សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 25, 2013

តើសោកនាដកម្មអ្នកភូមិ​​បឹង​​​កក់​និង​បុរី​កីឡាពេលណាបានចប់?​

130325_02
អ្នក​ភូមិ​បឹង​កក់​ តវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​តំណាង​របស់​ពួក​គេ​ នាពេល​កន្លង​មក​​
បញ្ហា​ដីធ្លី​ និងជម្រក​​នៅ​ស្រុក​ខ្មែរ​ នៅ​តែ​ជា​បញ្ហា​ដ៏​ក្តៅ​គគុក​ដដែល​។​ ភាព​ខុសគ្នា​រវាង​អ្នក​មាន​ដីធ្លី ​និង​អ្នក​ខ្លះ​រក​តែ​ដីមួយ​បង្គី​ក៏​មិន​បាន​ផង​ កុំថា​ឡើយ​ដល់​ដី​សង់​ផ្ទះ​។​ អ៊ីចឹង​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គាត់​​អណ្តែត​​ត្រសែត​ទៅ​តាម​យថាក​ម្ម​ទៅ ​យក​តែ​មួយ​រស់​ៗ​ទៅ​។ តើ​ហេតុអ្វី​បាន​ជា​ស្រុក​សាន្ត​ត្រាណហើយ​ប្រជា​ពលរដ្ឋ​នៅ​​តែ​ក្រតោក​​យាក​បែប​នេះ ​ដែល​រដ្ឋាភិបាល​មិន​មាន​ដំណោះ​ស្រាយ​យូរ​អង្វែង​សោះ​?
បើ​មើល​ទៅ​សកម្មភាព​តវ៉ា​ បាតុកម្ម​អំពី​បញ្ហា​ដីធ្លី​នេះ​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ ​ម្តង​នៅ​មុខ​ផ្ទះ​សម្តេច​តេជោ ​ម្តង​នៅ​មុខ​វិមាន​សន្តិភាព​ និង​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ ម្តង​នៅ​មុខ​រដ្ឋសភា ​ម្តង​នៅ​មុខ​តុលាកា​រ​ ម្តង​នៅ​មុខ​ក្រសួង​មហាផ្ទៃ ​ម្តង​នៅមុខ​ទូត​អាមេរិក​ ម្តង​នៅ​ខេត្ត​ជា​ដើម​ ​ជា​ទូទៅ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ដីធ្លី​ ធ្វើការ​តវ៉ា​សំណង​សម​រម្យ​ ឬក៏​សុំដី​ធ្លី​ដែល​ត្រូវ​គេ​រឹបអូស​យក​ទៅ​នោះ ​នោះ​គឺ​រឿង​​សោក​សៅ​មួយ​​របស់​​សង្គម​ ដែល​រ៉ាំរ៉ៃ​រាល់​ថ្ងៃ​។​​​

