សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មការមជ្ឈិមបក្ស
និងជាលេខាគណៈកម្មការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកុម្មុយនិស្តចិន លោក ហ៊ី ហ្គួឈា
(He Guoqiang) [រូបអង្គុយ ឆ្វេង] និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន [ស្ដាំ]
ក្នុងពិធីចុះហត្ថលេខានៅវិមានសន្តិភាព នៅថ្ងៃ១៣ មិថុនា ឆ្នាំ២០១២
លោកនាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាល ទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ចំនួន ៥ថ្ងៃ គឺពីថ្ងៃទី៦ ដល់ថ្ងៃទី១០ មេសា។ ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋសាធារណរដ្ឋប្រជាមានិតចិន គឺលោក លី ខីឈាង (Li Kequiang) ដោយមានជួបពិភាក្សាការងារជាមួយមេដឹកនាំចិន សំខាន់ៗជាច្រើនទៀត។ ជំនួបនេះ ក៏បានបង្ហាញពីការរឹតចំណងទាក់ទងរវាងកម្ពុជា និងចិន ឲ្យកាន់តែរឹងមាំថែមទៀត។ ចំណែកអ្នកឃ្លាំមើលបញ្ហាសង្គម នៅតែបន្តរិះគន់លើទំនាក់ទំនងនៃប្រទេសទាំងពីរនេះ។
តាមរយៈដំណើរទស្សនកិច្ចនោះ កម្ពុជា នឹងនាំយកទៅជាមួយនូវកិច្ចព្រមព្រៀង និងអនុស្សរណៈប្រមាណ៨ ដើម្បីចុះហត្ថលេខារួមគ្នានៅទីនោះ បន្ទាប់ពីបានចរចា និងព្រមព្រៀងគ្នាក្រៅផ្លូវការរួចហើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី៣ មេសា ឲ្យដឹងថា ឯកសារដែលត្រូវចុះហត្ថលេខាទាំងនោះ រួមមាន៖
-ទី១ អនុស្សរណៈយោគយល់គ្នារវាងគណៈកម្មការបញ្ញត្តិកម្មធនាគារចិន និងធនាគារជាតិកម្ពុជា។
-ទី២ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស។
-ទី៣ កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីការផ្តល់ឥណទានសម្បទានលើគម្រោងស្ពានកោះធំ។
-ទី៤ លិខិតប្ដូរសារស្ដីពីគម្រោងសាលាវិជ្ជាជីវៈកសិកម្មខេត្តក្រចេះ។
-ទី៥ កិច្ចព្រមព្រៀងឥណទានសម្បទានស្ដីពីគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្ទោង ជំហានទីមួយ។
-ទី៦ កិច្ចព្រមព្រៀងឥណទានសម្បទានស្ដីពីគម្រោងស្ពានកោះធំ។
-ទី៧ ផែនការសកម្មភាពស្ដីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រកម្ពុជា-ចិន។
-និងទី៨ អនុស្សរណៈយោគយល់គ្នាស្ដីពីគម្រោងចម្រាញ់ប្រេង ៥លានតោនរវាងធនាគារអភិវឌ្ឍន៍ចិន សាជីវកម្មធានារ៉ាប់រងឥណទាន និងនីហរ័ណចិន សាជីវកម្មឧស្សាហកម្មគ្រឿងយន្តចិន និងក្រុមហ៊ុនខេមបូឌាន ភេត្រូខេមីខុល។
-ទី១ អនុស្សរណៈយោគយល់គ្នារវាងគណៈកម្មការបញ្ញត្តិកម្មធនាគារចិន និងធនាគារជាតិកម្ពុជា។
-ទី២ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស។
-ទី៣ កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីការផ្តល់ឥណទានសម្បទានលើគម្រោងស្ពានកោះធំ។
-ទី៤ លិខិតប្ដូរសារស្ដីពីគម្រោងសាលាវិជ្ជាជីវៈកសិកម្មខេត្តក្រចេះ។
-ទី៥ កិច្ចព្រមព្រៀងឥណទានសម្បទានស្ដីពីគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្ទោង ជំហានទីមួយ។
-ទី៦ កិច្ចព្រមព្រៀងឥណទានសម្បទានស្ដីពីគម្រោងស្ពានកោះធំ។
-ទី៧ ផែនការសកម្មភាពស្ដីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រកម្ពុជា-ចិន។
-និងទី៨ អនុស្សរណៈយោគយល់គ្នាស្ដីពីគម្រោងចម្រាញ់ប្រេង ៥លានតោនរវាងធនាគារអភិវឌ្ឍន៍ចិន សាជីវកម្មធានារ៉ាប់រងឥណទាន និងនីហរ័ណចិន សាជីវកម្មឧស្សាហកម្មគ្រឿងយន្តចិន និងក្រុមហ៊ុនខេមបូឌាន ភេត្រូខេមីខុល។
គម្រោងទាំងនេះមានទឹកប្រាក់ជាច្រើនលានដុល្លារ។
