លោកស្រី យ៉ោម បុប្ផា ពលរដ្ឋម្នាក់ក្នុងចំណោមស្ត្រីអ្នកតវ៉ាក្នុងរឿងទំនាស់ដីធ្លីតំបន់បឹងកក់
នៅមុខសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវយ៉ាងទទូចសុំឲ្យសាលាឧទ្ធរណ៍ពន្លឿននីតិវិធីនៃបណ្ដឹងរបស់អ្នកស្រី យ៉ោម បុប្ឆា ជាសកម្មជនដីធ្លីនៅបឹងកក់ និងស្នើឲ្យកំណត់កាលបរិច្ឆេទឲ្យបានឆាប់សម្រាប់ថ្ងៃបើកសវនាការនៃបណ្ដឹងឧទ្ធរណ៍របស់អ្នកស្រី។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីវៈ បានឲ្យដឹងតាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២១ ខែមីនា ដោយទទួលស្គាល់ថា សាលាឧទ្ធរណ៍មានការមមាញឹកច្រើន ប៉ុន្តែលោកស្នើសុំឲ្យតុលាការនេះ ពន្លឿននីតិវិធីលើសំណុំរឿងនៃបណ្ដឹងឧទ្ធរណ៍របស់អ្នកស្រី យ៉ោម បុប្ឆា ឲ្យបានលឿនជាងពេលនេះ។
មានហេតុផល២យ៉ាងដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងដើម្បីជំរុញឲ្យមានការពន្លឿននីតិវិធីនោះ រួមមានទីមួយដោយសារតែភស្តុតាងដែលបានធ្វើឡើងដោយតំណាងអយ្យការក្នុងអំឡុងពេលនៃការជំនុំជម្រះ នៅតុលាការដំបូងរាជធានីភ្នំពេញ គឺមិនសមហេតុផល។ ទី២ សាក្សីនានាដែលផ្ដល់សក្ខីកម្ម មិនបានស៊ីចង្វាក់គ្នានៅក្នុងតុលាការ ហើយអ្នកខ្លះក្នុងចំណោមសាក្សីទាំងនោះ ថែមទាំងស្រវឹងស្រាផងដែរ ក្នុងពេលមានហេតុការណ៍វាយតប់កើតឡើង។
អ្នកស្រី យ៉ោម បុប្ឆា សកម្មជនដីធ្លីនៅតំបន់បឹងកក់ ត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ កាលពីខែធ្នូ ឆ្នាំ២០១២ ក្រោមការចោទប្រកាន់ប្រើហិង្សាដោយចេតនាដែលមានស្ថានទម្ងន់ទោសចំពោះការវាយទៅលើអ្នករត់ម៉ូតូឌុបពីរនាក់ឲ្យរងរបួស កាលពីដើមកញ្ញា។
ម្ដាយអ្នកស្រី យ៉ោម បុប្ឆា គឺអ្នកស្រី សាបូ សុត ក៏បានអំពាវនាវឲ្យសាលាឧទ្ធរណ៍ពន្លឿននីតិវិធី និងបើកសវនាការឲ្យបានឆាប់ផងដែរ។ អ្នកស្រីមានសុទិដ្ឋិនិយមថា សាលាឧទ្ធរណ៍នឹងផ្តល់យុត្តិធម៌ដល់កូនស្រីរបស់អ្នកស្រី និងមានការវិនិច្ឆ័យប្រកបដោយហេតុផលជាងតុលាការដំបូងរាជធានីភ្នំពេញ៖ «សំណុំរឿងវាដូចជាកប់យូរពេកទៅ ខ្ញុំសង្ឃឹមថា តុលាការនឹងអាចរកយុត្តិធម៌ឲ្យកូនស្រីខ្ញុំបាន។ ខ្ញុំសូមឲ្យអង្គការក្រៅរដ្ឋាភិបាលនៅក្រៅប្រទេស ដើម្បីជួយដល់ យ៉ោម បុប្ឆា ហ្នឹងផង ព្រោះ យ៉ោម បុប្ឆា ជាមនុស្សស្អាតស្អំ គ្មានកំហុសធ្វើអំពើហិង្សា ជាស្ត្រីម្នាក់ទន់ភ្លន់ និងរាបសាណាស់»។