ប្រជាពលរដ្ឋ​ណា​ដែល​បាន​សំណង​ ឬក៏​បាន​ដីធ្លី​មកវិញ​ក៏សប្បាយ​ចិត្តទៅ​​ ហើយ​អ្នក​ដែល​មិន​បាន​នោះ​គឺ​នៅ​តែ​យំសោ​ក​បោក​ប្រាណ​ផង​ ដាក់​បណ្តា​សាផង​ ខ្លះ​ក៏​ត្រូវ​អាជ្ញាធរ​វាយ​ធ្វើ​បាប​ ខ្លះ​សន្លប់​ ខ្លះ​ស្លាប់​ក៏​មាន​។​ គឺ​ប្រៀប​ដូច​​ជា​សត្វ​ឆ្មា​ដេក​ នៅ​ជុំវិញ​ជើង​ក្រាន​បាយ​​រាល់​ថ្ងៃ​ដោយ​សង្ឃឹម​ថាតើ​ថ្ងៃ​ណា​​វា​បាន​យក​ខោអាវ​របស់​វា​ ដែល​យក​ទៅ​ផ្ញើនៅ​ក្នុង​ជើង​ក្រាន​នោះ​​។
ពេល​ណា​ចង់​បង្ក្រាប​អ្នក​តវ៉ា​គឺ​យក​អជ្ញាធរ​សណ្តាប់​ធ្នាប់​ នគរ​បាល​ និង​កងរាជ​អាវុធ​ហត្ថ​ តែ​ដល់​ពេល​មាន​ដំណោះ​ស្រាយ​ ហើយ​គឺ​មាន​ប្រមុខ​ថ្នាក់​ដឹក​នាំ ​និង​ឥស្សរជន​ជាន់​ខ្ពស់​។ ​គឺ​ចុះ​យក​មុខ​យក​មាត់​ធ្វើ​ប្រជាភិថុត​ មើល​ទៅ​ហាក់បី​ដូចជា​​ខំ​ប្រឹង​ជួយ​ប្រជាពលរដ្ឋ​សម្បើម​​ណាស់​​ ព្រោះ​ជិត​ដល់​ពេល​បោះឆ្នោត​ជាតិ​ហើយ ​ហើយ​មិន​ទាន់​បើក​សង្វៀន​ឲ្យ​ប្រយុទ្ធ​គ្នា​ផង​​អ្នក​នយោបាយ​​ចាប់​ផ្តើម​ឌឺដង​ដាក់គ្នា​​កោកកាកៗ​ដូច​​ឃោសនា​​​​​រក​សំឡេង​ឆ្នោត​រៀង​ខ្លួន​ជាស្រេច​។​ ​
ដូច​កាល​ពី​សប្តាហ៍​មុន​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​​ បាន​ចេញ​លិខិត​មួយ​លុប​ចោល ​ស.ជ.ណ ​​(សេចក្តី​ជូន​ដំណឹង)​​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​កា​ល​ពី​ឆ្នាំ ២០១១ ​ដែល​កាត់​ដី​ឲ្យ​ក្រុមហ៊ុន​ស្រាបៀរ​លីអូ​ នៅ​ភូមិ-​ឃុំ ​កែវផុស ​ស្រុក​ស្ទឹង​ហាវ ​និង​ខេត្ត​ព្រះ​សីហនុ ​គឺ​កាត់​ដី​ឲ្យ​អ្នក​ភូមិ​ទាំង​៤៩​គ្រួសារ​វិញ​។ ​ទាំង​បណ្តឹង​តវ៉ា​រប​ស់​អ្នក​ភូមិ​នៅ​​សាលា​ឧទ្ធរណ៍​មិន​ទាន់​​​ដោះ​ស្រាយ​វិវាទ​ចប់​សព្វ​គ្រប់​ផង​ ស្រាប់​តែ​មាន​ការ​វាយ​កម្ទេច​ផ្ទះ​អ្នក​ភូមិ​​ហើយ​។​
បញ្ហា​នេះ​គឺ​ធ្វើ​ឲ្យ​មាន​​ភាព​ច្របូក​ច្របល់​គ្នា​រវាង​អំណាច​នីតិប្បញ្ញត្តិ​ និង​អំណាច​តុលាការ​។ ​បន្ទាប់​ពី​បាន​បើក​មុខ​ហើយ​ គឺ​មាន​អន្តរាគមន៍​ជួយ​គ្រប់​ច្រក​ល្ហ​ក​ មាន​តាំងពី​អជ្ញាធរ​ទំនាស់​ដីធ្លី​ លោក​នាយក​រដ្ឋ​មន្ត្រី ​ជួយ​សង់​ផ្ទះ ​ឯ​លោក​ឧកញ៉ា ​ម៉ុង ​ឫទ្ធី​ ក៏​ចូលរួម​ដែរ​ ប្រសិន​បើ​អ្នក​ភូមិ​មក​រស់​នៅ​ចម្ការដូង​ប្រេង​របស់​គាត់​​គ្រាន់​តែ​មិន​មាន​សិទ្ធិ​លក់ដី​ និង​ផ្ទះ​តែ​ប៉ុណ្ណោះ​។ ​ចុះ​ហេតុ​អ្វី ​បាន​ជា​នាំគ្នា​ទៅ​ធ្វើ​អន្តរាគមន៍​តែ​កន្លែង​ភូមិ​ កែវផុស​? ហេ​តុ​អ្វីបាន​ជា​មិននាំ​គ្នាជួយ​ដោះស្រាយ​អ្នក​ភូមិ​បឹងកក់​ និង​បុរីកីឡា​ដែល​រង​ទុក​វេទនា​ជាង​៦ឆ្នាំ​មក​ហើយ​នោះ​? ឬ​មួយ​ពី​ក្រោយ​ឆាក​ មក​ពី​ហេតុ​ផល​នយោបាយ​ជិត​បោះ​ឆ្នោត​ ឬ​ក៏​ដណ្តើម​ទីផ្សារ​​រវាង​ស្រាបៀរ​នាំចូល​ និង​ស្រាបៀរ​ក្នុង​ស្រុក​?​
បើ​គិត​ពី​រយៈពេល​ធ្វើ​ការ​តវ៉ា​រាល់​ថ្ងៃ​របស់​អ្នក​ភូមិ​បឹងកក់​ និង​អ្នក​ភូមិ​បុរីកីឡា​រយៈពេល​ជាង​៦ឆ្នាំ​កន្លង​ទៅ​នេះ ​បើ​គិត​ជា​ទឹក​​ប្រាក់​​ដែល​​ពួក​គាត់​អាច​រក​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​វិញ​គឺ​ពួក​គាត់​ខាត​បង់​ច្រើន​ណាស់​​ ហើយ​ពេលវេលា​សម្រាប់​ថែទាំ​កូន​ចៅ និ​ង​ទៅ​សាលារៀន​ស្ទើរ​តែ​គ្មាន​។​
ហេតុ​អ្វី​បាន​ជារាជ​រដ្ឋាភិបាល​ទុក​ឲ្យ​ពួក​គាត់​​អង្គុយ​តវ៉ា​ហាល​ថ្ងៃ​ ហាល​ភ្លៀង​ ហាល​ខ្យល់​ ពេល​ខ្លះ​ត្រូវ​អជ្ញាធរ​ធ្វើ​បាប​ទាត់​ធាក់​ ដែល​ជា​សោកនាដកម្ម​ប្រយោល​មួយ​? ​គឺ​ឲ្យ​ពិភពលោក​ មើល​ទៅ​វា​អាក្រក់​មើល​ពេក​ គ្រាន់​តែ​រឿង​ដី​បឹង​កក់ ​ធ្វើ​ឲ្យ​ធនាគា​ពិភពលោក​បង្ក​ក​ជំនួយ​ទាំង​អស់​តាំង​ពី​ខែ​សី​ហា​ឆ្នាំ​​២០១១​មក​ម្ល៉េះ។​​ ហើយ​លុយ​ជំនួយ​ទាំង​នោះ ​ត្រូវ​បង្វែរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​កំពុង​​កែ​​ទម្រង់​​លទិ្ធ​ប្រជាធិបតេយ្យ​វិញ​​ដូច​ដែល​បាន​សន្យា​ចំនួន​ទឹក​ប្រាក់ ​២៤៥​ លានដុល្លារ​​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១២​។ ​មក​ទល់​ពេល​នេះ ​ធនាគាពិភព​លោក​រង់​ចាំ​មើល​ការ​បោះឆ្នោត​ជាតិ​សិ​ន​ បាន​គិត​គូរ​ឡើង​វិញ​​រឿង​ជំនួយ​ និង​កម្ចី​។
