សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 6, 2013

លោក​ ហ៊ុន សែន ​ធ្វើ​ការ​ព្រមាន​ដល់​ម្ចាស់​បោះឆ្នោត

130306_03
លោក នាយក​រដ្ឋ​មន្ត្រី​ នៅ​ក្នុង​ពិធី​មួយ​កាល​ពី​សប្តាហ៍​មុន​
ភ្នំពេញៈ រយៈ​ពេល​៤​ខែ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ ខែ​កក្កដា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ម្សិលមិញ បាន​ព្រមាន​ដល់​អ្នក​បោះឆ្នោត​ថា គម្រោង​អភិវឌ្ឍន៍​រាប់​ម៉ឺន​នឹង​ត្រូវ​​លុប​ចោល ប្រសិន​បើ​គណបក្ស​ប្រឆាំង​នឹង​ឈ្នះ​ការ​បោះឆ្នោត ហើយ​ឡើង​កាន់​អំណាច​នោះ។
ថ្លែង​ទៅ​កាន់​សិស្ស ប្រជាជន និង​ព្រះ​សង្ឃ​ប្រហែល ៤០០០ នាក់-អង្គ នៅ​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​ពង្រីក​ផ្លូវ​ជាតិ​លេខ ៦អា នៅ​ថ្នល់​កែង ​ក្នុង​ស្រុក​បាធាយ ខេត្ត​កំពង់ចាម​ លោក​នាយក​រដ្ឋ​ មន្រ្តី​បាន​បញ្ជាក់​ថា ឧបករណ៍​មាន​ស្រាប់​ដូច​ជា ​ម៉ាស៊ីន​បូម​ទឹក ម៉ាសូត សាំង​ដែល​កំពុង​ប្រើ​ ដើម្បី​ផ្គត់​ផ្គង់​ទឹក​ទៅ​ក្នុង​វាល​ស្រែ​ នឹង​រឹប​អូស​យក​វិញ ​ដោយ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា ប្រសិន​បើ​គណបក្ស​នេះ​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។
​លោក​បាន​បន្ត​ថា ​ក្រុម​ហ៊ុន Shanghai Construction General ​របស់​ចិន​ ជា​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សាង​សង់​ផ្លូវ ដែល​ត្រូវ​បាន​រំពឹង​ថានឹង​បញ្ចប់​ក្នុង​រយៈ​ពេល​៤២ ខែ ដែល​ចំណាយ​ទឹក​ប្រាក់​ចំនួន​២៤៨ លាន​ដុល្លារ​ ដែល​ជា​កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​ចិន។ ​លោក​ បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ ចិន​បាន​សាង​សង់​ផ្លូវ​កៅស៊ូ​សរុប​ប្រហែល​ជាង ២០០០ គីឡូ​ម៉ែត្រ ក្នុង​នោះ​មាន​ស្ពាន​៧​កន្លែង​ ឆ្លង​កាត់​ទន្លេ​ដែល​បាន​សាង​សង់ ឬ​កំពុង​សាង​សង់ ធ្វើ​ឲ្យ​ចិន ក្លាយ​ជា​ម្ចាស់​ជំនួយ​ធំ​បំផុត​លើ​ការ​អភិវឌ្ឍ​ផ្លូវ​នៅ​ប្រទេស​កម្ពុជា។ ​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ផែន​ការ​អភិវឌ្ឍន៍​ស្ពាន​ជា​ច្រើន​ទៀត​ ក៏​នឹង​ត្រូវ​លុប​ចោល​ផង​ដែរ។ លោក​បញ្ជាក់​ថា ស្ពាន​ដែល​កំពុង​សាង​សង់​មាន​ដូច​ជា ព្រែក​ក្តាម ​ជ្រោយ​ចង្វារ តាខ្មៅ និង​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​និង​ផែនការ សាង​សង់​ស្ពាន​នៅ​កោះ​កុង​និង​គម្រោង​សាងសង់​ដទៃ​ទៀត​។​
លោក​បាន​មាន ​ប្រសាសន៍​ថា៖ «​ខ្ញុំ​ច្បាស់​ថា ប្រសិន​បើ​ប្រជា​ជន​លែង​ត្រូវ​ការ​ខ្ញុំ ​ដែល​ខ្ញុំ​គ្មាន​មូលហេតុ​ជួយ​អ្នក នៅ​ថ្ងៃ​អនា​គត​ទេ ប៉ុន្តែ ខ្ញុំ​ជឿ​ថា ប្រជាជន​នឹង​មិន​លះ​បង់​សមិទ្ធផល​ដែល​មាន​ស្រាប់​ក្នុង​ដៃទេ ព្រោះ​គណបក្ស​ប្រឆាំង ពុំ​ដែល​បាន​ធ្វើ​អ្វី​ឲ្យ​ប្រជាជន​ទេ​»។ ​លោក​ ហ៊ុន សែន បាន​សំដៅ​លើ​សមិទ្ធផល​ដែល​មាន​ស្រាប់​ជាច្រើន​ ដូច​ជា អគារ​ សាលារៀន វត្ត​អារាម ដែល​មន្ត្រី​គណបក្ស​ប្រជាជន​បាន​ធ្វើ​បន្ទាប់​ពី​គណបក្ស​​នេះ បាន​ផ្តួល​រំលំ​របប​ប៉ុល​ពត។​ លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ចម្រុះ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ ហ៊្វុនស៊ិនប៉ិច​បាន​នាំ​យក​វត្ត​អារាម​ជាច្រើន​តាម​រយៈ​ពិធី​បុណ្យ កឋិន​និង​ទាន​វស្សា។ ​លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​សម្តែង​នូវ​ក្តី​បារម្ភ​ផង​ដែរ ចំពោះ​រយៈ​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ១ ខែ ដែល​កើត​ឡើង ទន្ទឹម​នឹង​ពេល​ចូល​វស្សា​ដែល​អាច​នឹង​បង្ក​ឲ្យ​កើត​មាន​វិវាទ​ជា ច្រើន​ទាក់ទង​នឹង​ការ​ទិញ​សន្លឹក​ឆ្នោត ខណៈ​ដែល​មន្រ្តី​គណបក្ស​ នាំ​ចូល​ទៀន​ធូប​ និង​ប្រគេន​​ប្រាក់​មួយ​ចំនួន​ ដល់​ព្រះ​សង្ឃ និង​ប្រជាជន​នៅ​តាម​វត្ត​នានា។ លោក​បាន​ប្រាប់​លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ឲ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើ​កម្មវិធី​បោះឆ្នោត​។
