មហាសន្និបាតវិសាញ្ញរបស់គណបក្សប្រជាជន គ្រោងធ្វើឡើងនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០១៣ ដើម្បីដាក់ចេញនូវផែនការ កម្មវិធី និងគោលនយោបាយសំខាន់ៗ សម្រាប់ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នាចុងសបា្តហ៏ក្រោយនេះ។
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់មន្ត្រីជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣។
ក្នុងពិធីចែកសញ្ញាប័ត្រ ដែលបានប្រារព្ធឡើងនៅវិទ្យាស្ថានជាតិអប់រំ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីដែលបញ្ចប់ការសិក្សាពេលនេះ ត្រូវធ្វើជាមន្ត្រីល្អ ដែលមិនមែនទៅត្រួតត្រា ឬទៅធ្វើជាម្ចាស់របស់ប្រជាជននោះទេ តែមន្ត្រីនោះត្រូវតែជាអ្នកបម្រើ និងផ្តល់សេវាដល់ប្រជាជន។
ជាមួយនឹងប្រសាសន៍ដូច្នេះ លោក ហ៊ុន សែន ក៏បានប្រកាសព្រមានដល់មន្ត្រីក្នុងគណបក្សប្រជាជនកម្ពុជារបស់នាយករដ្ឋមន្ត្រីគឺមិនត្រូវធ្វើអន្តរាគមន៍ចំពោះការតែងតាំងអភិបាល អភិបាលរងខេត្ត រាជធានី ដែលគណបក្សប្រជាជនកម្ពុជានឹងត្រូវធ្វើឡើងនៅក្នុងខែឧសភាខាងមុខឡើយ។
ជាការកត់សម្គាល់ អភិបាលខេត្ត រាជធានី ដែលមានអាយុ ៦០ ឆ្នាំ ត្រូវដល់អាយុចូលនិវត្ត ហើយអភិបាលខេត្ត រាជធានីមួយចំនួន ត្រូវបានគណបក្សប្រជាជនកម្ពុជា បញ្ចូលឈ្មោះឲ្យឈរជាតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជាតិ នៅខែកក្កដា។ ហើយបានបញ្ចូលឈ្មោះបេក្ខជនតំណាងរាស្ត្រថ្មីមួយចំនួនដែលជាកូនរបស់ឥស្សរជនជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នឹងឈរឈ្មោះបោះឆ្នោតដើម្បីអាសនៈរដ្ឋសភា នៅក្នុងការបោះឆ្នោតខែកក្កដា ខាងមុខ៕
No comments:
Post a Comment
yes