ក្នុងបទសម្ភាសន៍កាលពីព្រឹកថ្ងៃអាទិត្យនេះ កម្មករ និងមន្រ្តីសហជីពនិយាយថា នៅថ្ងៃចន្ទ ទី១៨ ខែកុម្ភៈស្អែកនេះ កម្មករ នឹងប្រមូលផ្តុំគ្នាម្តងទៀត ដើម្បីជំរុញឲ្យមានដំណោះស្រាយ។ កម្មករទាមទារប្រាក់អត្ថប្រយោជន៍ បន្ថែមពីលើប្រាក់ដែលរដ្ឋាភិបាលបានផ្តល់ឲ្យ សម្រាប់បើកប្រាក់ឈ្នួលជូនកម្មករ។
កម្មកររោងចក្រយ៉ុងវ៉ា ព្រមានហែរក្បួនទៅផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីសុំកិច្ចអន្តរាគមន៍ ប្រសិនបើមិនមានដំណោះស្រាយ ក្នុងការផ្តល់ប្រាក់អត្ថប្រយោជន៍ការងារសម្រាប់ពួកគេទៀតនោះ។ កម្មករអះអាងថា ប្រាក់អត្ថប្រយោជន៍របស់កម្មករទាំងអស់សរុបអាចទៅដល់ជិត១០លានដុល្លារ។
កាលពីថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ រាជរដ្ឋាភិបាល បានផ្តល់ប្រាក់៩០ម៉ឺនដុល្លារអាមេរិក ដល់ក្រសួងការងារដើម្បីបើកប្រាក់ខែឲ្យកម្មកររោងចក្រយ៉ុងវ៉ា តែមិនមានចំណែកសម្រាប់ប្រាក់អត្ថប្រយោជន៍ការងារនោះទេ។
កម្មករស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ដាក់សម្ពាធក្រុមហ៊ុនបរទេសទាំងឡាយណា ដែលមករកស៊ីផ្នែកសម្លៀកបំពាក់នៅកម្ពុជា ឲ្យគិតពីប្រាក់អត្ថប្រយោជន៍ដល់កម្មករ និងកុំឲ្យចេះតែបិទរោងចក្រស្រេចតែចិត្ត៕
No comments:
Post a Comment
yes