជនជាតិ​វៀតណាម នៅ​ទូទាំង​ប្រទេស​កម្ពុជា ពិសេស​គឺ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង កំពុង​ចោទ​ជា​បញ្ហា​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ខ្លាំង ដែល​គេ​មិន​គួរ​មើល​រំលង​នោះ​ទេ។
ការ​បោះ​កាកសំណល់​គ្រប់​ប្រភេទ​ចោល​ទៅ​ក្នុង​ទឹក​ទន្លេ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ការ​បន្ទោបង់​របស់​ពួកគេ បាន​បង្ក​ជា​បញ្ហា​ធ្វើ​ឲ្យ​ទឹក​ទន្លេ​កខ្វក់ និង​បំពុល​បរិស្ថាន​នៅ​តំបន់​នោះ។
ទោះ​យ៉ាង​ណា​ក្ដី អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា នេះ​ជា​បញ្ហា​អាទិភាព​ដែល​អាជ្ញាធរ​កំពុង​គិតគូរ​ដោះស្រាយ។ តែ​ក្ដាត​នយោបាយ​បាន​រារាំង​ការ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ដែល​កើត​ចេញ​ពី​ការ​រស់​នៅ​ពាសវាលពាសកាល​លើ​ផ្ទៃ​ទឹក​របស់​ប្រជាជន​វៀតណាម ក្នុង​ខេត្ត​កំពង់ឆ្នាំង ត្រូវ​អូស​បន្លាយ។
ក្នុង​ទឹក​មុខ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ បុរស​ជនជាតិ​វៀតណាម អាយុ​ជាង ៤០​ឆ្នាំ ឈ្មោះ បួយ យ៉ាំងអាយ បង្ហាញ​ពី​ទឹក​ចិត្ត​របស់​គាត់​ចំពោះ​ការ​រស់​នៅ​បណ្ដែត​លើ​ផ្ទៃ​ទឹក​ថា ពុំ​មែន​ជា​ក្ដី​ប្រាថ្នា​របស់​គ្រួសារ​គាត់​ទេ។

បួយ យ៉ាំងអាយ បន្ត​ថា ប្រសិន​បើ​មាន​ឱកាស គាត់​នឹង​ឡើង​មក​រស់​នៅ​លើ​គោក​វិញ​ភ្លាម៖ «អនាគត​យើង​ត្រូវ​តែ​ឡើង​គោក​ហើយ ខ្ញុំ​នៅ​ក្នុង​ទឹក​ហ្នឹង​របស់​របរ​ខ្ញុំ​ខូចខាត​ច្រើន​ណាស់។ ក្នុង ១​ឆ្នាំ​ខ្ញុំ​ត្រូវ​ដូរ​ឫស្សី ថែម​ហ្វុយ​អស់​លុយ​ច្រើន​ណាស់។ ថ្ងៃ​ក្រោយ​កូន​ខ្ញុំ​ឲ្យ​ឡើង​រស់​នៅ​លើ​គោក​ហើយ...»
