ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី
កាលពីយប់ថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១២ នារដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអង្គារ មានប្រសាសន៍ថា អវត្តមានលោកក្នុងការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៣ ខាងមុខ នឹងផ្តល់ផលប្រយោជន៍ច្រើនសម្រាប់គណបក្ស និងការផ្លាស់ប្ដូរសង្គម។ នេះ ជាលើកទីមួយហើយដែលលោក សម រង្ស៊ី ទទួលស្គាល់ថា ឱកាសចូលរួមការបោះឆ្នោតនៅកម្ពុជា មានលក្ខណៈចង្អៀត។
លោក សម រង្ស៊ី អះអាងថា យុទ្ធសាស្ត្រឈ្នះឈ្នះចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ គឺលោកនឹងមិនវិលត្រឡប់មកកម្ពុជា ដើម្បីចូលរួមការបោះឆ្នោត ដើម្បីឲ្យសហគមន៍អន្តរជាតិកុំទទួលស្គាល់លទ្ធផលបោះឆ្នោត និងរដ្ឋាភិបាលថ្មី។
លោក សម រង្ស៊ី៖ «បើអត់មានរូបខ្ញុំ ការបោះឆ្នោតគ្មានតម្លៃ។ គ្មាននរណាទទួលលទ្ធផលនៃការបោះឆ្នោតបែបនេះ ហើយក៏គ្មាននរណាទទួលស្គាល់រដ្ឋាភិបាលណាដែលចេញមកពីការបោះឆ្នោតបែបនេះ។ ពេលនោះ ប្រទេសកម្ពុជា នឹងឈានចូលស្ថានការណ៍ ពីព្រោះអស់មានរដ្ឋាភិបាលស្របច្បាប់»។
ការបង្ហាញជំហរចុងក្រោយរបស់លោក សម រង្ស៊ី ធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលកម្ពុជា បានបិទគ្រប់ច្រកផ្សះផ្សានយោបាយ អនុញ្ញាតឲ្យលោក សម រង្ស៊ី អាចចូលរួមការបោះឆ្នោតបាន។
លោក សម រង្ស៊ី បន្តថា ស្ថានការណ៍បច្ចុប្បន្ន កំពុងផ្លាស់ប្ដូរអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ចំណេញនយោបាយ និងការគាំទ្រពីសហគមន៍ ទោះបីមានវត្តមាន ឬអវត្តមានរបស់លោកក្នុងការបោះឆ្នោតនៅខែកក្កដា ខាងមុខក៏ដោយ។
លោក សម រង្ស៊ី៖ «បើគណបក្សប្រជាជនកម្ពុជា ហើយ គ.ជ.ប គេលួចបន្លំសន្លឹកឆ្នោត មិនឲ្យខ្ញុំចូលរួម ក៏នឹងមានការផ្លាស់ប្ដូរ ពីព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន មិនអាចធ្វើការបានទេ នឹងដួលរលំក៏មានការផ្លាស់ប្ដូរដែរ»។
ដំណឹងចុងក្រោយរបស់លោក សម រង្ស៊ី ធ្វើឡើងនៅពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងដើរប្រាប់សហគមន៍អន្តរជាតិថា វត្តមានលោក សម រង្ស៊ី មិនសំខាន់សម្រាប់ការបោះឆ្នោត។
លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស កាលពីថ្ងៃអង្គារ បានប្រាប់អ្នកស្រី ភិននី រីឆាត (Penny Richards) ឯកអគ្គរាជទូតប្រទេសអូស្ត្រាលី ថា ការបោះឆ្នោតសកលនៅខែកក្កដា ខាងមុខនេះ នឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ បើទោះបីជាលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនអាចចូលរួមការបោះឆ្នោតបានក៏ដោយ។
លោក សម រង្ស៊ី កំពុងតែរស់នៅនិរទេសខ្លួននៅប្រទេសបារាំង តាំងពីចុងឆ្នាំ២០០៩ ក្រោយពេលតុលាការផ្ដន្ទាទោសឲ្យលោកជាប់ពន្ធនាគារចំនួន ១២ឆ្នាំ។
អ្នកវិភាគធ្លាប់លើកឡើងថា បើលោក សម រង្ស៊ី ត្រឡប់ចូលកម្ពុជា នៅនាទីចុងក្រោយមែន លោកក៏នឹងមានពេលវេលាតិចតួចសម្រាប់រៀបចំយុទ្ធសាស្ត្រធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតណាស់ ហើយនៅពេលនោះ ការចូលរួមរបស់លោក សម រង្ស៊ី អាចផ្តល់ភាពស្របច្បាប់មួយផ្នែកដល់ការបោះឆ្នោតដែលគេឯងតែងចោទថា ចាត់ចែងដោយគណបក្សប្រជាជនកម្ពុជា នោះ៕
No comments:
Post a Comment
yes