សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 15, 2013

រដ្ឋសភា ប្រជុំ អនុម័ត​លើ​វិសោធនកម្ម ច្បាប់​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល

ភ្នំពេញ: សមាជិក​រដ្ឋសភា ៩២ រូប ក្នុងចំណោម​សមាជិក​រដ្ឋសភា​សរុប ១២៣ រូប នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា​៩ និង​មាត្រា​១០ នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តីថ្លែងហេតុ របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ជូន​រដ្ឋសភា ចុះ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៣ បង្ហាញថា មាត្រា​ទាំង​ពីរ ដែល​ស្នើ​សុំ​វិសោធនកម្ម​នេះ ដោយ​យោង​តាម​ការចាំបាច់ ក្នុង​ការគ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល​។ ម្យ៉ាងទៀត ខ្លឹមសារ​សំខាន់​នៃ​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា​ទាំង​ពីរ​នេះ គឺ​ដើម្បីឲ្យ​រាជរដ្ឋាភិបាល​ងាយស្រួល​ក្នុង​ការ​ចេញ​លិខិត​បទដ្ឋា​នគតិ​យុត្ត​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល មាន​លក្ខណៈ​ចាំបាច់ និង​អាច​បត់បែន​បាន​។​



​ក្នុង​សេចក្តីថ្លែងហេតុ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជម្រាប​ជូន​រដ្ឋសភា​ថា ការស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា​ទាំង​ពីរ នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​គោលបំណង ៣ ចំណុច​។ ទី​១-​ធ្វើ​ឲ្យ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល មាន​ភាពរលូន​ជាមួយ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការគ្រប់​គ្រង​​មន្ត្រី​ក្រុម​នីតិប្បញ្ញត្តិ​។ ទី​២-​រក្សា​លក្ខណៈ​ត្រឹមត្រូវ​នៃ​លិខិត​បទដ្ឋាន​គតិយុត្ត​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​មន្ត្រីរាជការ​ស៊ិវិល ដែល​មាន​ស្រាប់ ហើយ​ដែល​បាន​ចែង​ឡើងក្នុង​គោលដៅ​អនុវត្ត​ខ្លឹមសារ នៃ​មាត្រា ដែល​ត្រូវ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​នេះ និង​ទី​៣-​បើកផ្លូវ​ដល់​ការកសាង និង​កែសម្រួល​លិខិត​បទដ្ឋាន​គតិយុត្ត​មួយចំនួនទៀត ដែល​ពាក់ព័ន្ធ​នឹង​ខ្លឹមសារនៃ​មាត្រា ដែល​ត្រូវ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​នេះ​ផង​ដែរ​។​

​នេះ​ជា​លើក​ទី​២ នៃ​ការស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល បន្ទាប់​ពី​ការស្នើសុំ​ធ្វើ​វិសោធនកម្ម មាត្រា ៥១ នៃ​ច្បាប់​នេះ ក្នុង​ឆ្នាំ​១៩៩៩​។​

​ជា​ការកត់សម្គាល់ សមាជិក​រដ្ឋសភា​គណ​បក្សប្រឆាំង មិន​បាន​លើកដៃគាំទ្រឲ្យ​រដ្ឋសភា លើកយក​សេចក្តីព្រាងច្បាប់​នេះមក​ពិភាក្សា និង​អនុម័ត​ទេ​។ លោក យឹម សុវណ្ណ សមាជិក​រដ្ឋសភា មកពី​គណបក្ស​សមរង្ស៊ី បានលើកឡើងក្នុង​អង្គប្រជុំ​រដ្ឋសភា នៅ​ព្រឹក​នេះ​ថា ការយកចិត្ត​ទុក​របស់​រាជរដ្ឋាភិបាល លើ​មន្ត្រីរាជការ មិន​សំខាន់​លើ​វិសោធនកម្ម​មាត្រា​ទាំងពីរ ក្នុង​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជាឡើយ សំខាន់​គឺ​រាជរដ្ឋាភិបាល ត្រូវ​គិតគូ​រលើ​ប្រាក់ខែ​មន្ត្រី​រាជការ ដែល​នៅ​ និង​មាន​គម្លាត​គ្នា​យ៉ាងច្រើន រវាង​ប្រធាន​នាយកដ្ឋាន និង​ប្រធាន​​ការិយាល័យ ឬក៏​បុគ្គលិក​ក្នុង​មន្ទីរ​ក្រសួង ក្នុងស្ថាប័នរាជរដ្ឋាភិបាល​។​

​យ៉ាងណាក៏ដោយ លោក ជាម យៀប សមាជិក​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ផ្ទុយ​ពី​សមាជិក​រដ្ឋសភា​គណ​បក្សប្រឆាំង​។ លោក ជាម យៀប គាំទ្រ ឲ្យ​រដ្ឋសភា លើកយក​សេចក្តីព្រាងច្បាប់​នោះមក​ពិភាក្សា និង​អនុម័ត នៅ​ព្រឹក​នេះ​។​

​ជា​ការកត់សម្គាល់ សមាជិក​រដ្ឋសភា​គណ​បក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង​លើស​លប់ ក្នុង​ការសម្រេច និងលើកយក​សេចក្តីព្រាងច្បាប់មក​ពិភាក្សា និង​អនុម័ត ទោះបី​ជា​​គណបក្ស​ប្រឆាំងមិន​គាំទ្រ​ក៏ដោយ​។

ទីបំផុតទៅ សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម មាត្រា​៩ និង​មាត្រា​១០ នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវបានរដ្ឋសភា អនុម័ត ដោយសំឡេង ៨៥ លើ ៩៤ រូប៕ 

No comments:

Post a Comment

yes