សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 4, 2013

ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​អាឡោះ​អាល័យ​ស្ដាយ​ស្រណោះ ចំពោះ​វីរភាព​នៃ​ព្រះ​បរម​រតន​កោដ្ឋ​

130204_02
ប្រជាពលរដ្ឋ ស្រែក​យំ​សោកស្ដាយជាពន់ពេកនៅ​ក្នុង​ពិធី​ដង្ហែព្រះ​បរមសព​ 
ព្រះករុណា ព្រះបរមរតនកោដ្ឋសម្ដេចឪកាលពីថ្ងៃ​សុក្រ

ភំ្នពេញៈ ទឹក​នេត្រា​បាន​ចាប់​ផ្តើម​ហូរ​ស្រក់​លើ​ផែន​ផ្ទាល់​របស់​ពលរដ្ឋ​ស្ទើរ​តែ​គ្រប់​រូប​នៅ​ក្រោម​កម្ដៅ​អាកាស​ធាតុ​ក្តៅ​ហែង​ខណៈ​ដែល​ព្រះ​បរម​មញ្ជូសា​ត្រូវ​បាន​រំកិល​ចេញ​ពី​លើ​ព្រះ​ទី​នាំង​បុស្បុក​ទៅ​តម្កល់​នៅ​លើ​ព្រះ​ទី​នាំង​រំកិល​ព្រះ​បរម​សព ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​រោត្តម សីហនុ នៅ​វាល​ព្រះ​មេរុ​ដើម្បី​ថ្វាយ​ព្រះ​ភ្លើង​។
ដៃ​ម្ខាង​កាន់​ផ្កា​ឈូក​ធ្វើ​ពី​ប្លាស្ទិក​និង​ដៃ​ម្ខាង​ទៀត​កាន់​ព្រះ​ឆាយា​ល័ក្ខណ៍​ព្រះ​មហា​វីរ​ក្សត្រ ព្រះ​បាទ នរោត្តម សីហនុ អ្នក​ស្រី សូន ចាន់ថុន អាយុ ៦៥ ឆ្នាំ​មក​ពី​ខេត្ត​តាកែវ បាន​មាន​ប្រសាសន៍​ថា​អ្នក​ស្រី​តែង​តែ​ស្រក់​ទឹក​ភ្នែក នៅ​ពេល​ឮ​ព្រះ​នាម សម្តេច​ឪ​និង​មើល​ព្រះ​ឆាយា​ល័ក្ខណ៍​ព្រះ​អង្គ ព្រោះ​អ្នក​ស្រី​អាណិត​សម្តេច​ឪ​ព្រះ​អង្គ​គួរ​រស់​នៅ​យូរ​ជាង​នេះ។ អ្នក​ស្រី​បាន​បន្ថែម​ថា​៖​«​សម្តេច​ឪ​ខ្ញុំ​ជា​ព្រះ​មហា​ក្សត្រ​ល្អ​ដែល​មិន​អាច​រក​ព្រះ​មហា​ក្សត្រ​ដទៃ​ទៀត​មក​ប្រៀ​បធៀប​បាន​ឡើយ​ព្រះ​អង្គ​ធ្វើ​ឲ្យ​ប្រទេស​មាន​សន្តិភាព ហើយ​ព្រះ​អង្គ​ស្រឡាញ់​ប្រជា​នុរាស្រ្ត​ខ្លាំង​ណាស់​»​។

ទឹក​ភ្នែក​ស្រក់​ចុះ​លើ​ផ្ទៃ​មុខ​ស្រអែម​ជ្រួញ ពេល​អ្នកស្រី​ឃើញ​ព្រះ​បរម​រតន​កោដ្ឋ​ត្រៀម​ដាក់​លើ​ទីលាន​ថ្វាយ​ព្រះ​ភ្លើង​អ្នក​ស្រី​ចាន់​ថុន បាន​ថ្លែង​ថា៖ «​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ខ្ញុំ​ឃើញ​តែ​ព្រះ​ឆាយា​ល័ក្ខណ៍​សម្តេច​ឪ​តែ​ប៉ុណ្ណោះ​។ ខ្ញុំ​លែង​បាន​ឃើញ​សម្តេច​ឪ​គង់​នៅ​ព្រះ​បរម​រាជ​វាំង​និង​ផ្តល់​ព្រះ​រាជ​អំណោយ​ដល់​ប្រជា​នុរាស្រ្ត​ព្រះ​អង្គ​ទៀត​ទេ»។
