សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 25, 2013

សកម្មជន​ការពារ​ព្រៃឡង់​រង​ការ​គំរាម​សម្លាប់

សមាជិក​បណ្ដាញ​ព្រៃឡង់ ក្នុង​ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដែល​ចូល​ល្បាត​ក្នុង​ព្រៃឡង់ នៅ​ថ្ងៃ​ទី២៤ ខែ​មេសា ត្រូវ​ក្រុម​ឈ្មួញ​ឯកជន​គំរាម​កាប់​សម្លាប់ បន្ទាប់​ពី​ក្រុម​សហគមន៍​ព្យាយាម​ថត​រូប​សកម្មភាព​ការ​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​ចម្ការ​របស់​ក្រុម​ឈ្មួញ ដែល​បាន​បំពាន​លើ​ដែន​គ្រប់គ្រង​របស់​សហគមន៍។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ដែល​ឃ្លាំ​មើល​ការ​រំលោភ​បទ​ល្មើស​ព្រៃ​ឈើ ចាត់​ទុក​ទង្វើ​គំរាម​កាប់​សម្លាប់​នោះ​ជា​ការ​សម្លុត​បំបាក់​ស្មារតី​មិន​ឲ្យ​ប្រជា​សហគមន៍​ដើរ​ល្បាត​ក្នុង​ព្រៃឡង់ បន្ត​ទៀត។
ប្រជា​សហគមន៍​នៃ​បណ្ដាញ​ព្រៃឡង់ ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កំពុង​ត្រៀម​លិខិត​បណ្ដឹង​ទៅ​អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល ឲ្យ​ជួយ​អន្តរាគមន៍​ពី​ការ​កាប់​បំផ្លាញ​ព្រៃឡង់ រាន​យក​ដី​ធ្វើ​ចម្ការ និង​បាន​គំរាម​កាប់​សម្លាប់​ក្រុម​សហគមន៍។
ប្រជា​សហគមន៍​ក្បាល​អូរខ្ញាក់ លោក ពាង រិន រៀបរាប់​ថា សមាជិក​សហគមន៍​ស្ថិត​នៅ​ភូមិ​ត្បូងទិព្វ ឃុំ​មានរិទ្ធ ក្នុង​ស្រុក​សណ្ដាន់ ចំនួន ៧​នាក់ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ចំនួន ២​នាក់​ទៀត បាន​ដើរ​ចូល​ល្បាត​ក្នុង​តំបន់​ព្រៃឡង់ នៅ​ថ្ងៃ​ទី២៤ ខែ​មេសា។ លុះ​ដល់​ចំណុច​ក្បាល​អូរខ្ញាក់ ក៏​ប្រទះ​ឃើញ​ក្រុម​ឈ្មួញ​មាន​គ្នា​ប្រមាណ ២០​នាក់ កំពុង​ឆ្ការ​ដី​ដាំ​ដំឡូង​នៅ​កណ្ដាល​ព្រៃ។ លោក ពាង រិន បន្ត​ថា ខាង​សហគមន៍​បាន​សួរ​នាំ​ពី​មូលហេតុ​ដែល​ពួក​គេ​មក​ឆ្ការ​ដី​ដាំ​ដំណាំ​លើ​ដី​សហគមន៍ តែ​ពួក​គេ​បាន​ឆ្លើយ​ថា ដី​នោះ​មាន​ម្ចាស់​ត្រឹមត្រូវ ទើប​លោក​បាន​យក​ទូរស័ព្ទ​ដៃ​មក​ថត​ពី​សកម្មភាព​របស់​ពួក​គេ ក្នុង​បំណង​ទុក​ជា​ភស្តុតាង​សម្រាប់​ប្ដឹង​ទៅ​សមត្ថកិច្ច ដែល​ពួក​គេ​បាន​កាប់​ព្រៃ​រំលោភ​យក​ដី​សហគមន៍​គ្រប់គ្រង។
លោក​បញ្ជាក់​ថា ពេល​ដែល​លោក​កំពុង​ថត​រូប​នោះ ស្រាប់​តែ​លោក គំា យឿន ដែល​ស្គាល់​ជា​អតីត​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ងន បាន​ទាញ​កាំបិត​ដេញ​កាប់​លោក និង​គំរាម​កុំ​ឲ្យ​ថត ហើយ​ប្រសិន​បើ​គ្មាន​ក្រុម​សហគមន៍​ឯ​ទៀត និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ២​នាក់ ដែល​ទៅ​ជាមួយ​ជួយ​ឃាត់​ទេ​នោះ លោក​ទំនង​ជា​ត្រូវ​របួស​ជា​មិន​ខាន៖ «ខ្ញុំ​សុំ​ថត​រូប សុំ​ថត​រូប​អ៊ីចឹង​ទៅ គេ​ចង់​រក​កាប់​ខ្ញុំ​ប្រតប់ប្រតាយ​គ្នា ប៉ូលិស​ទៅ​ឃាត់​ពួក​ខ្ញុំ​តវ៉ា​គ្នា​មួយ​សន្ទុះ​ធំ​ដែរ ដី​រាន​ថ្មី​ទើប​តែ​ដុត​រួច​ថ្មី យើង​ធ្វើ​ជា​វត្ថុ​តាង​សហគមន៍​យើង​ដែល​យើង​មិន​ដែល​ជួប​ប្រទះ»
