សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 6, 2013

ការ​ទាមទារ​ដោះ​លែង ម៉ម សូណង់ដូ​កាន់​តែ​ច្រើន​ខណៈ​សវនាការ​នៅ​តែ​បន្ដ

130306_01
លោក ម៉ម សូណង់ដូ ពេល​ឡើង​សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ។ 
មាន​ប្រជាពលរដ្ឋ​ជាច្រើន​មកពី​បណ្ដា​ខេត្ត​-ក្រុង​នានា​ ធើ្វដំណើរ​មក​រាជធានី​ភ្នំពេញដើម្បី​​គាំទ្រលោក
ភ្នំពេញៈ សវនាការ​លើ​បណ្តឹង​ទាស់​របស់​លោក ​ម៉ម ​សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​អង្គារ នៅ​ក្នុង​សាលា​ឧទ្ធរណ៍​ដោយ​មាន​មនុស្ស​ប្រមាណ​៨០០​នាក់ មក​ពី​បណ្ដា​ខេត្ត​នានា​និង​រាជធានី​ភ្នំពេញ​ មក​ផ្ដុំ​គ្នា​នៅ​មុខ​តុលាការ​នេះ​ ទាមទារ​ឲ្យ​ដោះ​លែង​គាត់​និង​ជន​ជាប់​ចោទ​ឯ​ទៀត​ក្នុង​រឿង​ក្តី​នេះ។
សវនាការ ជា​សាធារណៈ​ពី​មិ្សលមិញ មាន​ជនជាប់​ចោទ​បី​នាក់ គឺ​លោក ម៉ម សូណង់ដូ ក្នុង​សម្លៀក​បំពាក់​ស៊ីវិល​និង​ក្រវាត់​ក​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ជន​ជាប់​ចោទ ទូច ​រាម​ និង កាន់ សុវណ្ណ ស្លៀក​ពាក់​ក្នុង​ឈុត​អ្នក​ទោស​ឈរ​មុខ​ក្រចក​សេះ ឆ្លើយ​ទៅ​កាន់​ចៅ​ក្រម​ជំនុំ​ជម្រះ​បីរូប​ ដឹក​នាំ​ដោយ​ប្រធាន​ក្រុម​ប្រឹក្សា​ចៅក្រម ឃុន​ លាងម៉េង និង​ឆ្លើយ​មុខ​មេធាវី​ការពារ​ក្តី​របស់​ខ្លួន។
មេធាវី​ការពារក្តី លោក​ម៉ម សូណង់ដូ គឺ​លោក​ សំ សុគង់ បាន​បង្ហាញ​បំណង​សុំ​ឲ្យ​តុលាការ​លើក​ពេល​កាត់​ក្តី ព្រោះ​ថា តុលាការ​មិន​បាន​កោះ​ហៅ​ជន​៧នាក់ ជា​សាក្សី​សំខាន់ និង​មិន​ដែល​មាន​វត្តមាន​សូម្បី​នៅ​សាលា​ដំបូង។

អ្នក​ទាំង​នោះ​ផ្តល់​ចម្លើយ​ដាក់​បន្ទុក​ធ្ងន់ធ្ងរ​លើ​កូន​ក្តី​លោក ដែល​ទាមទារ​ឲ្យ​កូន​ក្តី​លោក​តតាំង​នៅ​មុខ​តុលាការ។
ទោះ យ៉ាង​ណា​បន្ទាប់​ពី​ពិភាក្សា​ប្រមាណ​១៥​នាទី​ និង​មាន​ការ​សួរ​យោប​ល់ពី​លោក​ សូណង់ដូ ចៅក្រម ឃុន លាង​ម៉េង​ក៏​សម្រេច​បន្ត​នីតិវិធី​សវនាការ ​ដោយ​សំអាង​ថា៖ ​«ការ​ពន្យារ​ពេល​នឹង​ខាត​ពេលវេលា ព្រោះ​សាក្សី​ទាំង​នោះ​មាន​ដីកា​ចាប់​ខ្លួន​ ទោះ​កោះ​ហៅ​ក៏​មិន​ចូល​ខ្លួន​ដែរ»។ ឯការ​សម្រេច​មាន​ការ​ឯកភាព​ពី​ជន​ជាប់​ចោទ​ ម៉ម សូ​ណង់​ដូ​ ​ដែរ​។
