សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 28, 2013

កម្មករ​មិន​រំភើប​នឹង​ការ​ដំឡើង​ប្រាក់​ខែ

130328_11
ទិដ្ឋភាព​ធ្វើការនៅក្នុងរោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយនៅ​ភ្នំពេញ​នា​ពេលកន្លង​មក
ភ្នំពេញៈ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រកាស​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​៧៥​ដុល្លារ​ក្នុង​មួយ​ខែ​ដល់​កម្មករ​កាត់​ដេរ​និង​កម្មករ​រោងចក្រ​ស្បែក​ជើង​កម្មករ​ទាំង​នោះ​មិន​រំភើប​ទេ ដោយ​សារ​តែ​វា​នៅ​តែ​ក្រោម​ការ​ទាម​ទារ​របស់​ពួក​គេ​ចង់​បាន​ប្រាក់​ខែ​អប្បបរមា​១០០​ដុល្លារ ហើយ​ថា​នឹង​បន្ត​ទាម​ទារ​បន្ត​ទៀត។
នៅ​មុខ​បន្ទប់​ជួល​តូច​មួយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រោងចក្រ​ដែល​ពួក​គេ​ធ្វើ​ការ​ស្ថិត​ក្នុង​ខណ្ឌ​មាន​ជ័យ​សង្កាត់​ចាក់​អង្រែ​ក្រោម​កម្មករ​មួយ​ក្រុម​មាន​គ្នា​៥​នាក់​កំពុង​ចម្អិន​អាហារ​ថ្ងៃ​ត្រង់​ក្រោយ​ពី​បាន​បញ្ចប់​ការ​ងារ​របស់​ខ្លួន​។
អង្គុយ​លើ​គ្រែ​ឫស្សី​តូច​មួយ​នៅ​មុខ​បន្ទប់​នោះ​កម្មការិនី ស្រី អូន អាយុ​៣៨ឆ្នាំ​និយាយ​ថា​នាង​ទើប​តែ​ទទួល​បាន​ដំណឹង​អំពី​ប្រាក់​ខែ​ថ្មី​នេះ​។ ប៉ុន្តែ​កម្មការិនី​រូប​នេះ​មិន​បាន​បង្ហាញ​ពី​ការ​ភ្ញាក់​ផ្អើល​អ្វី​ឡើយ៖ «សម្រាប់​ខ្ញុំ​វា​នៅ​តែ​មាន​ចំនួន​តិច​ពី​ព្រោះ​កម្មករ​ទាំង​អស់​ត្រូវ​ការ​ចំណាយ​ច្រើន​លើ​អាហារ​ថ្លៃ​ទឹក អគ្គិសនី និង​ថ្លៃ​ជួល​ផ្ទះ​។​វា​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ហើយ​ខ្ញុំ​គិត​ថា​១០០​ដុល្លារ​គឺ​សមរម្យ​សម្រាប់​ពួក​យើង»។ ស្រី​អូន​ធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​អស់​រយៈ​ពេល​៧​ឆ្នាំ​ហើយ​មក​ដល់​ពេល​នេះ។

