លោកឧត្តមសេនីយ៍ទោ យ៉ា គឹមអ៊ី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ហេតុការណ៍ខាងលើនេះ ផ្ដើមចេញពីករណីទំនាស់ ក្នុងពេលផឹកស៊ីរវាងតុជនរងគ្រោះ និងតុរបស់កូនលោកឧកញ៉ា នៅក្នុងហាងមួយយីហោ ហ្គេឡាង ឡារ៉ង់ នៅជាប់ផ្លូវ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាលពីវេលាម៉ោង ២យប់ ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ( ថ្ងៃចូលឆ្នាំដំបូង ) ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា កូនប្រុសរបស់លោកឧកញ៉ា ដួង ងៀប ទាំង ២នាក់ ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនា ប្រើប្រាស់ដោយអាវុធ និងចោទប្រកាន់ពីបទប្រើប្រាស់អាវុធខុសច្បាប់ ដែលកម្លាំងការិយាល័យស្រាវជ្រាវ និងយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីហើយ។
ក្នុងនោះ វត្ថុតាង រួមមាន អាវុធខ្លីម៉ាក រ៉ូឡូ មួយដើម កាំភ្លើង AK ស្វាយបត់មួយដើម រថយន្តទំនើប ២គ្រឿង ម៉ាក មែកសឺដេស ពណ៌ស និងម៉ាក អ៊ីនហ្វីនីទីហ្វ ពណ៌ខ្មៅ។
កូនប្រុសលោកឧកញ៉ា ដួង ងៀប ដែលត្រូវចាប់ខ្លួន មានឈ្មោះ ដួង គឹមឡុង អាយុ១៧ ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ ដួង ឆាយ អាយុ ២០ឆ្នាំ ( គេចខ្លួន )។
របាយការណ៍បញ្ជាក់ពីលោកវរសេនីយ៍ទោ មុំាង សុខលុច នាយការិយាល័យស្រាវជ្រាវ និងយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះ ដែលត្រូវបានកូនលោកឧកញ៉ា ដួង ងៀប ធ្វើការវាយសំពង និងសម្លុតគំរាមកំហែង បណ្ដាលឲ្យរងរបួសក្បាលជាទម្ងន់នោះ មានឈ្មោះ មុំ ឌីណា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅផ្ទះលេខ៦៧ ផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
លោកនាយការិយាល័យ បានបញ្ជាក់បន្តថា មុនពេលកើតហេតុភាគីរងគ្រោះ និងភាគីបង្កបានផឹកស៊ីក្នុងហាងកើតហេតុខាងលើ នៅតុផ្សេងគ្នា ដោយភាគីរងគ្រោះ មានគ្នាប្រមាណ ៥ ទៅ ៦ នាក់ ហើយភាគីបង្ក មានគ្នាប្រហាក់ប្រហែលគ្នាដែរ (រួមទាំងអង្គរក្ស)។ នៅពេលផឹកស៊ី រហូតស្រវឹងរៀងៗខ្លួន កូនប្រុសទាំង២ របស់លោកឧកញ៉ា ដួង ងៀប បានខឹងសម្បារទៅនឹងតុជនរងគ្រោះ ដោយសារភាគីរងគ្រោះ យកម៉ាស៊ីនថត ថតរូបអនុស្សាវរីយ និងហ៊ោកញ្ជ្រៀវ មុនពេលទេវតាឆ្នាំថ្មី ចុះមកដល់ប្រមាណជា ១០នាទីប៉ុណ្ណោះ។ ខណៈនោះ គេឃើញកូនប្រុសទាំង២ របស់លោកឧកញ៉ា ដួង ងៀប បានខឹងច្រលោត រហូតទាញកាំភ្លើងខ្លី មកវាយក្បាលជនរងគ្រោះ បណ្ដាលឲ្យបែកឈាមហូរជោកខ្លួន និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងហាង ដើម្បីគំរាមកំហែង។
ក្រោយពេលមានហេតុការណ៍នោះមក ភាគីបង្កបានគេចខ្លួនអស់មុនពេលសមត្ថកិច្ចទៅដល់។ ដោយការស្រាវជ្រាវតាមជំនាញ នៅល្ងាចថ្ងៃទី១៤ ខែមេសា កម្លាំងការិយាល័យជំនាញ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ យ៉ា គឹមអ៊ី បានសហការជាមួយខាងតុលាការ ដឹកនាំចុះឆែកឆេរ និងចាប់ខ្លួនផ្ទាល់ដោយលោកព្រះរាជអាជ្ញារង ហៀង សុភ័ក្ត្រ ឈានដល់ការឃាត់ខ្លួនកូនប្រុសលោកឧកញ៉ា ដួង ងៀប(ដួង គឹមឡុង) បានម្នាក់ នៅក្នុងខន់ដូមួយ ដែលគេដឹងថា ជារបស់លោកឧកញ៉ា ដួង ងៀប ជួលឲ្យជនបរទេស នៅក្បែរសណ្ឌាគាកាំបូឌីយ៉ាណា។
ក្នុងការឃាត់ខ្លួននោះកម្លាំងចម្រុះបានដកហូតអាវុធខ្លីមួយដើមម៉ាករ៉ូឡូ ពីឈ្មោះ ដួង គឹមឡុង និងដកហូតកាំភ្លើង AK ស្វាយបត់មួយគ្រឿងទៀត ពីក្នុងឡានមែកសឺដេសពណ៌ស របស់កូនលោកឧកញ៉ា ដួង ងៀប។ រួមនឹងរថយន្តទាំងមួយគ្រឿងទៀត ម៉ាកអ៊ីនហ្វីនីទីហ្វ។
ក្នុងករណីនេះ លោកឧត្តមសេនីយ៍ទោ យ៉ា គឹមអ៊ី បានបញ្ជាក់យ៉ាងច្បាស់ថា ជនដៃដល់និងអ្នកពាក់ព័ន្ធនឹងហេតុការណ៍ខាងលើនេះ នឹងត្រូវតាមចាប់ខ្លួនបន្តទៀត ទោះជាកូនអ្នកណាក៏ដោយ ពីព្រោះការអនុវត្តទៅលើបទល្មើសជាក់ស្ដែង គឺកូនលោកឧកញ៉ា ដួង ងៀប មានការចោទប្រកាន់រហូត ២ករណីផ្សេងៗគ្នា ទី១ ប្រើប្រាស់ហិង្សា ដោយអាវុធ បង្ករបួសស្នាមលើអ្នកដទៃ និងប្រើប្រាស់អាវុធខុសច្បាប់៕
No comments:
Post a Comment
yes