សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 16, 2013

យាយភូ​ចែក​អាំង​ប៉ាវ​ដល់​មន្ត្រី​ប៉ូលិស​នាំ​ឱ្យ​មាន​ការរិះគន់​

ភ្នំពេញ៖​  ថ្វីបើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ទើប​តែបាន​បញ្ចប់​កាលពី​ថ្ងៃ​អង្គារ​យ៉ាងណាក្តី​ក៏ប៉ុន្តែ​អ្វី​ដែល​បាន​កើត​មាន​ឡើង​លេចធ្លោ​ជាង​គេ​នៅ​ក្នុង​ឆ្នាំ​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ​គឺការ​ចែក​អាំង​ប៉ាវ​ពី​អ្នក​ស្រី​ជឹង សុភាព​ហៅ​យាយភូ​ត្រូវ​ជាភរិយា​លោក​ឡាវ ម៉េងឃីន​សមាជិក​ព្រឹទ្ធសភា​ខាង​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​ហេតុការណ៍​ដែល​មិន​នឹកស្មាន​ដល់​បាន​កើត​ឡើង​ក្នុង​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ចិន​នោះ​គឺ​ការ​ចែក​អាំង​ប៉ាវ​របស់​អ្នក​ស្រីជឹង សុភាព​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ចំរុះ​ប្រមាណ​ជិត​៥០០​នាក់។​
 
ការ​ចែក​អាំង​ប៉ាវ​តាម​ទំនៀម​ទម្លាប់​របស់​ប្រពៃណី​ចិន​នេះ​ត្រូវ​បាន​ធ្វើឡើង​តៗគ្នា​ពី​សមាជិក​ក្រុម​គ្រួសារ​ទៅ​កាន់​បងប្អូន​ឬ​ទៅ​កាន់​អ្នក​ដែល​មាន​សាច់ញាត្តិ​ឬ​ក៏​អ្នក​ស្គាល់​គ្នាតែប៉ុណ្ណោះ​ក៏​ប៉ុន្តែ​អ្វី​ដែល​មាន​ភាព​ខុស​ប្លែក​នោះ​គឺ​កម្លាំង​មាន​សមត្ថកិច្ច​កម្ពុជា​ដែល​រួម​មាន​ប៉ូលិស ​មន្ត្រី​កង​រាជអាវុធ​ហត្ថ​ មន្ត្រី​យោធា​និង​កង​អង្គរក្ស​បាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​រួចហើយបាន​ឈរ​តម្រៀប​ជួរគ្នា​រង់ចាំ​ទទួល​យក​អាំង​ប៉ាវ​ពី​អ្នក​ស្រី​ជឹង សុភាព​ដែល​នាំ​ឱ្យ​មាន​ការ​ចោទសួរ​ដល់​សុច្ចរិត​ភាព​នៃ​កងកម្លាំង​ប្រដាប់​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន។​

អាំង​ប៉ាវ​នោះ​ត្រូវ​បាន​មន្ត្រី​មាន​សមត្ថកិច្ច​បាន​និយាយ​ថា​ពួកគេ​ទទួល​បាន​ម្នាក់ៗ​ប្រមាណ​៣ម៉ឺន​រៀល​គឺប្រមាណ​៨ដុល្លារ​សហរដ្ឋ​អាមេរិក​ដូច្នេះ​ជាសរុប​មន្ត្រី​មាន​សមត្ថកិច្ច​ប្រមាណ​ជិត​៥០០​នាក់​គឺ​លោក​ស្រី​ជឹង សុភាព​បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង​២ម៉ឺន​ដុល្លារ។​

រូបភាព​នៃ​ការ​ចែក​អាំង​ប៉ាវនេះ​ត្រូវ​បាន​ក្រុមអ្នក​តាម​ដាន​សភាព​ការណ៍​នៅ​កម្ពុជា​បាន​រិះគន់​ថា​បាន​បង្ហាញ​នូវ​រូប​ភាព​មួយ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កម្លាំង​សមត្ថកិច្ច​ដែល​មាន​កាតព្វកិច្ច​បម្រើ​ប្រទេស​និង​រដ្ឋាភិបាល​ទៅ​បន្ទាប់​ខ្លួន​ទទួល​យក​ទឹក​ប្រាក់​បន្តិច​បន្ទួច​ពី​ឈ្មួញ​រក​ស៊ី​ដែល​ដែល​​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អរឿង​រំលោភ​ដីធ្លី។​

លោក​បណ្ឌិត ឡៅ ម៉ុងហៃ​អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​បាន​និយាយ​ថារូប​ភាព​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ចៅហ្វាយ​នាយ​បាន​ផ្តល់​អំណោយ​ដល់​បាវ​បម្រើ​ទៅ​វិញ​ទេ​ហើយ​បើ​និយាយ​មួយ​បែប​ទៀត​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ក្នុង​ពេល​នោះបាន​ធ្លាក់​ខ្លួន​​មិន​ខុសគ្នា​និង​អ្នក​សុំទាន​នោះ​ទេ។​

លោក​បាន​និយាយ​ថា​នៅក្នុង​ជួរ​របស់​អង្គភាព​រដ្ឋនានា​គួរ​តែមាន​​ក្រមសីលធម៌​មួយ​ មាន​បញ្ចូល​ការហាម​ឃាត់​សកម្មភាព​ណា​ដែល​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​អង្គភាព។​

