សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 28, 2013

សំណង់​ខ្នាត​តូច​ចាប់​ផ្តើម​លើ​ទីតាំង​បណ្តេញ​ចេញ

130328_06a
គ្រឿង​ចក្រ​​ក្រុម​ហ៊ុន 7NG កាយ​រំលំ​​ផ្ទះ​ប្រជា​ពល​រដ្ឋ​សហ​គមន៍​ដី​ក្រហមកាល​​ពី​ឆ្នាំ ២០០៩​​
ជាង​៤​ឆ្នាំ ហើយ ​អតីត​តំបន់​ដី​ក្រហម​មិន​មាន​ការ​អភិវឌ្ឍ​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម ទំនើប​ ដូច​ការ​អះ​អាង​រប​ស់​ក្រុម​ហ៊ុន 7NG ​ឡើយ​។ សង្គម​ស៊ីវិល​បាន​ហៅ​សកម្មភាព​បណ្តេញ​ចេញ​នេះ​ថា ជា​ការ​បំផ្លាញ​អ្នក​ក្រ ដើម្បី​យក​ដី​លក់​ឲ្យ​អ្នក​ដែល​ហ៊ាន​ថ្លៃ​ខ្ពស់​
ភ្នំពេញៈ មាន​រយៈ​ពេល​ជាង ៤ ឆ្នាំ​មក​ហើយ​បន្ទាប់​ពី​ការ​បណ្តេញ​ប្រជាជន​ប្រហែល ៨០០ គ្រួសារ​ ដោយ​បង្ខំ​ចេញ​ពី​សហគមន៍​ដី​ក្រហម ក្នុង​សង្កាត់​ទន្លេ​បាសាក់ សំណង់​ខ្នាត​តូច ទី​បំផុត​បាន​ចាប់​ផ្តើម​នៅ​លើ​តំបន់​នេះ។
ការ​ បណ្តេញ​ចេញ​ដោយ​ហិង្សា ​នៅ​សហគមន៍​ដី​ក្រហម កាល​ពី​ជាង​៤ ឆ្នាំ​មុន​នេះ គឺ​ជា​ករណី​មួយ ក្នុង​ចំណោមករណី​នៃ​ការ​បណ្តេញ​ចេញ​ជាច្រើន​ផ្សេង​ទៀត ដែល​ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​ហៅ​ថា «​ជា​ការ​បណ្តេញ​អ្នក​ក្រ​ចេញ ដើម្បី​យក​ដី​ឲ្យ​អ្នក​មាន» ឬ «​ជា​ការ​អភិវឌ្ឍ​ដែល​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទឹក​ភ្នែក​»។
កាល​ពី​ខែ​ មុន គ្រោង​ហាង​ដុត​សាច់ និង​ហាង​ផឹក​ស៊ី​ បាន​លេច​ចេញ​ជា​រូប​រាង​នៅ​ផ្នែក​ខាង​កើត​នៃ​សហគមន៍​ដី​ក្រហម ចំណែក​ឯ​នៅ​ផ្នែក​ខាង​ត្បូង​វិញ ដែល​បាន​លក់​ឲ្យ​ក្រុមហ៊ុន​មួយ​ទៀត គឺ​កំពុង​ចាក់​គ្រឹះ​សាងសង់​អាហារ​ដ្ឋាន ស៊ូ ស៊ូគីស៊ុប។
សកម្មជន​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ប៉ុន្តែ នេះ​ពុំ​មែន​លេច​ចេញ​នូវ​សំណង់​ច្រើន​ទេ​ បើ​គិត​អំពី​ពេលវេលា​កន្លង​ផុត ចាប់​តាំង​ពី​ពេល​បណ្តេញ​ប្រជាជន​ចេញ​ពី​ផ្ទៃ​ដី​ទំហំ ៣,៧ ហិកតា​នេះ កាល​ពី​ខែ​មករា ឆ្នាំ​២០០៩ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ដល់​ក្រុមហ៊ុន7NG ដែល​ធ្លាប់​សន្យា​ធ្វើ​ការ​អភិវឌ្ឍ​ទំហំ​ធំ​នៅ​កន្លែង​នេះ។