ទុក្ខ​សោក​ទាំង​នេះ​មិន​បាន​កើត​ឡើង​លើ​តែ​អ្នក​ស្រី​ម្នាក់​ប៉ុណ្ណោះ​នោះ​ទេ​គឺ​បាន​កើត​ឡើង​ចំពោះ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​ដែល​អាណិត​និង​ស្រណោះ​ព្រះ​បរម​រតន​កោដ្ឋ​មិន​អាច​បំភ្លេច​បាន​។ មក​ពី​ខេត្ត​កំពង់​ស្ពឺ​ស្នាក់​នៅ​វត្ត​ឧណ្ណាលោម​ដោយ​កាន់​កាបូប​ខោ​អាវ និង​មុង​អ្នក​ស្រី ភិន លាភ អាយុ​៥៥ឆ្នាំ បាន​ថ្លែង​ថា មូល​ហេតុ​ដែល​អ្នក​ស្រី​មក​ពី​ខេត្ត​ដើម្បី​ចូល​រួម​ក្នុង​ពិធី​នេះ ព្រោះ​អ្នក​ស្រី​ចង់​មក​អម​ដំណើរ​ថ្ងៃ​ចុង​ក្រោយ​របស់​សម្តេច​ឪ។​អ្នក​ស្រី​បាន​បន្ត​ថា៖ «​ខ្ញុំ​ចង់​ឃើញ​ព្រះ​ភក្រ្ត​ព្រះ​អង្គ​ចុង​ក្រោយ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ទេ​ថា​តើ គេ​នឹង​បើក​បង្ហាញ​ព្រះ​ភក្រ្ត​ព្រះ​អង្គ​ឲ្យ​រាស្ត្រ​មើល​ឬអត់​ទេ​»។
បើ​ទោះ​បី​ជា​អ្នកស្រី​គ្មាន​សាច់​ញាតិ​នៅ​ភ្នំពេញ​ប៉ុន្តែ​អ្នក​ស្រី​គ្រោង​ស្នាក់​នៅ​វត្ត​រហូត​ដល់​ពិធី​បុណ្យ​ចប់​សព្វ​គ្រប់​ព្រោះ​អ្នក​ស្រី​ចង់​ធ្វើ​គ្រប់​យ៉ាង​ឲ្យ​ចប់​។​អ្នក​ស្រី​បាន​បន្ថែម​ថា៖ «ខ្ញុំ​បារម្ភ​ខ្លាំង​ណាស់ ខ្ញុំ​មិន​ដឹង​ទេ​ថា​តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ប្រទេស​ព្រះ​អង្គ បន្ទាប់​ពី​ព្រះ​អង្គ​សោយ​ទិវង្គត​ប៉ុន្តែ​ខ្ញុំ​សូម​ឲ្យ​ដួង​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ​បន្ត​ជួយ​ប្រទេស​នេះ»។
យក​ដៃ​ជូត​ទឹក​ភ្នែក​អ្នក​ស្រី ភិន លាភ​បាន​ថ្លែង​ថា អ្នក​ស្រី​នឹង​មិន​ភ្លេច​សម្តេច​ឪ​ទេ​អស់​មួយ​ជីវិត​បើ​ទោះ​បី​ជា​ព្រះ​អង្គ​សោយ​ទិវង្គត​ក៏​ដោយ​សម្តេច​ឪ​នៅ​តែ​ស្ថិត​នៅ​ក្នុងដួង​ចិត្ត​អ្នក​ស្រី​ជានិច្ច​។ អ្នក​ស្រី​បាន​បន្ត​ថា៖ «ខ្ញុំ​នឹង​ទិញ​ខ្សែ​ភាពយន្ត​ដែល​ព្រះ​អង្គ​ធ្លាប់​ដើរ​តួ​យក​ទុក​មើល ព្រោះ​ខ្ញុំ​នឹង​នៅ​តែ​សើច​ញញឹម​ជាមួយ​នឹង​ស្នាម​ញញឹម​របស់​ព្រះ​អង្គ»។