បួយ យ៉ាំងអាយ ក៏​មិន​ខុស​ពី​ប្រជាជន​វៀតណាម ដទៃ​ទៀត​នៅ​ភូមិ​កណ្ដាល សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​ច្រើន​នោះ​ដែរ ដែល​បាន​មក​រស់​នៅ​ទី​នេះ ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា បាន​រំដោះ​រួច​ពី​របប​វាល​ពិឃាដ ប៉ុល ពត កាល​ពី​ឆ្នាំ​១៩៧៩។ យ៉ាង​នេះ​ក្ដី​បុរស​ជន​ជាតិ​វៀតណាម​រូប​នេះ​បាន​អះអាង​ថា គ្រួសារ​គាត់​បាន​ចាប់​កំណើត និង​រស់​នៅ​ជា​ច្រើន​តំណ​មក​ហើយ​ក្នុង​ប្រទេស​កម្ពុជា។
បុរស​ជនជាតិ​វៀតណាម ឈ្មោះ ដូ យ៉ាំងអូន ជា​តំណាង​ប្រជាជន​វៀតណាម ប្រចាំ​ភូមិ​កណ្ដាល។គាត់​បាន​ឲ្យ​ដឹង​ថា តាំង​ពី​សង្គម​មុនៗ ប្រជាជន​វៀតណាម ភាគ​ច្រើន​រស់​នៅ​លើ​ដី​គោក​តែ​តាម​ដង​ទន្លេ។ ទើប​តែ​សម័យ​បច្ចុប្បន្ន​នេះ​ទេ ដែល​ប្រជាជន​វៀតណាម បែរ​ជា​នាំ​គ្នា​រស់​បណ្ដែត​លើ​ផ្ទៃ​ទឹក​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​រត់​ភៀស​ខ្លួន​តាម​ផ្លូវ​ទឹក​ទៅ​ប្រទេស​វៀតណាម​វិញ ប្រសិន​បើ​មាន​ហេតុការណ៍​កើត​ឡើង​ដូច​កាល​ពី​ឆ្នាំ​១៩៧៥។
បុរស ដូ យ៉ាំងអូន៖ «សម័យ លន់ នល់ សីហនុ និង​ឥស្សរៈ​វៀតណាម​ទាំង​អស់​រស់​នៅ​តាម​ដង​ទន្លេ តែ​នៅ​លើ​គោក។ មាន​ផ្ទះ​នៅ​លើ​គោក មាន​ចម្ការ​ធ្វើ និង​រក​ត្រី​តាំង​ពី​ច្រើន​ជំនាន់​ហើយ ហើយ​បើ​ឲ្យ​ទៅ​នៅ​ស្រុក​លើ​តែម្ដង​នោះ គឺ​ពួក​វៀតណាម យើង​ខ្ញុំ​ពិត​ជា​មិន​ចេះ​នៅ​មែន...»
អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ចេង ញ៉ាន់ មាន​ប្រសាសន៍​ថា គំរោង​រៀបចំ​សម្អាត​តាម​ដង​ទន្លេ​មេគង្គ តម្រូវ​ឲ្យ​ប្រជាជន​វៀតណាម ទាំង​អស់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ត្រូវ​ឡើង​មក​នៅ​លើ​គោក។ នេះ​ជា​គម្រោង​អាទិភាព​មួយ​របស់​ខេត្ត ប៉ុន្តែ​កត្តា​នយោបាយ​បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​គម្រោង​រៀបចំ​ប្រជាជន​វៀតណាម ឲ្យ​ឡើង​លើ​គោក​នេះ។
លោក ចេង ញ៉ាន់៖ «ចំពោះ​មុខ គឺ​យើង​គិត​តែ​ពី​បញ្ហា​បរិស្ថាន មិន​គិត​ពី​វៀតណាម ឬ​មិន​វៀតណាម​អី​ទេ ធ្វើ​ម៉េច​ដើម្បី​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន។ ប៉ុន្តែ​បើ​យើង​ធ្វើ​មិន​ស្រួល គេ​អាច​ចោទ​ថា យើង​គិតគូរ​តែ​ពី​បញ្ហា​វៀតណាម ដែល​រស់​នៅ​មិន​ស្រប​ច្បាប់​ទៅ​វិញ។ កាល​មុន​យើង​បាន​គិត​ដល់​បញ្ហា​នេះ គេ​បាន​បង្ហោះ​វ៉ឹបសាយ​ជេរ​យើង​សុទ្ធ​តែ​ក្បត់​ជាតិ។ អ៊ីចឹង​យើង​រង​ទាំង​សង្ខាង...»