ជុំវិញការស្នើសុំពន្លឿននីតិវិធីនេះ អនុប្រធានសាលាឧទ្ធរណ៍លោក ជួន ស៊ុនឡេង បញ្ជាក់ថា លោកមិនបានដឹងពីករណីនេះទេ៖ «មិនដឹងទេខ្ញុំមិនមែនជាអ្នកជម្រះទេ»។
ពាក់ព័ន្ធករណីនៅតំបន់បឹងកក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី១៩ ខែមីនា ដោយសំដៅទៅលើស្ត្រីម្នាក់ដែលកំពុងជាប់ក្នុងពន្ធនាគារ ថាជាករណីដែលមានភាព «អយុត្តិធម៌» ចំពោះរដ្ឋាភិបាល។
លោក ហ៊ុន សែន បានថ្លែងថា ស្ត្រីនៅបឹងកក់ម្នាក់នោះវាយគេសោះ ប៉ុន្តែត្រូវបានដាក់ងារជាសកម្មជនដីធ្លីនៅបឹងកក់ ទៅវិញ៖ «វាទៅជារឿងអយុត្តិធម៌មកលើរដ្ឋាភិបាល ឃើញស្រីបឹងកក់ម្នាក់នេះ ឃើញព័ត៌មានចុះផ្សាយ ប៉ះទង្គិច។ ក្រុមម្ខាងទាមទារដោះលែងស្ត្រីហ្នឹង និងក្រុមម្ខាងទៀតទាមទារឲ្យកាត់ទោសស្រីហ្នឹង។ ក្រុមម្ខាងហ្នឹងគឺក្រុមម៉ូតូឌុប។ វាយគេជាប់ទោសព្រហ្មទណ្ឌវាក្លាយជាសកម្មជនដីធ្លី វាទៅជាអ៊ីចេះទៅរួច»។
ជាលើកដំបូងដែលលោក ហ៊ុន សែន បានលើកករណីរបស់ស្ត្រីអ្នកភូមិបឹងកក់ មកនិយាយជាសាធារណៈ។ ប៉ុន្តែមិនបានបង្ហាញពីដំណោះស្រាយណាមួយចំពោះបញ្ហាជម្លោះដីធ្លីដ៏ក្តៅគគុក ដែលនៅតែបន្តអូសបន្លាយក្នុងតំបន់ចំកណ្តាលរាជធានីនោះទេ។
ថ្មីៗនេះ លោក ហ៊ុន សែន បានសម្រេចកាត់ដីទំហំ ៣៥២ហិកតារពីលោក ជៀម ផែន នាយកក្រុមហ៊ុនស្រាបៀលីអូ ឲ្យទៅអ្នកភូមិកែវផុស ក្នុងខេត្តព្រះសីហនុ ចំនួន ៤៩គ្រួសារវិញ និងសម្រេចដោះលែងអ្នកភូមិម្នាក់ និងលើកលែងការចោទប្រកាន់អ្នកភូមិ ៥នាក់ផ្សេងទៀត ដែលកំពុងឋិតក្នុងចំណាត់ការរបស់តុលាការខេត្តពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លីនោះ។ ផ្ទុយទៅវិញ ករណីទាមទាររបស់អ្នកភូមិបឹងកក់ ដែលត្រូវកម្លាំងសមត្ថកិច្ចចម្រុះវាយបង្ក្រាបឲ្យរបួសធ្ងន់ធ្ងរចំនួន ៦នាក់ នៅក្បែររបងផ្ទះនាយករដ្ឋមន្រ្តី ហាក់ត្រូវលោក ហ៊ុន សែន មើលរំលង៕
No comments:
Post a Comment
yes