សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 18, 2013

ទស្សនៈ​ជុំវិញ​ការ​ជ្រើសរើស​បុត្រី​ពៅ​សម្ដេច​ឪ​ធ្វើ​ជា​ព្រះ​ប្រធាន​បក្ស​ហ៊្វុនស៊ិនប៉ិច

ព្រះអង្គ​ម្ចាស់ក្សត្រី នរោត្តម អរុណរស្មី

បុត្រី​ពៅ​របស់​ព្រះ​មហា​វីរក្សត្រ ​សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​ព្រះអង្គ​ម្ចាស់ក្សត្រី នរោត្តម អរុណរស្មី នឹង​ត្រូវ​ជ្រើស​រើស​ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច។
អ្នក​វិភាគ​ហៅ​គម្រោង​ការ​ចូល​កាន់​តំណែង​ថ្មី​នេះ​ថា ជា​យន្តការ​មួយ​សម្រាប់​ប្រកួតប្រជែង​រក​សំឡេង​ឆ្នោត​ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដែល​នៅ​តែ​ស្ដាយ​ស្រណោះ​អង្គ​សម្ដេច​ឪ​នៅ​ឡើយ​នោះ ហើយ​ថា ការ​ចូល​កាន់​តំណែង​នេះ តិច​ឬ​ច្រើន​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ឡើង​ពី​ការ​រួម​គ្នា​រវាង​គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស។
តាម​រយៈ​លទ្ធផល​បោះ​ឆ្នោត​កន្លង​ទៅ ៣​អាណត្តិ​ចុង​ក្រោយ បង្ហាញ​ថា គណបក្ស​ប្រឆាំង​មាន​សំឡេង​គាំទ្រ​កើន​ឡើង​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ។ ការ​កើន​សំឡេង​នេះ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា គណបក្ស​ជំទាស់​មិន​មែន​ទាញ​សន្លឹក​ឆ្នោត​ពី​បក្ស​កាន់​អំណាច​ទេ គឺ​ដោយសារ​តែ​បក្ស​ប្រជាជន​កម្ពុជា ក៏​មាន​សំឡេង​កើន​ឡើង​ដូច​គ្នា។ សំឡេង​គាំទ្រ​ទាំង​នេះ​បាន​មក​ពី​ការ​បែក​បាក់​របស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច។ អ្នក​វិភាគ​យល់​ថា បើ​បក្ស​ហ៊្វុនស៊ិនប៉ិច រឹង​មាំ​រៀបចំ​គោល​នយោបាយ​ច្បាស់លាស់ នឹង​នាំ​ឲ្យ​គណបក្ស​ប្រឆាំង​អាច​ថយ​សំឡេង។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​ឡើង​កាន់​តំណែង​របស់​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ជា​របត់​ថ្មី​មួយ​ក្នុង​ការ​រៀបចំ​ចាត់ចែង​ការងារ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​ប្រជែង​សំឡេង​ឆ្នោត។ លោក​បន្ត​ថា បើ​សិន​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច រៀបចំ​រចនាសម្ព័ន្ធ​ត្រឹមត្រូវ ឯករាជ្យ មិន​ចំណុះ ឬ​រណប​គណបក្ស​ប្រជាជន​កម្ពុជា នោះ​គណបក្ស​នេះ​នឹង​អាច​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បាន​ច្រើន ពិសេស​សំឡេង​ពី​ក្រុម​ប្រឆាំង។
លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា គណបក្ស​ប្រឆាំង​ក៏​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​ទៀត​ដែរ ព្រោះ​ថា លទ្ធផល​បោះឆ្នោត​កន្លង​ទៅ​បក្ស​ប្រឆាំង​ទាញ​សំឡេង​ឆ្នោត​ពី​បក្ស​កាន់​អំណាច​តិចតួច​ប៉ុណ្ណោះ៖ «តើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ហ្នឹង បង្ហាញ​តួ​អង្គ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជ្រួតជ្រាប​បាន​ឬ​ទេ​ការ​ដឹកនាំ​ថ្មី​នោះ ហើយ​បើ​មាន​គោលជំហរ​ឯករាជ្យ​ល្អ នោះ​នឹង​អាច​ទាក់ទាញ​សំឡេង​គាំទ្រ​ពី​មហាជន​បាន»
លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​មាន​យុទ្ធសាស្ត្រ​របស់​ខ្លួន​មួយ​ឲ្យ​ច្បាស់លាស់​ដែរ ដើម្បី​ទប់ទល់​នឹង​បក្ស​កាន់​អំណាច និង​ការពារ​ការ​ទាញ​ប្រជាប្រិយភាព​ពី​គណបក្ស​រាជា​និយម។
ទោះ​ជា​យ៉ាង​ណា​ក្តី មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ការ​ឡើង​កាន់​តំណែង​ថ្មី​របស់​មេដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​មាន​ឥទ្ធិពល​ណា​មួយ​មក​លើ​បក្ស​ប្រឆាំង​នោះ​ទេ ដោយ​គណបក្ស​ហ៊្វុនស៊ិចប៉ិច គ្រាន់​ជា​បក្ស​រណប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច​នេះ​ពលរដ្ឋ​ច្បាស់​ជា​មិន​គាំទ្រ​ឡើយ។
