សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 4, 2013

ព្រះ​កិត្តិនាម​សម្តេច​ឪ​ស្ថិត​ក្នុង​ដួង​ចិត្ត​កូន​ខ្មែរ​ជា​អមតៈ

130204_04
ស្ត្រី​ចំណាស់​ម្នាក់​កាន់​ព្រះ​ឆាយា​ល័ក្ខណ៍​សម្តេច​ឪ​យំ​​សោក​​សង្វេគ​
ចំពោះ​ការ​យាង​ចូលទិវង្គត​
មេ​ដឹក​នាំ​ក្នុង​សម័យ​«​សង្គម​រាស្ត្រ​និយម​»​នឹង​បាត់​ព្រះ​កាយ​ជា​រៀង​រហូត​ពី​ពិភព​ផែន​ដី​នេះ​ហើយ នៅ​ពេល​ដែល​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​របស់​ព្រះ​អង្គ ប្រព្រឹត្ត​ទៅ​នៅ​វាល​ព្រះមេរុ នៅ​ថ្ងៃ​ចន្ទ​ទី៤ ខែ​កុម្ភៈ​នេះ​បន្ទាប់​ពី​ព្រះ​អង្គ បាន​សោយ​ទិវង្គត កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា​ឆ្នាំ ២០១២ កន្លង​មក​។
សង្គម​រាស្ត្រ​និយម គឺ​ជា​ពាក្យ​ដ៏​ពេញ​និយម ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ចង​ចាំ​ជា​ទូទៅ​ពី​ព្រោះ​វា​ជា​សម័យ​កាល​ដ៏​រុង​រឿង​មួយ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​ឪ នរោត្តម សីហនុ មុន​ពេល​ដែល​កម្ពុជា ធ្លាក់​ចូល​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ដ៏​សន្ធោ​សន្ធៅ​ស្ទើរ​បាត់​រូប​នៅ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ។

បើ​ទោះ​បី​ជា​សម្តេច​ឪ បាន​អវត្តមាន​ពី​ព្រះ​រាជា​ណាចក្រ​ដែល​នៅ​សេស​សល់​ដ៏​តូច​មួយ​នេះ​ក្តី ក៏​ព្រះ​អង្គ បាន​បន្សល់​ទុក​នូវ​ស្នា​ព្រះហស្ត​ជា​ច្រើន​អនេក សម្រាប់​ជា​ឧត្តម​ប្រយោជន៍​របស់​ប្រជាជាតិ​ខ្មែរ ហើយ​អ្វី​ដែល​ជន​កម្ពុជា​វ័យ​ចំណាស់​ជា​ច្រើន​ចង​ចាំ​មិន​ភ្លេច​នោះ គឺ​ការ​ដឹក​នាំ និង​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម ចន្លោះ​ពី​ឆ្នាំ​១៩៥៤-១៩៧០។
ធំ​ធេង​ជាង​នេះ​ទៅ​ទៀត ការ​ទាមទារ​ឯក​រាជ្យ​ពី​បារាំង ក្នុង​ឆ្នាំ ១៩៥៣ ដោយ​គ្មាន​ការ​បង្ហូរ​ឈាម ការ​ទាម​ទារ​ប្រាសាទ​ព្រះវិហារ​ពី​ថៃ​មក​វិញ​តាម​រយៈ​ការ​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡា​អេ​ក្នុង​ឆ្នាំ​១៩៦២ និង​ការ​កៀង​គរ​គ្រប់​ភាគី​ខ្មែរ​ដែល​មាន​ជម្លោះ​ឲ្យ​ទៅ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នៅ​ទី​ក្រុង​ប៉ារីស ក្នុង​ឆ្នាំ​១៩៩១ ដែល​ជា​ការ​ចាប់​ផ្តើម​នាំ​ឲ្យ​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ស្តារ​ប្រទេស​ជាតិ​ឡើង​វិញ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​គឺ​ជា​អ្វី​ដែល​ប្រជាជាតិ​ខ្មែរ​បាន​ទទួល​ស្គាល់​ជា​ទូទៅ​ថា​ជា​មរតក​ប្រវត្តិសាស្ត្រ​ដ៏​ធំ​ធេង​មិន​អាច​កាត់​ថ្លៃ​បាន​របស់​អង្គ​សម្តេច​ឪ នរោត្តម សីហនុ។
