ព្រះសពរបស់ព្រះអង្គនឹងត្រូវធ្វើពិធីថ្វាយព្រះភ្លើងបូជា នៅថ្ងៃទី៤ខែកុម្ភៈខាងមុខនេះ
អ្នកប្រវត្តិសាស្រ្ត អ្នកនយោបាយ និងសកម្មជននានាបានវាយតម្លៃខ្ពស់ចំពោះស្នាព្រះហស្ថរបស់ព្រះអង្គក្នុងការធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិតាំងពីការទាមទារឯករាជ្យ ពីអាណានិគមបារាំង ការរក្សាបូរណភាពទឹកដី រហូតដល់ការទាមទារឱ្យកងទ័ពវៀតណាមដែលបានគ្រប់គ្រងប្រទេសខ្មែរអស់រយៈពេល១០ឆ្នាំចាកចេញទៅវិញនៅឆ្នាំ១៩៨៩មុននឹងគ្រប់ភាគីខ្មែរដែលមានជម្លោះនឹងគ្នាយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលនាំសន្តិភាពរហូតដល់សព្វថ្ងៃ។
ខាងផ្នែកសង្គមកិច្ចវិញក្នុងពេលដែលព្រះបាទនរោត្តម សីហនុកាន់អំណាចរាជការក្នុងសម័យសង្គមរាស្រ្តនិយម ព្រះអង្គត្រូវបានគេទទួលស្គាល់ចំពោះការយកព្រះទ័យទុកដាក់ដល់សុខមាលភាពប្រជារាស្រ្តដោយបានបង្កើតមន្ទីរពេទ្យជាច្រើននិងលើកស្ទួយវិស័យអប់រំសិក្សាធិការជាតិ។
លោកស្រី ពុង ឈីវកេក ប្រធានសមាគមសិទ្ធិមនុស្សលីកាដូបានរំលឹកពីការរីកចម្រើននៃវិស័យអប់រំជាតិថា៖
«អប់រំពេលហ្នឹងគឺថាល្អមែនទែន នៅប្រទេសកម្ពុជាយើង។ កូនក្មេងប្រុសស្រី កូនអ្នកក្រកូនអ្នកមានអាចចូលរៀនបានទាំងអស់»។
លោកស្រីពុង ឈីវកេកបានបញ្ជាក់ថាសិស្សដែលមានសមត្ថភាពគឺអាចប្រឡងចូលមហាវិទ្យាល័យដោយមិនចាំបាច់មានការសូកប៉ាន់ដើម្បីចូលរៀនទេហើយមានគ្រូដែលមានសមត្ថភាពបង្រៀននៅទីនោះដែលធ្វើឱ្យមហាវិទ្យាល័យខ្មែរជាទីចាប់អារម្មណ៍របស់ប្រទេសដទៃក្នុងការបញ្ជូនកូនសិស្សគេមករៀនផងដែរ។ រីឯគុណភាពទៀតសោតត្រូវបានប្រទេសក្រៅដូចជាបារាំងជាដើមឱ្យតម្លៃស្មើនឹងកម្រិតសិក្សានៅក្នុងប្រទេសរបស់គេ។
លោកបណ្ឌិត រស់ ចន្រ្តាបុត្រអ្នកប្រវត្តិសាស្រ្តខ្មែរដ៏ល្បីនៃរាជបណ្ឌិតសភាកម្ពុជាបានទទួលស្គាល់ថាការមានគុណភាពអប់រំល្អដោយសារព្រះបាទសីហនុបានលើកកម្ពស់និងផ្តល់អាទិភាពច្រើនដល់គ្រូបង្រៀន។
«ព្រះអង្គក៏បានឱ្យតម្លៃខ្ពស់ដល់ការអប់រំដែរជាពិសេសដើម្បីនឹងកសាងធនធានមនុស្សមួយក្រោយសម័យអាណានិគមបារាំងគឺដូច្នេះគឺត្រូវការធនធានមនុស្សគឺលោកខំឱ្យខាងអប់រំហ្នឹងជាវិស័យមួយសំខាន់ជាអាទិភាពមួយធំរហូតដល់ឱ្យលោកគ្រូអ្នកគ្រូសាស្រ្តាចារ្យទាំងអស់មានប្រាក់ខែ មានកម្រិតជីវភាពខ្ពស់ ហើយខ្ពស់ជាងមន្ត្រីរាជការទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