លោក ស្រី សុធា ប្រធាន​ក្រុមហ៊ុន 7NG បាន​ថ្លែង​កាល​ពី​ឆ្នាំ ២០០៩ ថា ក្រុមហ៊ុន​មាន​ផែន​ការ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ទំនើប​ក្នុង​នោះ​មាន​សណ្ឋាគារ និង​ផ្សារ​ទំនើប» នៅ​ដី​ក្រហម​។
ប៉ុន្តែ ខណៈ​ពេល​គ្រួសារ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​កំពុង​តែ​តស៊ូ​ចិញ្ចឹម​ជីវិត របស់​ពួក​គេ​យ៉ាង​ត្រដាប​ត្រដួស​នៅ​កន្លែង​ផ្សេង​ទៀត ដី​ភាគ​ច្រើន​ដែល​ក្រុមហ៊ុន 7NG បាន​សន្យា​ធ្វើ​ការ​អភិវឌ្ឍ​នោះគឺ​នៅ​ទំនេរ ហើយ​ម្ចាស់​ទីតាំង ដែល​នឹង​មាន​ហាង​ស៊ុប​នោះ បាន​ថ្លែង​ថា លោក​កំពុង​តែ​ចង់​ជួល​ក្បាល​ដី​នៅ​សល់​។

ម្ចាស់​ដី ម្នាក់​នោះ​ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​ខ្លួន ឬ​ឈ្មោះ​ក្រុមហ៊ុន បាន​ថ្លែង​ថា៖ «ហាង​ស៊ូគី ស៊ុប ទើប​តែ​ជួល​ដី​មួយ​ផ្នែក​ពី​ខ្ញុំ​។ នៅ​តែ​មាន​ដី​ទំនេរ​សម្រាប់​ជួល​»។ លោក​បាន​បន្ថែម​ថា៖ ​«យើង​ជួល​ដី តម្លៃ​៤ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ ក្នុង​មួយ​ខែ​»។ លោក​បាន​បន្ថែម​ថា លោក​បាន​ទិញ​ដី​ពី​ក្រុម​ហ៊ុន 7NG ​កាល​ពី ២ឬ​៣ឆ្នាំ​មុន។ លោក​បាន​បញ្ជាក់​ថា ​កម្មករ​ទើប​តែ​ចាក់​គ្រឹះ​នៅ​ទី​តាំង​ ដែល​គេ​អាច​មើល​ឃើញ​ដុំ​ថ្ម​ធំ​ៗ និង​ម៉ាស៊ីន​។​
និយោជិត​ម្នាក់​ នៅ​ក្រុម​ហ៊ុន CKL Construction ដែល​ជួល​ឲ្យ​សាង​សង់​ភោជនីយដ្ឋាន បាន​ថ្លែង​ថា អគារ​ដែល​ត្រូវ​សង់​នឹង​មាន​៣​ជាន់ ហើយ​អាច​បម្រើ​ភ្ញៀវ​បាន​១០០០ នាក់។
អ្នក​គ្រប់គ្រង​ហាង​ ស៊ូ ស៊ូគីស៊ុប​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ក្រុមហ៊ុន​របស់​លោក​កំពុង​គិត​អំពី​ការ​សាង​សង់​នៅ​កន្លែង​នោះ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា លោក​មិន​ដឹង​ទេ​ថា​តើ​ ពេល​ណា​គម្រោង​នឹង​ត្រូវ​បញ្ចប់​នោះ​ឡើយ​។