លោក​បន្ត​ថា គណបក្ស​ប្រឆាំង​មាន​គោលនយោបាយ​ច្បាស់លាស់​ជាង​បក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​លោក​ជឿ​ថា បើ​ពលរដ្ឋ​មិន​ចូល​ចិត្ត​បក្ស​កាន់​អំណាច គេ​មិន​បោះ​ឆ្នោត​ឲ្យ​បក្ស​រាជា​និយម​ទេ គេ​ច្បាស់​ជា​បោះ​ឆ្នោត​ឲ្យ​បក្ស​ប្រឆាំង។
លោក យឹម សុវណ្ណ បញ្ជាក់​ថា លទ្ធផល​បោះ​ឆ្នោត​ឃុំ​កន្លង​ទៅ គណបក្ស​រាជា​និយម​សរុប​មក​បាន​សូន្យ​កៅអី​ប៉ុណ្ណោះ៖ «ខ្ញុំ​ជឿ​ថា មាន​គណបក្ស​ពីរ​ទេ​ដែល​គាត់​ជ្រើស​រើស ឬ​មួយ​គាត់​រើស​គណបក្ស​ប្រជាជន និង​មួយ​ទៀត​ជ្រើសរើស​គណបក្ស​សង្គ្រោះ​ជាតិ នេះ​គឺ​ជា​សេចក្ដី​សម្រេច​តាម​គំនិត​របស់​គាត់ ហើយ​គោលនយោបាយ​ដដែល​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​ប៉ះ​ពាល់​អ្វី​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ»
លោក យឹម សុវណ្ណ បន្ត​ថា គណបក្ស​កាន់​អំណាច និង​បក្ស​ហ៊្វុនស៊ិនប៉ិច មិន​អើពើ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ទេ ចំណុច​នេះ​ជា​ចំណុច​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រៀប​ជាង​ក្នុង​ការ​ទាក់​ទាញ​សំឡេង​ឆ្នោត។
ទន្ទឹម​នឹង​នេះ អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុល ហំម មាន​ប្រសាសន៍​ថា ការ​ដឹក​នាំ​គណបក្ស​រាជា​និយម​របស់​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី នៅ​តែ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច​ដដែល។ លោក​បន្ត​ថា គណបក្ស​កាន់​អំណាច និង​បក្ស​ដៃគូ​ក្នុង​រាជរដ្ឋាភិបាល មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ទេ ប្រការ​នេះ​នាំ​ឲ្យ​គណបក្ស​ប្រឆាំង​មាន​ឱកាស។
លោក ប៉ុល ហំម បញ្ជាក់​ថា គណបក្ស​ណា​ក៏​ដោយ​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច​នោះ នឹង​នាំ​ឲ្យ​បាត់​ភាព​ម្ចាស់ការ ហើយ​ក៏​មិន​មែន​ជា​ឧបសគ្គ​របស់​គណបក្ស​ប្រឆាំង​ដែរ៖«ខ្ញុំ​យល់​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ណា​ក៏ដោយ​ដែល​មាន​ទំនោរ​ទៅ​រក​គណបក្ស​កាន់​អំណាច វា​បាត់​បង់​រូបភាព​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​ហ្នឹង​ហើយ ហើយ​ការ​រៀបចំ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទោះ​បី​ជា​អ្នក​ណា​ជា​ប្រធាន​ក៏ដោយ មិន​មែន​ជា​ការ​គំរាម​កំហែង​គណបក្ស​ប្រឆាំង​ទេ»
ទាក់ទង​នឹង​ការ​ចូល​កាន់​តំណែង​ថ្មី​របស់​អ្នកអង្គម្ចាស់ក្សត្រី អរុណរស្មី នេះ ថ្នាក់​ដឹក​នាំ​គណបក្ស​​ហ៊្វុនស៊ិនប៉ិច បាន​ប្រកាស​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ថ្ងៃ​ពុធ ទី​១៣ កុម្ភៈ ថា នៅ​ថ្ងៃ​ទី​២១ កុម្ភៈ ខាង​មុខ​​ដែល​ជា​ថ្ងៃ​សមាជ​គណបក្ស​នេះ នឹង​យាង​ម្ចាស់ក្សត្រី​មក​ធ្វើ​ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ មូលហេតុ​ដែល​ប្ដូរ​អ្នក​គ្រប់គ្រង​នេះ ត្រូវ​បាន​លោក ញឹក ប៊ុនឆៃ ពន្យល់​ថា ដោយ​សារ​តែ​ម្ចាស់ក្សត្រី​ជា​ព្រះ​រាជបុត្រី​របស់​ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ជា​ស្ថាបនិក​របស់​គណបក្ស​នេះ និង​ដើម្បី​ប្រជែង​រក​សំឡេង​ឆ្នោត​នៅ​ពេល​ខាង​មុខ។ បើ​តាម​កាសែត​ក្នុង​ស្រុក អ្នកអង្គម្ចាស់ក្សត្រី អរុណរស្មី ក៏​ព្រម​ទទួល​ការ​ស្នើ​នេះ​ហើយ​ដែរ។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​តាម​ដាន​នយោបាយ​នៅ​កម្ពុជា នៅ​តែ​ចាត់​ទុក​ថា ការ​ឡើង​កាន់​តំណែង​របស់​អ្នកអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នេះ គឺ​អាច​ប្រមូល​បាន​ការ​គាំទ្រ​បន្ថែម​ខ្លះ​ដែរ ដោយសារ​សន្ទុះ​នៃ​ការ​ស្រលាញ់​ព្រះ​មហា​វីរក្សត្រ​មាន​ចំនួន​ច្រើន តាម​រយៈ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នៅ​ពេល​កន្លង​ទៅ។