វិស័យសុខាភិបាលកម្ពុជាក៏ឈានដល់កម្រិតកំពូលមួយដែលផ្តល់សេវាល្អដល់អ្នកជំងឺដោយមិនចាំបាច់ត្រូវរត់ទៅរកការព្យាបាលនៅប្រទេសជិតខាងទេ។
លោកបណ្ឌិតរស់ ចន្ត្រាបុត្រក៏បានបន្ថែមថា៖
«ព្រះអង្គឱ្យតម្លៃខ្ពស់ទៅលើអ្វីដែលជាសុខាភិបាលគឺថាលោកឱ្យតម្លៃខ្ពស់គឺបានកសាងពេទ្យជាច្រើននៅគ្រប់កន្លែងដើម្បីនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជារាស្រ្តខ្មែរនៅជិតនៅឆ្ងាយទាំងអស់ដើម្បីធ្វើយ៉ាងម៉េចឱ្យកូនចៅរបស់លោកហ្នឹងមានសេវាអាចនឹងបម្រើបានគ្រប់បែបយ៉ាងទាំងអស់»។
រីឯលោកស្រីពុង ឈីវកេកវិញនៅចាំបានថាមន្ទីរពេទ្យខ្មែរពេលនោះមានលទ្ធភាពពិនិត្យព្យាបាលជំងឺគ្រប់បែបយ៉ាងហើយអ្នកទៅរកសេវាពេទ្យខ្មែរមានទាំងរាស្រ្តក្រីក្រតូចតាចរហូតដល់សែរាជវង្សដែលសូម្បីព្រះបាទនរោត្តមសីហនុ ក៏ព្រះអង្គសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកដែរពេលទ្រង់ប្រឈួនម្តងៗ។
លោកស្រីពុង ឈីវកេកបានបន្ថែមថាសង្រ្គាមនិងរបបខ្មែរក្រហមបានដុតបំផ្លាញអ្វីដែលជាស្នាព្រះហស្ថរបស់ព្រះអង្គអស់ជាច្រើនដែលធ្វើឱ្យកម្ពុជាត្រូវធ្លាក់មកតោងកន្ទុយប្រទេសជិតខាង៖
«ហើយខ្ញុំចេះអង្គុយនឹកឃើញថាបើសិនជាយើងអត់មានខ្មែរក្រហមអត់មានសង្រ្គាមស៊ីវិលរហូតមកដល់ឥឡូវនេះគឺយើងអត់ចាញ់ខាងពួកថៃ ពួកសាំងហ្កាពួរពួកអីទេច៎ា ពួកវៀតណាមអីគឺអត់ចាញ់ទេ។ យើងនឹងដើរតាមគេព្រោះពេលនោះគេមករៀននៅកន្លែងយើង»។
ព្រះបាទនរោត្តមសីហនុ ក៏ត្រូវបានគេទទួលស្គាល់ថាជាក្សត្រដែលគោរពសិទ្ធិនិងឱ្យតម្លៃជនជាតិភាគតិចនៅកម្ពុជាដោយមិនមានការរើសអើងអ្វីទេដូចជាជនជាតិដើមភាគតិចឬហៅថាខ្មែរលើ ខ្មែរអ៊ីស្លាម និងខ្មែរកម្ពុជាក្រោមជាដើម។
លោក បណ្ឌិត រស់ ចន្ត្រាបុត្រអ្នកប្រវត្តិសាស្រ្តខ្មែរបានបន្តថា៖
«ព្រះអង្គខិតខំបង្រួបបង្រួមធ្វើដូចម្តេចឱ្យមានជាទស្សនៈមួយគឺមិនបែងចែកទេគឺលោកលើកទាំងអស់ជាខ្មែរ គឺពលរដ្ឋទាំងអស់ដែលរស់នៅលើទឹកដីខ្មែរជាខ្មែរគឺមានដូចជាខ្មែរកណ្តាលខ្មែរកម្ពុជាក្រោមខ្មែរក្រោមហើយនឹងខ្មែរលើហើយមិនតែប៉ុណ្ណោះជនជាតិចាមដែលរស់នៅលើទឹកដីកម្ពុជាលោកក៏ហៅថាជាខ្មែរដែរក៏ប៉ុន្តែជាខ្មែរអ៊ីស្លាមដូច្នេះនៅក្នុងទស្សនៈនេះតាមទស្សនៈខ្ញុំផ្ទាល់គឺទស្សនៈលោកមិនចង់ឱ្យបែកជាជនជាតិបែកជាក្រុមគឺលោកធ្វើម្តេចទាំងអស់គ្នាដែលមានប្រវត្តិរាប់រយឆ្នាំលើទឹកដីកម្ពជា ចាមក្តី បងប្អូនខ្មែរកម្ពុជាក្រោមក្តីគឺថាត្រូវចាត់ទុកថាជាខ្មែរទាំងអស់គ្នា»។