ថ្លែង​ចេញ​ពី​ស្ពាន​ព្រះ​មុនីវង្ស​អ្នក​ស្រី យឹម សុខា អាយុ​៥០​ឆ្នាំ​ជា​អាជីវករ​លក់​ខោ​អាវ​បាន​ថ្លែង​ថា៖ «​ខ្ញុំ​ដូច​ជា​រន្ធត់​ចិត្ត ពេល​ដែល​ឃើញ​គេ​រំកិល​ព្រះ​បរម​សព​ចេញ​។ ខ្ញុំ​នឹក​ឃើញ​ថា​ព្រះ​អង្គ​នឹង​លែង​គង់​ជាមួយ​ប្រជា​នុរាស្ត្រ​របស់​ព្រះ​អង្គ​ទៀត​ហើយ។ ពេល​នេះ​យើង​បាត់​បង់​នូវ​វីរបុរស​របស់​ជាតិ​ម្នាក់​ទៀត​ហើយ»។
ក្នុង​ទឹក​មុខ​ស្រពាប់​ស្រពោន យក​ដៃ​បាំង​មុខ ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​គេ​ដឹង​ថា​កែវ​ភ្នែក​គាត់​ដក់​ដោយ​ទឹកភ្នែក​អ្នក​ស្រី ជី សុភី អាយុ​៣៨​ឆ្នាំ ថ្លែង​ថា ទិដ្ឋភាព​នៃ​ព្រះ​រាជ​ពិធី​ធ្វើ​ឲ្យ​អ្នក​ស្រី នឹក​ឃើញ​វង្ស​ភក្រ្ត​ព្រះអង្គ​នរោត្តម​សីហនុ ក្នុង​ព្រះ​រាជ​សកម្មភាព​ដ៏​ថ្លៃ​ថ្លា ដើម្បី​ការពារ​ជាតិ​មាតុភូមិ​រហូត​ដល់​ដណ្តើម​បាន​ឯករាជ្យ​ពី​អាណា​និគម​បារាំង។ អ្នក​ស្រី​ថ្លែង​ថា៖ «​ខ្ញុំ​មាន​អារម្មណ៍​ក្តុក​ក្តួល​ក្នុង​ចិត្ត​បំផុត នឹក​ចង់​តែ​ស្រក់​ទឹក​ភ្នែក​ទេ។ សម្តេច​ឪ​លែង​នៅ​ជាមួយ​កូន​ចៅ​ទៀត​ហើយ​»។
ក្នុង​ដៃ មាន​កាន់​ឡាម​សម្រាប់​កោរ​សក់ ដែល​លោក​តា​ហាក់​ត្រៀម​រួច​ស្រេច​សម្រាប់​កោរ​សក់​បួស​៧​ថ្ងៃ តម​សាច់​សម្រាប់​បង្ហាញ​ពី​ទឹក​ចិត្ត​នៃ​ការ​ដឹង​គុណ​ចំពោះ​ព្រះ​មហា​វីរ​ក្សត្រ។ លោក​តា សោម ធរ វ័យ​៨០​ឆ្នាំ​បាន​បើក​បរ​ម៉ូតូ​មក​រាជធានី​ដោយ​ខ្លួន​ឯង​ពី​ស្រុក​កៀន​ស្វាយ​ខេត្ត​កណ្តាល​ថ្លែង​ថា​លោក​តា​ធ្លាប់​ជា​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កាល​ឆ្នាំ​១៩៥៦ ដូច្នេះ​លោកតា​នឹក​ឃើញ​សម័យ​សម្តេច​ឪ​ដែល​លោក​តា​ធ្លាប់​ឆ្លង​កាត់។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ខ្ញុំ​មិន​អាច​រង់​ចាំ​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ទេ ខ្ញុំ​ត្រូវ​តែ​ជិះ​ម៉ូតូ​មក​ម្នាក់​ឯង តាំង​ពី​ម៉ោង​៦​កន្លះ​មក​ដល់​ទី​នេះ។ ខ្ញុំ​កោរ​ម្តង​ហើយ ឥឡូវ​ខ្ញុំ​កោរ​លើក​ទីពីរ ដើម្បី​ឧទ្ទិស​ជូន​ព្រះ​បាទ​សីហនុ ព្រោះ​ព្រះ​អង្គ​បាន​លះ​បង់​ដើម្បី​ជាតិ​ច្រើន​ណាស់។ អង្គុយ​ក្តៅ​ប៉ុណ្ណឹង​មិន​អី​ទេ សម្តេច​ឪ​បាន​តស៊ូ​ពុះ​ពារ​ក្តៅ​ជាង​យើង​រាប់​រយ​ដង​ទៅ​ទៀត ព្រះ​អង្គ​មិន​គិត​ពី​ខ្លួន​ឯង​ផង​»។
