បុណ្យផ្កែមួយឈ្មោះ បុណ្យសាមគ្គីសង្គ្រោះជាតិ នៅវត្តខ្មែរមួយនៅរដ្ឋVirginia
សហរដ្ឋអាមេរិក
ថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ២០១៣
ប្រជាពលរដ្ឋនៅតំបន់ជុំវិញរដ្ឋធានីវ៉ាស៊ីនតោន
បានប្រារព្ធពិធីបុណ្យផ្កែមួយឈ្មោះ បុណ្យសាមគ្គីសង្គ្រោះជាតិ
នៅវត្តខ្មែរមួយនៅរដ្ឋVirginia សហរដ្ឋអាមេរិក
ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុដល់គណបក្សសង្គ្រោះជាតិក្នុងដំណើរការបោះឆ្នោតជាតិនៅថ្ងៃទី២៨
ខែកក្កដាខាងមុខនេះ។
ក្នុងចំណោមអ្នកចូលរូមតិចជាង១០០នាក់ លោក ឃូ គិមទុយ
អ្នកចូលនិវត្តន៍រស់នៅរដ្ឋម៉ារីលែនដ៍ និយាយជាមួយវីអូអេ ថា លោករីករាយ
និងគាំទ្រទាំងជាស្មារតី និងហិរញ្ញវត្ថុ។
«មកដើម្បីចូលរួម
ដើម្បីប្រមូលធនធានជួយគណបក្សសង្គ្រោះជាតិដើម្បីរៀបចំស្រុកឡើងវិញ។
ហើយគេមានកម្មវិធីគេល្អណាស់។ គណបក្សថ្មីនោះណា៎ គឺថាគួរឲ្យជឿបាន»។
លោក ព្រហ្ម សៅរ៍នរ៉ា
នាយកគណៈកម្មការនៃមូលនិធិសង្គ្រោះជាតិខ្មែរ
និងអ្នករៀបចំពិធីបុណ្យផ្កានេះ
បានអំពាវនាវឲ្យមហាជនទូទៅជួយជាវិភាគទានប្រហែល១ដុល្លារក្នុងមួយថ្ងៃរហូតដល់ការបោះឆ្នោតនៅប៉ុន្មានខែខាងមុខទៀតនេះ។
«ហើយការផ្សាយបុណ្យនេះគឺថា
ដូចអស់លោកជ្រាប់ស្រាប់ហើយថា ប្រសិនបើយើងធ្វើបុណ្យតាមព្រះពុទ្ធសាសនា
គឺបានបុណ្យខ្លាំងណាស់។ ប៉ុន្តែការចូលក្នុងបុណ្យផ្កានេះ បើយើងជួយ១០០ដុល្លារ
យើងយកទៅជួយខែ្មរជាង១០លាននាក់។ ដូច្នេះបុណ្យនេះគឺថា បានច្រើនលើសលុប
បើប្រៀបធៀបទៅនឹងបុណ្យដ៏ទៃទៀត។ ដូច្នេះបានជាខ្ញុំសុំ
អស់លោកទាំងអស់ នាំគ្នាជួយ
ដើម្បីយកថវិកាទៅជួយសកម្មជនរបស់គណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសដើម្បីធ្វើការឲ្យមានប្រសិទ្ធភាព»។
ក្នុងពេលជាមួយគ្នានោះដែរ
ពីប្រទេសកូរ៉េខាងត្បូង លោក កឹម សុខា
អនុប្រធានគណៈបក្សសង្គ្រោះក៏បាននិយាយតាមរយៈស្កែបជាមួយអ្នកយកព័ត៌មានរបស់វីអូអេ