ជុំវិញ​បញ្ហា​នេះ មន្ត្រី​រដ្ឋបាល​ព្រៃឈើ លោក ចិន្តា ដែល​បាន​ចូលរួម​ការ​ចូល​ល្បាត​ព្រៃឡង់ ជាមួយ​សហគមន៍​ក្បាល​អូរខ្ញាក់ បញ្ជាក់​ថា ពិត​ជា​មាន​រឿង​គំរាម​កាប់​ទៅ​លើ​ប្រជា​សហគមន៍​ពិត​មែន។ លោក​បន្ត​ថា ទំនាស់​នោះ​កើត​ឡើង​ដោយសារ​តែ​ក្រុម​ភាគី​ម្ខាង​ទៀត​មិន​ចង់​ឲ្យ​ថត​រូប​ពួក​គេ រីឯ​ក្រុម​សហគមន៍​នៅ​តែ​ចចេស​ចង់​ថត ដោយ​សម្អាង​ថា​ទុក​ជា​ភស្តុតាង​នៃ​ការ​រំលោភ​បទ​ល្មើស​ព្រៃឈើ​លើ​ដី​សហគមន៍៖ «គាត់​ជន្ល​កាំបិត​រក​កាប់ តែ​ម៉េច​ហ៊ាន​កាប់​នៅ​តំបន់​នោះ»
ទោះ​ជា​យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល​ព្រៃឈើ​មិន​បាន​ឃាត់​ខ្លួន​លោក គាំ យឿន ដែល​អ្នក​ភូមិ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​ដី​សហគមន៍ និង​បាន​យក​កាំបិត​គំរាម​កាប់​សមាជិក​សហគមន៍​នោះ​ទេ ដោយ​បំបែក​ភាគី​ទាំង​ពីរ​មិន​ឲ្យ​មាន​ទំនាស់​នឹង​គ្នា​ទៀត។
យ៉ាង​នេះ​ក្តី សហគមន៍​ក្បាល​អូរខ្ញាក់ កំពុង​សរសេរ​លិខិត​ត្រៀម​ដាក់​បណ្ដឹង​ទៅ​អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល ឲ្យ​ជួយ​អន្តរាគមន៍​រឿង​កាប់​ព្រៃឈើ​រាន​យក​ដី​ខុស​ច្បាប់ និង​ការ​ប៉ុនប៉ង​កាប់​សម្លាប់​មនុស្ស។
ជុំវិញ​បញ្ហា​នេះ អ្នក​សម្រប​សម្រួល​វេទិកា​សាធារណៈ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ ចាត់​ទុក​ការ​គំរាម​កាប់​សម្លាប់​លើ​សហគមន៍​នេះ​ជា​ការ​សម្លុត​បំបាក់​ស្មារតី​របស់​សហគមន៍ ដែល​តែង​ដើរ​ល្បាត​ព្រៃឡង់ និង​ការ​រំលោភ​ច្បាប់​ព្រៃឈើ៖ «ប្រសិន​បើ​គាត់​គំរាម​សហគមន៍​ការពារ​ព្រៃឈើ គឺ​គាត់​ត្រូវ​មាន​ទោស​មួយ​ជាន់​ទៀត​អ៊ីចឹង គាត់​ត្រូវ​មាន​ទោស​ពីរ​ករណី។ ប៉ុន្តែ​កន្លង​មក ទោះ​ជា​មាន​ករណី​ហ្នឹង​កើត​ឡើង​ក៏ដោយ សហគមន៍​តែង​ប្ដឹង​ទៅ​សមត្ថកិច្ច ឬ​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​រាល់​ពាក្យ​បណ្ដឹង​របស់​សហគមន៍​មិន​ត្រូវ​បាន​ដោះស្រាយ​ទាល់​តែ​សោះ ធ្វើ​ឡើង​ដើម្បី​បំបាក់​ស្មារតី​អ្នក​ដែល​ហ៊ាន​ងើប​ឡើង​តវ៉ា​បំផ្លាញ​ធនធាន​ធម្មជាតិ»
លោក ឈឹម សាវុធ បញ្ជាក់​ថា ការ​ចុះ​ល្បាត​របស់​សហគមន៍​ព្រៃឈើ គ្រាន់​តែ​ជា​ការ​ជួយ​រក​ភស្តុតាង និង​ជា​ការ​ព្រមាន​ខ្លះៗ​ដល់​មន្ត្រី​ខិល​ខូច និង​ជន​ប្រព្រឹត្ត​បទ​ល្មើស។ លោក​បញ្ជាក់​ថា ការងារ​នេះ​មិន​អាច​ទប់ស្កាត់​បាន​ទាំង​ស្រុង​នោះ​ឡើយ ប្រសិន​បើ​មិន​មាន​ការ​សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​នោះ​ទេ៕

No comments:

Post a Comment

yes