បុគ្គលិក​នៅ​ការិយាល័យ 7NG នៅ​កន្លែង​បណ្តេញ​ចេញ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ពួក​គេ​ជឿ​ជាក់​ថា ដី​ជាប់​ការិយាល័យ​របស់​ពួក​គេ បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដទៃ​ទៀត​ហើយ ប៉ុន្តែ​ពួក​គេ​មិន​អាច​និយាយ​ថា តើ​ពេល​ណា​លក់​ឬ​លក់​ក្នុង​តម្លៃ​ប៉ុន្មាន​ឡើយ​។ ទន្ទឹម​នឹង​នេះ នៅ​លើ​ដី​ភាគ​ខាង​កើត ស្រ្តី​កម្មករ​ម្នាក់ បាន​ថ្លែង​ថា អ្នក​ស្រី ត្រូវ​បាន​គេ​ជួល​ឲ្យ​មក​ចម្អិន​អាហារ​ សម្រាប់​បុរស​រាប់​សិប​នាក់ ដែល​កំពុង​សាង​សង់​ភោជនីយដ្ឋាន​មួយ ​ហៅ​ថា B+P BBQ ​ដែល​នឹង​បើក​ទ្វារ​នៅ​ខាង​ក្រោយ។​ អ្នក​ស្រី​បន្ត​ថា ហាង​ផឹក​ស៊ី​ក្បែរ​នោះ ហៅ​ថា ​ផ្ទះ​តាទេព ក៏​នឹង​បើក​ទ្វារ​ក្នុង​ពេល​ឆាប់ៗ​ផង​ដែរ​។ ការ​ហៅ​​ទូរស័ព្ទ​ទៅ​ម្ចាស់​ភោជនីយដ្ឋាន ពុំ​ទទួល​បាន​ការ​ឆ្លើយ​តប​ឡើយ។
ចុង​ភៅ​នោះ​ បាន​ថ្លែង​ថា អ្នក​ស្រី​ជឿ​ជាក់​ថា ម្ចាស់​ហាង​សាច់​អាំង ជួល​ដី​ពី​ក្រុមហ៊ុន 7NG ​ក្នុង​តម្លៃ​៣ដុល្លារ​ ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ក្នុង​មួយ​ខែ។ អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា៖​«​ខ្ញុំ​បាន​ឮ​ថា ដី​ទិញ​មួយ​ម៉ែត្រ​ការ៉េ​តម្លៃ​៤០០០ ដុល្លារ​»។ អ្នក​ស្រី​បន្ថែម​ថា៖ «​ខ្ញុំ​អាណិត​អ្នក​ដី​ក្រហម។ ប៉ុន្តែ​ក្នុង​សង្គម​នេះ អ្នក​មាន និង​អ្នក​មាន​អំណាច​តែង​តែ​ឈ្នះ​លើ​អ្នក​ក្រ»។
លោក David Pred នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ ស្ពាន​គ្មាន​ព្រំ​ដែន​បាន​ថ្លែង​ថា៖ «​នេះ​ជា​ករណី​ដណ្តើម​កាន់​កាប់​ដី​ដើម្បី​លក់​យក​ចំណេញ​»។ លោក​បាន​បន្ត​ថា៖ «​គេ​ជីកឫស និង​បំផ្លាញ​ជីវិត​ប្រជាជន​រាប់​រយ​គ្រួសារ ហើយ​ដើម្បី​អ្វី​? ​គ្មាន​អ្វី​ទេ​ គឺ​ដើម្បី​លក់​ដី​ទៅ​ឲ្យ​អ្នក​ដែល​ហ៊ាន​ថ្លៃ​ខ្ពស់។ វា​គួរ​ឲ្យ​ស្អប់​ខ្ពើម​»។
លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​និង​លោក អៀង វុទ្ធី នៃ​អង្គការ​សមភាព​កម្ពុជា​ក៏​បាន​យល់​ស្រប​ដូច​លោក David Pred ផង​ដែរ ហើយ​ពួក​គេ​បាន​បន្ថែម​ថា ការ​អភិវឌ្ឍ​ប្រភេទ​នេះ ​មិន​មែន​កំពុង​ជួយ​សេដ្ឋកិច្ច​កម្ពុជា​ទេ។ ​លោក ភារម្យ បាន​បន្ថែម​ថា៖ «ការ​អភិវឌ្ឍ​គ្មាន​តម្លាភាព គ្មាន​គណនេយ្យភាព ដូច្នេះ នោះ​ជា​មូល​ហេតុ​ដែល​អ្នក​វិនិយោគ​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​វិនិយោគ នៅ​កម្ពុជា​»។