បន្ទាប់​ពី​អាហារ​ថ្ងៃ​ត្រង់​រួច​ពួក​គេ​ប្រញាប់​ប្រញាល់​ដើម្បី​ទៅ​ធ្វើ​ការ​វិញ​នៅ​ម៉ោង​១​កន្លះ​។
កម្មករ ម្នាក់​ទៀត​គឺ ខាត់ ចាន់​ណាត​។ មាន​អាយុ​៤០​ឆ្នាំ​ទៅ​ហើយ​នោះ ចាន់ណាត​ធ្វើ​ការ​នៅ​រោងចក្រ​អស់​រយៈ​ពេល​១០​ឆ្នាំ​ហើយ​ដែល​មាន​ស្រុក​កំណើត​ជា​អ្នក​ខេត្ត​កំពត។
ចាន់​ណាត​និយាយ​ថា​រូប​គេ​មាន​អារម្មណ៍​ធុញ​ថប់​ក្នុង​ការ​ធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​ប៉ុន្តែ​គ្មាន​ជម្រើស។ កម្មការិនី​រូប​នេះ​ត្អូញត្អែរ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ធុញ​ទ្រាន់​ប៉ុន្តែ​ខ្ញុំ​មិន​មាន​ជម្រើស ខ្ញុំ​ចង់​រក​ការ​ងារ​ថ្មី​ក្រៅ​ពី​ធ្វើ​ជា​កម្មករ​រោងចក្រ​ខ្ញុំ​ចង់​មាន​របរ​ផ្ទាល់​ខ្លួន​នៅ​ឯ​ស្រុក​កំណើត​ដែរ​ប៉ុន្តែ​ខ្ញុំ​អត់​មាន​លុយ​ខ្ញុំ​មិន​ដឹង​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ទេ​មាន​តែ​បន្ត​ធ្វើ​ការ​រោងចក្រ​បន្ត​ទៀត»។
មិន​ខុស​ពី​កម្មករ​ដទៃ​ទៀត​ទេ ចាន់ណាត​ត្រូវ​តែ​ផ្ញើ​ប្រាក់​ទៅ​ឲ្យ​គ្រួសារ​នៅ​ខេត្ត​រៀង​រាល់​ខែ​។ ចាន់​ណាត បន្ថែម​ថា​៖ «ខ្ញុំ​បាន​ផ្ញើ​ប្រាក់​មួយ​ចំនួន​ទៅ​ឲ្យ​ម្ដាយ​ជា​រៀង​រាល់​ខែ​ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ចំនួន​តិច​តួច​ប៉ុណ្ណោះ​។ ជួន​កាល​ដប់​ម៉ឺន​រៀល​ជួន​កាល​ម្ភៃ​ម៉ឺន​រៀល​ក៏​មាន​»។
ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​នេះ​ត្រូវ​បាន​ដំឡើង​ពី​៦១​ដុល្លារ​ទៅ​ដល់​៧៥​ដុល្លារ​បូក​នឹង​ប្រាក់​ទ្រ​ទ្រង់​សុខភាព​៥​ដុល្លារ​ដូច្នេះ​កម្មករ​បាន​៨០​ដុល្លារ​ក្នុង​មួយ​ខែ​។
ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កិច្ច​ចរចា​ក្នុង​ពេល​ថ្មីៗ រវាង​សហជីព​និង​និយោជក​។
លោក វ៉ាន់ ស៊ូអៀង​ជា​ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ថ្លែង​ថា​៖ «​យើង​គិត​ថា​វា​គឺ​ជា​ការ​សម​ស្រប​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ដោយ​សារ​តែ​តម្លៃ​សម្រាប់​ការ​រស់​នៅ​មាន​ការ​កែ​លម្អ​ហើយ​យើង​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ថែម​ទៀត​ហើយ​វា​គឺ​ជា​ការ​ចរចា​រវាង​សហភាព​ពាណិជ្ជកម្ម​និង​និយោជិក​មិន​មែន​រដ្ឋាភិបាល​»។​លោក​លើក​ឧទាហរណ៍​នៅ​ឥណ្ឌូនេស៊ី ដែល​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ជាប់​ពាក់​ព័ន្ធ​នឹង​ប្រយោជន៍​នយោបាយ​ហើយ​ថា​រដ្ឋាភិបាល​មិន​គួរ​យក​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ​ជា​ល្បែង​នយោបាយ​ឡើយ។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​កាល​ពី​សប្តាហ៍​មុន​បាន​បញ្ជាក់​ថា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្ថែម​២​ដុល្លារ​ទៅ​ក្នុង​ប្រាក់​ឈ្នួល​នេះ​។
សម្ព័ន្ធ​ប្រាក់​ឈ្នួល​អាស៊ី (Asia Floor Wage Alliance) ជា​ក្រុម​បង្កើត​ជា​សហជីព​ធ្វើ​យុទ្ធនាការ​ទាម​ទារ​សម្រាប់​ការ​ចំណាយ​សមរម្យ​ក្នុង​តំបន់​អាស៊ី​គិត​ថា​ប្រាក់​ខែ​ជិត​៣០០​ដុល្លារ​ក្នុង​មួយ​ខែ​ទើប​ជា​ប្រាក់​ដែល​អាច​រស់​បាន​សម្រាប់​កម្មករ​ជា​មធ្យម​។