ផ្អែក​ទៅ​លើ​ជំរឿន​ឆ្នាំ​​២០០៨ ​គឺ​ដង់ស៊ី​តេប្រជាពលរដ្ឋ​ខ្មែរ​ ៧៥​នាក់​ រ​ស់​នៅ​​ក្នុង​ដី​១គី​ឡូ​ម៉ែត្រ​ការ៉េ ​ពោល​គឺ​ដី​ធំ​ណាស់​សម្រាប់​​ប្រជាពលរដ្ឋ​ម្នាក់ៗ​នោះ​។ ​ហេតុ​អ្វី​បាន​ជា​បញ្ហា​ដី​​ធ្លី​ទៅ​ជា​បញ្ហា​ទំនាស់​ដ៏​ក្តៅ​គគុក​ទៅ​វិញ​?​ ហើយ​​ដី​ជា​ច្រើន​ទូទាំង​ប្រទេស​ដែល​ជា​របស់​រដ្ឋ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ​ គ្រាន់​អ្នក​ភូមិ​បឹង​កក់​ និង​អ្នក​ភូមិ​បុរី​កីឡា​​ប្រមាណ​ជាង​១០០​គ្រួសារ​សោះ​ដោះស្រាយ​មិន​ចេញ​។​​​ ធ្វើ​ខូច​មុខ​មាត់​ប្រទេស​ជាតិ ​មួយ​សកល​លោក​ ហេតុ​អ្វី​បាន​​ជា​មិន​ព្រម ​សួរ​ពួក​គាត់​១០០នាក់​ដែល​នៅ​សេស​សល់​ចុង​ក្រោយ​នេះ ​ចង់​ទៅ​រស់​នៅ​ទីណា ​ខេត្ត​ណា ​ធ្វើ​ការ​សាង​ស​ង់​ឲ្យ​ទៅ​រួច​ជា​ស្រេច​ហើយ។​ ចង់​លក់ ​ឬ​គាត់ទិ​ញ​ថែម​ទៅ​នៅ​ទី​ណា​ស្រេច​តែ​គាត់​ទៅ​ជា​ការ​ស្រេច​ហើយ​ មិន​ចាំបាច់​ឲ្យ​រស់​នៅ​យ៉ាង​វេទនា​តោក​យ៉ាក ​រខេក​រខាក​។ ​ពេល​ខ្លះ​គ្រាន់​តែ​ពួក​គាត់​ទៅ​អបអរសាទរ​លោក​ ម៉ម ​សូណង់​​​ដូ​​ ចេញ​ពី​គុក​ព្រៃ​ស​សោះ មក​ផ្ទះ​វិញ​គេ​រើរុះតង់​និង​ខ្ទម​​​ចោល​អស់​។ ​ទាំង​នេះ ​មិន​មែន​ជា​ដំណោះ​ស្រាយ​​យូរ​អង្វែង​ទេ​។​​
ដូច​រឿង​ដី​បឹង​កក់ ​បន្ទាប់​ពី​ធនាគា​ពិភពលោក​បាន​បង្កក​ជំនួយ​ លោក​​នាយករដ្ឋមន្រ្តី ​ហ៊ុន ​សែន ​ក៏បាន​​កាត់​ដី​បឹង​កក់​ឲ្យ​​អ្នក​ភូមិ​ដែល​នៅ​សេ​ស​សល់ ​១២,៤​ហិកតា​រួច​ហើយ​តាំង​ពីខែវិច្ឆិកា ឆ្នាំ២០១១មកម្ល៉េះ​ ហេតុ​អ្វី​បាន​ជា​​ពួកគាត់​នៅ​តែ​តវ៉ា​ទៀត​?​ ហេតុ​ដូច​នេះ​ហើយ​ លោក​នាយ​ករ​ដ្ឋម​ន្ត្រី​គួរ​ចុះ​មើល​ឲ្យ​អស់​ដោះ​ស្រាយ​ឲ្យ​ចប់​ទៅ ​ថា​តើ​មក​តែ​ពី​ដីនោះ​​ជ្រុះ​បាត់​តាម​ផ្លូវ​ ដោយ​អាជ្ញាធរ​លួច​បេះ​ ច្រឹបយក​ ឬ​យ៉ាង​ណា​?​​

No comments:

Post a Comment

yes