ការប្រឡងដើម្បីជាប់ក្លាយជាមន្ត្រីរាជការស៊ីវិល ក្របខ័ណ្ឌនៃក្រសួងមហាផ្ទៃ កាលពីពាក់កណ្ដាលខែមីនា កន្លងទៅនេះ រងការរិះគន់ថាមានការប្រព្រឹត្តអំពើពុករលួយស៊ីសំណូកសូកប៉ាន់។ ក៏ប៉ុន្តែ មន្ត្រីក្រសួងមហាផ្ទៃ ទទួលបន្ទុកកិច្ចការប្រឡង អះអាងថា ពុំមានភាពមិនប្រក្រតីកើតឡើងដូចការរកឃើញថាមានអំពើពុករលួយនោះឡើយ ទាំងលទ្ធផលមិនទាន់ប្រកាសផងនោះ។ ហើយការប្រឡងរៀងរាល់ឆ្នាំ ក៏ពុំមានកើតអំពើពុករលួយដែលស្ដែងចេញពីសម័យប្រឡងនោះដែរ។
តំណាងបេក្ខជនប្រឡងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ អំពាវនាវដោយស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេត និងចាត់វិធានការប្រឆាំងនឹងគណៈកម្មការរៀបចំការប្រឡងរបស់ក្រសួងមហាផ្ទៃ ដែលត្រូវគេរកឃើញថា បានប្រព្រឹត្តអំពើពុករលួយដោយយកប្រាក់ពីអ្នកប្រឡងចាប់ពី ៥ពាន់ ទៅ ៦ពាន់ដុល្លារសហរដ្ឋអាមេរិក ជាថ្នូរនឹងក្លាយជាមន្ត្រីរាជការស៊ីវិលនៅក្រសួងមហាផ្ទៃ។
លិខិតអនាមិកមួយច្បាប់ដែលវិទ្យុអាស៊ីសេរី ទទួលបាន ចុះថ្ងៃទី២៥ មេសា ឲ្យដឹងថា ព័ត៌មានស្ដីពីអំពើពុករលួយនេះ កើតចេញពីសម័យប្រឡងចូលបម្រើការជាមន្ត្រីរាជការស៊ីវិល ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ត្រូវគេទម្លាយដឹងថាមានអំពើស៊ីសំណូកសូកប៉ាន់ ក្រោយការប្រឡងកាលពីថ្ងៃទី២៤ ខែមីនា ក្នុងពេលកន្លងទៅ។ លិខិតបន្តថា ឈ្មោះបេក្ខជនដែលជាកូនរបស់អ្នកមានទ្រព្យសម្បត្តិ និងមន្ត្រីជាន់ខ្ពស់មួយចំនួនធំក្នុងជួររដ្ឋាភិបាល ត្រូវបានគេហៅទៅសរសេរចម្លើយឡើងវិញស្ងាត់ៗ។
លិខិតឲ្យដឹងទៀតថា ចម្លើយដែលត្រូវគេសរសេរឡើងវិញនេះ នឹងត្រូវស៊កបញ្ចូលក្នុងកំណែពិន្ទុជំនួសចម្លើយចាស់ ដែលបានប្រឡងរួច មុននឹងត្រូវពិនិត្យលើលទ្ធផលប្រឡង។ បន្ថែមលើនេះ បើសិនបេក្ខជនត្រូវបានប្រកាសថាជាប់ អ្នកទាំងនោះត្រូវគេទម្លាយឲ្យដឹងថា ត្រូវបង់លុយឲ្យអ្នករៀបចំការប្រឡងយ៉ាងតិច ៥ពាន់ដុល្លារសហរដ្ឋអាមេរិក ឬច្រើនជាងនេះ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីមួយចំនួនទៀតរបស់អង្គភាពមួយនេះ ដើម្បីអត្ថាធិប្បាយបានទេ នៅថ្ងៃទី២៥ មេសា ដោយពុំមានអ្នកទទួលទូរស័ព្ទ។
ក៏ប៉ុន្តែ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រឡងនៃក្រសួងមហាផ្ទៃ បដិសេធការរកឃើញថាមានអំពើពុករលួយកើតចេញពីការប្រឡងនេះ ដោយចាត់ទុកថា ភាពស្អាតស្អំតាមរយៈការប្រឡងនេះ គឺជាផ្នែកមួយដែលមន្ត្រីបំពេញភារកិច្ចកំណត់ថាវារឿងចាំបាច់ និងត្រូវមានការទទួលខុសត្រូវខ្ពស់បំផុត។ លោកបន្តថា ចាប់ពីមានការបើកឲ្យមានការប្រឡង ពុំមានអំពើពុករលួយណាមួយកើតឡើងក្នុងស្ថាប័នមួយនេះឡើយ៖«ទេ! ខ្ញុំដូចមិនបានទទួលព័ត៌មានហ្នឹងដែរ ប៉ុន្តែដូចមិនមានកន្លងមកណា ដែលយើងប្រឡងជារៀងរាល់ឆ្នាំណា។ ហើយមកដល់ឥឡូវ គេមិនទាន់បានចេញលទ្ធផលលទ្ធអីផង»។
ប្រធានអង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើពុករលួយ អ្នកស្រី ម៉ម ស៊ីថា ថ្លែងថា ដើម្បីធានាគុណភាពនៃការប្រឡងប្រកបដោយប្រសិទ្ធភាព គេគួរទាត់ចោលការប្រឡងដែលមិនកើតចេញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងពិតប្រាកដមួយ និងបើកការស៊ើបអង្កេតដ៏ស៊ីជម្រៅ ក្នុងន័យដើម្បីផ្ដល់យុត្តិធម៌ឆ្លើយតបនឹងតម្រូវការចាំបាច់របស់សង្គម៖ «តែប្រសិនបើថាមានអំពើពុករលួយបែបនេះ គួរតែលុបចោលការប្រឡងណាស់ គួរតែមានការចាប់ផ្ដើមប្រឡងជាថ្មី ដើម្បីឲ្យមានដែលថាតម្លាភាពណាស់ មានលទ្ធភាព អ្នកដែលមានសមត្ថភាព»។
កាលពីដើមខែមេសា កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់វិធានការ ២ករណី ប្រឆាំងនឹងមន្ត្រីកសិកម្ម និងមន្ត្រីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃអគ្គស្នងការនគរបាលជាតិ។ ការប្រើប្រាស់យន្តការផ្លូវច្បាប់របស់អង្គភាពមួយនេះ ធ្វើឡើងក្រោយពីទទួលបានបណ្ដឹង ក្រោមការចោទប្រកាន់ពីបទថាបានបង្កើតការិយាធិបតេយ្យ និងជំរិតទារប្រាក់៕
No comments:
Post a Comment
yes