លោក​ស្រី ជា វណ្ណាត អតីត​នាយិកា មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​សង្គម​ដែល​ជា​អ្នក​តាម​ដាន​ស្ថានការណ៍​នយោ​បាយ​កម្ពុជា បាន​អធិប្បាយ​ថា ក្រោយ​ពី​ទាមទារ​ឯករាជ្យ​ពី​អាណា​និគម​បារាំង​បាន​ដោយ​ជោគ​ជ័យ ដោយ​គ្មាន​ការ​បង្ហូរ​ឈាម​សម្តេច​ឪ​ក៏​បាន​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​នយោបាយ​ក្នុង​តំបន់​រវាង​ប្លុក​សេរី និង​កុម្មុយនីស្ត​ផង​ដែរ​។ ព្រះ​អង្គ​បាន​ដាក់​ប្រទេស​កម្ពុជា ជា​ប្រទេស​អព្យាក្រឹត​មិន​ចូល​បក្ស​សម្ព័ន្ធ ដោយ​សារ​តែ​ព្រះ​អង្គ មិន​ចង់​ឲ្យ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា រវាង​ប្រទេស​មហា​អំណាច​។
ដោយ​កើត​ឡើង​ធំ​ដឹង​ក្តី នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម លោក​ស្រី ជា វណ្ណាត ដែល​នៅ​ពេល​នេះ មាន​វ័យ​៧០ឆ្នាំ បាន​ថ្លែង​ថា​៖
« សម្តេច​ឪ ជា​ក្សត្រ​ដ៏​ល្អ។ អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ គឺ​ទ្រង់​ឲ្យ​តម្លៃ និង​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​មែន​ទែន​ទៅ​លើ​ប្រជា​នុរាស្ត្រ​ក្រី​ក្រ​តោក​យ៉ាក។ សម្តេច​ឪ​កាន់​ជើង​រាស្ត្រ។​ព្រះ​អង្គ​បាន​ធ្វើ​ជា​ស្តេច​តាំង​ពី​ណា​ពី​ណី​មក​ប៉ុន្តែ​ព្រះ​អង្គ បាន​ធ្វើ​ខ្លួន​ឲ្យ​ទៅ​ជា​ក្សត្រ​សម័យ​ថ្មី ដោយ​មិន​បាន​ផ្តាច់​ព្រះ​កាយ​ពី​ប្រជា​រាស្ត្រ​ឡើយ​»។
លោក ជាម យៀប​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​កោត​សរសើរ​សម្តេច​ឪ​ផង​ដែរ ដោយ​លោក​មាន​ប្រសាសន៍​ថា៖
« ព្រះ​អង្គ​បាន​បូជា​អ្វីៗ​ទាំងអស់ ដើម្បី​ជាតិ​មាតុ​ភូមិ ចាប់​តាំង​ពី​ព្រះ​អង្គ​បាន​ឡើង​សោយ​រាជ្យ នៅ​ក្នុង​ឆ្នាំ​១៩៤១ នៅ​ពេល​ព្រះ​អង្គ​នៅ​ក្មេង​។ ព្រះ​អង្គ​បាន​រៀប​ចំ​ផែន​ការ​ទាម​ទារ​ឯករាជ្យ​ពី​បារាំង រហូត​ទទួល​បាន​ជោគ​ជ័យ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ចង់​បាន​»។ សម្តេច​ឪ បាន​ដាក់​រាជ្យ​ថ្វាយ​ព្រះ​បិតា​របស់​ព្រះ​អង្គ គឺ​ព្រះ​អង្គ​ម្ចាស់ នរោត្តម សុរាម្រិត ដើម្បី​ធ្វើ​នយោបាយ​បង្កើត​សម័យ​សង្គម​រាស្ត្រ​និយម​។ លោក ជាម យៀប បាន​គូស​បញ្ជាក់​ទៀត​ថា​៖ «​ព្រះ​អង្គ​មាន​កម្មវិធី​នយោបាយ និង​ព្រះ​រាជ​ទស្សនៈ​យ៉ាង​ទូលំ​ទូលាយ។ បាន​ឯករាជ្យ​ពី​បារាំង​ហើយ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មក​ត្រួត​ត្រា​ប្រទេស​កម្ពុជា​ត​ទៅ​ទៀត​នោះ ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ប្រទេស​ក្លាយ​ជា​រដ្ឋ​មិន​ចូល​បក្ស​សម្ព័ន្ធ​ឯករាជ្យ និង​អព្យាក្រឹត»។ សម្តេច​ឪ​បាន​ដឹក​នាំ​សម័យ​សង្គម​រាស្ត្រ​និយម​ឲ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ រហូត​ដល់​លោក​សេនា​ប្រមុខ លន់ នល់ បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ព្រះ​អង្គ នៅ​ថ្ងៃ​ទី១៨ ខែ​មីនា​ឆ្នាំ​១៩៧០។
លោក​ស្រី​ជា វណ្ណាត​បាន​រំឭក​ពី​ព្រះ​រាជ​បូជនីយ​កិច្ច​របស់​ព្រះ​បាទ​នរោត្តម សីហនុ ដែល​បាន​ពន្លត់​ភ្លើង​សង្គ្រាម​នៅ​កម្ពុជា តាម​រយៈ​ការ​កៀង​គរ​គ្រប់​ភាគី​ខ្មែរ ឲ្យ​ទៅ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នៅ​ទី​ក្រុង​ប៉ារីស។ ស្ត្រី​ជា​អ្នក​តាម​ដាន​ព្រឹត្តិការ​សង្គម​រូប​នេះ​បាន​គូស​បញ្ជាក់​ថា៖ «ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​យើង​ដឹង​ហើយ មិន​មែន​ធ្វើ​ឡើង​តែ​ភាគី​ខ្មែរ​និង​ខ្មែរ​ទេ រហូត​ដល់​មាន​បណ្តា​ប្រទេស​ចំនួន​១៨​ប្រទេស​ផ្សេង​ទៀត​។ ព្រះ​អង្គ​គឺជា​បិតា ផ្សះ​ផ្សា​ជាតិ និង​បង្រួប​បង្រួម​ជាតិ​»។
លោក ជាម យៀប ក៏​យល់​ស្រប​ផង​ដែរ​ថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស គឺ​ជា​ព្រះ​រាជ​សមិទ្ធផល​មួយ​ទៀត​របស់​សម្តច​ឪ ប៉ុន្តែ​លោក​អះ​អាង​ថា កិច្ច​ព្រម​ព្រៀង​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ផ្តួច​ផ្តើម​គំនិត របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​។
តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ បាន​គូស​បញ្ជាក់​ថា​៖«​ដោយ​មើល​ឃើញ​តាំង​ពី​ឆ្នាំ ១៩៧៩ មក​មាន​ការ​ច្បាំង​គ្នា​ងាប់​ខ្មែរ។ នៅ​ឆ្នាំ​១៩៨៧ សម្តេច​តេជោ មាន​ទស្សនៈ​មួយ​ចង់​បង្រួប​បង្រួម​ជាតិ​ដើម្បី​បញ្ឈប់​ការ​ច្បាំង​សម្លាប់​ខ្មែរ​មិន​ដឹង​ទៅ​រក​អ្នក​ណា មាន​តែ​ទៅ​រក​សម្តេច​ឪ ក៏​ទាក់​ទង​ព្រះ​អង្គ​ហើយ​ជួប​ចរចា​គ្នា រហូត​ដល់​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​»។
លោក សឺន សូប៊ែរ្តិ៍ សមាជិក​ឧត្តម​ទី​ប្រឹក្សា ព្រះ​មហា​ក្សត្រ ព្រះ​បាទ នរោត្តម សីហមុនី ដែល​ជា​កូន​ប្រុស​សម្តេច​បវរ​សេដ្ឋា​សឺន សាន បាន​មាន​ប្រសាសន៍​ថា «ស្នា​ព្រះហស្ត​របស់​សម្តេច​ឪ​ធំ​ធេង​ណាស់»។ បើ​ទោះ​បី​ជា​សម្តេច​ឪ បាន​លា​ចាក​ឆ្ងាយ​ពី​លោក​នេះ​ទៅ​ហើយ​ក្តី ក៏​លោក​សឺន សូប៊ែរ្តិ៍ សង្ឃឹម​ថា​គោល​នយោបាយ​បង្រួប​បង្រួម​ជាតិ​និង​ផ្សះ​ផ្សា​ជាតិ​របស់​ព្រះ​អង្គ មិន​គួរ​សាប​សូន្យ​នោះ​ទេ។ លោក​បាន​បញ្ជាក់​ថា​៖​«​បើ​មិន​មាន​ការ​បង្រួប​បង្រួម​ជាតិ​ទេ ស្រុក​យើង​នឹង​អន្តរាយ​»។
