ពលរដ្ឋរស់នៅភូមិចំបក់ ភូមិស្រែកក់ និងភូមិបង្ហើរក្លែង ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ បានស្នើសុំឲ្យអាជ្ញាធរខេត្តកំពង់ចាម ចែកដីសហគមន៍ឲ្យក្រុមគ្រួសារអ្នកភូមិក្នុងមួយគ្រួសារ ២០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ ដើម្បីសង់លំនៅឋាន បន្ទាប់ពីផ្ទះរបស់ពួកគាត់ជាង ៣០ខ្នង ដែលសង់រួចត្រូវឈ្មួញ អ្នកដែលមានងារជាឧកញ៉ា ប្រើគ្រឿងចក្រឈូសផ្ដួលរលំ។
ពលរដ្ឋរស់នៅភូមិចំបក់ និងភូមិស្រែកក់ បានឲ្យដឹងនៅថ្ងៃទី២៣ មីនា ថា មូលហេតុដែលនាំឲ្យអ្នកភូមិស្នើសុំដូច្នេះ ពីព្រោះព្រៃសហគមន៍ចំបក់ដែលមានទំហំប្រមាណជាង ២០០ហិកតារ ដែលការពារដោយពលរដ្ឋត្រូវបានឈ្មួញអ្នកមានលុយ និងអំណាចមានងារជាឧកញ៉ានៅស្រុកតំបែរ ឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន លួចកាប់ទន្ទ្រាន យកដីដាំដើមកៅស៊ូ តាំងពីឆ្នាំ២០១២។
លោកបន្តថា ឧកញ៉ា ទាំងនោះមានឈ្មោះ ប៉េង គី ឧកញ៉ា ច្រៀយ សេងគង់ នៅភូមិចុងជៀជ ស្រុកតំបែរ និងឧកញ៉ា ហៀញ នៅភូមិដំណាក់ចា បានកាប់ទន្ទ្រានយកដីព្រៃការពារដោយសហគមន៍។
អ្នកភូមិបន្តថា មិនត្រឹមតែប៉ុណ្ណោះ ឈ្មួញនិងឧកញ៉ាបានប្រើកម្មករឲ្យយកគ្រឿងចក្រកាត់សសរផ្ទះដែលពលរដ្ឋកំពុងសង់ និងផ្ទះដែលបានសង់រួចអស់ជាង ៣០ខ្នង។ ទាក់ទងបញ្ហានេះ ពួកគាត់បានផ្ដិតមេដៃដាក់ពាក្យប្ដឹងទៅអាជ្ញាធរគ្រប់លំដាប់តែគ្មានដំណោះស្រាយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង លោក ប៉េង គី លោក ច្រៀយ សេងគង់ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់របស់អ្នកភូមិនេះបានទេ នៅថ្ងៃទី២៣ ខែមីនា ហើយអភិបាលស្រុកតំបែរ គឺលោក ឆឹង ពិសិដ្ឋ ក៏មិនអាចទាក់ទងដើម្បីឆ្លើយតបបានដែរ។
រីឯប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម លោក គឹម សាវឿន បានថ្លែងថា លោកមិនបានដឹងបញ្ហានេះទេ។ លោកថា នេះពុំមែនជាការគ្រប់គ្រងរបស់លោក។ ប៉ុន្តែអ្នកសម្របសម្រួលសមាគមអាដហុក ខេត្តកំពង់ចាម លោក នាង សុវ៉ាត មានប្រសាសន៍ថា ដីព្រៃសហគមន៍នេះមានចុះហត្ថលេខាពីគ្រប់ស្ថាប័នពាក់ព័ន្ធមានទាំងប្លង់ និងត្រាពីក្រសួងកសិកម្មមកទៀតផង។ យ៉ាងណាក៏ដោយ លោកថា បើតាមច្បាប់ទាំងឈ្មួញអ្នកមានអំណាចអ្នកមានលុយ និងប្រជាពលរដ្ឋ គឺសុទ្ធតែមិនអាចមកទន្ទ្រានយកដីព្រៃសហគមន៍នេះមកធ្វើជាកម្មសិទ្ធិបានទេ។
អ្នកភូមិបានអះអាងថា ពួកគាត់នឹងបន្តដាក់ពាក្យប្ដឹងមកស្ថាប័នពាក់ព័ន្ធនៅរាជធានីភ្នំពេញទៀត រហូតដល់មានដំណោះស្រាយ៕
No comments:
Post a Comment
yes