សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 27, 2013

អាជ្ញាធរ​ខណ្ឌ​ដង្កោ​ប្រកាន់​បក្ស​ក្នុង​ការ​លើក​ស្លាក

130426_03
សមាជិក​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​សមាជ​កាល​ពី​ដើម​ខែនេះ
គណបក្ស​ប្រឆាំង​បាន​បរាជ័យ​ជា​លើក​ទី២ ក្នុង​ការ​លើក​ស្លាក​គណបក្ស​របស់​ខ្លួន នៅ​តាម​ទី​សាធារណៈ ដែល​នៅ​ក្បែរ​ស្លាក​គណបក្ស​ប្រជាជន ក្នុង​សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ ដោយ​សារ​តែ​ត្រូវ​អាជ្ញាធរ​ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​ហាម​ឃាត់​។
លោក ប៉ែន សេត្ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខណ្ឌ​ដង្កោ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដង្កោ​ទម្លាក់ បន្ទាប់​ពី​បាន​ដាក់​នៅ​ជិត​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​នៅ​តាម​ផ្លូវ​ទៅ​វត្ត​ជើង​ឯក កាល​ពី​ខែ​មុន។ កាល​ពី​ម្សិលមិញ សកម្មជន​គណបក្ស​នេះ បាន​រៀប​ចំ​លើក​ស្លាក​ម្តង​ទៀត​នៅ​ទី​នោះ​ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​ហាម​ឃាត់​ម្តង​ទៀត។
លោក ប៉ែន សេត្ថា បាន​ហៅ​សកម្មភាព​រាំង​ស្ទះ​របស់​អាជ្ញាធរ​នេះ​ថា​ជា​ការ​ជំទាស់​ទៅ​នឹង​អនុសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។ លោក បញ្ជាក់​ថា៖ «​ខ្ញុំ​ដាក់​ស្លាក​នេះ​ខ្ញុំ​អនុវត្ត​តាម​អនុសាសន៍​របស់​នាយក​រដ្ឋ​មន្រ្តី​ដែល​ថា គណបក្ស​ប្រជាជន​ដាក់​ស្លាក​សញ្ញា​នៅ​ទី​ណា គណបក្ស​ដទៃ​ទៀត​ក៏​អាច​ដាក់​បាន​នៅ​ទី​នោះ​ដែរ​»។
លោក​បន្ត​ថា មុន​ពេល​ដាក់​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​យក​លិខិត​ជូន​ដំណឹង​ទៅ​ប្រគល់​ឲ្យ​លោក ស៊ុន ស៊ីវ ចៅ​សង្កាត់​ជើង​ឯង ដោយ​ជម្រាប​អំពី​ការ​ដាក់​ស្លាក​នេះ។ ប៉ុន្តែ​លោក ស៊ុន ស៊ីវ បាន​ឆ្លើយ​តប​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ដាក់​ស្លាក​គណបក្ស​របស់​ខ្លួន​បាន​ទេ នៅ​មុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។ លោក សេត្ថា​បន្ថែម​ថា៖ «ប៉ុន្តែ​ស្លាក​គណបក្ស​ប្រជាជន​បាន​ដាក់​នៅ​ទី​នោះ​។ នេះ​មិន​ស្មើ​ភាព​ទេ។ អាជ្ញាធរ​មិន​មែន​ជា​អាជ្ញាធរ​របស់​ប្រជាជន​ទេ តែ​ជា​អាជ្ញាធរ​របស់​គណបក្ស​ប្រជាជន​»។
លោក ស៊ុន ស៊ីវ ចៅ​សង្កាត់​ជើង​ឯក មិន​បាន​ពន្យល់​អំពី​មូលហេតុ​សម​ស្រប​តាម​ផ្លូវ​ច្បាប់​ណា​មួយ​ថា​តើ​ហេតុ​អ្វី​បាន​ជា​គណបក្ស​ប្រជាជន​អាច​លើក​ស្លាក​បាន ប៉ុន្តែ​គណបក្ស​ប្រឆាំង បែរ​ជា​ពុំ​អាច​លើក​ស្លាក​បាន​នោះ​ទេ។ ចៅ​សង្កាត់​រូប​នេះ បាន​និយាយ​ថា៖« ស្លាក​គណបក្ស​ប្រជាជន​បាន​ដាក់​នៅ​ទី​នោះ​ជា​យូរ​មក​ហើយ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​បង្កើត​ថ្មី​មិន​អាច​ដាក់​ស្លាក​ទី​នោះ​បាន​ទេ​»។ ចៅ​សង្កាត់​មក​ពី​គណបក្ស​ប្រជាជន​រូប​នេះ បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​អាច​លើក​ស្លាក​បាន​នៅ​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចាប់​ផ្តើម។
កាល​ពី​សប្តាហ៍​មុន លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ប្រាប់​អាជ្ញាធរ​ពាក់​ព័ន្ធ​ទាំង​អស់​កុំ​ហាម​គណបក្ស​នយោបាយ​ផ្សេងៗ​ដាក់​ស្លាក​របស់​ពួក​គេ​នៅ​ទីសាធារណៈ ដោយ​បាន​ថ្លែង​ថា ប្រសិន​បើ​ទី​ណា គណបក្ស​ប្រជាជន​អាច​ដាក់​ស្លាក​បាន​គណបក្ស​ដទៃ​ទៀត ក៏​អាច​ដាក់​ស្លាក​របស់​ពួក​គេ​បាន​ដូច​គ្នា​ផង​ដែរ៕ 

No comments:

Post a Comment

yes