សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 27, 2013

សកម្មជន​តវ៉ា​ដីធ្លី នៅ​ភូមិ​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា បន្ត​ជាប់​ឃុំឃាំង

អ្នកស្រី​ យ៉ោម បុប្ផា ថ្ងៃទី​២៧​មីនា ២០១៣
អ្នកស្រី​ យ៉ោម បុប្ផា ថ្ងៃទី​២៧​មីនា ២០១៣

បន្ទាប់ពី​បើក​សវនាការ​អស់​រយៈពេល​ពេញ​មួយ​ព្រឹក នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៣ លោក​ចៅក្រម ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​របស់​តុលាការ​កំពូល បាន​សម្រេច​តំកល់​សាលក្រម​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលដីកា​របស់​តុលាការ​សាលាឧទ្ធរណ៍ ទុក​ជា​បាន​ការ​ដដែល។ ពោល​គឺ​ចៅក្រម​តុលាការ​កំពូល បានសម្រេច បិទផ្លូវ​តវ៉ា មិន​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​តវ៉ា​ដីធ្លី​នៅ​បឹងកក់ ឲ្យនៅ​ក្រៅ​ឃុំ​ឡើយ។​

អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ ពី​បទ​ចូលរួម​ប្រើ​អំពើហិង្សា ដោយ​ចេតនា តាមរយៈ​ការ​វាយ​លើ​បុរស​អ្នក​រត់​ម៉ូតូឌុប​ពីរ​នាក់ ឲ្យ​រងរបួស។​

កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១២ អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ ផ្តន្ទាទោស ដាក់ពន្ធនាគារ ៣ ឆ្នាំ និង​តម្រូវឲ្យ​បង់​លុយ​ជំងឺ​ចិត្ត ទៅ​បុរស​អ្នករត់​ម៉ូតូឌុប​ពីរ​នាក់ សរុប ៦០ លាន​រៀល។ សព្វថ្ងៃ សំណុំរឿង​ក្តី​នោះ ស្ថិត​នៅ​តុលាការ​សាលាឧទ្ធរណ៍។​
 
ក្នុង​សំលៀកបំពាក់​អ្នកទោស ខោអាវ​ពណ៌​ខៀវ ឆ្នូត​ស អ្នកស្រី យ៉ោម បុប្ផា បាន​អង្គុយ​លើ​បង់ អោប​កូនប្រុស​តូច​ម្នាក់ នៅ​ដើមទ្រូង។ អ្នកស្រី បាន​ថ្លែង​ទាំង​យំ​បណ្តើរ ទៅកាន់​ក្រុម​អ្នកកាសែត ដោយ​លើក​ទឹកចិត្ត​ដល់​សហគមន៍ មាន​ជម្លោះ​ដីធ្លី ពិសេស​សហគមន៍​បឹងកក់ ឲ្យ​បន្ត​ការរួម​គ្នា តស៊ូ ដើម្បី​ការពារ​ផ្ទះ និង​សេរីភាព។ អ្នកស្រី យ៉ោម បុប្ផា បាន​ចាត់ទុក ការផ្តន្ទាទោស លើ​អ្នកស្រី ជាការ​មួលបង្កាច់ និង​ការ​លាប​ពណ៌។​
 