ប៉ុន្តែ លោក ទេព នីថា អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ថ្លែង​ថា​ រយៈ​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត គ្រោង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី ២៦ ខែ​កក្កដា​ ដែល​ជា​រយៈ​ពេល​ពុំ​មាន​ពិធី​បុណ្យ​ទេ។ លោក ​បន្ត​ថា៖ «គណបក្ស​នយោបាយ​នីមួយៗ​​ មាន​សិទិ្ធ​ធ្វើ​សេចក្តី​ថ្លែងការណ៍​មុន​រយៈ​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ»។
លោក អ៊ូ ចាន់រិទ្ធ មន្រ្តី​នៅ​គណបក្ស​សិទិ្ធ​មនុស្ស​បាន​ថ្លែង​ថា គោល​នយោបាយ​របស់​គណបក្ស​សិទិ្ធ​មនុស្ស​ គឺ​សន្យា​ប្រាប់​ប្រជាជន​ថា ខ្លួន​នឹង​ផ្តល់​ប្រាក់​៤០០០០​ រៀល​ក្នុង​មួយ​ខែ​ ដល់​ជន​ចាស់​ជរា ​នៅ​ពេល​ខ្លួន​ឡើង​កាន់​អំណា​ច​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​។ ​លោក ​ថ្លែង​ថា៖ «​ខ្ញុំ​គិត​ថា គណបក្ស​ប្រជាជន ​ព្រងើយ​កន្តើយ មិន​យក​ចិត្ត​ទុក​ដាក់​លើ​ជន​ចាស់​ជរា​ទេ​ ​ហើយ​វា​ជា​ចំណុច​ខ្សោយ​របស់​គណបក្ស​កាន់​អំណាច ដូច្នេះ ការ​សន្យា​នេះ​ ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី​ភ្ញាក់​ផ្អើល ហើយ​ត្រូវ​ការ​ពារ​ វា​ជារឿង​ធម្មតា​របស់​គណបក្ស​នយោបាយ​នីមួយៗ»។
លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង បាន​ថ្លែង​តាង​នាម​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​បង្កើត​ថ្មី​រវាង​គណបក្ស​ សមរង្ស៊ីនិង ​គណបក្សសិទិ្ធ​មនុស្ស ថា ​សារ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ជា​ការ​បំភិត​បំភ័យ​ ដើម្បី​ទទួល​បាន​សំឡេង​ឆ្នោត ព្រោះ​គ្មាន​ប្រទេស​ណាមួយ ​នៅ​លើ​ពិភពលោក​ លុប​ចោល​គម្រោង​អភិវឌ្ឍន៍ ដែល​មាន​ស្រាប់ ពេល​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​ឡើយ​។ លោក​បាន​បន្ត​ថា៖ «ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​កាន់​អំណាច​នឹង​ពង្រឹង និង​ធ្វើ​ឲ្យ​គម្រោង​ទាំង​អស់​ ដែល​មាន​ស្រាប់​ឲ្យ​មាន​តម្លា​ភាព​។ គណបក្ស​ប្រជា​ជន​បច្ចុប្បន្ន មិន​អាច​លុប​ចោល​កិច្ច​សន្យា​ ពេល​ខ្លួន​ទទួល​បរាជ័យ​ឡើយ​»។
លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ បាន​ថ្លែង​ដូច​លោក សុន ឆ័យ​ ដែរ​ថា គម្រោង​អភិវឌ្ឍន៍​ជាតិ មិន​អាច​លុប​ចោល​បាន​ឡើយ ពេល​មាន​ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​ថ្មី។ លោក​បញ្ជាក់​ថា៖ ​«នេះ​ជា​ការ​គំរាម និង​ការ​បំភិត​បំភ័យ។ វា​ហាក់​ដូច​ជា​ភាព​ល្ងង់​ខ្លៅ ក្នុង​ការ​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​ជាតិ​ដែល​មាន​ស្រាប់​»។
លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ​ខុម ហ្វ្រែល បាន​ថ្លែង​ថា អង្គការ​លោក​គាំទ្រ​ចំពោះ​ការ​បន្ត​បរិយាយ អំពី​សារ​នយោបាយ​របស់​គណបក្ស​នយោបាយ​នីមួយៗ។ លោក​បាន​ថ្លែង​ថា៖​«វា​ជា​ការ​ល្អ​ដែល​គណបក្ស​នយោបាយ​នីមួយៗ​ពន្យល់​គ្នា​អំពី​គោល​នយោបាយ​របស់​ខ្លួន​ដល់​ពលរដ្ឋ»៕ 

No comments:

Post a Comment

yes