ប្រទេសប្រជាធិបតេយ្យសំខាន់ចំនួនពីរក្នុងពិភពលោកគឺសហរដ្ឋអាមេរិក
និងបារាំងបានទទូចឲ្យមានវត្តមានលោកសម
រង្ស៊ីនៅក្នុងការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៣នេះ នៅពេលដែលមេដឹកនាំគណបក្សជំទាស់ដ៏ធំជាងគេក្នុងប្រទេសកម្ពុជា
ត្រូវរារាំងដោយអំណាចតុលាការខ្មែរ។ លោកសម រង្ស៊ី បាននិរទេសខ្លួនឯងចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ
បន្ទាប់ពីតុលាការខ្មែរចោទប្រកាន់ និងផ្តន្ទាទោសរូបលោកពីបទឧក្រិដ្ឋ
ក្រោមបទចោទប្រកាន់ទាក់ទងនឹងការដកតម្រុយបង្គោលព្រំដែនជាមួយប្រទេសវៀតណាមក្នុងខេត្តស្វាយរៀង
និងបទផ្សព្វផ្សាយព័ត៌ មានមិនពិត។
សូមរំលឹកថា កាលពីខែវិច្ឆិកាឆ្នាំមុន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីអ្នកបោះឆ្នោត ដែលរារាំងរូបលោកមិនឲ្យឈរឈ្មោះជាបេក្ខជនបោះឆ្នោតបានទេ ។
លោកសន ម៉ាគីនតូស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានប្រសាសន៏ថា « សហរដ្ឋអាមេរិកជឿងថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ទាមទារទីលានប្រកួតមានកម្រិតមួយ និងការប្រគល់សេរីភាពដល់ការចូលរួមរបស់គណបក្សជំទាស់នានា » ។
មន្ត្រីអ្នកនាំពាក្យស្ថានទូតដដែលគូសបញ្ជាក់ថា « ការទាត់ចោលមេដឹកនាំគណបក្សជំទាស់ឈានមុខទាំងឡាយបានចោទជាសំណួរដល់ភាពត្រឹមត្រូវតាមច្បាប់នៃដំណើរការលទិ្ធប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា » ។ សេចក្តីអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីលោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី ដែលជាគណបក្សស្ថាបនិកគណបក្សជំទាស់ថ្មី គឺគណបក្សសង្គ្រោះជាតិ ។ លោកគង់ គាំ អំពាវនាវកាលពីថ្ងៃសៅរ៍ក្នុងឱកាសរំឭកខួបលើកទី១៦ឆ្នាំនៃការវាយប្រហារដោយគ្រាប់បែកលើហ្វូងបាតុករ ឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធដល់រដ្ឋាភិបាលដើម្បីឲ្យមានដំណោះស្រាយដែលឈានដល់ការអនុញ្ញាតបើកភ្លើងខៀវឲ្យលោក សម រង្ស៊ីចូលរួមការបោះឆ្នោតបាន ។
លោក សន ម៉ាគីនតូស បានបន្ថែមនៅក្នុងសេចក្តីអត្ថាធិប្បាយរបស់ខ្លួនថា សហរដ្ឋអាមេរិក«ទទូចឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការ ដើម្បីធានាការបោះឆ្នោតមួយត្រឹមត្រូវនិងយុត្តិធម៌ និងឲ្យពិចារណាដោយយកចិត្តទុកដាក់លើអនុសាសន៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងអនុសាសន៍របស់សង្គមស៊ីវិលរួមទាំងការធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត» ។
រីឯលោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្លាប់លើកឡើងថា ការសម្រេចដកហូតសិទ្ធិចូលរួមបោះឆ្នោតលើលោក សម រង្ស៊ី មិនអាចកែប្រែវិញបានទេ។យ៉ាងណាក៏ដោយរហូតមកទល់ពេលនេះ មិនមានសញ្ញាណាមួយដែលអនុញ្ញាតឲ្យលោកសម រង្ស៊ី វិលត្រឡប់មកកាន់ប្រទេសកម្ពុជានោះទេ ។ មន្ត្រីផ្លូវការរដ្ឋាភិបាលរំឭកហើយរំឭកទៀតថា ករណីរបស់លោក សម រង្ស៊ី ជាអំណាចរបស់តុលាការ ។ ក៏ប៉ុន្តែក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានហៅចំណាត់ការផ្លូវច្បាប់នោះថា គឺជារឿងនយោបាយ ។
អ្នកនាំពាក្យស្ថានទូតបារាំងប្រចាំកម្ពុជាលោកNicolas BAUDOUIN សរសេរតាមសារអេឡិចត្រូនិកថា «សហគមន៍អន្តរជាតិភ្ជាប់សារៈសំខាន់ ជាពិសេសទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅខែកក្កដាឆ្នាំ២០១៣»។
លោក Baudouinបន្ថែមថា «ការសម្របសម្រួលនយោបាយអាចធ្វើទៅបានដើម្បីផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជា»។លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងថា គេមិនត្រូវចាប់បង្ខំប្រជាពលរដ្ឋខ្មែរឲ្យសម្រេចនោះទេ។«នេះជាភាសាដដែល ជាទិសដៅដដែល ហើយយើងទុកការងារហ្នឹងជាការសម្រេចរបស់ថ្នាក់លើទៅ ដែលអ្វីដែលយើងបានរៀនសូត្រពីប្រទេសខាងលិច។ យើងយល់ឃើញថា នីតិរដ្ឋគួរតែពង្រឹង មិនគួរណាបង្ខំឲ្យប្រជាពលរដ្ឋខ្មែរគោរពបុគ្គលហ្នឹងជាជាងច្បាប់ទេ បាទ!»នៅមានភាពមិនប្រាកដប្រជានៅឡើយថា មេដឹកនាំគណបក្សជំទាស់ធំជាងគេគឺលោកសម រង្ស៊ីអាចមានឱកាសនិវត្តមកចូលរួមការបោះឆ្នោតនៅបួនខែខាងមុខនេះបាន ឬយ៉ាងណា។
ក៏ប៉ុន្តែលោកគល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅថា ខុមហ្វ្រែល មានប្រសាសន៍ថា វត្តមានរបស់លោកសម រង្ស៊ីក្នុងការបោះឆ្នោតជាផ្នែកមួយជួយលើកស្ទួយកិត្យានុភាពដល់ការបោះឆ្នោត។ហើយលោកគិតថា វាចាំបាច់ត្រូវមានការសម្របសម្រួលផ្នែកនយោបាយ។«បញ្ហាទាំងនេះទាក់ទិននឹងបញ្ហានយោបាយ។ មិនមែនទាក់ទិននឹងបទឧក្រិដ្ឋធ្ងន់ធ្ងរ ឬបទព្រហ្មទណ្ឌដែលមិនមែនរឿងនយោបាយនោះទេ»។
លោកគល់ បញ្ញាមើលឃើញផលវិបាកដែលធ្វើឲ្យមន្ទិលថា តើលោកសម រង្ស៊ីអាចឈរឈ្មោះសម្រាប់ការបោះឆ្នោតបាន ឬយ៉ាងណា បើទោះជាមានការសម្របសម្រួលនយោបាយដែលធ្វើឲ្យគាត់វិលចូលមាតុប្រទេសក៏ដោយ។កាលពីខែកុម្ភៈដើមឆ្នាំ២០១៣នេះ លោកម៉ាយឃើល ផូសនើ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោកសម រង្ស៊ី ដើម្បីឲ្យអ្នកនយោបាយជំទាស់រូបនេះមានលទ្ធភាពចូលរួមការបោះឆ្នោត។ក៏ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសបានបដិសេធ ដោយលើកឡើងថា ការដោះលែង«លោកសម រង្ស៊ី»នឹងនាំឲ្យមានភាពមិនគោរពច្បាប់ក្នុងប្រទេសកម្ពុជា៕
No comments:
Post a Comment
yes