លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា កម្ពុជាមិនអាចយកទៅប្រៀបធៀបជាមួយនឹងប្រទេសជិតខាងបានទេ ដោយបានអះអាងថា ប្រសិនបើយកកម្ពុជាទៅប្រៀបនឹងប្រទេសទាំងនោះ កម្ពុជាគួរតែមានគណបក្សនយោបាយតែមួយ។
ថ្លែងនៅក្នុង ទិវាវប្បធម៌ជាតិ ដែលប្រារព្ធធ្វើឡើងនៅសាលសន្និសីទចតុមុខ ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តីបានថ្លែងថា កម្ពុជាមិនអាចយកទៅប្រៀបធៀបនឹងប្រទេសជិតខាងដូចជា វៀតណាម ឡាវ និងថៃ បានទេ ពីព្រោះប្រទេសទាំងនោះគ្មានរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដូចកម្ពុជា ដែលនោះហើយជាមូលហេតុដែលប្រទេសទាំងនេះមានភាពរីកចម្រើនជាង ប្រទេសកម្ពុជា ហើយលោកបានអះអាងថា បើប្រៀបធៀបកម្ពុជាទៅវៀតណាម និងឡាវ កម្ពុជាត្រូវតែមានគណបក្សតែមួយគត់ដូចវៀតណាម និងឡាវ ដែរ។
លោក បានថ្លែងបន្តថា ៖ «មនុស្សម្នាក់និយាយថា មិនត្រូវយកកម្ពុជាបច្ចុប្បន្នទៅប្រៀបធៀបជាមួយរបបប៉ុល ពត ទេ ត្រូវតែយកកម្ពុជាទៅប្រៀបធៀបនឹងប្រទេសជិតខាង»។
លោកនាយករដ្ឋមន្រ្តីបានថ្លែងបន្តថា ៖ «ប្រយ័ត្ន! ប្រសិនបើចង់ប្រៀបធៀបទៅប្រទេសជិតខាង ប្រយ័ត្នធ្វើដូចប្រទេសវៀតណាម និងឡាវ ចប់ហើយ! វៀតណាមនិងឡាវមានគណបក្សតែមួយទេ។ និយាយរួម កម្ពុជាមិនអាចយកទៅប្រៀបធៀបនឹងនរណាបានទេ»។
លោកបានថ្លែង ដូច្នេះ គឺដើម្បីឆ្លើយតបទៅនឹងអ្នករិះគន់ម្នាក់ដែលលោក ហ៊ុន សែន មិនបញ្ចេញឈ្មោះ ដោយលោកថ្លែងថា អ្នករិះគន់នោះ មិនចង់ឲ្យលោកយកកម្ពុជាទៅប្រៀបធៀបនឹងរបបប៉ុល ពត ដោយចង់ឲ្យលោកយកកម្ពុជាទៅប្រៀបធៀបនឹងវៀតណាម និងឡាវ និងថៃ ដើម្បីអភិវឌ្ឍប្រទេសឲ្យរីកចម្រើន។ តែទោះយ៉ាងណាក្តី សាធារណជនមួយចំនួនកាត់យល់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទំនងសំដៅទៅអ្នកណានោះ គឺប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា ដោយសារកាលពីពេលមុន លោក កឹម សុខា បានថ្លែងថា ហ៊ុន សែន មិនគួរមានមោទនភាពចំពោះការដឹកនាំបច្ចុប្បន្នរបស់ខ្លួន ហើយប្រៀបធៀបការដឹកនាំរបស់គាត់ទៅរបបប៉ុលពតនោះទេ ដោយលោកថ្លែង លោក ហ៊ុន សែន គួរតែប្រៀបធៀបកម្ពុជាទៅប្រទេសដែលរីកចម្រើនវិញ។
លោក នាយករដ្ឋមន្រ្តីបានហៅក្រុមរិះគន់បែបនេះ ថា NATO ដោយពន្យល់ថា NATO នេះមិនមែនមានន័យថា អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើងនោះទេ ប៉ុន្តែ ណាតូនេះគឺមានន័យថា “មិនធ្វើ បានតែថា (No action Talk Only)”។ លោកបន្ថែមថា ក្រុមនេះមានជំនាញក្នុងការនិយាយ ប៉ុន្តែ ពួកគេមិនមានជំនាញក្នុងការធ្វើឡើយ។