យ៉ាង​នេះ​ក្ដី លោក​អភិបាល​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​នឹង​ត្រូវ​តែ​ធ្វើ​ដោយ​ខាន​មិន​បាន ព្រោះ​បញ្ហា​បរិស្ថាន​គឺ​ជា​បញ្ហា​ប្រឈម​រួម មិន​មែន​ដោយ​ឡែក​សម្រាប់​នរណា​ម្នាក់​នោះ​ទេ៖«ដល់​យើង​រៀបចំ​ទៅ​ល្អ​ពេក គេ​ថា​យើង​នេះ​ជន​ជាតិ​ខ្លួន​ឯង​មិន​គិត។ អ៊ីចឹង​ហើយ​ទើប​យើង​ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់ ដើម្បី​ជៀសវាង​ការ​មុត​ទាំង​សង្ខាង...»
ប្រធាន​សមាគម​ជនជាតិ​វៀតណាម ប្រចាំ​ខេត្ត​កំពង់ឆ្នាំង គឺ​លោក បួយ យ៉ាំងបែរ។ លោក​បាន​ឲ្យ​ដឹង​ថា សហគមន៍​ជនជាតិ​វៀតណាម រស់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង រីករាយ​ក្នុង​ការ​ផ្លាស់ប្ដូរ​ទី​លំនៅ​ពី​លើ​ផ្ទៃ​ទឹក​មក​នៅ​លើ​គោក ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា ជួយ​ផ្ដល់​ដី​ជា​លក្ខណៈ​សម្បទាន​សង្គមកិច្ច​សម្រាប់​ឲ្យ​សហគមន៍​ជនជាតិ​វៀតណាម រស់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង តាំង​ទីលំនៅ​ស្រប​តាម​ផ្លូវ​ច្បាប់។
យ៉ាង​នេះ​ក្ដី អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង លោក ចេង ញ៉ាន់ មាន​ប្រសាសន៍​ថា កត្តា​នយោបាយ​មិន​អំណោយ​ផល​ចំពោះ​គម្រោង​ផ្ដល់​ដី​ជា​លក្ខណៈ​សម្បទាន​សង្គមកិច្ច​សម្រាប់​ឲ្យ​សហគមន៍​ជនជាតិ​វៀតណាម រស់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ពេល​កន្លង​ទៅ។
ប្រធាន​សមាគម​ជនជាតិ​វៀតណាម ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក បួយ យ៉ាំងបែរ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រការ​ដែល​ប្រជាជន​វៀតណាម រស់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង មិន​ឡើង​ទៅ​រស់​​នៅ​លើ​គោក​នោះ កត្តា​សំខាន់​ចម្បង គឺ​មក​ពី​ពួកគេ​ទាំង​នោះ​មិន​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី បើ​ទោះ​បី​ជា​ពួក​គេ​ទាំង​នោះ​បាន​ចាប់​កំណើត និង​រស់​នៅ​ជា​ច្រើន​តំណ​នៅ​លើ​ទឹក​ដី​កម្ពុជា ក៏ដោយ។
លោក បួយ យ៉ាំងបែរ៖ «ប្រជាពលរដ្ឋ​វៀតណាម​មិន​មែន​ចង់​រស់​នៅ​លើ​ទឹក​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន ធ្វើ​ឲ្យ​អាជ្ញាធរ​មាន​ការ​លំបាក​នោះ​ទេ តែ​បើ​ទោះ​បី​ជា​យើង​មាន​លុយ​ក៏​ទិញ​ដី​ធ្វើ​ផ្ទះ​កាន់កាប់​អត់​បាន​ដែរ។ អ៊ីចឹង​ហើយ​ទើប​វៀតណាម រស់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ច្រើន​នៅ​លើ​ទឹក​យ៉ាង​ដូច្នេះ...»
