សេចក្តីថ្លែងការណ៏រួម របស់អង្គការសង្គមស៊ីវិលចំនួន១២ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានលើកឡើងថា ការដោះលែងប្រធានវិទ្យុឯករាជ្យ លោក ម៉ម សូណង់ដូ និងសហភាគីចុងចោទពីរនាក់ទៀត គឺលោក ទូច រាម និងលោក កាន់ សុវណ្ណ នោះជាការប្រើរយៈពេលវែងសម្រាប់ស្តាឡើងវិញនូវលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា មុនការបោះឆ្នោតជាតិមកដល់នៅខែកក្កដា។
នាយកមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉េង វីរៈ បានស្វាគមន៍ចំពោះការដោះលែងនេះ ប៉ុន្តែថា “យុត្តិធម៌មិនបានផ្តល់ឲ្យពេញលេញដល់ពួគគេទេ ខណៈពួកគេនៅតែជាអ្នកទោស។ លោកអះអាងថា មិនមានភស្តុតាងជាក់លាក់អ្វីមួយដែលអាចចោទប្រកាន់ និងដាក់ទោសលើអ្នកទាំងបីឡើយ ហើយនេះជាការបំភិតបំភ័យ ដែលជះឥទ្ធិពលយូរអង្វែង”។
លោក ម៉ម សូណង់ដូ ត្រូវសាលាដំបូងរាជធានីភ្នំពេញចោទថា បង្កើតអបគមន៏ទាក់ទងជម្លោះដីធ្លីនៅស្រុកឆ្លូង ខេត្តក្រចេះ ដែលសេចក្តីថ្លែងការណ៏អះអាងថា ជម្លោះរាំរ៉ៃនោះ កើតឡើងពាក់ព័ន្ធនឹងក្រុមហ៊ុនការស៊ូទីម ដែលកាន់កាប់ដី១៥,០០០ហិកតា នៅក្បែរនោះ។
សាលាដំបូង បានកាត់ទោស លោកម៉ម សូណង់ដូ ២០ឆ្នាំ តែសាលាឧទ្ធរណ៏បានប្តូរបទវិញ ហើយកាត់ទោសចំនួន៥ឆ្នាំ តែទោសនោះត្រូវព្យូរទាំងអស់ រួមទាំងពលរដ្ឋពីរផងដែរ។
រដ្ឋាភិបាលកម្ពុជាបានបង្ក្រាបលើពលរដ្ឋ ដែលមានជម្លោះនោះ បណ្តាលឲ្យស្លាប់ក្មេងស្រីអាយុ១៤ឆ្នាំ ឈ្មោះហេង ចន្ថា ហើយក្រោយមកចោទប្រកាន់ប្រធានសមាគមអ្នកប្រជាធិបតេយ្យរូបនេះ ថាជាអ្នកបង្កើតអបគមន៍ តែក្រុមអ្នកតាមដានថា អត់មានភស្តុតាងណាមួយសមរម្យឡើយ។
នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង មានប្រសាសន៏ថា “ចាប់តាំងពីថ្ងៃដំបូង ដល់ថ្ងៃចេញសាលដីកា របស់សាលាឧទ្ធរណ៏ ការចោទនេះមានចរិកនយោបាយ”។
ការដោះលែង លោក ម៉ម សូណង់ដូ ត្រូវសង្គមស៊ីវិល លើកឡើងថា កម្ពុជាប្រឈមមុខយ៉ាងខ្លាំងពីសម្ពាធអន្តរជាតិ ដែលសុំឲ្យដោះលែងសកម្មជនសិទ្ធិមនុស្សរូបនេះ ដែលទទូចដោយផ្ទាល់ពី លោកបារ៉ាក់ អូបាម៉ា អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី គ្លីនតុន និងនាយករដ្ឋមន្ត្រីបារាំង ដោយសារលោកម៉ម សូណង់ដូ មានសញ្ជាតិបារាំងដែរនោះ៕
No comments:
Post a Comment
yes