សម្រាក​នៅ​ស្តង់​គ្រូ​ពេទ្យ​នៅ​វត្ត​បទុម​ដើម្បី​ទទួល​ការ​ព្យាបាល លោក​យាយ លី ញ៉ាញ់ អាយុ​៧៥ឆ្នាំ​មក​ស្រុក​ស្អាង ខេត្ត​កណ្តាល​បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​សុខភាព​លោក​យាយ មិន​ល្អ​ក៏​ដោយ ក៏​ប៉ុន្តែ​លោក​យាយ​នៅ​តែ​មក​ដើម្បី​ចូល​រួម​នៅ​ក្នុង​ពិធី​បុណ្យ​ព្រោះ​លោក​យាយ​ចង់​ថ្លែង​អំណរគុណ​ចំពោះ​ព្រះ​អង្គ​នៅ​ថ្ងៃ​ចុង​ក្រោយ។​លោក​យាយ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​មិន​ខ្វល់​ជាមួយ​នឹង​អ្នក​មួយ​ចំនួន​ដែល​មិន​ស្រឡាញ់​សម្តេច​ឪ​ខ្ញុំ​ឡើយ ប៉ុន្តែ ខ្ញុំ​ស្រឡាញ់​សម្តេច​ឪ​មួយ​ជីវិត ព្រោះ​ព្រះ​អង្គ​ស្រឡាញ់​ប្រជា​នុរាស្រ្ត​ព្រះ​អង្គ​ជាង​ជីវិត​ព្រះ​អង្គ ព្រះ​អង្គ​មិន​ដែល​ភ្លេច​ប្រជាជន​ក្រី​ក្រ​ទេ»។
សំឡេង​និយាយ​ឮ​តិចៗ​ខ្សាវៗ​ខណៈ​ពេល​កំពុង​ដេក​លើ​គ្រែ​របស់​គ្រូ​ពេទ្យ​លោក​យាយ លី ញ៉ាញ់ បាន​ថ្លែង​ថា អ្វី​ដែល​លោក​យាយ​មិន​អាច​បំភ្លេច​បាន​សមិទ្ធផល​របស់​សម្តេច​ឪ​គឺ​អំពី​ការ​ទាម​ទារ​ប្រាសាទ​ព្រះហារ​ពី​ថៃ​ចម្រៀង និង​ខ្សែ​ភាព​យន្ត​របស់​ព្រះ​អង្គ។
ទឹក​ភ្នែក​ស្រក់​ចុះ​ពេល​និយាយ​អំពី​ព្រះ​នាម​ព្រះ​មហា​ក្សត្រ នរោត្តម សីហនុ លោក គួន ជា អាយុ​៦៤ ឆ្នាំ មក​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ថ្លែង​ថា មូល​ហេតុ​ដែល​លោក​មក​ចូល​រួម​ពិធី​នេះ ព្រោះ​លោក​ចង់​ថ្លែង​អំណរគុណ​ព្រះ​មហា​ក្សត្រ ព្រោះ​ព្រះ​មហា​ក្សត្រ​ជួយ​ប្រជា​នុរាស្រ្ត​ច្រើន​ខុស​ពី​មន្រ្តី​ជាន់​ខ្ពស់​ដទៃ​ទៀត​។ លោក​បាន​បន្ថែម​ថា៖ «​ប្រសិន​បើ​អ្នក​ផ្សេង​ក្រៅ​ពី​ព្រះ​មហា​ក្សត្រ ខ្ញុំ​នឹង​មិន​មក​ចូល​រួម​ក្នុង​ពិធី​នេះ​ទេ​ព្រោះ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ភ្នំពេញ​»។
លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​លោក​លែង​បាន​ឃើញ​ព្រះ​ភក្ត្រ​របស់​ព្រះ​អង្គ​ទៀត​ហើយ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​គឺ​លោក​បាន​ឃើញ​តែ​ស្នា​ព្រះហស្ត​ជា​កេរ​ដំណែល​របស់​ព្រះ​អង្គ​ដែល​បន្សល់​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ប៉ុណ្ណោះ​។​លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​៖​«​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ដឹក​នាំ​ជំនាន់​ក្រោយ​នឹង​យក​គំរូ​តាម​ព្រះ​អង្គ​គឺ​គិត​គូរ​ដល់​ប្រយោជន៍​ប្រជា​រាស្ត្រ​ជា​ធំ​មុន​នឹង​ធ្វើ​អ្វី​មួយ​ពី​ព្រោះ​សម្តេច​លោក​ពុំ​ដែល​ធ្វើ​ឲ្យ​រាស្ត្រ​លំបាក​នោះ​ទេ​»។
សូម​រំឭក​ថា​កាល​ពី​ថ្ងៃ​ទី១ ខែ​កម្ភៈ ព្រះ​បរម​សព ព្រះ​ករុណា សម្តេច​ព្រះ​មហា​វីរ​ក្សត្រ ត្រូវ​បាន​ដង្ហែ​ចេញ​ដំណើរ​ពី​ព្រះបរម​រាជ​វាំង ឆ្ពោះ​ទៅ​មុខ​ផ្លូវ​ព្រះ​អង្គ​ដងកើ តាម​តីរវិថី​ព្រះ​ស៊ីសុវត្ថិ ធ្វើ​ដំណើរ​ត្រង់​រហូត​ដល់​ផ្លូវ​លេខ ៩៤ រួច​បត់​ឆ្វេង ដោយ​ធ្វើ​ដំណើរ​ជុំវិញ​រង្វង់​មូល​រមណីយ​ដ្ឋាន​វត្ត​ភ្នំ រហូត​ដល់​មហា​វិថី​ព្រះ​នរោត្តម រួច​ធ្វើ​ដំណើរ​ត្រង់​ដល់​រង្វង់​មូល​វិមាន​ឯករាជ្យ ដោយ​ឆ្លង​កាត់​មហា​វិថី​ព្រះសីហនុ ហើយ​បត់​ឆ្វេង តាម​មហា​វិថី​សម្តេច​សុធារស ចូល​វាល​ព្រះមេរុ​។
ក្បួន​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព ព្រះ​ករុណា ព្រះ​បរម​រតនកោដ្ឋ នៅ​មុខ​ព្រះ​បរម​រាជវាំង នា​ព្រឹក​ថ្ងៃទី​១ ខែ​កុម្ភៈ កន្លង​មក​ក៏​មាន​ផែន​សំខាន់ៗ ចំនួន ១១ ផែន ហើយ​ក្នុង​មួយ​ផែន​មាន មនុស្ស​៩០ រូប ក្នុង​នោះ​រួម​មាន ផែន​មន្ត្រី​រាជការ និស្សិត​សិស្ស ប្រជា​ពលរដ្ឋ ទាហាន​កង​រាជ​អាវុធ​ហត្ថ នគរបាល​ជាតិ យុវជន​កាយ​រឹទ្ធិ ព្រះ​សង្ឃ ដូនជី តា​អាចារ្យ​ជន​ជាតិ​ដើម​ភាគតិច ជន​ជាតិ​អ៊ិស្លាម និង​ក្រុម​ដង្ហែ​សព តាម​បែប​ជនជាតិ​ចិន​ជាដើម​។
