សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 14, 2013

ហ្វ៊ុន​ស៊ិនប៉ិច ប្រកាស​ឈប់​ប្តឹង​សម្តេចក្រុមព្រះ រឿង​ពុករលួយ និង​លួច​លក់យន្តហោះ​

ដោយ: រតនា CEN
ភ្នំពេញ: ​ការិយាល័យ​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានប្រកាស​ខ្លី​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៣ ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លុបចោល​ការប្តឹង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​បទ​អំពើពុករលួយ និង​ការលក់​ឧទ្ធម្ភាគចក្រ ធុន MI17 ចាប់ពី​ពេលនេះ​តទៅ ដោយ​មូលហេតុ​ថា ការលក់​យន្តហោះ ឧទ្ធម្ភាគចក្រ​នេះ បាន​សុំ​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ច្បាស់លាស់​។​

​ជា​ការកត់សម្គាល់ សេចក្តីប្រកាស​របស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​យ៉ាង​ដូច្នេះ គឺ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ក្រោយពី​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​គាំទ្រ​សម្តេច​ក្រុមព្រះ​ថា ព្រះអង្គ មិនមែន​ជា​អ្នក​លួច​យន្តហោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច យកទៅ​លក់​ទេ​។​



​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថា ព្រះអង្គ​មិនមែន​ជា​អ្នក​លួច​យន្តហោះ​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច យកទៅលក់ ដូច​សេចក្តីប្រកាស​ប្តឹង​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះ​ឡើយ​។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​មិន​ជឿថា សម្តេចក្រុមព្រះ នឹង​យាង​ទៅ​រួបរួម​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង​ទេ​។​

​ក្នុង​ពិធី​កាត់​ឫស​សីមា និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​ន​ន្ទ​មុនី នៅ​ស្ទឹង​មានជ័យ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្តេច​បាន​ទាក់ទង​ទៅកាន់​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពាក់ព័ន្ធ​នឹង​ការប្រកាស​ប្តឹង​លើ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ថា​ព្រះអង្គ​បាន​លួច​យន្តហោះ​របស់​គណបក្ស យកទៅលក់​។​

​ប៉ុន្តែ​ចំណុច​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ការចោទប្រកាន់​សម្ត​ច​ក្រុមព្រះ នរោត្តម រណឫទ្ធិ រឿង​លួច​យក​យន្តហោះ ឧទ្ធម្ភាគចក្រ ទៅ​លក់​នោះ ដូច​ជា​ការចោទប្រកាន់​លើ​រាជរដ្ឋាភិបាល ព្រោះថា ការលក់ដូរ​យន្តហោះ គឺ​ត្រូវ​ឆ្លងកាត់​រាជរដ្ឋាភិបាល​។ 

​មួយវិញទៀត សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បានឲ្យដឹងថា សម្តេច​មិន​ជឿថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹង​យាង​ទៅ​ចូលរួម​ធ្វើ​នយោបាយ​ជាមួយនឹង​គណបក្ស​ប្រឆាំង​ឡើយ ព្រោះថា ព្រះ​អង្គ​ថ្មីៗ​នេះ ទើបតែ​បាន​អំពាវនាវ​ឲ្យ​ព្រះរាជវង្សានុវង្ស ឈប់​ធ្វើ​នយោបាយ​។ ម្យ៉ាងទៀត បើសិនជា​ព្រះអង្គ​យាង​ទៅ​ធ្វើ​នយោបាយ ក៏ដូចជា​ក្បត់​នឹង​ព្រះ​វិញ្ញាណក្ខ័ន្ធ​ព្រះមហាវីរក្សត្រ ដែល​ទើបតែ​ធ្វើ​ព្រះរាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ថ្មីៗ​នេះ​។​

​ក្នុង​រឿង​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្តេច​បាន​ទាក់ទង និង​ទទួលបាន​ការបញ្ជាក់​ពី​សម្តេច​ក្រុមព្រះ​រួចហើយ​ថា ព្រះអង្គ​មិន​យាង​ទៅ​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។ ការទាក់ទង​រវាង​សម្តេច និង​សម្តេច​ក្រុមព្រះ គឺ​ធ្វើឡើង​តាមរយៈ​អ្នកកាសែត លោក សយ សុភាព​។​

​សូម​រម្លឹកថា កាលពី​យប់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៣ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​ចេញ​សេចក្តីប្រកាស​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដាក់​ពាក្យបណ្តឹង ប្តឹង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពី​បទ​ពុករលួយ និង​លួច​ឧទ្ធម្ភាគចក្រ ម៉ាក MI17  របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច យកទៅលក់ ក្នុង​ពេល​ព្រះអង្គ​នៅ​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ 

​ក៏​ប៉ុន្តែ​មក​ដល់ពេលនេះ ពាក្យបណ្តឹង​ប្រឆាំង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនទាន់​ដាក់​ទៅកាន់​តុលាការ​នៅឡើយ​ទេ ខណៈ​ដែល​ភាគី​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បដិសេធ ហើយ​ចាត់ទុកថា បណ្តឹង​លើ​សម្តេច​ក្រុមព្រះ ជា​រឿង​អយុត្តិធម៌​។ 

​សេចក្តីប្រកាស​ប្តឹង​សម្តេចក្រុមព្រះ បាន​កើតឡើង​ភ្លាមៗ ខណៈ​ដែល​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបាន​គេ​អះអាងថា ព្រះអង្គ​នឹង​យាង​ទៅ​ធ្វើ​ជា​ប្រធានកិត្តិយស​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​សម្ព័ន្ធភាព​គណ​បក្សប្រឆាំង សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​មនុស្ស​របស់​លោក​កឹម​សុខា​។​

​ក៏ប៉ុន្តែ​ភ្លាមៗ​នោះ អ្នកនាំពាក្យ​សម្តេចក្រុមព្រះ ក៏​បាន​បដិសេធថា ព្រះអង្គ មិន​យាង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដូច​ដំណឹង​ចុះផ្សាយ​ឡើយ​៕​ 

No comments:

Post a Comment

yes