អ្នកស្រី យ៉ោម បុប្ផា បាន​ថ្លែងថា "ខ្ញុំ​សង្ឃឹមថា បងប្អូន​សហគមន៍ មិន​រាថយ​ទេ។ យុត្តិធម៌​ពិតជា​មាន សម្រាប់​យើង​ទាំងអស់គ្នា។ ទោះបី​នរណា​លាប​ពណ៌​យ៉ាងណា​ក៏ដោយ យុត្តិធម៌​នៅ​តែ​មាន​សម្រាប់​យើង។ កុំ​ចុះចាញ់​ឲ្យសោះ​!​ ខ្ញុំ​សូម​ផ្តាំផ្ញើ​ទៅកាន់​សហគមន៍ ដែល​ត្រូវ​រងគ្រោះ ដោយសារ​ការ​បណ្ថេញចេញ រងគ្រោះ​ដោយសារ​ដីធ្លី សូមឲ្យ​មាន​ទឹកចិត្តត​ស៊ូ​ឡើង ងើបឈរ​ឡើង ព្រោះ​យើង​ទាំងអស់គ្នា ជា​ពលរដ្ឋ​ខ្មែរ យើង​ត្រូវតែ​មាន​ឆន្ទៈ​ស្រលាញ់ ហើយ​ចេះ​ជួយ​គ្នា ជួយ​គ្នា​លើកទឹកចិត្ត ស្រលាញ់ ហើយ​តស៊ូ​ទាំងអស់​គ្នា​ឡើង។ យើង​គ្រាន់តែ​ការពារ​ផ្ទះ និង​សិទ្ធិ​សេរីភាព ដី​ផ្ទះ​របស់​យើង​ទេ។ យើង​អត់​មាន​បាន​ធ្វើ​អី​ខុស​ទេ។ ទោះបីជា​គេ​ព្យាយាម​លាប​ពណ៌​យើង​ទៅ​ជា​អ្វី​ក៏ដោយ គេ​ព្យាយាម​មួរ​បង្កាច់​យើង ទៅ​ជា​អ្វី​ក៏ដោយ ការពិត​នៅ​តែ​ជា​ការពិត មិន​អាច​មាន​នរណា​មួយ មក​បន្លំ​ការពិត​នឹង​បាន​ទេ។ តស៊ូ​ទាំងអស់គ្នា​ឡើង​! តស៊ូ​នឹង​មាន​ជ័យជម្នះ"។​
នៅ​ព្រឹក​មិញ នៅ​ខាង​ក្រៅ​របង​តុលាការ​កំពូល ជាប់​ខាងត្បូង​ព្រះបរមរាជវាំង មាន​អ្នកគាំទ្រ​ប្រមាណ ១០០ នាក់ បាន​អង្គុយ​សំពះ លើក​បដា ដែល​ក្នុងនោះ មាន​ទាំង​កូនប្រុស​តូច​របស់​អ្នកស្រី យ៉ោម បុប្ផា ផងដែរ។ នៅ​ព្រឹក​មិញ មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ គ្រាន់តែ​ប៉ូលិស ដាក់​របាំង និង​ឈរ​រាំង​ផ្លូវ មិន​ឲ្យ​ក្រុម​អ្នក​ភូមិ​បឹងកក់ និង​សហគមន៍​ដីធ្លី​ដទៃទៀត ចូល​ទៅ​កាន់​តុលាការ​កំពូល។​
 
ក្រុមអ្នកតវ៉ា ដែល​គាំទ្រ​អ្នកស្រី យ៉ោម បុប្ផា បាន​ដើរ​ទៅ​ប្រមូលផ្តុំ​គ្នា នៅ​មុខ​ព្រះបរមរាជវាំង ហើយ​បាន​លុតជង្គង់ ស្រែក​ទូល​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​សម្តេចម៉ែ ដើម្បី​ឲ្យ​ព្រះអង្គ ជួយ​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា ចេញពី​ពន្ធនាគារ។​
 
ករណី​តុលាការ​កាត់ទោស​លើ​ស្ត្រី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា កន្លងមក ក៏​មាន​ក្រុម​អ្នករត់​ម៉ូតូឌុប ធ្លាប់​បាន​ប្រមូលផ្តុំ លើក​បដា​ជាច្រើនលើក ទាមទារ​ឲ្យ​តុលាការ ផ្តន្ទាទោស​លើ​អ្នកស្រី យ៉ោម បុប្ផា ដោយ​ពួកគេ​សំអាងថា អ្នកស្រី យ៉ោម បុប្ផា ជា​អ្នក​ចូលរួម វាយ​ទៅលើ​អ្នក​រត់​ម៉ូតូ​ពីរ​នាក់ ឲ្យ​រងរបួស កាលពីដើម​ខែ​កញ្ញា ឆ្នាំ​២០១២ គឺជា​រឿង​ព្រហ្មទណ្ឌ ល្មើសច្បាប់ មិនមែន​ជា​ករណី​ជម្លោះដីធ្លី​ទេ។
​សំណុំរឿង​ក្តី​នោះ ក៏ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ករណី​ស្ត្រី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ជា​រឿង​ក្តី​ព្រហ្មទណ្ឌ នៅ​តុលាការ តែ​បែរជា​ត្រូវបាន​គេ​បង្វែរ​ជា​សំណុំរឿង​ដីធ្លី ហើយ​ទម្លាក់​កំហុស លើ​រដ្ឋាភិបាល​របស់​លោក​ទៅវិញ៕

No comments:

Post a Comment

yes