ប្រជាពលរដ្ឋរស់នៅចំណុចអណ្ដូងកន្ទួត ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជិត ៦០គ្រួសារ បារម្ភពីការខកខានពុំទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ ដោយសារតែក្រុមនិស្សិតស្ម័គ្រចិត្តរបស់រដ្ឋាភិបាលចុះទៅវាស់វែងដីរំលងដីភូមិរបស់គាត់។
ក្រុមអ្នកភូមិ បានអះអាងនៅថ្ងៃទី៥ ខែមេសា ថា ចាប់ពីដើមខែមេសា ឆ្នាំ២០១៣ ក្រុមនិស្សិតបានចុះទៅវាស់ដីនៅចំណុចអណ្ដូងកន្ទួត ឃុំដូនបា ស្រុកគាស់ក្រឡ ដើម្បីចេញប្លង់ស្របច្បាប់ជូនប្រជាពលរដ្ឋ។ ប៉ុន្តែ ក្រុមនិស្សិតបានអនុវត្តតាមតែការចង្អុលបង្ហាញរបស់អាជ្ញាធរមូលដ្ឋាន ហើយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ មានការរើសអើងចំពោះក្រុមអ្នកភូមិដែលធ្លាប់ចេញមុខតវ៉ា ក្នុងករណីជម្លោះដីធ្លីនារយៈកាលកន្លងមក។ ក្រុមនិស្សិតប្រាប់អ្នកភូមិថា ពួកគេចុះវាស់ដីតាមអាជ្ញាធរឲ្យវាស់ ប៉ុន្តែអាជ្ញាធរមូលដ្ឋាននោះមិនពេញចិត្តចំពោះប្រជាពលរដ្ឋ។ ដីរបស់ប្រជាពលរដ្ឋ ពុំមែនជាដីមានទំនាស់ ហើយពួកគាត់បានដាំដូង ដាំស្វាយ មានផ្លែផ្កាអស់ហើយ។
អ្នកភូមិ៖ «អ៊ីចឹងទៅអត់មានទំនាស់ជាមួយអ្នកណាទេ មេភូមិអត់ពេញចិត្តពួកហ្នឹង អ៊ីចឹងថាដីមានទំនាស់ ហើយដើរហួស លទ្ធផលហ្នឹងអត់បានវាស់ហើយទេ វាស់ហើយឲ្យក្រុមណាដែលគេពេញចិត្ត។ អ្នកណាដែលលក់ទិញអាថ៌កំបាំងអីហ្នឹង គេវាស់ហើយពួកហ្នឹង។ ពលរដ្ឋដូចជាពួកខ្ញុំ ដែលរស់នៅយូរហើយ និងអាស្រ័យផលដាំដើមឈើបានផ្លែ គេអត់វាស់ទេ។ គេថាដីទំនាស់ ប្រាប់និស្សិតអ៊ីចឹង ច្រើនពួកខ្ញុំនៅទាំងអស់បច្ចុប្បន្ន ដែលដីនៅជាប់គ្នាកន្លែងហ្នឹងអត់វាស់ ហើយរំលងទៅវាស់កន្លែងផ្សេង ហើយពួកខ្ញុំភ័យខ្លាចគេមិនវាស់ឲ្យ»។
វិទ្យុអាស៊ីសេរី មិនអាចសុំប្រតិកម្មពីក្រុមនិស្សិត និងអាជ្ញាធរមូលដ្ឋានឃុំដូនបា ជុំវិញការលើកឡើងរបស់ក្រុមអ្នកភូមិនេះទេ។
ក្រុមអ្នកភូមិជិត ៦០គ្រួសារ ដែលខកខានពុំបានវាស់វែងដីនោះ កំពុងមានការព្រួយបារម្ភ ហើយអំពាវនាវសុំអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ចុះជួយអន្តរាគមន៍សម្រួលករណីនេះ ដើម្បីឲ្យគាត់អាចទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់នៅលើដីដែលពួកគាត់កំពុងរស់នៅ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ថ្លែងថា សមាគមអាដហុក បានជូនយោបល់ទៅឲ្យប្រជាពលរដ្ឋ ប្ដឹងទៅគណៈកម្មការសុរិយោដី។ នៅតំបន់វិនិច្ឆ័យនោះ មានគណៈកម្មការរដ្ឋបាលដើម្បីរង់ចាំទទួលពាក្យបណ្ដឹងទាក់ទិនបញ្ហាដីធ្លី ដែលវាមានទំនាស់នៅក្នុងតំបន់វិនិច្ឆ័យ៖ «បញ្ហាដែលកើតមាន ដែលប្រជាពលរដ្ឋចោទប្រកាន់ហ្នឹង ខ្ញុំគិតថាបង្កខ្លាំង គឺអាជ្ញាធរមូលដ្ឋាននេះតែម្ដង ព្រោះក្រុមនិស្សិតមិនដឹងច្បាស់ទេពីបញ្ហាទាំងអស់នេះ។ ក្រុមនិស្សិតគ្រាន់តែជាកម្លាំងមួយ ដើម្បីមកជួយបន្ថែមទៀតដល់ខាងសុរិយោដី។ អ៊ីចឹងបញ្ហានេះ ពាក់ព័ន្ធសុរិយោដី និងក្រុមអាជ្ញាធរដែលទៅអះអាងឲ្យក្រុមនិស្សិតវាស់វែងដី»។
ទន្ទឹមគ្នានេះ លោកបានជំរុញគណៈកម្មការរដ្ឋបាលមូលដ្ឋាន ត្រូវទទួលយកពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ធ្វើការដោះស្រាយបញ្ចប់បញ្ហាជូនក្រុមអ្នកភូមិឲ្យបានស្មើគ្នាជាមុនសិន បើពុំដូច្នេះទេ ដំណើរការចេញប័ណ្ណកម្មសិទ្ធិដីនោះ នឹងជួបប្រទះភាពមិនប្រក្រតី។ កន្លងទៅនេះ រដ្ឋាភិបាលប្រកាសថា ការអនុវត្តគោលនយោបាយចាស់សកម្មភាពថ្មី រៀបចំប្លង់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ នឹងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ២០១៣៕
No comments:
Post a Comment
yes