លោក វុទ្ធី បាន​បញ្ជាក់​ថា៖ «​គេ​និយាយ​ថា គេ​នឹង​ប្រើ​ដី​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ឬ​នាំ​ភ្ញៀវ​ទេសចរ ឬ​ជួយ​សេដ្ឋកិច្ច​កម្ពុជា​ ប៉ុន្តែ​យើង​ឃើញ​ថា កិច្ចការ​នោះ​មិន​កើត​ឡើង​ទេ​ ហើយ​យើង​ឃើញ​អ្នក​វិនិយោគ មិន​ចាប់​អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​ទ្រព្យ​នេះ​ទេ​»។ ទោះ​ជា​យ៉ាង​ណា លោក​បាន​កត់​សម្គាល់​ថា បុគ្គលិក​ក្រុមហ៊ុន​7NG ​បាន​ប្រាប់​លោក​ថា ដី​ខ្លះ​ត្រូវ​បាន​ទិញ​ដោយ​ឧកញ៉ា គិត​ ម៉េង។ លោក​បន្ត​ថា​ ការ​រិះគន់​កាន់​តែ​ខ្លាំង​ជាង​មុន ចំពោះ​ការ​បណ្តេញ​ប្រជាជន​នៅ​សហគមន៍​ដី​ក្រហម ទំនង​ជា​បន្ទច់​បង្អាក់​ដល់​វិនិយោគិន។
លោក​បន្ត​ថា​៖ «ពាណិជ្ជករ ក៏​គិត​ផង​ដែរ​ អំពី​កិត្តិ​យស​របស់​ខ្លួន​ ហើយ​សហគមន៍​ដី​ក្រហម ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​រំឭក​ដល់​ការ​ប្រើ​អំពើ​ហិង្សា​បណ្តេញ​ពួក​គេ​ចេញ​ពី​លំនៅឋាន និង​ដើម្បី​បង្ហាញ​ឲ្យ​មជ្ឈដ្ឋាន​ផ្សេងៗ​យល់​ដឹង​អំពី​ករណី​នោះ​។ ​អ្នក​រាល់​គ្នា​ដឹង​អំពី​ករណី​នេះ»។
លោក​បន្ត​ថា ​ការ​ខ្វះ​ចំណាប់​អារម្មណ៍​គឺជា​ហេតុផល​ដែល​អាច​ពន្យល់​អំពី មូលហេតុ ដែល​កន្លែង​នេះ​នៅ​តែ​មាន​ភាព​ទទេ អស់​រយៈ​ពេល​ជាង​បួន​ឆ្នាំ​។ លោក​អៀង វុទ្ធី គូស​បញ្ជាក់​ទៀត​​ថា​ ​ការ​អភិវឌ្ឍ​ទ្រង់​ទ្រាយ​តូច​បច្ចុប្បន្ន​​គឺ​គ្រាន់​តែ​ដើម្បី​​ចៀស​ពី​ ការ​រិះគន់​ប៉ុណ្ណោះ​។
ទន្ទឹម​នេះ​ លោក សៀ ភារម្យ ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន បាន​ថ្លែង​ថា អតីត​ប្រជាជន​ដី​ក្រហម​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ នៅ​កំពុង​ទទួល​រង​ការ​ឈឺចាប់​នៅ​ឡើយ​ពី​ការ​បាត់​បង់​ផ្ទះ​ និង​ជីវភាព​រស់​នៅ​របស់​ពួក​គេ​ ហើយ​ភាគ​ច្រើន​ក្នុង​ចំណោម​ពួក​គេ​បាន ​ត្រឡប់​មក​ជួល​ផ្ទះ​គេ​រស់នៅ​ក្នុង​ទីក្រុង​វិញ​ដោយ​ចាក​ចេញ​ពី​តំបន់ បញ្ជូន​ទៅ​តាំង​ទីលំនៅ​ថ្មី​ក្នុង​ខេត្ត​កណ្តាល ដែល​មាន​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។