ដែលនៅកន្លែងបុណ្យផ្កានេះ ថា លោកមានការរីករាយដោយបានឃើញមានចលនាគាំទ្រពីគ្រប់ស្រទាប់មហាជន
និងគ្រប់ទីកន្លែងនៅក្នុងប្រទេស និងបរទេសដល់គណបក្សសង្គ្រោះជាតិនេះ។
«សម្រាប់ខ្ញុំចាប់អារម្មណ៍ទី១ គឺស្មារតី។
ស្មារតីនៃការក្រោកឈរឡើងរបស់ប្រជាពលរដ្ឋខ្មែរ។
ហើយស្មារតីនៃការផ្តោតតម្រង់ចំទិសឥឡូវនេះ។ អម្បាញ់មិញនេះ
ខ្ញុំក៏បានជួបខាងណូវ៉ែលហ្សេឡង់ដែរ កំពុងធ្វើបុណ្យផ្កាដែរ។
ប្រជាពលរដ្ឋខ្មែរយើងដោយឃើញចលនាសង្គ្រោះជាតិបង្រួបបង្រួមជាតិមក
គាត់តម្រង់ទិសមករករឿងនយោបាយតាមរយៈការធ្វើបុណ្យដើម្បីកសាងប្រទេសជាតិនេះ
កសាងតាមរយៈផ្លូវនយោបាយនេះ គឺជាស្មារតីភ្ញាក់រឭកមួយរឹងមាំណាស់
ហើយក៏ជាំស្មារតីលើកទឹកចិត្តដល់អ្នកតស៊ូនៅក្នុងប្រទេសយើងដើម្បីសង្គ្រោះជាតិផង
ហើយក៏មិនមែនតែស្មារតីទេ
គឺបានមកផ្តល់មធ្យោបាយដើម្បីជាស្ពានឆ្លងទៅរកសង្គ្រោះជាតិផង»។
ក្រៅពីប្រគេនចង្ហាន់ព្រះសង្ឃ
ពិធីនេះក៏មានការថ្លែងសុន្ទរកថាអំណរគុណ និងសូត្រកំណាព្យផងដែរ។
តទៅនេះគឺការដកស្រង់ពីកំណាព្យរបស់លោក អ៊ុក ស៊ីផា
ដែលជាអ្នកចូលរួមម្នាក់។
«ខ្មែរមិនយកខ្មែរជាសត្រូវ ទាំងក្នុងទាំងក្រៅរួមសាមគ្គីវិញធ្លុងតែមួយមិនមែនពីរ នោះគឺសាមគ្គីឥតបែកបាក់។
ខ្មែរក្រោមខ្មែរលើខ្មែរកណ្តាល នាំគ្នាជ្រួលច្រាលខំធ្វើបុណ្យញាប់ដៃញាប់ជើងមិនទម្រន់
មានឈ្មោះថាបុណ្យផ្កាសាមគ្គី។
ខ្មែររួមសាមគ្គីទើបខ្មែររស់ ដើម្បីរំដោះរដ្ឋកម្ពុជា គឺពួកសត្រូវដែលជាមា កំពុងប្រហារជីវិតខ្មែរ។
នៅទីបញ្ចប់សូមជូនពរ សុខភាពបវរល្អប្រពៃដល់បងប្អូនខ្មែរទាំងប្រុសស្រី
ប្រាថ្នាអ្វីៗបានសម្រេច»។
ថវិកាដែលប្រមូលបាននៅកន្លែងបុណ្យនេះមានចំនួន ៣.០០០
ដុល្លារសហរដ្ឋអាមេរិក ហើយថវិកានៃមូលនិធិសង្គ្រោះជាតិរហូតមកដល់ពេលនេះប្រមូលបានសរុបប្រហែល២សែនដុល្លារសហរដ្ឋអាមេរិក។
អ្នករៀបចំកម្មវិធីបុណ្យសង្ឃឹមថា
ការប្រមូលមូលនិធិសង្គ្រោះជាតិមិនចប់ត្រឹមពិធីបុណ្យសាមគ្គីសង្គ្រោះជាតិនេះទេ៕
No comments:
Post a Comment
yes