លោក ម៉ម សូណង់ដូ អាយុ ​៧១​ឆ្នាំ ​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៥ ​ខែ​កក្កដា​ ឆ្នាំ​២០១២​ តាម​​បណ្តឹង​ចោទ​ប្រកាន់​៤​ករណី ​ទាក់​ទិន​នឹង​ការ​បង្កើត​តំបន់​អបគមន៍​ ក្នុង​ភូមិ​ប្រមា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ​កាល​ពីដើម​ឆ្នាំ​២០១២​​ ហើយ​សាលា​ដំបូង​រាជធានី​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ២០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល កាល​ពី​ថ្ងៃ​ទី១ ខែ​តុលា ​ឆ្នាំ​២០១២។
សាលក្រម​នោះ​ក៏​មាន​ជនជាប់​ចោទ​១៣​នាក់​ទៀ​ត​ ត្រូវ​បាន​ផ្តន្ទាទោស​ពី​១០​ខែ​ទៅ​៥ឆ្នាំ​ ដែល​ត្រូវ​តុលាការ​កាត់​ទោស ប៉ុន្តែ​ ត្រូវ​ព្យួរ​ទោស ដោយ​សារ​ពួក​គេ​ខ្លះ​ព្រម​ធ្វើ​សាក្សី​ដាក់​បន្ទុក​លោក សូណង់ដូ។ លើក​លែង​តែ​ឈ្មោះ ប៊ុន រដ្ឋា ដែល​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ត្រូវ​តុលាការ​ចោទ​ថា ជា​មេ​ខ្លោង​ក្នុង​ការ​បង្កើត​តំបន់​អបគមន៍​ នៅ​ភូមិ​ប្រមា ត្រូវ​កាត់​ទោស​៣០​ឆ្នាំ​ និង​ពិន័យ​ប្រាក់​៣០​លាន​រៀល សុខ តុង កាត់​ទោស​១៥​ឆ្នាំ និង​ប៊ុន ឆន កាត់​ទោស​១៥​ឆ្នាំ ដូច​គ្នា។​
ក្នុង អង្គសវនាការ​លោក​ ម៉ម សូណង់ដូ ថា​ លោក​មិន​បាន​ប្រព្រឹត្ត​ឬ​ដឹក​នាំ ឬ​ក៏​ញុះញង់​ឲ្យ​មាន​តំបន់​អបគមន៍​ឡើយ ព្រោះ​លោក​មិន​ដែល​បាន​ជាន់​ទឹក​ដី​ភូមិ​ប្រមា​ទេ គ្រាន់​តែ​មាន​មនុស្ស​មួយ​ចំនួន​ក្នុង​ភូមិ​នោះ​ជា​សមាជិក​សមាគម​អ្នក​ ប្រជាធិបតេយ្យ​ មាន​ឈ្មោះ​សុខ តុង និង ​ប៊ុន ឆន បាន​មក​សុំ​ជួប​លោក​ សុំ​ពឹងពាក់​រឿង​ដំឡើង​អគ្គិសនី​ឲ្យ​អ្នក​ភូមិ​ប្រមា ​មិនមែន​ករណី​ដីធ្លី​ឡើយ។​ រីឯ​ការ​ដោះស្រាយ​ផ្សេងៗ ​បញ្ហា​អ្វី​ក៏​លោក​ធ្វើ​ស្រប​ទៅ​តាម​ច្បាប់​ដែរ។
លោក​និយាយ​ថា ​៖ «ការ​ចោទ​ប្រកាន់​ខ្ញុំ គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​។ ខ្ញុំ​គ្មាន​ពាក់ព័ន្ធ ឬ​ស្គាល់​ភូមិ​ឃុំ​នេះ​ទេ។​ បើ​សមាជិក​ខ្ញុំ​ធ្វើ​អ្វី​ខុស​ច្បាប់​ តាម​លក្ខន្តិកៈ​យើង​ នោះ ជា​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល។​ អ្នក​ដែល​បាន​ចោទ​ដាក់​ខ្ញុំ​ទាំង​ប៉ុន្មាន​ សុទ្ធ​តែ​ចង់​បង្ក​ឲ្យ​ខ្ញុំ​មាន​បញ្ហា ​ហើយ​ខ្លួន​រត់​គេច»។
