សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 3, 2013

វិភាគ​៖ បើ​យុវជន​មិន​ចាប់​អារម្មណ៍​​រឿង​នយោបាយ តើ​មាន​ផលវិបាក​អ្វីខ្លះ​?

តាម​របាយការណ៍​គោលនយោបាយ​ជាតិ​​យុវជន បង្ហាញ​ថា នៅ​កម្ពុជា​ប​ច្ចុ​ប្បន្ន​​យុវជន​​អាយុ​​ចន្លោះ​ពី ​១៥​​ដល់​​៣០​​ឆ្នាំ មាន​ចំនួន​ជាង​៤​លាន​នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​​១៤​លាន​នាក់​។ វ័យ​នេះ ត្រូវ​បាន​​​អង្គ​ការ​​សង្គម​​ស៊ីវិល​​សិក្សា​​ឃើញ​ថា ពួក​គេ​​មិន​​​សូវ​​ចាប់​អារម្មណ៍​រឿ​ង​នយោបាយ​​ទេ​។​

ការ​មិន​ចាប់​អារម្មណ៍​នេះ គេ​សង្កេតឃើញ​ថា មាន​មូលហេតុ​ជាច្រើន​​ដែល​នាំ​ឲ្យ​យុវជន មិន​​ហ៊ាន មិន​​ចង់ មិន​​អាច​ចូលរួម ទើប​នាំ​​ឲ្យ​ពួកគេ​មិន​ចាប់​អារម្មណ៍​តែម្តង​។ មូលហេតុ​មួយ​ដែល​តែងតែ​ឮ​​​ចេញពី​ក្រុម​យុវជន​នោះ​ ពួកគេ​តែង​និយាយថា រឿង​នយោបាយ​​​ជា​រឿង​គ្រោះ​ថ្នាក់ រហូតដល់​អ្នក​ខ្លះ​យល់ឃើញ​ថា បើ​មិន​ត្រូវ​គេ​បាញ់​សម្លាប់ ត្រូវ​​ជាប់​គុក ឬ រត់ចោលស្រុក​។

​នាយក​ប្រតិបត្តិ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​​យុវជន ​លោក​ឈាង សុខា សង្កេតឃើញថា មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ទៀត ដែល​នាំ​ឲ្យ​យុវជន​មិន​ចាប់​អារម្មណ៍ ឬ​ភ័យ​ខ្លាច​​នោះ ដោយ​សារ​​តែ​​ផ្នត់​គំនិត​ក្នុង​សង្គម​ខ្មែរ ឲ្យតែ​អ្នក​ណា​​ហ៊ាន​​និយាយ​រឿង​​​នយោបាយ គឺ​ត្រូវ​គេ​ផាត់​ពណ៌​​ថា ជា​សមាជិក​គណបក្ស​នេះ គណបក្ស​នោះ ទើប​នាំឲ្យ​យុវជន​ភ័យខ្លាច​ ៖ "​អ្វី​ជា​ឧបសគ្គ គាត់​មាន​ការ​ភ័យ​ខ្លាចជាមួយ​នឹង​ការ​ចូលរួម​ហ្នឹង ព្រោះ​បរិយា​កាសនៃ​ការ​ចូលរួម​នៅ​ក្នុង​សកម្ម​ភាព​សង្គម ក៏​ដូច​ជា​ការ​ជជែក​ពី​បញ្ហា​សង្គម វា​តែង​តែ​ត្រូវ​បាន​លាប​ពណ៌​ថា ជា​ការ​ពាក់​ព័ន្ធ​​ជាមួយ​នឹង​នយោ​បាយ"។


​លោក ឈាង សុខា ចង់ឃើញ​យុវជន​កាន់តែ​ច្រើន​ឡើង ហ៊ាន​​និយាយ​ពី​​រឿង​នយោបាយ​។ ពាក្យ​ថា​​ចាប់​អា​ម្មរណ៍ ឬ​ស្វែង​យល់​​ពី​​រឿង​​​នយោបាយ មិនមែន​សំដៅ​តែ​លើ​ការចូល​ជា​យុវជន​បក្ស ដើរ​​ឃោសនា ឬ​កាន់​ដំណែង​ក្នុង​បក្ស​ទេ គឺ​គ្រាន់តែ​ហ៊ាន​ជជែក​ឬ សាក​សួរ​ដេញ ដោយ​បើកចំហ​លើ​គោលនយោបាយ​របស់​គណ​បក្ស​និមួយៗ ដើម្បី​​​ឲ្យ​ប្រាកដថា ការ​បោះ​ឲ្យ​គណបក្ស​ណាមួយ​ពិត​ជា​ត្រឹមត្រូវ អាច​ជួយ​​ដល់​​ខ្លួន​ឯង និង​អភិវឌ្ឍន៍ សង្គមជាតិ​។

BBC Media Action ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្រិត​អន្តរជាតិ​មួយ បាន​រកឃើញថា យុវជន​កម្ពុជា​មាន​ប្រមាណ​តែ ៨%​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​របស់​សង្គម ជាហេតុ​នាំ​អោយ​កម្ពុជា​បាត់បង់​ធនធាន​មនុស្ស​មួយ​ភាគ​ធំ​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​សង្គម​។​