ចំណែក​លោក បណ្ឌិត សុខ ទូច សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ មិន​យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​ដែល​ថា សម្តេច​ឪ ជា​បិតា បង្រួប​បង្រួម​ជាតិ​និង​ផ្សះ​ផ្សា​ជាតិ​នោះ​ទេ ប៉ុន្តែ​លោក​បាន​ចង្អុល​បង្ហាញ​ពី​មរតក​មិន​សាប​សូន្ស​របស់​សម្តេច​ឪ គឺ​ភាព​ជោគ​ជ័យ ក្នុង​ការ​ទាម​ទារ​ប្រាសាទ​ព្រះវិហារ​ពី​ថៃ​មក​វិញ ការ​សាង​សង់​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក បើ​ទោះ​បី​ជា​បច្ចុប្បន្ន​ពហុ​កីឡដ្ឋាន​ជាតិ​មួយ​នេះ ត្រូវ​គេ​ធ្វើ​ឲ្យ​ចាប់​ឆាយ​រួម​តូច​ក្តី និង​សមិទ្ធផល​ជា​ច្រើន​ផ្សេង​ទៀត រួម​ទាំង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ដែល​លោក សុខ ទូច បាន​ហៅ​ថា «​ជា​ស្នាដៃ ជា​សក្ខី​កម្ម​អមតៈ» របស់​សម្តេច​ឪ​។
លោក សុខ ទូច​បាន​លើក​តម្កើង​ការ​អភិវឌ្ឍ​នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ប៉ុន្តែ​ហាក់​ដូច​ជា​ចំអក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​នៅ​ក្នុង​សម័យ​បច្ចុប្បន្ន​។​លោក​បាន​មាន​ប្រសាសន៍​ថា​៖«​ព្រះ​អង្គ​បាន​អភិវឌ្ឍ​ប្រទេស​សង់​រោងចក្រ​ដោយ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​ដូច​ការ​អភិវឌ្ឍ​បច្ចុប្បន្ន​ឡើយ។ បច្ចុប្បន្ន​បើ​គេ​អភិវឌ្ឍ​ផ្លូវ គេ​លុប​បឹង​»។
លោក​សឺន សូប៊ែរ្តិ៍​ក៏​មើល​បាន​ឃើញ​ពី​ចំណុច​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​ឪ​ផង​ដែរ​។ លោក​បាន​គូស​បញ្ជាក់​ថា​៖ «​សម័យ​សម្តេច​ឪ​ប្រទេស​យើង​មាន​ការ​អភិវឌ្ឍ​ច្រើន​ណាស់​។ មាន​ការ​សង់​រោងចក្រ​ខ្លួន​ឯង​ជា​ច្រើន​ចាប់​តាំង​ពី​រោង​ចក្រ​ស៊ី​ម៉ងត៍ រហូត​ដល់​រោង​ចក្រ​ត្រាក់​ទ័រ​។ ការ​អភិវឌ្ឍ​ប្រទេស​សម័យ​សម្តេច​ឪ​មិន​ប៉ះ​ពាល់​រាស្ត្រ និង​ធន​ធាន​ធម្មជាតិ​ទេ គឺ​ខុស​គ្នា​ស្រឡះ​ពី​ការ​អភិវឌ្ឍ​ឥឡូវ​»។
លោក សូប៊ែរ្តិ៍ បាន​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​យក​គំរូ​តាម​សម្តេច​ឪ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ដោយ​លោក​គូស​បញ្ជាក់​ថា ការ​អភិវឌ្ឍ​គួរ​តែ​សម្រាប់​ទាំង​អស់​គ្នា មិន​មែន​សម្រាប់​តែ​ឈ្មួញ​នោះ​ទេ​។