លោក​ឡុង ឌី​ម៉ង់​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ពិ​ធី​ដង្ហែ​ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​វរ​រាជ​បិតា​សម្តេច​ព្រះ​បាទ​នរោត្តម សីហនុ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​មិន​មាន​បញ្ហា​អ្វី​មួយ​កើត​មាន​ឡើង​ឡើយ។ លោក​បាន​ថ្លែង​បន្ត​ថា​៖ «ចំពោះ​អ្នក​ចូល​រួម​ទាំង​អស់​ខ្ញុំ​មិន​មាន​តួ​លេខ​ពិត​ប្រាកដ​នោះ​ទេ តែ​ចំពោះ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ទី​ក្រុង​មាន​ជាង​៩ម៉ឺន​នាក់​ដែល​បាន​អញ្ជើញ​មក​ពី​ខណ្ឌ​ទាំង​៩​នៅ​ក្នុង​ក្រុង​ភ្នំពេញ​»។
ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ អតីត​ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ទី​៣១ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ​ទ្រង់​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី១៥​ខែ​តុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១ និង ២០ នាទី​យប់ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ព្រះ​ជរាពាធ ក្នុង​ជន្មាយុ ៩០​ព្រះ​វស្សា។ ព្រះ​សព​របស់​អតីត​ព្រះ​មហា​ក្សត្រ ត្រូវ​បាន​ដឹក​តាម​ជើង​យន្ត​ហោះ​ពិសេស​ពី​ប្រទេស​ចិន​មក​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១២ នៅ​វេលា​ម៉ោង៣​រសៀល។
តាម​ការ​គ្រោង​ទុក​ព្រះ​សព​របស់​ព្រះ​បរម​រតនកោដ្ឋ​នឹង​ត្រូវ​ថ្វាយ​ព្រះ​ភ្លើង​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣​នេះ​ហើយ​ព្រះ​បរម​ធាតុ​និង​ត្រូវ​កម្កល់​នៅ​ព្រះវិហារ​ព្រះ​កែវ​មរកត។ នៅ​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ​នោះ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ព្រះ​បាទ​នរោត្តម​សីហមុនី និង​សម្តេច​ព្រះ​មហាក្ស​ត្រិយ៍​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ​សព្វ​ព្រះ​រាជ​ហឫទ័យ ប្រោស​ព្រះ​រាជ​ទាន​ដោះ​លែង​អ្នក​ទោស​និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ចំនួន​៤៩៦​នាក់ ក្នុង​នោះ អ្នក​ទោស​៤១២​នាក់ ត្រូវ​លើក​លែង​ទោស និង​អ្នក​ទោស​៨៤​នាក់​ត្រូវ​បន្ធូរ​បន្ថយ​ទោស​៕

No comments:

Post a Comment

yes