សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 27, 2013

សហគមន៍​បឹង​កក់​១ប្រឆាំង​នឹង​ផែនការ​ឲ្យ​រើ​ផ្ទះ​យក​ដី​សង់​ផ្លូវ​អត់​សំណង

130426_07
ពលរដ្ឋ​សហគមន៍​បឹង​កក់​១ លើក​គ្នា​ធ្វើ​សន្និសីទ​កាសែត​ប្រឆាំង​ផែន​ការ​​ឲ្យ​រុះ​ផ្ទះ​ធ្វើផ្លូវ 
ប្រជា​ពលរដ្ឋ​ចំនួន​១៤​គ្រួសារ ក្នុង​សហគមន៍​ផ្លូវ​៣៤៧ ដែល​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន បាន​នាំ​គ្នា​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ប្រកាស​ច្រាន​ចោល​នូវ​របាយ​ការណ៍ និង​គំនូស​ប្លង់​អភិវឌ្ឍន៍​របស់​ការិយាល័យ​ភូមិ​បាល​ខណ្ឌ​ទួល​គោក ដែល​ដាក់​ក្នុង​កំណត់​សម្គាល់​ថា​លំនៅឋាន​ពួក​គាត់​ឲ្យ​ស្ថិត​នៅ​លើ​ទ្រូង​ផ្លូវ​៣៤៧ ជា​ការ​រាំង​ខ្ទប់​ចរាចរណ៍​ទៅ​មក​។
អ្នក​ស្រី ឯក ម៉ាលីនណា អាយុ​៥៧​ឆ្នាំ ជា​តំណាង​ពលរដ្ឋ​ចំនួន​១៤​គ្រួសារ នៃ​សហគមន៍​ផ្លូវ​៣៤៧ នៅ​សង្កាត់​បឹងកក់​១ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ប្រធាន​ការិយាល័យ​ភូមិ​បាល​ខណ្ឌ​ទួល​គោក លោក អំ ប៊ុនលី បាន​គូរ​គំនូស​ប្លង់​អភិវឌ្ឍន៍​មួយ​ក្នុង​តំបន់​ពួក​គាត់ រស់​នៅ បាន​ដាក់​កំណត់​សម្គាល់​ថា ពួក​គាត់​១៤ គ្រួសារ​បាន​សង់​លំនៅឋាន​នៅ​លើ​ទ្រូង​ផ្លូវ​លេខ​៣៤៧ ដែល​បង្ក​ការ​រាំង​ខ្ទប់​ចរាចរណ៍​ទៅ​មក​របស់​សាធារណជន។
អ្នក​ស្រី​បន្ត​ថា៖«​ខ្ញុំ​យល់​ថា គំនូស​ប្លង់​នេះ មិន​ត្រឹម​ត្រូវ​និង​មិន​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ទី​តាំង​ភូមិ​សាស្ត្រ​ជាក់​ស្តែង​ដែល​ពួក​យើង​ខ្ញុំ​កំពុង​រស់​នៅ​នេះ​ទេ»។

