គ្រូពេទ្យអង្គការក្រៅរដ្ឋាភិបាលកំពុងជួយព្យាបាលជំងឺឲ្យពលការិនីរូបនោះ។ ទន្ទឹមនឹងនោះក្រសួងការបរទេសកម្ពុជា ក៏បានប្រកាសថា នៅចុងខែមករា នេះ ក៏នឹងមានការបញ្ជូនពលករខ្មែររងគ្រោះពីការជួញដូរចំនួន ៨នាក់ មកកាន់កម្ពុជា ពីប្រទេសឥណ្ឌូនេស៊ី វិញ។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សជាន់ខ្ពស់នៅអង្គការលីកាដូ លោក សែន ចៅសុខ ឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមករា លោកបានទទួលដំណឹងថា មានពលការិនីម្នាក់ត្រូវបាននិរទេសពីប្រទេសម៉ាឡេស៊ី ដោយមិនដឹងមូលហេតុ និងដើរតែលតោលនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកបន្តថា ពលការិនីរូបនោះមានស្មារតីមិននឹងន មិននិយាយស្ដី និងមានអាការៈញ័រ ភ័យខ្លាចអ្វីមួយ៖ «គាត់មានបញ្ហាខួរក្បាល គាត់អត់អាចនិយាយស្ដីជាមួយយើងកើត គាត់ទៅជាមនុស្សចង់ឡប់សតិ។ ខ្ញុំព្យាយាមសួរនាំព័ត៌មានពីគាត់ ប៉ុន្តែគាត់អត់សហការ គាត់អត់និយាយរកយើង គាត់គ្រាន់តែសម្លក់ប្រៀបដូចជាមនុស្សបាត់បង់ការចងចាំទាំងអស់ គាត់ចេះតែអោបអីវ៉ាន់របស់គាត់។យើងក៏ធ្វើការលួងលោមដើម្បីជួបគាត់ វេជ្ជបណ្ឌិតធ្វើការពិគ្រោះយោបល់ តែគាត់នៅតែអោប ហាក់បីដូចជាខ្លាចបញ្ហាអីមួយខាងផ្លូវចិត្ត»។
លោក សែន ចៅសុខ បន្ថែមទៀតថា តាមឯកសារលិខិតឆ្លងដែនរបស់នាង នាងបានធ្វើដំណើរតាមជើងយន្តហោះអ៊ែរ អាស៊ី (Air Asea) ពីប្រទេសម៉ាឡេស៊ី មកកាន់រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៦ ខែមករា។
ពលការិនីរូបនោះមានឈ្មោះ ម៉ៅ ឡាត់ធី អាយុ ២៨ឆ្នាំ នៅភូមិក្តុលតាហែន ក្នុងស្រុកបរវេល ខេត្តបាត់ដំបង និងបានចាកចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ជាស្ត្រីមេផ្ទះ កាលពីខែវិច្ឆិកា ឆ្នាំ២០០៧ តាមរយៈក្រុមហ៊ុន យូមែន ផៅវ័រ (Human Power)។
លោក សែន ចៅសុខ បញ្ជាក់ថា ដោយស្ថានភាពស្មារតីពលការិនី ម៉ៅ ឡាត់ធី មិននឹងន លោកសម្រេចបញ្ជូនទៅឲ្យស្នាក់នៅព្យាបាលបណ្ដោះអាសន្ននៅអង្គការជាដៃគូហាហ្គា (Huga) និងបានផ្ដល់ព័ត៌មានពីការវិលត្រឡប់មកវិញដល់គ្រួសារពលការិនីរូបនោះ។
ម្ដាយពលការិនី ម៉ៅ ឡាត់ធី ឈ្មោះ អ៊ឹម វណ្ណ ឲ្យដឹងថា កូនស្រីរបស់គាត់ធ្លាប់បានមកលេងផ្ទះកាលពីខែមករា ឆ្នាំ២០១២ និងបានសុំគាត់បន្តធ្វើការនៅម៉ាឡេស៊ី មួយឆ្នាំទៀត។ លោកស្រីបន្តថា កូនស្រីរបស់គាត់ជាមនុស្សឆ្លាត រួសរាយ និយាយលេងសើចច្រើន ប៉ុន្តែឥឡូវកូនគាត់ស្គមខ្លាំង មិនមាត់ក និងថែមទាំងមិនស្គាល់ឪពុកម្ដាយរបស់ខ្លួន។
