បុរសអ្នកភូមិឈ្មោះ អោក សំអុល ជាប្រជាពលរដ្ឋនៅភូមិកន្សែង ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ មីនា ថា សត្វគោរបស់គាត់ដែលគាត់បានយកទៅឃ្វាលនៅតំបន់វាលសោកម៉ោក ស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ចំនួន ២ក្បាល បានពុលថ្នាំដែលគេបាញ់សម្លាប់ស្មៅ ដើម្បីយកដីដាំល្ង បណ្ដាលឲ្យងាប់១ក្បាល ឯមួយក្បាលទៀត ត្រូវបានពេទ្យសត្វប្រចាំភូមិជួយសង្គ្រោះទាន់៖ «ខ្ញុំប្រយ័ត្នណាស់ដែរ តាមមើលថែជាប់នៅតែមានភ្លាត់ស្លាប់គោអស់១ក្បាល មួយក្បាលទៀតពេទ្យសត្វជួយទាន់»។
ពេទ្យសត្វប្រចាំភូមិ គឺលោក សាយ ម៉ៅ បានឲ្យដឹងថា តាមការពិនិត្យរបស់លោកបញ្ជាក់ថា គោទាំង២ក្បាលដែលអ្នកភូមិហៅលោកទៅព្យាបាលនោះ បានរងការពុល តែលោកមិនដឹងថាតើវាពុលថ្នាំអ្វីនោះទេ។ លោកគ្រាន់តែដឹងថា ជាជាតិពុលដែលអាចសម្លាប់សត្វគោក្របីបាន ប្រសិនបើម្ចាស់វាពុំបានមើលវាឲ្យទាន់ពេលវេលាទេនោះ៖ «តំបន់ហ្នឹង ជាតំបន់គេដាក់គោក្របីណាបង។ អ្នកមានគោក្របី នៅឯស្រុកផ្សេងៗ ដូចជាស្រុកបរិបូណ៌ កំពង់ត្រឡាច រហូតដល់ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏មានយកមកដាក់នៅតំបន់នេះដែរ។ អ្នកដាំល្ង គេបាញ់ថ្នាំតែពីសតែពាស មិនមែនបាញ់ការពារល្ងទេ តែបាញ់សម្លាប់ស្មៅត្រង់នេះ ម្ដុំត្រង់នោះ ម្ដុំមិនដឹងជាគេប្រើថ្នាំអី»។
ពុំមានព័ត៌មានពិតប្រាកដពីចំនួនគោក្របីរបស់អ្នកភូមិដែលងាប់ដោយការពុលថ្នាំសម្លាប់ស្មៅនៅវាលសោកម៉ោក នេះទេ។ ដោយសត្វគោក្របីដែលអ្នកភូមិគ្រប់ទិសទី បានយកមកឃ្វាលបំប៉នឲ្យស៊ីស្មៅនៅតំបន់នេះ មានចំនួនជាច្រើនពាន់ក្បាល។
អ្នកភូមិបានឲ្យដឹងថា តំបន់សោកម៉ោក គឺជាវាលស្មៅដ៏ធំមួយស្ថិតក្នុងភូមិពាមសែន ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងជាតំបន់លិចទឹកនារដូវវស្សា។ តំបន់នេះ ក៏ជាតំបន់ដែនអភិរក្សជលផលផងដែរនារដូវវស្សា។ នារដូវប្រាំង ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋនៅតំបន់នានាក្នុងខេត្តកំពង់ឆ្នាំង និងខ្លះមកពីស្រុកក្រគរ ខេត្តពោធិ៍សាត់ បាននាំគ្នាយកគោក្របីទៅឃ្វាលនៅតំបន់សោកម៉ោក នេះ ព្រោះវាជាតំបន់ដែលសម្បូរស្មៅខ្ចី សម្រាប់បំប៉នដល់គោក្របីរបស់អ្នកស្រុក។
អភិបាលស្រុកបរិបូណ៌ លោក ឃួន សៅរ៉ុម បានឲ្យដឹងថា ករណីសត្វគោក្របីរបស់អ្នកភូមិងាប់ ដោយសារពុលថ្នាំសម្លាប់ស្មៅនេះ លោកបានចុះទៅពិនិត្យដល់ទីកើតហេតុ៖ «កោះហ្នឹង មិនមែនក្នុងដែនរដ្ឋបាលស្រុកបរិបូណ៌ ទេបង វានៅខាងស្រុកកំពង់លែង។ ក៏ប៉ុន្តែ បងប្អូនអ្នកភូមិមកពីគ្រប់ទី ធ្លាប់តែដាក់គោក្របីនៅទីនេះ តាំងតែពីសង្គមចាស់មកម្ល៉េះ។ ដល់អ្នកខាងកំពង់លែង គេដាំល្ង គេបាញ់ថ្នាំធ្វើឲ្យពុលងាប់គោខាងខ្ញុំ ឮថាអស់២។ ខ្ញុំបានទៅមើលដែរនៅទីនោះ»។
លោកថា លោកបានជួបពិភាក្សាជាមួយអភិបាលស្រុកកំពង់លែង រួចហើយ។ ខាងស្រុកកំពង់លែង បានយល់ព្រមហាមឃាត់ចាប់ពីពេលនេះតទៅ មិនឲ្យអ្នកភូមិធ្វើចម្ការនៅតំបន់នេះទៀតទេ ដោយរក្សាទុកតំបន់នេះជាតំបន់សម្រាប់ឃ្វាលគោក្របីរបស់អ្នកភូមិ តាមទម្លាប់តាំងពីដើមរៀងមក៕
No comments:
Post a Comment
yes