មន្ត្រីអនុរក្សពន្ធនាគារ និងលោកគ្រូអ្នកគ្រូជាច្រើននាក់ នៅខេត្តពោធិ៍សាត់ បានតវ៉ាថា ប្រាក់ខែពួកគាត់បើកយឺតខុសប្រក្រតី ដោយមិនដឹងមូលហេតុ។
មន្ត្រីអនុរក្សមណ្ឌលអប់រំកែប្រែទី៤ ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ មីនា ថា គិតរហូតមកដល់ថ្ងៃនេះ គឺជាង ៧០ថ្ងៃហើយ គាត់នៅមិនទាន់បានបើកប្រាក់ខែម្ដងណានៅឡើយ។ មន្ត្រីអនុរក្សពន្ធនាគាររូបនេះបន្តថា ប្រាក់ខែតិចតួច ហើយមានការយឺតយ៉ាវទៀត ធ្វើឲ្យជីវភាពរស់នៅគ្រួសារគាត់ ជួបការលំបាកយ៉ាងខ្លាំង៖ «តាំងពីមន្ត្រីចាស់ និងមន្ត្រីថ្មីទាំងអស់ ដល់ថ្ងៃនេះ គឺ២ខែ ១០ថ្ងៃហើយ អត់ទាន់បានបើកប្រាក់ខែទេ។ មិនដឹងជារាជរដ្ឋាភិបាលគិតយ៉ាងម៉េច។អ៊ីចឹងហើយ ទើបខ្ញុំចង់ឲ្យលោកគ្រូជួយផ្សព្វផ្សាយរឿងនេះឲ្យថ្នាក់លើដឹងផង»។
ចំណែកគ្រូបង្រៀនវិញ ក៏បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា រហូតដល់ថ្ងៃនេះ ពោលគឺជាង ៤០ថ្ងៃហើយ ប្រាក់ខែគ្រូបង្រៀនក្នុងខេត្តពោធិ៍សាត់ នៅមិនទាន់បានបើកនៅឡើយ។
គ្រូបង្រៀននៅសាលាបឋមសិក្សាសំរោង ស្រុកភ្នំក្រវាញ អ្នកគ្រូ ប្រាង ចំណាន បានឲ្យដឹងថា គ្រួសារគាត់ផ្ញើក្តីសង្ឃឹមតែលើប្រាក់ខែ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។ តែឥឡូវ រហូតដល់ថ្ងៃនេះហើយ ប្រាក់ខែសម្រាប់ខែកុម្ភៈ នៅពុំទាន់បើកបាននៅឡើយ។
អ្នកគ្រូបន្តថា គាត់ត្រូវទៅខ្ចីបុលប្រាក់អ្នកជិតខាងជាបណ្ដោះអាសន្ន ដើម្បីទិញអង្ករ។ ឯអ្នកគ្រូខ្លះទៀតបានដាច់ចិត្តប្រព្រឹត្តអំពើមិនគប្បីចំពោះសិស្ស ដូចជាបង្ខំឲ្យសិស្សជួយទិញនំចំណីដែលខ្លួនបានលក់៖ «ខ្ញុំសុំអំពាវនាវដល់រាជរដ្ឋាភិបាល ក៏ដូចជាលោករដ្ឋមន្ត្រីក្រសួងអប់រំ និងលោកនាយករដ្ឋមន្ត្រី តើគាត់បានដឹងទេថាគ្រូបង្រៀនរបស់គាត់កំពុងជួបការលំបាក។ ប្រាក់ខែ ៣០ម៉ឺនរៀលក្នុងមួយខែ ហើយ ១ខែមានដល់ទៅ ៤០ថ្ងៃ បើយកទៅចែកមើល តើមួយថ្ងៃគ្រូម្នាក់ៗបានប៉ុន្មានពាន់រៀល ហើយគាត់មិនឲ្យទៀត។ តើគាត់គិតយ៉ាងណា»។
ប្រធានពន្ធនាគារ ម៤ លោក យន់ ពៅ មានប្រសាសន៍ថា បញ្ហានេះបានហួសពីលទ្ធភាពដោះស្រាយរបស់លោក។ តែលោកអះអាងថា តាមលោកដឹង គឺប្រាក់ខែនេះនឹងធ្លាក់មកក្នុងពេលដ៏ឆាប់ខាងមុខនេះ៖ «បាទ! រឿងប្រាក់ខែនេះ ខ្ញុំមិនដឹងថាត្រូវធ្វើម៉េចទេ ស្រេចតែខាងលើទេ ខ្ញុំមិនមានលទ្ធភាពដោះស្រាយទេ។ តែបើតាមខ្ញុំដឹងថា ស្អែកអីបានហើយប្រាក់ខែ»។
ដូចគ្នានេះដែរ ប្រធានមន្ទីរអប់រំខេត្តពោធិ៍សាត់ លោក សួង សុភី សំណូមពរឲ្យលោកគ្រូអ្នកគ្រូ បន្តការអត់ធ្មត់រង់ចាំ។ លោកថា ប្រាក់បៀវត្សសម្រាប់ខែកុម្ភៈ អាចនឹងបើកជូននៅដើមសប្ដាហ៍ខាងមុខនេះ។
ទាក់ទងបញ្ហាប្រាក់ខែយឺតនេះ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ សុខា មានប្រសាសន៍ថា សាលាខេត្តបានចុះហត្ថលេខា និងបញ្ជូនបែបបទទាក់ទងនឹងបញ្ហាប្រាក់បៀវត្សមន្ត្រីរាជការក្នុងខេត្តយ៉ាងទៀងទាត់ ពុំដែលមានរអាក់រអួលខែណាទេ។ លោកសន្យាថានឹងពិនិត្យមើល និងដោះស្រាយបញ្ហានេះឲ្យបានឆាប់បំផុត៖ «ខ្ញុំមិនទាន់បានសួរពីបញ្ហានេះទេ។ ប៉ុន្តែខ្ញុំបានឲ្យមន្ត្រីជំនាញគេរៀបចំរួចរាល់អស់ហើយ។ ចំពោះបញ្ហាថវិកានោះ ចាំខ្ញុំសួរបញ្ជាក់ទៅមន្ត្រីជំនាញសិន»។
អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី មានប្រសាសន៍ថា បច្ចុប្បន្ន មន្ត្រីរាជការតូចតាចកំពុងប្រឈមយ៉ាងខ្លាំងក្នុងជីវភាព ដោយសារតែប្រាក់បៀវត្សទាប ហើយបើកមិនបានទៀងពេលទៀត ធ្វើឲ្យការរស់នៅរបស់ពួកគេមានគម្លាតឆ្ងាយពីភាពសមរម្យ សម្រាប់ជីវភាពរស់នៅក្នុងសង្គមនាពេលបច្ចុប្បន្ន។ បញ្ហានេះបានធ្វើឲ្យគុណភាពការងារនានាក្នុងសង្គមមានការធ្លាក់ចុះ៕
No comments:
Post a Comment
yes