លោក​បន្ត​ ថា ៖ «​សូម​សវនាការ​ពិចារណា ​បើ​ខ្ញុំ​ឲ្យ​គេ​កាប់​ទន្រ្ទាន​ដី ធ្លី​តើ​ខ្ញុំ​ចំណេញ​អី ចំណេញ​ភាគរយ​ឬ​? អត់​ទេ!។ កិច្ចការ​ខ្ញុំ​គឺ​ធ្វើ​ការ​បង្ហាត់​សមាជិក​ឲ្យ​ធ្វើ​ខ្លួន​ល្អ​ គោរព​ច្បាប់​ កុំ​ប្រើ​ហិង្សា ដើរ​តាម​ផ្លូវ​ធម៌ តែ​ទី​បំផុត​ខ្ញុំ​ក្លាយ​ជា​ជន​រងគ្រោះ»​។
ទោះ​យ៉ាង​ណា​លោក​នៅ​តែ​ស្នើ​ ឲ្យ​តុលាការ​កោះ​ហៅ​សាក្សី​​ ៧​នាក់​ ឲ្យ​ចូល​សវនាការ​តទល់​ជា​មួយ​លោក ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​របស់​ខ្លួន។
ដោយ​ឡែក​ជន​ជាប់​ចោទ​ពីរ​ នាក់​ទៀត ​ទូច ​រាម​ និង​កាន់ សុវណ្ណ ​ដែល​ជា​អនក្ខរជន ក៏​បាន​បដិសេធ​ចម្លើយ​នឹង​នគរបាល​ខេត្ត​ក្រចេះ ​ព្រោះ​ថា ​លោក​មិន​ដឹង​ចម្លើយ​នោះ​សរសេរ​យ៉ាង​ម៉េច និង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ផ្តិត​មេ​ដៃ។​
ជន​ជាប់​ចោទ ​ទូច ​រាម​ អាយុ​៣៣​ឆ្នាំ ​ប្រាប់​ចៅក្រម​ថា ​លោក​មិន​ចេះ​អាន​និង​ត្រូវ​នគរបាល​សំឡុត​គំរាម​ថា​មាន​គេ​សារ​ភាព​អស់​ ហើយ​ «បើ​មិន​ឆ្លើយ​នឹង​ឆក់»។ ​លោក​ថា​មិន​ស្គាល់ ម៉ម​ សូណង់ដូ និង​មិន​មែន​ជា​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​អ្វី​ឡើយ។​
ជនជាប់​ចោទ កាន់ ​សុវណ្ណ អាយុ​៥៩​ឆ្នាំ ​ក៏​មិន​មែន​ជា​សមាជិក​សមាគម ឬ​ស្គាល់​លោក ​សូណង់ដូ ដែរ ហើយ​ថា មិន​ដែល​ឃើញ​លោក​ទៅ​តំបន់​គាត់​ម្តង​ឡើយ​។ លោក​ឆ្លើយ​ថា ​ឈ្មោះ ប៊ុន​ រដ្ឋា ​ជា​អ្ន​ក​ដឹកនាំ​កិច្ច​ប្រជុំ​រក​ដំណោះ​ស្រាយ​ដីធ្លី​ជា​មួយ​ពល​រដ្ឋ​។
ដោយ​ទឹក​ចិត្ត​ពុះ​កញ្ជ្រោល​ពលរដ្ឋ​រាប់រយ​នាក់​បាន​កាន់​បដា រូប​ ពាក់​មួក​ក្រដាស​សរសេរ​អក្សរ​ដោះ​លែង​លោក ​ម៉ម ​សូណង់ដូ ខាង​ក្រៅ​តុលាការ និង​ស្រែក​តាម​មេក្រូ​មក​បន្ទប់​សវនាការ​សុំ​ឲ្យ​មាន​ការ​កាត់​ក្តី យុត្តិធម៌ មិន​លុះ​ដោយ​អំណាច​អ្នក​នយោបាយ។