យ៉ាង​ណា​ក្តី លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា សម័យ​សង្គម​រាស្ត្រ​និយម និង​សម័យ​បច្ចុប្បន្ន គឺ​មាន​ភាព​ខុស​គ្នា​ស្រឡះ​។ លោក​គូស​បញ្ជាក់​ថា សម័យ​សង្គម​រាស្ត្រ​និយម កម្ពុជា មាន​ប្រជាជន​ប្រមាណ​តែ​ពី​៥-៦ លាន​នាក់​ប៉ុណ្ណោះ ហើយ​ដី​ក៏​មាន​ច្រើន​ធន​ធាន​ធម្មជាតិ​ក៏​មាន​ច្រើន​។​ប៉ុន្តែ​សម័យ​បច្ចុប្បន្ន វា​ខុស​គ្នា​។ លោក​បញ្ជាក់​ថា​៖«​សម័យ​ប៉ុល​ពត បាន​បំផ្លិច​បំផ្លាញ​ដល់​ឫស​គល់​តាំង​ពី​សេដ្ឋកិច្ច ប្រពៃណី ទំនៀម​ទម្លាប់ វប្បធម៌ អប់រំ...គឺ​បំផ្លាញ​ទាំង​អស់​»។ លោក​គូស​បញ្ជាក់​ទៀត​ថា​៖«​សម័យ​សម្តេច​ឪ​ដី​ធំ ប្រជា​ពលរដ្ឋ​តិច​។ យើង​ចង់​ធ្វើ​តាម​សង្គម​រាស្ត្រ​និយម​ណាស់ ចង់​ឲ្យ​ជាតិ​បាន​សុខ​សាន្ត សេដ្ឋកិច្ច​រីក​ចម្រើន ដើម្បី​រំដោះ​ភាព​ក្រី​ក្រ ឲ្យ​បាន​ឆាប់​រហ័ស»។ លោក​ជាម យៀប បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កំពុង​តែ​ដំណើរ​ការ​នូវ​កម្មវិធី​នយោបាយ​ល្អៗ​ដើម្បី​អភិវឌ្ឍ​ជាតិ​។
ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ ធម្មិកោ អតីត​លេខា​ផ្ទាល់​របស់​សម្តេច​ឪ​បាន​មាន​បន្ទូល​ក្នុង​បទ​សម្ភាស​មួយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​សៀវភៅ​«ព្រះ​បាទ​នរោត្តម សីហនុ ឥស្សរជន​អមតៈ» ដែល​ត្រូវ​បាន​ចែក​ចាយ​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា សម្តេច​ឪ គឺ​ជា​ក្សត្រ​ដែល​ក្រី​ក្រ​ជាង​គេ​បំផុត​នៅ​លើ​លោក។ ព្រះ​អង្គ​ម្ចាស់​មាន​បន្ទូល​ថា​៖«​បើ​តាម​អ្វី​ដែល​ខ្ញុំ​ដឹង ព្រះ​រាជ​បិតា សម្តេច​ព្រះ​នរោត្តម សីហនុ មាន​ព្រះ​រាជ​ទ្រព្យ​បី​។ ព្រះ​រាជ​ទ្រព្យ​ទី១​គឺជា​ប្រាក់​អឺរ៉ូ ចំនួន​២ម៉ឺន​អឺរ៉ូ(​ប្រមាណ​២ម៉ឺន​៥ ពាន់​ដុល្លារ) នៅ​ធនាគារ​ក្នុង​ប្រទេស​បារាំង។ ព្រះ​រាជ​ទ្រព្យ​ទី​២ គឺ​ព្រះ​រាជ​ដំណាក់​នៅ​ក្បែរ​គេហដ្ឋាន​សម្តេច​តេជោ ហ៊ុន សែន ដែល​សព្វ​ថ្ងៃ​នេះ​ជា​ស្ថានទូត​កូរ៉េ​ខាង​ជើង។ និង​ទី ៣ គឺ​ព្រះ​រាជ​ដំណាក់​នៅ​ទី​ក្រុង​កែប​។ ព្រះ​រាជ​ដំណាក់​នេះ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​បរម​រាជ​វាំង​»។
ការ​ខ្សត់​ព្រះ​រាជ​ទ្រព្យ​របស់​សម្តេច​ឪ​នេះ​ត្រូវ​បាន​លោក​ស្រី ជា​វណ្ណាត អធិប្បាយ​ថា ជា​ចំណុច​ពិសេស​ខុស​ពី​គេ នៅ​ក្នុង​ចំណោម​ក្សត្រ និង​មេ​ដឹក​នាំ​នៅ​លើ​ពិភពលោក ដោយ​សារ​តែ​ព្រះ​អង្គ​គិត​ពី​ផល​ប្រយោជន៍​ជាតិ ជាង​ផល​ប្រយោជន៍​សួន​តួ​ផ្ទាល់​ព្រះ​កាយ​របស់​ព្រះ​អង្គ។
តាម​ការ​លើក​ឡើង​របស់​ឥស្សរជន​ខាង​លើ​នេះ អាច​បញ្ជាក់​បាន​ថា ព្រះ​កិត្តិនាម​របស់​សម្តេច​ឪ នឹង​ស្ថិត​នៅ​ជា​អមតៈ​ទោះ​បី​ជា​ព្រះ​កាយ​របស់​ព្រះ​អង្គ​ដែល​ត្រូវ​ថ្វាយ​ព្រះ​ភ្លើង​នៅ​ថ្ងៃ​នេះ​ក្តី​៕​

No comments:

Post a Comment

yes