ទាក់ទិន​ចំពោះ​បញ្ហា​នេះ អ្នក​វិភាគ​បញ្ហា​សង្គម គឺ​លោក កែម ឡី មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​មិន​ត្រូវ​អល់អែក​ចំពោះ​គម្រោង​រៀបចំ​ការ​តាំង​ទីលំនៅ​របស់​ប្រជាជន​វៀតណាម ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ទៀត​ឡើយ។
លោក​ថា រាជរដ្ឋាភិបាល​គួរ​តែ​មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​សម្រេច​ចិត្ត​គ្រប់គ្រង​ជនបរទេស​ទៅ​តាម​ផ្លូវ​ច្បាប់ ជា​ពិសេស​គឺ​ប្រជាជន​វៀតណាម ដោយ​មិន​ត្រូវ​អូស​បន្លាយ​បន្ត​ទៀត​ទេ៖«ដោយ​ចរន្ត​ពិភពលោក​កំពុង​ដើរ​លើ​ចលនា​សកលភាវូបនីយកម្ម ដូច្នេះ​យើង​ត្រូវ​ពិនិត្យ​មើល​ចំពោះ​វៀតណាម​ណា​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សមស្រប​ទៅ​នឹង​ច្បាប់​សញ្ជាតិ យើង​ត្រូវ​ហ៊ាន​បើក​ចំហ​ឲ្យ​គេ​ចូល​សញ្ជាតិ​តែម្ដង​ទៅ ហើយ​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ដូច​ជា​ជនជាតិ​ខ្មែរ​ទៅ នេះ​ជា​ចំណុច​ទី​១ ដែល​ជា​ចំណុច​បន្ទាន់​យើង​ត្រូវ​តែ​ហ៊ាន​ធ្វើ។ ប៉ុន្តែ​បើ​សិន​ជា​គាត់​មក​នៅ​ដោយ​ខុស​ច្បាប់ គឺ​យើង​ត្រូវ​តែ​បន្ទាន់​បញ្ជូន​គាត់​ទៅ​វិញ នេះ​ជា​ទស្សនៈ​ខ្ញុំ​ផ្ទាល់ យើង​មិន​ត្រូវ​បណ្ដែត​បណ្ដោយ​បន្ត​ទៀត​ទេ...»
លោក កែម ឡី បន្ត​ថា ការ​អូស​បន្លាយ​បញ្ហា​គ្រប់គ្រង​ជន​បរទេស​ទៅ​តាម​ផ្លូវ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាយថាហេតុ​ធ្វើ​ឲ្យ​កើត​មាន​គ្រោះ​មហន្តរាយ​ដល់​សង្គម​នៅ​ពេល​អនាគត ដូច​ជា​ការ​កើត​មាន​នូវ​អំពើ​ភេរវកម្ម ឬ​ជា​ជម្រក​សុខសាន្ត​សម្រាប់​ពួក​ភេរវជន ការ​កើត​មាន​នូវ​ជម្លោះ​ជាតិ​សាសន៍ ដូច​ជា​ជនជាតិ​រ៉ូហ៊ីនយ៉ា នៅ​ប្រទេស​ភូមា ជាដើម។
ពុំ​មាន​ស្ថិតិ​ផ្លូវ​ការ​ណា​មួយ​បញ្ជាក់​ថា ខេត្ត​កំពង់ឆ្នាំង មាន​ជនជាតិ​វៀតណាម​រស់​នៅ​ប៉ុន្មាន​គ្រួសារ​នោះ​ទេ ប៉ុន្តែ​តាម​ស្ថិតិ​ដែល​ផ្ដល់​ដោយ​សមាគម​ជនជាតិ​វៀតណាម ប្រចាំ​ខេត្ត​កំពង់ឆ្នាំង បង្ហាញ​ថា ក្នុង​ទូទាំង​ខេត្ត​នេះ មាន​ជនជាតិ​វៀតណាម រស់​នៅ​ជាង ៣​ពាន់​គ្រួសារ។ ភាគ​ច្រើន​នៃ​ជន​ជាតិ​វៀតណាម ទាំង​នេះ​រស់​នៅ​បណ្ដែត​លើ​ផ្ទៃ​ទឹក​នៃ​ដង​ទន្លេ​សាប​ក្នុង​ខេត្ត​នេះ៕

No comments:

Post a Comment

yes