លោក ឈឹម សុទ្ធ អាយុ​៧០​ឆ្នាំ មក​ពី​ភូមិ​ប្រមា និយាយ​ថា​៖«​ខ្ញុំ​មក​តវ៉ា​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​សុំ​ឲ្យ​សាលា​ឧទ្ធរណ៍​ដោះលែង​ចៅ​ប្រុស​ឈ្មោះ​ទូច រាម​និង​លោក​ សូណង់ដូ ឲ្យ​មាន​សេរីភាព​វិញ​ព្រោះ​ពួក​គេ​មិន​បាន​ធ្វើ​ខុស​ច្បាប់​ ដូច​ដែល​អាជ្ញាធរ​ចោទ​ប្រកាន់​ទេ»។
លោក អ៊ូច កែល អាយុ​៧៤​ឆ្នាំ ​មក​ពី​ខេត្ត​ព្រៃវែង បាន​ថ្កោលទោស​អំពើ​ដែល​អាជ្ញាធរ​បាន​ធ្វើ​នេះ​ថា ជា​អំពើ​«ល្មើស​ច្បាប់​រដ្ឋ​ធម្មនុញ្ញ គំរាម​កំហែង​សិទ្ធិ​សេរីភាព​ពលរដ្ឋ​និង​ដំណើរ​អភិវឌ្ឍន៍​លទ្ធិ ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។​
លោក ផុន ភួង អាយុ​៧៣​ឆ្នាំ និយាយ​ថា៖«តាម​រយៈ​បណ្ដាញ​ផ្សព្វ​ផ្សាយ​ ខ្ញុំ​មិន​ឃើញ​សេចក្ដី​រាយ​ការណ៍​ណា​ដែល​ថា ​អ្នក​ភូមិ​បាន​ប្រើ​កាំភ្លើង​ តូច​ ធំ ឬ ​រថក្រោះ រថពាស​ដែក​ ប្រឆាំង​តប​នឹង​កងទ័ព​រដ្ឋាភិបាល​ទេ ក្រៅ​ពី​សេចក្ដី​រាយការណ៍​ថា​ កម្លាំង​រដ្ឋាភិបាល​បាន​ប្រើ​ប្រាស់​ឧទ្ធម្ភាគចក្រ​យោធា និង​កាំភ្លើង​យន្ត បាញ់​រះ​លើ​អ្នក​ភូមិ​បណ្ដាល​ឲ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់​និង​របួស​ច្រើន​នាក់​នោះ»។
លោក ម៉ម សូណង់ដូ​ បាន​ចាក​ចេញ​ពី​បន្ទប់​សវនាការ​អម​ដោយ​នគរបាល​មក​កាន់​រថយន្ត​ពន្ធនាគារ និង​ថ្លែង​មក​កាន់​អ្នក​កាសែត​ថា ៖​ «អត់​មាន​បញ្ហា​អី​ទេ​ព្រោះ​ខ្ញុំ​និយាយ​ពី​ការ​ពិត ​ហើយ​សង្ឃឹម​ថា​តុលាការ​នឹង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​។ អ្នក​សាក្សី​ដាក់​បន្ទុក​ខ្ញុំ​ទាំង​៧​នាក់​នេះ​ទុក​ឲ្យ​តុលាការ​សម្រេច ចុះ​ តែ​បើ​ពាក់​ព័ន្ធ​ត្រូវ​តែ​ម៉ោ ខ្ញុំ​មិន​អាច​ថា យុត្តិធម៌​ឬ​អត់​ឥឡូវ​នេះ​ទេ បើ​អត់​មាន​៧​នាក់​។ ពេល​ចប់​ទើប​អាច​សន្និដ្ឋាន​បាន​ថា យុត្តិធម៌​ឬ​មិន​យុត្តិធម៌»។
លោក អ៊ូ វីរៈ​ប្រធាន​មជ្ឈ​មណ្ឌល ​សិទ្ធិ​មនុស្ស​កម្ពុជា​ថ្លែង​ថា ​សវនាការ​ម្សិលមិញ​ពុំ​មាន​អ្វី​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ​ គឺ​ធ្វើ​ដូច​នៅ​សាលា​ដំបូង​ដែរ ​ព្រោះ​គ្មាន​ភ័ស្តុតាង​ដាក់​បន្ទុក​លោក​ សូណង់ដូ។
