សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 18, 2013

ប្រធាន​រដ្ឋ​សភា​បិទ​សិទ្ធិ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពី​ការ​ពិភាក្សា​ច្បាប់

ភ្នំពេញៈ លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា បាន​បញ្ឈប់​សមាជិក​ពី​គណបក្ស​ប្រឆាំង​ភ្លាមៗ​កាល​ពី​ថ្ងៃ​សុក្រ មិន​ឲ្យ​ជជែក​ពិភាក្សា​និង​ឲ្យ​បោះឆ្នោត​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់ ដែល​សមាជិក​បក្ស​ប្រឆាំង​ថ្លែង​ថា នឹង​សន្យា​ផ្តល់​សំណង​ល្អ​ប្រសើរ​ដល់​មន្រ្តី​រាជ​ការ មុន​សេចក្តី​ព្រាង​ច្បាប់​នោះ​ ត្រូវ​បាន​ធ្វើ​ការ​កែប្រែ​ដោយ​គណបក្ស​កាន់​អំណាច។
តាម​លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា សេចក្តី​ព្រាង​ច្បាប់​ដើម​ បាន​ដាក់​ចេញ​នូវ​អត្ថប្រយោជន៍​ស្នាក់​នៅ ធ្វើ​ដំណើរ និង​ប្រេង​សាំង សម្រាប់​មន្រ្តី​រាជ​ការ ក្នុង​បំណង​ឧបត្ថម្ភ​លើ​ប្រាក់​ខែ​តិចតួច​របស់​ពួក​គេ ប៉ុន្តែ​ច្បាប់​ដែល​អនុម័ត​ដោយ​សំឡេង​៨៥ លើ ៩៤​ នោះ បាន​លុប​ចោល​មាត្រា​ជាច្រើន​ទាំង​នោះ​អស់​វិញ។
នៅ​ពេល​គណបក្ស​ ប្រឆាំង​តវ៉ា​អំពី​ការ​ផ្លាស់​ប្តូរ​នេះ ក្នុង​ពេល​ពិភាក្សា លោក ហេង សំរិន បាន​បញ្ឈប់​ការ​ពិភាក្សា​ជា​ផ្លូវ​ការ​ភ្លាមៗ ដោយ​សំអាង​ថា តំណាង​រាស្រ្ត​ភាគ​ច្រើន​បាន​ព្រម​ព្រៀង​រួច​ហើយ ហើយ​ថា លោក សុន ឆ័យ មិន​អាច «អត្ថាធិប្បាយ​បន្ថែម​ទេ ព្រោះ​លោក​អត្ថាធិប្បាយ​ច្រើន​ក្នុង​ពេល​ពិភាក្សា​នេះ»។
លោក សុន ឆ័យ ​បញ្ជាក់ ពី​ម្សិលមិញ​ថា តាម​នីតិវិធី​រដ្ឋ​សភា ភាគី​ទាំង​ពីរ​ផ្តល់​សេចក្តី​សង្ខេប​ពី​ជំហរ​របស់​ខ្លួន មុន​ពេល​ការ​ពិភាក្សា​ចាប់​ផ្តើម​ ដែល​ការណ៍​នេះ​ពុំ​បាន​ធ្វើ​ទេ កាល​ពី​ថ្ងៃ​សុក្រ។
ជា​ការ​កត់​សម្គាល់​ថា លោក​មិន​ធ្លាប់​ឃើញ​ការ​បញ្ឈប់​ការ​ពិភាក្សា​ពី​មុន​មក​ទេ លោក សុន ឆ័យ បន្ត​ថា៖ «​បន្ទាប់​ពី​លើក​ឡើង​ពី​ទស្សនៈ​ទូទៅ​របស់​យើង ប្រធាន​បាន​សម្រេច​មិន​ឲ្យ​ពិភាក្សា ហើយ​បោះឆ្នោត​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ ដោយ​ឲ្យ​តំណាង​រាស្រ្ត​លើក​ដៃ​គាំទ្រ​»។
លោក​បន្ថែម​ថា សេចក្តី​សម្រេច​ដក​ចេញ​នូវ​នីតិវិធី​នៃ​អង្គនីតិ​ប្បញ្ញត្តិ​នេះ ក៏​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ផង​ដែរ។
លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ ខុម ហ្វ្រែល បាន​ថ្លែង​ថា ចំពោះ​គណបក្ស​ប្រឆាំង អាណតិ្ត​បច្ចុប្បន្ន​នៃ​រដ្ឋ​សភា​មាន​លក្ខណៈ​កាន់​តែ​តឹងរ៉ឹង​ឡើងៗ បើ​ធៀប​នឹង​អាណតិ្ត​មុន​» ។  លោក បន្ត​ថា៖ «​អភ័យ​ឯក​សិទិ្ធ​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ទាក់ទង​នឹង​សេរីភាព​ បញ្ចេញ​មតិ​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ប៉ុន្តែ បក្ស​ប្រឆាំង​ពុំ​មាន​សេរីភាព​ទេ។ គណបក្ស​ប្រជាជន​ពិត​ជា​មិន​បាន​គោរព​សេរីភាព​បញ្ចេញ​មតិ​ក្នុង​សភា​ឡើយ»។
ប៉ុន្តែ លោក ងួន ញ៉ិល អនុប្រធាន​ទី ១រដ្ឋ​សភា​ បាន​ការ​ពារ​សេចក្តី​សម្រេច​របស់​លោក ហេង សំរិន ដោយ​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ប្រធាន​រដ្ឋ​សភា​មាន​ឆន្ទានុសិទិ្ធ​ដឹក​នាំ​ការ​ជជែក​ពិភាក្សា​តាម ដែល​ប្រធាន​យល់​ថា​ ស័ក្តិសម និង​ថា ការ​អះអាង​បឋម​របស់​លោក សុន ឆ័យ មាន​លក្ខណៈ​«គ្រប់គ្រាន់​»ហើយ៕

No comments:

Post a Comment

yes