អ្នក​ស្រី​បន្ថែម​ថា៖«ដូច​បង​ប្អូន​បាន​ឃើញ​ផ្លូវ​៣៤៧​មាន​ទំហំ​ជាង​១០​ម៉ែត្រ ដែល​រថយន្ត​ធុន​ធ្ងន់​កំពុង​ចរាចរណ៍​ឆ្លង​កាត់។​ផ្ទះ​ពួក​យើង​ខ្ញុំ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ មិន​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​នោះ​ទេ»។
តំណាង​ម្នាក់​ទៀត លោក ពៅ បញ្ញា បាន​បន្ទរ​ថា តាម​ស្ថានភាព​ជាក់​ស្ដែង ផ្លូវ ៣៤៧ ដែល​មាន​ទំហំ​១០​ម៉ែត្រ និង​បាន​តភ្ជាប់​ផ្លូវ​លេខ​៥១៦ និង​ផ្លូវ​លេខ​៥២៨ និង​ផ្លូវ​លេខ ៥៩៨។ ចំណែក​ផ្លូវ​លេខ​៣៤៩ ជា​ផ្លូវ​ទាល់​ត្រឹម​ផ្លូវ​លេខ​៥២៨​ប៉ុណ្ណោះ ប៉ុន្តែ​គំនូស​ប្លង់​ដែល​គូរ​ដោយ​មន្ត្រី​ការិយាល័យ​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម សំណង់​និង​ភូមិ​បាល​ខណ្ឌ​នោះ បាន​គូស​ផ្លូវ​លេខ ៣៤៩ ធ្លាយ​ដល់​ផ្លូវ​លេខ​៥៩៨ ហើយ​គូស​ផ្លូវ​៣៤៧ ជា​ផ្លូវ​ទាល់​ត្រឹម​ផ្លូវ​៥២៨​ទៅ​វិញ ដោយ​បាន​គូរ​លំនៅឋាន​ពួក​គាត់​នៅ​បាំង​ជិត​ផ្លូវ ដែល​ផ្ទុយ​ពី​ការ​ពិត​ទាំង​ស្រុង។
លោក​និយាយ​ថា​៖​«​គូរ​របៀប​នេះ គឺ​ជា​ចេតនា​ចង់​បំភាន់​ថ្នាក់​ដឹក​នាំ​នៃ​ស្ថាប័ន មន្ទីរ​និង​ក្រសួង​ជំនាញ​នានា ឲ្យ​យល់​ច្រឡំ​មក​លើ​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​យើង​ខ្ញុំ ថា​ជា​អ្នក​រស់​នៅ​អនាធិបតេយ្យ​លើ​ទ្រូង​ផ្លូវ​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​របស់​អាជ្ញាធរ​ដែន​ដី និង រាជ​រដ្ឋាភិបាល និង​បំណង​ចង់​បណ្ដេញ​ពួក​យើង​ខ្ញុំ​ចេញ ដោយ​ផ្ដល់​នូវ​សំណង​មិន​សម​ស្រប​តាម​តម្លៃ​ទី​ផ្សារ​សេរី​»។
លោក​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា តាម​ប្រកាស​លេខ ៣៧១ សហវ.ប្រក ចុះ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១១ របស់​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​យោង​តាម​ផែន​ទី​កំណត់​តម្លៃ​គិត​ពន្ធ​លើ​អចលន​ទ្រព្យ​របស់​សាលា​ខណ្ឌ​ទទួល​គោក បាន​បង្ហាញ​ថា «ដី» ក្នុង​តំបន់​សហគមន៍​នេះ មាន​តម្លៃ​ចន្លោះ​ពី​៥០០ ដុល្លារ និង ៧៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។
លោក​បញ្ជាក់​ថា ៖ «​ខ្ញុំ​សូម​ឲ្យ​ស្ថាប័ន​មន្ទីរ និង​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម និង​សំណង់ បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​មក​ពិនិត្យ​អង្កេត​នៅ​ក្នុង​តំបន់​របស់​យើង​ខ្ញុំ ដើម្បី​ផ្ទៀង​ផ្ទាត់​នូវ​របាយ​ការណ៍ និង​គំនូស​បង្ហាញ​ពី​ទីតាំង​ដែល​មន្ត្រី​ភូមិ​បាល​ខណ្ឌ​បាន​ធ្វើ​ត្រឹមត្រូវ​ឬ​យ៉ាង​ណា? ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​យើង​ខ្ញុំ»។
ពាក់​ព័ន្ធ​ទៅ​នឹង​ការ​លើក​ឡើង​នេះ​លោក អំ ប៊ុនលី ប្រធាន​ការិយាល័យ​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម​សំណង់ និង​ភូមិ​បាល​ខណ្ឌ​ទួល​គោក កាល​ពី​ម្សិល​មិញ​បាន​បដិសេធ​ការ​ផ្ដល់​អត្ថាធិប្បាយ។
នៅ​ចុង​ឆ្នាំ​២០០៧ អាជ្ញាធរ​ដែន​ដី បាន​ជូន​ដំណឹង​បន្ត​បន្ទាប់ ស្ដី​ពី​ការ​ពង្រីក​ផ្លូវ​លេខ​៣៤៧ ឲ្យ​បាន​ទំហំ​៣០​ម៉ែត្រ ដើម្បី​ងាយ​ក្នុង​ការ​សម្រួល​ចរាចរណ៍​ក្នុង​រាជធានី​ដោយ​តម្រូវ​ឲ្យ​អ្នក​ភូមិ​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ​ប្រមាណ​ជាង​១០០​គ្រួសារ​រុះ​រើ​លំនៅឋាន​ចេញ​ពី​តំបន់​នេះ​ដោយ​អាជ្ញាធរ​បាន​សន្យា​ថា នឹង​ផ្ដល់​ថវិកា​ចំនួន​៣​លាន​រៀល និង​ថ្នូរ​ជា​ដី​ទំហំ​៦​ម៉ែត្រ​គុណ​១២​ម៉ែត្រ នៅ​តំបន់​ភូមិ​តាគោ ឃុំ​ជ្រៃលាស់ ស្រុក​ពញាឮ ខេត្ត​កណ្ដាល ហើយ ចាប់​ពី​ពេល​នោះ​មក ក្រុម​អ្នក​ភូមិ​បាន​ដើរ​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​គ្រប់​ក្រសួង​មន្ទីរ និង​នៅ​ស្ថាប័ន​កំពូល​ទាំង​បី​របស់​ជាតិ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មិន​មាន​ស្ថាប័ន​ពាក់​ព័ន្ធ​ណា​មួយ​ដោះ​ស្រាយ​ទេ៕

No comments:

Post a Comment

yes