ប៉ុន្តែ​អ្នក​វិភាគ​នៅ​តែ​ចាត់​ទុក​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ចំណុច​ខ្សោយ​មួយ​ធំ​បំផុត​ដែល​មិន​អាច​ឡើង​កៅអី​ទៅ​រួច ឬ​មិន​បាន​កៅអី​សោះ​តែម្ដង គឺ​នៅ​ត្រង់​ថា គណបក្ស​នេះ​រណប​គណបក្ស​កាន់​អំណាច​ដែល​ហាក់​ដូច​ជា​មិន​មាន​ឯករាជ្យ​ទៀត​ផង។ ប៉ុន្តែ​បើ​សិន​ជា​ហ៊្វុនស៊ិនប៉ិច ឯករាជ្យ ហើយ​ប្រជែង​យក​ឈ្នះ​ចាញ់ និង​រៀបចំ​គោលនយោបាយ​ត្រឹមត្រូវ គណបក្ស​ប្រឆាំង​នឹង​ថមថយ​សំឡេង។

ទោះ​ជា​យ៉ាង​ណា អ្នក​ភាគ​បន្ថែម​ថា បើ​បក្ស​ហ៊្វុនស៊ិនប៉ិច ចូល​រួម​នឹង​គណបក្ស​ប្រឆាំង​វិញ​នោះ ចលនា​នយោបាយ​នៅ​កម្ពុជា នឹង​មាន​តែ​ពីរ​ប៉ុណ្ណោះ គឺ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង។ ដូច​នេះ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ជួប​គូប្រជែង​ធំ​ម្ដង​ទៀត​ដូច​ជំនាន់​ឆ្នាំ​១៩៩៣ ឬ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ ជាក់​ជា​មិន​ខាន។ ប្រការ​នោះ បើ​ទោះ​ជា​គណបក្ស​ណា​ឈ្នះ​ឆ្នោត​ក៏ដោយ ពួកគេ​មិន​អាច​ធ្វើ​អ្វី​បាន​ស្រេច​តែ​នឹង​ចិត្ត​នោះ​ទេ៕

No comments:

Post a Comment

yes