សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 24, 2013

អង្គការ​៣​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

បោះ​ឆ្នោត ៣០៥
ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត 
កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២

អង្គការ​បី​បាន​​ធ្វើ​សវនកម្ម​នៃ​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២ ហើយ​បាន​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០០៨ ក្នុង​នោះ​មាន​ការ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​មិន​ត្រឹមត្រូវ ឬ​នៅ​ក្នុង​បញ្ជី​នោះ​​មាន​ឈ្មោះ​អ្នក​បោះ​ឆ្នោត តែ​បែរ​អ្នក​ភូមិ​ស្រុក​នោះ​មិន​ស្គាល់​មុខ​ទៅ​វិញ។ ក្រៅ​ពី​នេះ​មាន​បញ្ហា​មិន​ប្រក្រតី​ជាច្រើន​ទៀត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ពេល​ខាងមុខ។
ស្ថាប័ន​​បី គឺ​វិទ្យាស្ថាន​ជាតិ​​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ (NDI) និង​គណៈកម្មការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះ​ឆ្នោត​ដោយសេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) និង​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់ (CAS) កាល​ពី​ថ្ងៃ​ទី​២២ មីនា បាន​ចេញ​របាយការណ៍​សវនកម្ម​មួយ ​បង្ហាញ​ពី​ភាព​អវិជ្ជមាន​ជា​ច្រើន​នៃ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​រៀប​ចំ​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កន្លង​មក។