លោក​បន្ត​ថា៖ «យើង​រង់​ចាំ​មើល​ថ្ងៃ​ស្អែក​ទៀត។ នេះ​ជា​ការ​សាក​ល្បង​ប្រព័ន្ធ​តុលាការ​នៅ​សាលា​ឧទ្ធរណ៍ យើង​ចាំ​មើល​ប្រព័ន្ធ​តុលាការ​កាត់​រឿង​នេះ​។ នេះ​ជា​រឿង​សំខាន់​សម្រាប់​ប្រព័ន្ធ​សេរីភាព​ព័ត៌មាន​ និង​លោក​សូណង់ដូ។ បញ្ហា​គឺ​ថា តើ​អាច​មាន​ការ​លូក​ដៃ​ពី​អ្នក​នយោបាយ​លើ​ការ​វិនិច្ឆ័យ​របស់​សាលា​ឧទ្ធរណ៍​ឬ​អត់? យើង​នឹង​មើល​ការ​សម្រេច​បន្ត​ទៀត»។
លោក អំ សំអាត ទីប្រឹក្សា​បច្ចេកទេស​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ និយាយ​ថា ឆ្លង​តាម​ការ​ដេញ​ដោល​លោក ​ម៉ម សូណង់ដូ​ ​និង​ជន​ជាប់​ចោទ​ពីរ​នាក់​ទៀត ​គឺ​គ្មាន​ភ័ស្តុតាង​ណា ដែល​ថា​លោក​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​នៅ​ខេត្ត​ក្រចេះ​ឡើយ​ ហើយ​ការ​សាកសួរ​សាក្សី​៧​នាក់​ជា​រឿង​សំខាន់​។
លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ជា​ការ​សំខាន់ អ្នក​ទាំង​នោះ​គួរ​មាន​វត្តមាន​ដើម្បី​ជជែក​ដេញ​ដោល​ ឲ្យ​ឃើញ​ថា តើ​ការ​ដាក់​បន្ទុក​នោះ ពិត​ទេ។ ​ព្រឹក​នេះ គ្មាន​ភ័ស្តុតាង​ណា​មួយ​ដែល​គាត់​ពាក់​ព័ន្ធ​ទេ។ ដូច្នេះ ខ្ញុំ​គិត​ថា សាក្សី​៧​នាក់​នោះ សំខាន់​ណាស់»។
បើ​តាម​លោក​មេធាវី ស សូវ៉ាន ​ការ​ពារ​លោក​សូណង់ដូ ឲ្យ​ដឹង​ថា​ សវនាការ​ថ្ងៃ​ទី២ នៅ​ព្រឹក​នេះ​ មាន​មនុស្ស​៣នាក់ ជា​បណ្តឹង​រដ្ឋ​ប្បវេណី ​ត្រូវ​សួរ​ដេញ​ដោល តែ​មិន​សំខាន់ ព្រោះ​បី​នាក់​នោះ​មិន​ទារ​សំណង​។  លោក សូវ៉ាន បន្ត​ថា៖​ «ដូច្នេះ គេ​អាច​ថា​ ព្រះរាជ​អាជ្ញា​នឹង​ឆ្លង​ឆ្លើយ​ជា​មួយ​មេធាវី​ការ​ពារ​ក្តី តែ​ចៅក្រម​ស្តាប់​ ដូច្នេះ​ស្អែក​ថ្ងៃ​សំខាន់​។ ថ្ងៃ​នេះ គេ​សួរ​ពី​ព្រឹត្តិការណ៍​នៅ​ភូមិ​ប្រមា។ ​តាម​ពិត​មាន​តែ ​ប៊ុន រដ្ឋា ទេ ដែល​មាន​បង្កើត​សហគមន៍​ឈ្មោះ​គាត់ មិន​ពាក់ព័ន្ធ​នឹង​កូន​ក្តី​ខ្ញុំ​ឡើយ​»។
សវនាការ​ពេញ​មួយ​ព្រឹក​ម្សិល​មិ​ញ ​បញ្ចប់​នៅ​ម៉ោង​ជិត​១២​ថ្ងៃ​ត្រង់ ហើយ​ចៅក្រម​ប្រកាស​បន្ត​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី៦ មីនា​នេះ​បន្ត​ទៀត៕

No comments:

Post a Comment

yes