លោកស្រីក៏បានឆែកឆេរលើខ្លួនកូនស្រីឃើញមានលុយចំនួន ២.១០០ដុល្លារ តែថា លុយនោះមិនអាចប៉ះពាល់នូវការបាត់បង់សតិរបស់កូនស្រីគាត់បានទេ៖ «ពីដើមអត់ដែរអីផង ទើបតែទៅផ្ដាច់អាណត្តិលើក្រោយហ្នឹងទៅជាអ៊ីចឹងទៅ។ ដូចយើងធម្មតាអ៊ីចឹង រួសរាយស្គាល់ខុស ដឹងត្រូវទាំងអស់ ដល់ពេលទៅវិញមកលើកនេះលែងដឹងអីខ្ញុំអត់បានដឹងទេ កុំតែខាងអង្គការលីកាដូ តេទៅប្រាប់ទេ កុំអីខ្ញុំអត់ដឹងថា កូនរសាត់ទៅទីណាទេ»។
លោកស្រី អ៊ឹម វណ្ណ ស្នើសុំឲ្យអាជ្ញាធរ និងអង្គការសង្គមស៊ីវិល ជួយអន្តរាគមន៍ឲ្យក្រុមហ៊ុនយូមែន ផៅវ័រ ចេញមកទទួលខុសត្រូវ និងចេញថ្លៃព្យាបាលជំងឺឲ្យកូនស្រីរបស់គាត់។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំការបំភ្លឺពីក្រុមហ៊ុន យូមែន ផៅវ័រ និងមន្ត្រីក្រសួងមហាផ្ទៃ ចំពោះចំណាត់ការជុំវិញករណីថ្មីនេះនៅឡើយទេ។
កាលពីខែតុលា ឆ្នាំ២០១១ កន្លងមក រដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាកបណ្ដោះអាសន្នការបញ្ជូនពលករបម្រើតាមផ្ទះទៅប្រទេសម៉ាឡេស៊ី គឺនៅចំពេលដែលមានរឿងអាស្រូវជាច្រើនអំពីការរំលោភបំពានលើសិទ្ធិពលករខ្មែរ។
របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អោយដឹងថា បច្ចុប្បន្ននេះមានពលករខ្មែរប្រមាណ ៥ម៉ឺននាក់ កំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី។ ក្នុងនោះពួកគេទទួលបាន គឺមានចំនួនប្រមាណ ២០៤លានដុល្លារក្នុងមួយឆ្នាំៗ។
ស្របពេលនេះដែរ ក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយថា មានពលករខ្មែររងគ្រោះដោយសារការជួញដូរមនុស្សពីប្រទេសឥណ្ឌូនេស៊ី ចំនួន ៨នាក់ នឹងបញ្ជូនត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៣០ ខែមករា។
ពលករខ្មែររងគ្រោះចំនួន ៨នាក់នោះ ត្រូវបានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានសហការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី ធ្វើការស្រាវជ្រាវជួយសង្គ្រោះ។ ក្នុងការស្រាវជ្រាវនោះ គេបានរកឃើញពលករខ្មែរចំនួន ១១នាក់ផ្សេងទៀត ត្រូវបានចាញ់បោកមេខ្យល់ឲ្យទៅធ្វើការជាកម្មករខុសច្បាប់លើទូកនេសាទថៃ នៅកោះបេនជីណា (BenJina) ប្រទេសឥណ្ឌូនេស៊ី ដែលថៅកែទូកនេសាទ បានធ្វើបាប និងរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ។
ក្រសួងការបរទេសកម្ពុជា នឹងសហការជាមួយអង្គការទេសន្តរប្រវេសក៍អន្តរជាតិ ដើម្បីបញ្ជូនពលករខ្មែររងគ្រោះចំនួន ១១នាក់មកកម្ពុជា នៅពេលខាងមុខនេះ៕
No comments:
Post a Comment
yes