ក្រុមប្រឆាំងនៅតែនាំគ្នាចេញធ្វើបាតុកម្ម ឡោមព័ទ្ធវិមានរដ្ឋាភិបាល ទោះបីជា
លោកស្រីយីងឡាក់ប្រកាសលាឈប់ពីមុខតំណែង នៅថ្ងៃចន្ទ ៩ធ្នូ ២០១៣
នៅថ្ងៃចន្ទនេះ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ បានប្រកាសរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតឡើងវិញ។ ក៏ប៉ុន្តែ ក្រុមប្រឆាំងនៅតែមិនសុខចិត្ត ហើយនៅតែនាំគ្នាបន្តចេញធ្វើបាតុកម្ម ប្រឆាំងទៅនឹងអ្វីដែលគេហៅថាជា “របបថាក់ស៊ីន”។
ការប្រកាសលាឈប់ពីមុខតំណែងរបស់លោកស្រីយីងឡាក់ ទំនងជាមិនអាចដោះស្រាយវិបត្តិនយោបាយនៅពេលនេះបានទេ។ មេដឹកនាំក្រុមប្រឆាំងបានប្រកាសថា បើទោះបីជាលោកស្រីយីងឡាក់រំលាយសភាក៏ដោយ ក៏គេមិនបញ្ឈប់ការធ្វើបាតុកម្មប្រឆាំងដែរ។ ជាក់ស្តែង គិតត្រឹមរសៀលថ្ងៃចន្ទ មានក្រុមប្រឆាំងប្រមាណជា ១៤ម៉ឺននាក់ បាននាំគ្នាចេញធ្វើបាតុកម្ម នៅក្នុងទីក្រុងបាងកក។
តាមពិតទៅ ក្រុមប្រឆាំងមិនមែនត្រឹមតែចង់ឲ្យលោកស្រីយីងឡាក់លាឈប់ពីតំណែងជានាយករដ្ឋមន្រ្តីនោះទេទេ ក៏ប៉ុន្តែ ចង់ឲ្យលោកស្រី ព្រមទាំងត្រកូលស៊ីណាវ៉ាត់ទាំងអស់ ចាកចេញពីឆាកនយោបាយទាំងស្រុង។ មានអ្នកខ្លះរហូតទាមទារឲ្យត្រកូលស៊ីណាវ៉ាត់និរទេសខ្លួនចេញពីប្រទេសថៃថែមទៀតផង។
លោកស៊ូទេព ដែលជាអតីតឧបនាយករដ្ឋមន្រ្តី ក្នុងរដ្ឋាភិបាលគាំទ្រដោយកងទ័ព ហើយបច្ចុប្បន្នជាមេដឹកនាំបាតុករប្រឆាំង បានប្រកាសថា ការរំលាយសភា ហើយរៀបចំបោះឆ្នោតឡើងវិញ មិនមែនជាគោលដៅចុងក្រោយរបស់ក្រុមប្រឆាំងទេ។ គោលដៅរបស់ក្រុមប្រឆាំង គឺចង់គាស់រំលើងឫសគល់របបនយោបាយរបស់លោកថាក់ស៊ីន។
ការប្រកាសរំលាយសភាដោយលោកស្រីយីងឡាក់ មានន័យថា ការបោះឆ្នោតថ្មីនឹងត្រូវរៀបចំធ្វើ ក្នុងរយៈពេល ២ខែខាងមុខ។ បើតាមគណៈកម្មការរៀបចំការបោះឆ្នោតថៃ ការបោះឆ្នោតនេះនឹងត្រូវធ្វើ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤។
មេដឹកនាំគណបក្សភឿថៃបានឲ្យដឹងថា លោកស្រីយីងឡាក់នឹងឈរឈ្មោះជាបេក្ខនារីនាយករដ្ឋមន្រ្តីសាជាថ្មីទៀត នៅក្នុងការបោះឆ្នោតនេះ។
គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោត កាលពីឆ្នាំ២០១១កន្លងទៅនេះ គណបក្សភឿថៃរបស់លោកស្រីយីងឡាក់ បានទទួលជ័យជម្នះ ក្នុងសំឡេងដ៏ច្រើនលើសលុប (២៦៥អាសនៈ ទល់នឹង ១៥៩អាសនៈរបស់គណបក្សប្រជាធិបតេយ្យ)។ បច្ចុប្បន្ននេះ ចលនាគាំទ្រគណបក្សភឿថៃនៅតែមានសន្ទុះខ្លាំងក្លាដដែល។ គណបក្សប្រជាធិបតេយ្យវិញ ដែលជាបក្សប្រឆាំង ហើយដែលមិនធ្លាប់ទទួលជ័យជម្នះម្តងសោះ ក្នុងការបោះឆ្នោតតំណាងរាស្រ្តថៃ ចាប់តាំងពីឆ្នាំ១៩៩២មក មិនទាន់ប្រាកដថា នឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខនេះដែរឬក៏អត់នោះទេ។
ក្រុមប្រឆាំងដឹងស្រេចជាមុនថា បើសិនជាធ្វើការបោះឆ្នោតសាជាថ្មី គណបក្សភឿថៃប្រាកដជាឈ្នះឆ្នោតម្តងទៀត លោកស្រីយីងឡាក់នឹងត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្រ្តីម្តងទៀត ហើយអ្វីៗនឹងត្រឡប់មករកស្ថានភាពដើមវិញ។ ហេតុដូច្នេះហើយបានជាពួកគេប្រកាសថានឹងនៅតែបន្តធ្វើបាតុកម្មតទៅទៀត ដោយទាមទារឲ្យមានការជ្រើសរើសមេដឹកនាំប្រទេស ដោយមិនឆ្លងកាត់ការបោះឆ្នោត ពោលគឺ ត្រូវប្រគល់អំណាចរដ្ឋទៅឲ្យស្ថាប័នថ្មីមួយ ដែលគេឲ្យឈ្មោះថា “ក្រុមប្រឹក្សាប្រជាជន” ក៏ប៉ុន្តែ មិនបានបញ្ជាក់លម្អិតថា តើសមាជិក “ក្រុមប្រឹក្សាប្រជាជន” នេះ មានប្រភពមកពីណា? ហើយតើត្រូវជ្រើសរើសឡើងដោយរបៀបណា?
គណបក្សភឿថៃរបស់លោកស្រីយីងឡាក់បានប្រកាសបដិសេធរួចទៅហើយ ចំពោះសំណើនេះ ដោយលើកឡើងថា វាផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយមិនស្របនឹងគោលការណ៍ប្រជាធិបតេយ្យ។
បើទោះជាគេសុខចិត្តបង្កើត “ក្រុមប្រឹក្សាប្រជាជន” ឲ្យដឹកនាំប្រទេសទៅ តាមការទាមទាររបស់ពួកអាវលឿងមែន ក៏គេមិនរំពឹងនឹងអាចបញ្ចប់វិបត្តិនយោបាយថៃនៅពេលនេះបានដែរ។ ពួកអាវលឿងសប្បាយចិត្ត ដោយសារបានសម្រេចតាមបំណង ក៏ប៉ុន្តែ គឺក្រុមអាវក្រហមវិញម្តង ដែលនឹងចេញមកតវ៉ាប្រឆាំង ភាពវឹកវរនយោបាយ និងសង្គម អាចនឹងមានសភាពកាន់តែធ្ងន់ធ្ងរថែមទៀត ពីព្រោះថា ម្យ៉ាង ក្រុមអាវក្រហមមានចំនួនច្រើនជាង ដូច្នេះ អាចបង្កចលនាប្រឆាំងបានធំជាង។ ម្យ៉ាងទៀត ក្រុមអាវក្រហមអាចនឹងមានអារម្មណ៍ថា ពួកគេជាក្រុមអ្នកមានសំឡេងភាគច្រើន ប៉ុន្តែ រដ្ឋាភិបាលដែលពួកគេជ្រើសរើសឡើង តាមការបោះឆ្នោតប្រជាធិបតេយ្យ បែរជាត្រូវគេទម្លាក់ ហើយអំណាចបែរជាត្រូវធ្លាក់ក្នុងដៃក្រុមសំឡេងភាគតិចទៅវិញ ដូច្នេះ វាអាចធ្វើឲ្យពួកគេមានកំហឹង ហើយបង្កជាអំពើហិង្សា ឬក៏អាចឈានទៅដល់ការបង្កើតជាចលនាបដិវត្តន៍ក៏អាចថាបាន៕
No comments:
Post a Comment
yes