លោក ឈាង សុខា បន្តថា កាលណា​យុវជន​ចូលរួម​ស្វែង​យល់​​ពី​កិច្ចការ​នយោបាយ​បាន​តិច​នោះ គឺ​ស្មើ​​នឹង​ជា​ប្រគល់​ប្រទេស​ជាតិ​​​​ឲ្យ​រដ្ឋាភិបាល​ជា​អ្នកដឹកនាំ​​ទាំងស្រុង ​នោះ​វា​អាច​ប៉ះពាល់​ដល់​ផល​ប្រយោជន​ជាតិ និង​ប៉ះពាល់​ដល់​យុវជន​ផ្ទាល់ ៖ "វា​មាន​ហានិ​ភ័យ​ខ្ពស់ នៅ​ពេល​ដែល​សមា​ជិក ឬ​ក៏​ពលរដ្ឋ​ម្នាក់​​របស់​សង្គម គាត់​មិន​ទទួល​បាន​ព័ត៌​មាន​ពេញ​លេញ​អំពីការ​វិវឌ្ឍន៍​របស់​សង្គម មិន​បាន​ចូលរួម មិន​អាច​មាន​សិទ្ធិ​​ ឬ​ឱកាស​ជជែក ដោយ​សេរី​អំពី​ការ​កង្វល់​របស់​គាត់ ពេល​ហ្នឹង​ធ្វើ​ឲ្យ​គាត់​ហាក់​បី​ដូច​ជាឋិត​នៅ​ក្នុង​បរិ​បទ​មួយ​​ ដែល​វា​មាន​ជញ្ជាំង​បាំង​បាត់"។

​មូលហេតុ​ដែល​នាំឲ្យ​យុវជន​មិន​សូវ​ចាប់អារម្មណ៍​​រឿង​នយោបាយ​​ដែរ​​​នោះ គឺ​​អាច​​បណ្តាល​មក​​​ពី​​វ័យ​ចន្លោះ​ពី​១៥​ទៅ​៣០​ឆ្នាំ ពួក​គេ​​​ជាប់​​រវល់​​នឹង​​ការ​សិក្សា ការបំពេញ​​ការ​ងារ ដែល​​មាន​​ខ្លះ​​ចាក​ចេញ​​ពី​ខេត្ត​មួយ​​ទៅ​​ខេត្ត ឬ​ពី​ស្រុក​​កំណើត ប្រទេស​​កំណើត​ទៅប្រ​ទេស ក្រៅប្រទេស​ផង​ក៏មាន​។ តែ​​ក៏​មាន​យុវជន​​ខ្លះ មិន​​យក​​ពេល​ទៅ​ទំនេរ​​ស្វែង​យល់ រឿង​នយោបាយ ការ​ដឹក​នាំ​ប្រទេស​​ទេ បែរ​ជា​ប្រើពេល​ច្រើន​លើសលប់ ដើម្បី​ដើរ​​លេង មាន​​ពេល​ខ្លះ​រហូតដល់​បង្កើត​ជា​ក្រុម បង្ករ​អសន្តិសុខ​ដល់​សង្គម​ទៀត​ផង​។​

ម្យ៉ាង​ទៀត​យុវជន​ជា​វ័យ​ដែល​ចូលចិត្ត​សប្បាយ​ច្រើន ពួកគេ​មិន​សូវ​ចិត្ត គិត​​រឿង​​សង្គម រឿង​នយោបាយ​ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ​​​ទេ​។ ជាក់ស្តែង​តាម​កម្មវិធី​វិទ្យុ ទូរទស្សន៍ ជាដើម ប្រសិន​ជា​កម្មវិធី​កម្សាន្ត​មាន​តារា​ល្បីៗ ​ចូលរួម​សម្តែង​នោះ​មាន​យុវជន​ចូលរួម ច្រើន​តែ​បើ​កម្ម វិធី​ទាក់ទង​ផ្លូវច្បាប់​នយោបាយ​ក​ការដឹកនាំ​​ប្រទេស​​វិញ គឺ​​កម្រ​ឃើញ​​យុវ​ជន​ចូល​រួម​​ណាស់​។​

​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​​ ដើម្បី​ការបោះឆ្នោត​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ​លោក ហង្ស ពុទ្ធា ស្នើ​​គ្រប់​​ស្ថាប័ន​​ពាក់​ព័ន្ធ​​ព្យាយាម ផ្សព្វផ្សាយ​អប់រំ និង​លើក​ទឹក​ចិត្ត​​ឲ្យ​យុវជន​​ចូលរួម​​ស្វែងយល់​ពី​នយោបាយ​ឲ្យ​បាន​​ច្រើន​។ លោក​​ក៏​បាន​លើកឡើង​ដែរ​ថា សម្រាប់​គណបក្ស​គួរផ្តល់​ដំណែង​ឲ្យ​យុវជន​តាម​សមត្ថភាព​ជាក់ស្តែង មិនត្រូវ​ប្រកាន់​បក្ស​ពួក​​ឬ​ខ្សែ​ស្រលាយ​​ទេ​ ៖ "សូម​ឲ្យ​គណបក្ស​នយោ​បាយ​ទាំង​អស់ លើក​តម្កើង​យុវ​ជន ពិសេស​យក​យុវ​ជន​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ឲ្យ​បាន​ច្រើន ដោយ​សំអាងទៅ​​លើ​សមត្ថ​ភាព ក្រម​សីល​ធម៌ និងការ​ងារ​"។

​ក្នុង​សង្គម​ខ្មែរ​តែង​ប្រៀបធៀប​យុវជន​​ ដូច​ទំពាំង​សម្រាប់​ស្នង​ឫស្សី ពេលដែល​ឫស្សី​ចាស់​​ឬ​ងាប់​។​ ជាក់ស្តែង​ប្រសិន​ទំពាំង​ល្អ  រឹង​មាំ​​នោះ គុម្ព​​ឫស្សី ក៏​រីក​ដុះដាល​ល្អ​ដែរ តែ​ប្រសិនបើ​ទំពាំង​​តែ​មិនមាន​គុណភាព ឬ​កើតរោគ​តាំងពី​​នៅ​តូច គុម្ព​ឫស្សី នឹង​មិន​រីក​ធំ​​បាន​ឡើយ​។

No comments:

Post a Comment

yes