ឆ្លើយ​តប​ភ្លាមៗ​នោះ​ដែរ គ.ជ.ប បាន​សុំ​ឲ្យ​តំណាង​ស្ថាប័ន​ទាំង​នោះ​ផ្ញើ​របាយការណ៍​នោះ​ទៅ គ.ជ.ប ក៏​ប៉ុន្តែ​តំណាង​ស្ថាប័ន​ទាំង​បី​បដិសេធ។
លោក ទេព នីថា អគ្គ​លេខា​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​សម្ដែង​ការ​សោក​ស្ដាយ​នៅ​ថ្ងៃ​ទី​២៣ មីនា ថា បើ​សិន​ជា​តំណាង​ស្ថាប័ន​ទាំង​បី​ផ្ញើ​របាយការណ៍​នោះ​តាម​សំណូម​ពរ​កន្លង​មក គ.ជ.ប នឹង​ធ្វើការ​សិក្សា​ផ្ទៀង​ផ្ទាត់​ឡើង​វិញ តែ​​ទន្ទឹម​ពេល​នេះ​លោក​បញ្ជាក់​ថា មាន​ស្ថាប័ន​មួយ​ចំនួន​ទៀត​បាន​ធ្វើ​សវនកម្ម​អំពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដូច​គ្នា​នេះ ហើយ​បាន​បង្ហាញ​លទ្ធផល​ខុស​គ្នា ដែល គ.ជ.ប ពិបាក​នឹង​ជឿ​ថា​មួយ​ណា​ត្រឹម​ត្រូវ។
វិទ្យាស្ថាន​ជាតិ​​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ និង​គណៈកម្មការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា និង​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់ កាល​ពី​ថ្ងៃ​ទី​២២ មីនា បាន​ចេញ​របាយ​ការណ៍​សវនកម្ម​មួយ ​បង្ហាញ​ពី​ភាព​អវិជ្ជមាន​ជា​ច្រើន​នៃ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល​រៀប​ចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប កន្លង​មក។
របាយការណ៍​សវនកម្ម​រក​ឃើញ​ថា ​មាន​បញ្ហា​មិន​ប្រក្រតី​ចម្បង​មួយ​ចំនួន​ទាក់ទង​គុណភាព​នៃ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​លើក​នេះ ដូច​ជា​ការ​ចុះ​ឈ្មោះ​មិន​សូវ​មាន​ភាព​ទូលាយ និង​មិន​ពេញលេញ។ ក្រៅ​ពី​នេះ សវនកម្ម​នោះ​បាន​រក​ឃើញ​ថា ឈ្មោះ​ចំនួន ៩,៤​ភាគរយ ​ត្រូវ​បាន​គេ​លុប​ដោយ​មិន​ត្រឹមត្រូវ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០០៨ ​ដែល​ពួកគេ​ទាំង​នោះ​ទំនង​នឹង​មិន​អាច​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ នេះ​បាន។ ក្រៅ​ពី​នេះ ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​​តែ​មិន​មាន​អ្នក​ស្គាល់​មុខ។របាយការណ៍​សវនកម្ម​នោះ​បាន​រក​ឃើញ​ថា ថ្ងៃ​ខែ​ឆ្នាំ​កំណើត​អ្នក​បោះ​ឆ្នោត​នៅ​លើ​អត្ត​សញ្ញាណ​ប័ណ្ណ និង​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ត្រូវ​គ្នា​ប្រហែល ៦៣​ភាគរយ បើ​ប្រៀប​ធៀប​បញ្ជី​បោះ​ឆ្នាំ​២០០៨ កន្លង​ទៅ។
លោកស្រី ឡូរ៉ា ថនថុន នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​​​សម្រាប់​កិច្ចការ​អន្តរជាតិ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ មីនា ថា ការ​ធ្វើ​សវនកម្ម​នេះ បាន​ប្រព្រឹត្តទៅ​ដោយ​ប្រុង​ប្រយ័ត្ន និង​ស៊ី​ជម្រៅ ដែល​លោក​ស្រី​អះអាង​ថា ជា​របាយការណ៍​មួយ​​គួរ​ទុក​ចិត្ត​​ជា​ទី​បំផុត៖ «ដំបូង​បង្អស់​យើង​ដៅ​ចំណាំ​មូលដ្ឋាន​ទាំង​នោះ បន្ទាប់​មក​យើង​មាន​សេវា​ទៅ​ជជែក​ជា​មួ​យ​សហគមន៍​ទាំង​នោះ។ បើ​សិន​ជា​យើង​រក​មិន​ឃើញ​ទេ យើង​ក៏​ចាត់​កម្លាំង​ម្ដងទៀត​ឲ្យ​ចុះ​ស្រាវជ្រាវ​យ៉ាង​ស៊ី​ជម្រៅ យើង​មិន​ត្រឹម​តែ​ឆែក​ជាមួយ​មេ​ភូមិ​ទេ ថែម​ទាំង​ជាមួយ​ព្រះចៅ​អធិការ​វត្ត អ្នក​ជិត​ខាង តំណាង​សហគមន៍ ស្វែង​រក​អ្នក​ដែល​ជិត​ដិត​អ្នក​នោះ។ យើង​ប្រើ​ប្រាស់​អស់​​ធនធាន​ដែល​យន្តការ​ស្រាវជ្រាវ​ដែល​យើង​មាន ហើយ​យើង​ជឿជាក់​យ៉ាង​មុតមាំ​លើ​ទិន្នន័យ​របស់​យើង»
លោកស្រី​បន្ត​ថា៖ «ចំពោះ​​មនុស្ស​មាន​ឈ្មោះ​បោះ​ឆ្នោត តែ​យើង​មិន​ឃើញ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត ​នៅ​លើ​បញ្ជី យើង​អាច​ឆែក​រក​តាម​វិធី​ជា​ច្រើន យើង​ព្យាយាម​វិភាគ​នៃ​ការ​សរសេរ​ឈ្មោះ យើង​ឆែក​តាម​ស្ថានីយ​បោះឆ្នោត​ដែល​ទាក់ទង យើង​ធ្វើការ​បាន​សុក្រឹត ត្រឹមត្រូវ ដែល​យើង​មិន​ធ្លាប់​ធ្វើ​ពី​​មុន​ៗ​មក។ ក្នុង​ករណី​ត្រួត​ពិនិត្យ​គុណភាព ឆែក​ទិន្នន័យ​ហើយ​ឆែក​ទៀត ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ជឿ​មួយ​រយ​ភាគរយ​ចំពោះ​លទ្ធផល​នេះ»
កាល​ពី​ដើម​ឆ្នាំ​នេះ គ.ជ.ប បាន​ប្រកាស​ថា មាន​ចំនួន​ប្រជា​ពលរដ្ឋ​សរុប​ប្រហែល ៩,៦​លាន​នាក់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ បើ​ប្រៀបធៀប​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨ កន្លង​ទៅ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ប្រហែល ៧,៧​លាន​នាក់។
លោក ទេព នីថា បញ្ជាក់​ថា ទោះ​យ៉ាង​ណា​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១២ នេះ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​២០០៨។
តំណាង​ស្ថាប័ន​​​ទាំង​បី​អះអាង​ថា មូលហេតុ​ដែល​មិន​ផ្ដល់​ឯកសារ​មួយ​ចំនួន​​ដែល គ.ជ.ប បាន​ស្នើ​សុំ​នោះ ដោយសារ​តែ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៃ​​ស្ថាប័ន​​ទាំង​បី​លាក់​ប្រភព ដោយសារ​តែ​បញ្ហា​សន្តិសុខ​របស់​ប្រភព​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សម្ភាស​នៅ​ពេល​ធ្វើ​សវនកម្ម​នេះ៕

No comments:

Post a Comment

yes