សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 24, 2013

ព្រៃឈើ​រាប់​រយ​ហិកតារ​នៅ​ស្ទឹងត្រែង​ត្រូវ​គេ​កាប់​រាន

ព្រៃ​ឈើ​ប្រមាណ ២០០ ទៅ ៣០០​ហិកតារ​ថ្មី​ទៀត ត្រូវ​គេ​កាប់​រាន​ដើម្បី​យក​ដី​នៅ​ឃុំ​ចំនួន​ពីរ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ចាប់​ពី​ដើម​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន។
សេចក្ដី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​សហគមន៍​ឃុំ​សំអាង និង​ឃុំ​អន្លង់ជ្រៃ ឲ្យ​ដឹង​ថា ព្រៃ​ឈើ​ដែល​ត្រូវ​គេ​កាប់​រាន គឺ​នៅ​តំបន់​វាលដែង ឃុំ​សំអាង ជាប់​ព្រំប្រទល់​ឃុំ​អន្លង់ជ្រៃ និង​នៅ​តំបន់​ភ្នំ​ម្លូរ ព្រំ​ប្រទល់​ស្រុក​ថាឡាបរិវ៉ាត់ ជាប់​នឹង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ។
ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​អន្លង់ជ្រៃ សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​មីនា ឆ្នាំ​២០១៣ ថា កម្មករ​ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ​ស្វ័យប្រវត្តិ​ប្រមាណ ៥០​នាក់ ត្រូវ​បាន​ឈ្មួញ​អ្នក​មាន​ប្រាក់​ជួល​ឲ្យ​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី។ ចំណែក​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ស្រុក មិន​បាន​យក​ចិត្ត​ទុក​ដាក់ បង្ក្រាប​តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នោះ​ទេ៖ «ព្រៃ​ហ្នឹង​គេ​អ្នក​មាន​លុយ​កាប់​ដល់​ក​ហើយ ប្រហែល​ជា ៧-​៨​គីឡូដី។ កាប់​តាំង​ពី​ខែ​វស្សា រហូត​ដល់​ឥឡូវ មិន​ទាន់​បាត់​ទេ មិន​ទាន់​ឈប់​កាប់​ទេ។ គេ​អត់​ទប់ស្កាត់​ទេ ព្រោះ​មេ​ឃុំ​ស្អី​គេ ធ្វើ​មិន​ដឹង​មិន​ឮ គេ​ថា​គេ​ធ្វើ​អ្វី​ធ្វើ​ទៅ។កន្លែង​សំខាន់ៗ​អស់​ហើយ កន្លែង​សត្វ​នៅ​និយាយ​ទៅ​មាន​តែ​ព្រៃធំ​ភ្នំ​ម្លូ​ហ្នឹង ពីរ​បី​ភ្នំ​អស់​រលីង​ហើយ»
ដូច​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​សំអាង សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​កាប់​រាន​ព្រៃ គឺ​ជា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ជិត​ខាង​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ និង​ជា​ពិសេស​ក្រុម​បុគ្គល​ជា​មន្ត្រី​ប្រដាប់​អាវុធ​ក្នុង​មូលដ្ឋាន បាន​ជួល​កម្មករ​កាប់​ព្រៃ​នោះ។
លោក​បន្ត​ថា សកម្មភាព​កាប់​រាន​ព្រៃ​នេះ ធ្វើ​បាន​ដោយសារ​មន្ត្រី​មូលដ្ឋាន​បាន​ទទួល​លាភ​សក្ការ​ពី​អ្នក​ជួល​កម្មករ​កាប់​រាន​ព្រៃ៖ «មិន​ត្រឹម​ប៉ុណ្ណឹង​ទេ មាន​ទាំង​ប៉ូលិស​ស្រុក ទាហាន​ស្រុក​ទៅ​កាប់​យក​ដែរ​ហ្នឹង​ណា។ ប៉ុន្តែ​សហគមន៍​គេ​អត់​ហ៊ាន បើ​គេ​ឃើញ​អា​ទាហាន​ហ្នឹង​ទៅ​សុទ្ធ​តែ​ស័ក្ដិ​៤ ស័ក្ដិ​៥ កាន់​កាំភ្លើង​ទៅ​ដែរ​ហ្នឹង។ កាំភ្លើង​សុទ្ធតែ​ម្នាក់ៗ​មួយ​ដើម ពិបាក​ដែរ​គ្នា ហើយ​បើ​មេ​ឃុំ មេ​ភូមិ​អត់​ធ្វើ​អើពើ​ផង»
អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ លោក ជា ថាវរិទ្ធ បដិសេធ​មិន​អធិប្បាយ​ពី​បញ្ហា​នេះ ពីព្រោះ​លោក​អះអាង​ថា ជាប់​រវល់។ ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង លោក អ៊ីវ ឯកសាវត្តី មិន​អធិប្បាយ​ពិស្ដារ​ពី​សកម្មភាព​កាប់​ព្រៃ​ដែល​ប្រជាពលរដ្ឋ​រាយការណ៍​នោះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា កំពុង​ចាត់​ការ​រឿង​នេះ​ហើយ៖ «ក្រុម​ការងារ​គេ​កំពុង​ចុះ​ធ្វើ​ការងារ​ហ្នឹង​ហើយ​តើ!»
ចំពោះ​បញ្ហា​នេះ មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​បញ្ជាក់​ថា សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​អនាធិបតេយ្យ​កើត​មាន​ច្រើន បន្ទាប់​ពី​ក្រុម​ការងារ និង​និស្សិត​ស្ម័គ្រចិត្ត​របស់​រាជ​រដ្ឋាភិបាល បាន​ចុះ​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ដី​ប្រជាពលរដ្ឋ​តាម​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី។
លោក​កត់​សំគាល់​ថា សកម្មភាព​បង្ក្រាប​របស់​ក្រុម​អាជ្ញាធរ​នៅ​មាន​ការ​រើសអើង បង្ក្រាប​បាន​តែ​ទៅ​លើ​ពលរដ្ឋ​ក្រីក្រ​គ្មាន​អំណាច​គ្មាន​ប្រាក់៖ «យើង​សំណូមពរ​ឲ្យ​ខាង​អាជ្ញាធរ​ហ្នឹង ឲ្យ​តែ​អ្នក​ខុស​យើង​ចាប់​មក​ទាំង​អស់ កុំ​ថា​ទៅ​ដល់​អ្នក​មាន​អំណាច យើង​ដោះ​លែង ឬ​ថា​ជា​ថ្នូរ​នឹង​លុយ​កាក់​ដោះ​លែង​ចាប់​បាន​តែ​អ្នក​ក្រ អ្នក​ទន់​ខ្សោយ។ សូម​ឲ្យ​អនុវត្ត​ច្បាប់​ទាំង​អស់​គ្នា»
កាល​ពី​ដើម​សប្ដាហ៍​នេះ​កម្មករ​ស៊ី​ឈ្នួល​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់​ចំនួន ៨​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ ក៏​ប៉ុន្តែ​កម្មករ ៧​នាក់ ត្រូវ​បាន​ចៅក្រម​តុលាការ​អប់រំ​ដោះលែង​វិញ៕

No comments:

Post a Comment

yes