សហជីព​កម្មករ​បាន​សន្យា​ថា​នឹង​បន្ត​តវ៉ា​រហូត​ការ​ទាម​ទារ​១០០​ដុល្លារ​ក្នុង​មួយ​ខែ​។
លោក រ៉ុង ឈុន ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ថ្លែង​ថា​៖ «ប្រសិន​បើ​យើង​មិន​អាច​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​នេះ​ទេ​ជម្រើស​ចុង​ក្រោយ​គឺ​ត្រូវ​ធ្វើ​បាតុកម្ម​អហិង្សា​។ ប្រហែល​ជា​ក្នុង​ខែ​ឧសភា​មុន​ការ​បោះ​ឆ្នោត​»។
បញ្ហា​ប្រាក់​ឈ្នួល​កម្មករ​គឺជា​បញ្ហា​រសើប​សម្រាប់​គណបក្ស​នយោបាយ​។ គណបក្ស​ប្រឆាំង​បាន​សន្យា​រួច​ហើយ​ថា​កម្មករ​កាត់​ដេរ​នឹង​ទទួល​ប្រាក់​ខែ​អប្បបរមា​១៥០​ដុល្លារ​ក្នុង​មួយ​ខែ​។
ឧស្សាហកម្ម​វាយនភ័ណ្ឌ​គឺ​ជា​វិស័យ​ផ្ដល់​ការ​ងារ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​និង​ជា​ការ​នាំ​ចេញ​ដ៏​សំខាន់​របស់​ប្រទេស​ដែល​មាន​ជាង​៣០០ រោងចក្រ​និង​កម្មករ​ជាង​៤​សែន​នាក់​។
លោក វ៉ាន់ ស៊ូអៀង បាន​ឲ្យ​ដឹង​ថា​ឧស្សាហកម្ម​នេះ​អាច​ប្រឈម​ការ​ខាត​បង់​យ៉ាង​ធ្ងន់​ធ្ងរ​បន្ទាប់​ពី​ការ​ធ្វើ​កូដកម្ម​។
លោក​ថ្លែង​ថា៖ «​នៅ​ឥណ្ឌូនេស៊ី​យើង​ឃើញ​ថា​ប្រាក់​ខែ​អប្បបរមា​បង្កើន​ផល​ប្រយោជន៍​នយោបាយ។
តើ​ឥរិយាបថ​របស់​វិស័យ​ឯកជន​យ៉ាង​ម៉េច​ដែរ? តើ​មាន​រោងចក្រ​ប៉ុន្មាន​ត្រូវ​បាន​បិទ​ទ្វារ និង​ប៉ុន្មាន​មាន​បំណង​បិទ​ទ្វារ?​តើ​មាន​រោងចក្រ​និង​សហគ្រាស​ប៉ុន្មាន​ដែល​ព្រម​ទៅ​តាម​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​នេះ​?»។
រដ្ឋាភិបាល​ក៏​បាន​សន្យា​បង្កើត​ក្រុម​ការងារ​ដែល​មាន​តំណាង​មក​ពី​រោងចក្រ ក្រសួង និង​សហជីព​ផង​ដែរ​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ឆ្នាំ​។
លោក រ៉ុង ឈុន បាន​លើក​ឡើង​ថា​ការ​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ​នឹង​ជួយ​ទប់​ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​។
លោក​បន្ត​ថា៖ «​ដំឡើង​ប្រាក់​ខែ​សមរម្យ​ដល់​កម្មករ​នឹង​ធ្វើ​ឲ្យ​រោងចក្រ​មាន​សន្តិភាព​កាត់​បន្ថយ​កូដកម្ម ហើយ​កម្មករ​មាន​កម្លាំង​គ្រប់​គ្រាន់​ក្នុង​ការ​បង្កើន​ផលិតភាព​រោងចក្រ រក្សា​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ជា​ជាង​ឲ្យ​ពួកគេ​ធ្វើ​ចំណាក​ស្រុក​ហើយ​ក៏​ទប់​ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​ផង​ដែរ​»។
ប្រាក់​ឈ្នួល​របស់​កម្មករ​កាត់​ដេរ​នៅ​កម្ពុជា​នៅ​មាន​កម្រិត​ទាប​ខ្លាំង​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​ដូច​ជា ថៃ​ដែល​មាន​ជាង​២០០​ដុល្លារ​ក្នុង​មួយ​ខែ។
កម្មការិនី​ស្រី អូន បាន​និយាយ​ថា រូប​គេ​គ្រោង​នឹង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​បើ​ប្រាក់​ខែ​នៅ​រោងចក្រ​នៅ​តែ​ទាប​ដូច្នេះ។
ស្រី អូន​បន្ត​ថា៖​«ខ្ញុំ​មាន​គម្រោង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ព្រោះ​គេ​ឲ្យ​ប្រាក់​ខែ​ខ្ពស់​និង​ផ្តល់​កន្លែង​ស្នាក់​នៅ​។ បើ​ប្រាក់​ខែ​នៅ​ស្រុក​ខ្មែរ​ច្រើន​ខ្ញុំ​មិន​ចង់​ចាក​ចេញ​ទេ​ព្រោះ​ខ្ញុំ​ចង់​នៅ​ក្បែរ​និង​ថែរក្សា​កូនៗ​របស់​ខ្ញុំ»៕ 

No comments:

Post a Comment

yes