លោកបន្ថែមថា ការអភិវឌ្ឍប្រទេស ត្រូវតែមានផ្នែកវប្បធម៌រួមបញ្ចូលក្នុងការអភិវឌ្ឍប្រទេស។ ទន្ទឹមនេះ លោក ហ៊ុន សែន ក៏បានជំរុញទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បើកវគ្គបណ្តុះបណ្តាលសម្រាប់ផលិតករ អ្នកផលិតភាពយន្ត អ្នកនិពន្ធ ឬ សិល្បករ ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសរសេរ និងផលិតខ្សែភាពយន្តឲ្យប្រសើរជាងមុន ដើម្បីទប់មិនឲ្យមានការហូរចូលវប្បធម៌ពីប្រទេសដទៃៗ។
ទន្ទឹមនេះ លោក ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលនៅតែរក្សាជំហរបង្រួបបង្រួមខ្មែរទាំងអស់ពីគ្រប់ និន្នាការនយោបាយដើម្បីរក្សា ការពារ និងអភិវឌ្ឍវប្បធម៌ ដើម្បីឲ្យកម្ពុជាមានកេរ្តិ៍ឈ្មោះត្រចេះត្រចង់លើឆាកអន្តរជាតិ ។
ទោះយ៉ាងណាក្តី លោក ហ៊ុន សែន បានថ្លែងថា នៅពេលវប្បធម៌ស្ថិតនៅក្នុងភាពរុងរឿង ផលិតករ និងអ្នកផលិតខ្សែភាពយន្ត ឬអ្នកនិពន្ធអាចចៀសពីការថតចម្លងបទចម្រៀង ឬរឿងពីគ្នាទៅវិញទៅមក។ ពួកគេមិនគួរលួចចម្លងស្នាដៃពីគ្នាទៅវិញទៅមកទេ។ ពួកគេគួរតែពិចារណា និងចេះបង្កើតឬផលិតខ្សែភាពយន្តដោយខ្លួនឯង។
ប្រធាន គណបក្សសិទ្ធិមនុស្ស លោក កឹម សុខា បានទទួលស្គាល់ថា លោកបានរិះគន់លោក ហ៊ុន សែន នៅពេលលោក ហ៊ុន សែន បានយកកម្ពុជាទៅប្រៀបធៀបនឹងរបបខ្មែរក្រហម ដោយលោកថ្លែងថា ប្រសិនបើលោក ហ៊ុន សែន នៅតែប្រៀបធៀបកម្ពុជាទៅនឹងរបប ប៉ុលពត លោក ហ៊ុន សែន មិនអាចអភិវឌ្ឍប្រទេសឲ្យរីកចម្រើនបានទេ ប៉ុន្តែ លោកបានអះអាងថា លោកមិនចង់ឲ្យលោក ហ៊ុន សែន ប្រៀបកម្ពុជាទៅនឹងវៀតណាមឬឡាវ នោះទេ ប៉ុន្តែលោក នាយករដ្ឋមន្ត្រីគួរតែប្រៀបកម្ពុជាទៅនឹងប្រទេសរីកចម្រើន ដទៃក្នុងពិភពលោក។
លោក កឹម សុខា បានថ្លែងថា ៖ «យើងប្រៀបធៀបទៅប្រទេស ដែលត្រូវបានរៀបចំទៅតាមសង្គមលទ្ធិប្រជាធិបតេយ្យ ហើយប្រទេសទាំងនោះក៏ធ្លាប់ឆ្លងកាត់សង្គ្រាមដូចជា កូរ៉េខាងត្បូង ជប៉ុន ពួកគេធ្លាប់ខ្ទេចខ្ទីអស់ដោយសារសង្គ្រាមលោកលើកទីពីរ ពួកគេកសាងប្រទេសតែ២០ឆ្នាំប៉ុណ្ណោះ ប្រទេសរបស់គេបានរីកចម្រើន ប៉ុន្តែ[លោក ហ៊ុន សែន] បានកាន់កាប់អំណាចជាង៣០ឆ្នាំហើយ... យើងប្រៀបធៀបដូចនេះ»។
ទាក់ទិននឹងការបង្រួបបង្រួមរវាង ខ្មែរនិងខ្មែរ ពីគ្រប់និន្នាការនយោបាយទាំងអស់លោក កឹម សុខា បានសរសើរលោក ហ៊ុន សែន ដែលចង់ឲ្យមានការបង្រួបបង្រួមបែបនេះ ប៉ុន្តែលោកថា លោក ហ៊ុន សែន ត្រូវតែនិយាយឲ្យពិតប្រាកដ ក្នុងការសហការឲ្យវប្បធម៌ខ្មែរទទួលបានការគោរពនិងកោត សរសើរ។
ចំពោះការប្រៀបធៀបនេះដែរ អ្នកវិភាគឯករាជ្យ លោក ឡៅ ម៉ុងហៃ បានថ្លែងថា វាជារឿងធម្មតាសម្រាប់ពួកអ្នកនយោបាយនៅពេលពួកគេបានអំណាច គ្រប់គ្រងប្រទេស ពួកគេតែងតែបន្ទាបរបបមុន ហើយសរសើរខ្លួនឯង។
លោក ថ្លែងបន្តថា ៖ «ភាពរីកចម្រើនគឺដោយសារជំនួយបរទេសជាច្រើនចូលមក។ ខ្ញុំគិតថា របបដទៃៗ ក៏មានជំនួយដូចនេះដែរ។ តែទ្រព្យសម្បត្តិត្រូវបានបាត់បង់តិចជាងនេះ ហើយបំណុលក៏តិចជាងនេះដែរ»៕
No comments:
Post a Comment
yes