លោក ចាន់ វិចិត្រ​ ជា​សមាជិក​ម្នាក់​ ដែល​ទទួល​រងគ្រោះ ដោយ​សារ​ការ​បណ្តេញ​ចេញ​ពី​​សហគមន៍​ដី ក្រហម​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា លោក​មិនមាន​ការ​ភ្ញាក់ផ្អើល​ទេ ដែល​ដី​លោក​ធ្លាប់​រស់នៅ​ត្រូវ​បាន​គេ​ពុះ​លក់ និង​ជួល​សម្រាប់​ពាណិជ្ជកម្ម​តូចៗ បើ​ទោះ​បី​ជា​ការ​អះអាង​របស់​ក្រុមហ៊ុន 7NG ​ពី​មុន​ការ​បណ្តេញ​ចេញ​នោះ​ថា ខ្លួន​នឹង​សាងសង់​អគារ​កម្ពស់​៥២​ ជាន់​ក៏​ដោយ។
លោក​បន្ត​ថា​៖ «ខ្ញុំ​មិន​ដឹង​ទេ​ថា ក្រុម​ហ៊ុន 7NG ​លក់​វា​ទៅ​ឲ្យ​អ្នក​ណា​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​សូម​ប្រាប់​ពួក​គេ​ថា វា​នៅ​តែ​ជា​ដី​មាន​ជម្លោះ​។ វា​ជា​ដី​ពោរ​ពេញ​ទៅ​ដោយ​ទឹក​ភ្នែក ដី​នៃ​ការ​ឈឺ​ចាប់​របស់​ប្រជាជន»។ លោក​បន្ត​ថា​៖ «យើង​គិត​ថា ​ថ្ងៃ​ណា​មួយ​ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ យើង​នឹង​ទទួល​បាន​ដី​នោះ​ត្រឡប់​មក​វិញ​»។
អ្នក​គ្រប់គ្រង​ហាង ស៊ូ ស៊ូគីស៊ុប បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ​អំពី​បញ្ហា​នៃ​ការ​សាងសង់​អគារ លើ​ដី​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​បង្ខំ​នោះ​ទេ។
លោក​ឡៅ ទិព្វសីហា អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​សំណង់ នៅ​ក្រសួង​ដែន​ដី​នគរូបនីយកម្ម និង សំណង់ និង​លោក​បេងហុង​សុជាតិ​ខេមរ៉ូ អ្នក​នាំ​ពាក្យ​ក្រសួង​នេះ បាន​បង្វែរ​សំណួរ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ទៅ​អាជ្ញាធរ​មូលដ្ឋាន។ យ៉ាង​ណា​ក្តី​លោក​ឡូ យុយ អភិបាល​ខណ្ឌ​ចំការ​មន បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ។
អ្នក​នាំ​ពាក្យ​សាលា​រាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ​បាន​ថ្លែង​ថា លោក​មិន​ដឹង​ច្បាស់​ទេ​ អំពី​ស្ថានភាព​ពាក់ព័ន្ធ​នឹង​ដី​ដែល​ជា​អតីត​សហគមន៍​ដី​ក្រហម។ លោក​បន្ថែម​ថា ក្រុង​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​ដាក់​ផែនការ​មេ​សម្រាប់​ការ​អភិវឌ្ឍ តំបន់​នោះ​ប៉ុន្តែ​ក្រុមហ៊ុន 7NG ​មិន​បាន​ដាក់​ផែន​ការ​ណា​មួយ​បែប​នេះ​ទេ៕ 

1 comment:

yes