លោក​ឡៅ​ ម៉ុងហៃ​បញ្ជាក់​បន្ថែម​ថា៖
«បើ​យើង​ធ្វើ​អញ្ចឹង​វាពិបាក​ធ្វើ​ឱ្យ​គេ​គោរព​ណាស់។ វាប៉ះ​ពាល់​ដល់​ស្ថាប័ន​ជាតិ​ ស្ថាប័នរដ្ឋ​ហើយ​បើ​កាលណា​អត់​សាធារណជន​មិន​មាន​ការគោរព​ហើយ​អាជ្ញាធរ​ពិបាក​និយាយ​ឱ្យ​គេ​ស្តាប់​ណាស់»។​
ពិធីបុណ្យ​ចូលឆ្នាំចិន​បានចាប់​ផ្តើម​កាល​ពី​ថ្ងៃ​សៅរ៍ទី​៩​ហើយ​បាន​បញ្ចប់​កាល​ពីថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ។​

លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ​បាននិយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​មួយ​ដោយបាន​ហៅ​ការ​ទទួល​យក​អំណោយ​អាំងប៉ាវ​របស់​មន្ត្រី​មានសមត្ថកិច្ច​ថា​លោក​មាន​ការខ្មាស់​អៀន​យ៉ាង​ខ្លាំង​ដោយ​ឃើញ​មន្ត្រី​ នគរបាល​ និង​ ទាហាន​ខ្មែរ​មួយ​ចំនួន​ធំ​ទៅសុំ​ទាន​ថៅកែ​ឯកជន​ដើម្បី​រស់។​

មាន​ប្រសាសន៍​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពីប្រទេស​បារាំង​លោក​សម រង្ស៊ី​មិនបាន​ស្តីបន្ទោស​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ទាំង​នោះ​ទេ​ក៏​ប៉ុន្តែ​លោក​បាន​ស្តីបន្ទោស​ដល់​រដ្ឋាភិបាល​ដែល​មិន​បាន​ផ្តល់ប្រាក់​បៀវត្សរ៍​សមរម្យ​ដល់​មន្ត្រី​ទាំង​នោះ។​

«យើង​មាន​ការសោក​ស្តាយ​ណាស់​ដែល​រដ្ឋាភិបាល​សព្វថ្ងៃ​ធ្វើឱ្យ​ប្រទេស​ជាតិយើង​បាត់​បង់​កេរ្តិ៍ឈ្មោះ​ធ្លាក់​កិត្តិយស​ដោយ​សារ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ធ្វើ​ឱ្យ​មន្ត្រី​រាជការ​ ប៉ូលិស​ ទាហាន​ ក្រ​វេទនា។ ដូច្នេះ​យើង​ត្រូវ​តែស្តារ​ ស្តារទាំង​ជីវភាព​រស់​នៅ​ស្តារ​ទាំង​កិត្តិយស​ ស្តារ​ទាំង​ភាពថ្លៃ​ថ្នូរ​របស់​អ្នក​បម្រើ​ជាតិ»។​

លោក​ខេង ទីតូ​ អ្នកនាំពាក្យ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ទទួល​ស្គាល់​ថា​ការ​ស្លៀកពាក់​ឯក​សណ្ឋាន​ជាសមត្ថកិច្ច​ទៅ​ទទួល​យក​អាំង​ប៉ាវ​ពីឈ្មួញ​ឯកជន​ជារឿង​មិន​ត្រឹមត្រូវ​ក៏​ប៉ុន្តែ​លោក​បាន​និយាយ​ថា​អ្នក​ដែល​ទៅ​ទទួល​ដោយ​ស្លៀកពាក់​ឯក​សណ្ឋាន​នោះ​គឺ​ជា​អ្នក​មាន​ភារកិច្ច​នៅតំបន់​នោះ​តែ​ប៉ុណ្ណោះ។​

«ខ្ញុំយល់​ថា​ជួន​កាល​យើង​កំពុង​បំពេញ​ភារកិច្ច​នៅ​តំបន់​ហ្នឹង។​អញ្ចឹង​គេ​ក៏​ប្រគល់​ឱ្យ​យើង​ដោយ​មិន​បាន​ព្រៀងទុក​ហើយ​យើង​ក៏​ទទួល​ដោយមិន​បាន​ព្រៀង​ទុក​ដែរ»។​
 
លោក​ផៃ ស៊ីផាន​អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បានបញ្ជាក់​ថា​ទាំង​ទិដ្ឋភាព​ប្រពៃណី​ ផ្លូវច្បាប់​និង​សតិសម្បជញ្ញៈ​មិន​មាន​អ្វី​ទាស់​ខុស​ទេ​ដែល​មន្ត្រី​មាន​សមត្ថកិច្ច​ទាំង​នោះ​ទៅ​ទទួល​យក​អាំង​ប៉ាវ។​

លោក​បាន​និយាយ​ថា​នៅក្នុង​ច្បាប់​របស់​ប្រទេស​កម្ពុជា​មិន​បាន​ហាម​ប្រាម​ក្រុម​មន្ត្រី​មាន​សមត្ថកិច្ច​​ក្នុង​ឯក​សណ្ឋាន​ទៅ​ទទួល​យក​អំណោយ​ ឬ​ក៏​ទទួល​ប្រាក់​តាម​រយៈ​ឯក​ជន​នោះ​ទេ៕

No comments:

Post a Comment

yes