ពលរដ្ឋ១៥នាក់តំណាងឲ្យពលរដ្ឋ៨៨គ្រួសារ យកញត្តិមកដាក់
ភ្នំពេញៈ ប្រជាពលរដ្ឋ១៥នាក់តំណាងឲ្យពលរដ្ឋ៨៨គ្រួសារ ដែលមានទីលំនៅជិតបរិវេណព្រលានយន្តហោះ ក្នុងភូមិស្រែស្តៅ សង្កាត់អូស្សី ក្រុងក្រចេះ ខេត្តក្រចេះបាននាំគ្នាមកសុំអន្តររាគមន៏ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានការដាក់ញតិ្តជូនខុន្ទការល័យនាយករដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងក្រសួងដែនដី នៅទីក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទនេះ ដើម្បីសុំកុំឲ្យអាជ្ញាធរខេត្តបង្ខំឲ្យពួកគេរុះរើផ្ទះសម្បែងចេញពីដីលំនៅដ្ឋានបច្ចុប្បន្នរបស់ពួកគាត់។
ការធ្វើដំណើររបស់អ្នកភូមិមកកាន់ទីក្រុងភ្នំពេញ ដើម្បីដាក់ញតិ្តសុំកិច្ចអន្តរាគមន៏ពីថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល បានធ្វើឡើងក្រោយពីមានសេចក្តីជូនដំណឹងមួយរបស់អាជ្ញាធរខេត្តក្រចេះ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៣កន្លងទៅនេះ ដោយបង្គាប់ឲ្យពួកគាត់ត្រូវរុះរើលំនៅដ្ឋានចេញពីទីតាំងដែលកំពុងរស់នៅ ឲ្យបានត្រឹមថ្ងៃទី ២៨ កុម្ភៈ ប៉ុន្តែរហូតមកដល់ពេលនេះអាជ្ញាធរនៅមិនទាន់ធ្វើសកម្មភាពបណ្តេញណាមួយនៅឡើយទេ ខណៈដែលអ្នកភូមិកំពុងមានការព្រួយបារម្ភលើករណីនេះ ដើម្បីឲ្យថ្នាក់ដឹកនាំជួយស្វែងរកដំណោះស្រាយដល់ពួកគាត់។
លោក សោម សុវណ្ណនី អាយុ ៤៧ឆ្នាំតំណាងពលពលរដ្ឋម្នាក់ដែលមានកង្វល់ពីការជូនដំណឹងឲ្យរុះរើផ្ទះសម្បែងរបស់ខ្លួនបានថ្លែងថា គោលបំណងរបស់អ្នកភូមិដែលមកដាក់ញត្តិដល់ថ្នាក់ដឹកនាំធំៗនៅក្រុងភ្នំពេញនេះ គឺដើម្បីសុំឲ្យជួយទប់ស្កាត់អាជ្ញាធរខេត្តក្រចេះបញ្ឈប់ការបង្ខិតបង្ខំពលរដ្ឋឲ្យចាកចេញពីលំនៅដ្ឋានផ្លាស់ប្តូរទៅទីកន្លែងផ្សេង និងសុំឲ្យជួយស្វែងរកដំណោះស្រាយឲ្យបានសមរម្យដល់អ្នកភូមិដែលរងផលប៉ះពាល់។
No comments:
Post a Comment
yes