នាងយន់ ម៉ានេ ប្រធានក្រុមប្រឹក្សានៃសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជាបានបញ្ជាក់ថាអតីតព្រះមហាក្សត្រទទួលបានការគោរពខ្លាំងក្នុងស្រទាប់ខ្មែរដើម៖
«នៅពេលដែលនាងខ្ញុំដឹងក្តី មកឮម្តាយ ជីដូនហើយនឹងបងប្អូនមួយចំនួនតែងតែកោតសរសើរស្ងប់ស្ងែងសម្តេចតាមែនទែនព្រោះឃើញថាសម្តេចតាមានចរិកទន់ភ្លន់សុភាពរាបសារ លោកតែងតែបង្ហាញក្តី មេត្តាករុណាចំពោះជនជាតិដើមភាគតិច។ ហើយជាពិសេសកាលដែលលោកនៅមានព្រះជន្មលោកតែងតែបានផ្តល់ឱកាសឱ្យខាងជនជាតិដើមភាគតិចភ្នង ពួកខ្ញុំក៏ដូចជាខាងក្រឹង ទំពូនក្នុងខេត្តរតនគីរីហ្នឹងបានចូលគាល់នឹងសម្តេចផ្តាល់នៅក្នុងរាជវាំង»។
សម្រាប់ជនជាតិខ្មែរកម្ពុជាក្រោមវិញការយកព្រះទ័យទុកដាក់របស់ព្រះបាទនរោត្តម សីហនុនិងការគោរពឱ្យតម្លៃ ដោយមិនចាត់ទុកដូចជាអ្នកដទៃធ្វើឱ្យពួកគេអាចគេចផុតពីការយាយីធ្វើបាបហើយជារឿយៗព្រះអង្គយកព្រះទ័យទុកដាក់ចំពោះពលរដ្ឋខ្មែរក្រោមដែលបានរត់ភៀសខ្លួនចូលមកក្នុងប្រទេសកម្ពុជា និងតែងតែលើកឡើងពីធ្វើទុកបុកម្នេញលើសិទ្ធិខ្មែរក្រោមពីអាជ្ញាធរវៀតណាមខាងត្បូងជាដើម។
លោកថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមបានបញ្ជាក់ថា៖
«លោកមានចិត្តនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០ នៅពេលដែលមានបញ្ហានៅកម្ពុជាក្រោមហើយបងប្អូនខ្មែរក្រោមភៀសខ្លួនមកយើងក៏ លោកក៏ មានផែនការអភិវឌ្ឍសម្រាប់ជួយដល់បងប្អូនខ្មែរក្រោមមានធ្វើផ្ទះធ្វើសម្បែងនៅខេត្តពោធិ៍សាត់ ដំបន់ស្វាយដូនកែវជាដើមហើយក្នុងពេលនោះដែរលោកតាសឺនសានក៏មានផែនការយកបងប្អូនខ្មែរពីកម្ពុជាក្រោមមក មករស់នៅក្នុងខេត្តបាត់ដំបងខេត្តពោធិ៍សាត់ជាដើម ចែកទឹកចែកដីមុនឆ្នាំ៦០រហូតដល់ឆ្នាំ៦០ហ្នឹង»។
យ៉ាងណាក៏ដោយទឹកព្រះទ័យល្អរបស់ព្រះអង្គក៏ជាឱកាសសម្រាប់អ្នកឆ្លៀតឱកាសប្រើប្រាស់ដើម្បីប្រយោជន៍គេដែរ។ លោកថាច់ ង៉ុកថាច់បញ្ជាក់ថាមានអ្នកយកកិត្តិនាមរបស់ព្រះបាទនរោត្តមក្នុងនោះមានរដ្ឋាភិបាលវៀតណាមខាងត្បូងនិងខ្មែរក្រហមបានបោកខ្មែរក្រោមឱ្យស្លាប់ជាច្រើនក្នុងពេលកន្លងមក៕
No comments:
Post a Comment
yes