អ្នកតាមដានលើការងារអភិវឌ្ឍន៍សង្គម សង្កេតឃើញថា ជំនួយរបស់ចិន ភាគច្រើនបានផ្ដោតទៅលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត ជាជាងជួយលើការលើកស្ទួយធនធានមនុស្ស ឬលើកស្ទួយផ្នែកខាងការងារពង្រឹងលទ្ធិប្រជាធិបតេយ្យ។
លោក កែម ឡី អ្នកស្រាវជ្រាវលើការអភិវឌ្ឍសង្គម មានប្រសាសន៍ថា ការជួយឧបត្ថម្ភពីប្រទេសចិន គឺចិនសម្លឹងមើលឃើញផលចំណេញជាច្រើន ទាំងធនធានធម្មជាតិ និងនយោបាយពីកម្ពុជា។
លោកបន្តថា តាមរយៈដំណើរទស្សនកិច្ចរបស់មេដឹកនាំខ្មែរទៅចិន ដោយភ្ជាប់នូវកិច្ចព្រមព្រៀងលើគម្រោងសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរផងនោះ បានបង្ហាញថា ចិន កំពុងត្រូវការកម្ពុជា ជាចាំបាច់សម្រាប់គោលនយោបាយរបស់ខ្លួន ដើម្បីទប់ចរន្តប្រជាធិបតេយ្យ៖ «រឿងមួយទៀត យើងឃើញក្រុមហ៊ុនរុករករ៉ែចិន ហ្នឹង ច្រើនជាងសហគមន៍អឺរ៉ុប ច្រើនជាងសហគមន៍អាហ្វ្រិក អាមេរិក អ៊ីចឹងទៅណា ប្រមូលប្រទេសដែលនៅអាស៊ីហ្នឹង ចិន ច្រើនជាងអ៊ីចឹង ផលប្រយោជន៍ចិន ដែលដកហូតវត្ថុធាតុដើម ជាពិសេសធនធានរ៉ែឧស្ម័នប្រេងកាតពីខ្មែរយើងហ្នឹង គឺសម្បើមណាស់។ អ៊ីចឹង ចិន អត់ខ្លាចនឹងវិនិយោគទេ។ អ៊ីចឹង មិនមែនជារឿងប្រាក់ចំណូល អ៊ីចឹងមិនមែនជារឿងប្រាក់ចំណូលខាងសេដ្ឋកិច្ច មិនមែនជារឿងសេដ្ឋកិច្ច រឿងរីកចម្រើនអីទេ ចិន ចិត្តល្អឲ្យយើងខ្ចីទេ គឺរឿងៗដែលមើលឃើញផលចំណេញដ៏ធំធេងសម្រាប់ប្រទេសចិន ទៅលើប្រទេសខ្មែរយើងហ្នឹង»។
លោកបារម្ភថា បើកម្ពុជា លូកដៃកាន់តែជ្រៅក្នុងទំនាក់ទំនងជាមួយចិន នោះ កម្ពុជា នឹងជួបបញ្ហាស្មុគស្មាញកាន់តែខ្លាំង៖ «ពីព្រោះខ្មែរកាលណាលូកកាន់តែជ្រៅទៅៗ មានវាសនាមិនខុសពីកាលទសវត្សរ៍៦០ និងទសវត្សរ៍ទី៧០ ទេ! ខ្មែរប្រមាណ ៣ជំនាន់ហ្នឹង គឺចិន ឱបជាប់តែម្ដង។ ហើយកាលណាចិន ឱបជាប់ យើងគ្មានឱកាសនឹងរើដើម្បីកែនីតិរដ្ឋ កែលម្អលទ្ធិប្រជាធិបតេយ្យ កែលម្អការគោរពសិទ្ធិមនុស្សអីបានទេ ពីព្រោះចិន ត្រូវការរកស៊ីផ្លូវងងឹត ត្រូវការរកស៊ីផ្លូវសម្ងាត់ កិច្ចព្រមព្រៀងគ្មានតម្លាភាពនៅក្នុងការធ្វើអាជីវកម្មនានានោះណាស់»។
ទាក់ទងបញ្ហានេះដែរ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគបញ្ហាសង្គម លោក អ៊ូ វីរៈ ហាក់ពុំសាទរចំពោះចំណងមិត្តភាពនៃប្រទេសទាំងពីរនេះទេ។ លោកមានប្រសាសន៍ថា ការចងចំណងមេត្រីភាពនៃរដ្ឋាភិបាលដែលប្រកាន់របបកុម្មុយនិស្ត និងរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន បានផលចំណេញទៅរដ្ឋាភិបាលទាំងពីរ ជាងចំណេញមកខាងពលរដ្ឋ។
លោកបន្តថា ប្រការដែលប្រទេសចិន បង្កើនចំណងទាក់ទងជាមួយកម្ពុជា នោះ ដោយសារចិន អស់ជម្រើសក្នុងការស្វែងរកដៃគូគាំទ្រក្នុងតំបន់ ស្របពេលដែលចិន កំពុងមានជម្លោះកាន់តែខ្លាំងជាមួយប្រទេសជិតខាង។ ចំណែកប្រទេសក្នុងតំបន់មួយចំនួនទៀត ដែលធ្លាប់មានសម្ព័ន្ធភាពជាមួយគ្នា ក៏កំពុងចែកផ្លូវគ្នាដែរ៖ «មូលហេតុអីបានជាប្រទេសកម្ពុជា ជាដៃគូធំ ដោយសារប្រទេសកម្ពុជា មានរដ្ឋាភិបាលមួយងាយស្រួលសម្រាប់ប្រទេសចិន។ យើងគិតមើល ប្រទេសចិន ចាប់យកប្រទេសណាក្រៅពីកម្ពុជា នៅក្នុងតំបន់អាស៊ាន។ ប្រទេសភូមា ធ្លាប់តែជាអាយ៉ងនៃប្រទេសចិន កាលពីដើមមកហើយ ដោយសារតែអាយ៉ងនៃប្រទេសចិន ហ្នឹងគឺប្រទេសភូមា រើខ្លួនមិនរួចទាល់តែសោះ ក្លាយជាប្រទេសក្រទៅៗ ជម្លោះផ្ទៃក្នុងៗទៅ។ ដោយសារអ៊ីចឹងហើយ បានប្រទេសភូមា ហ្នឹងក៏ផ្ដាច់ខ្លួនពីអាយ៉ងហ្នឹង ក៏បើកចំហឲ្យមានទំនាក់ទំនងជាមួយពិភពលោកឡើងវិញ។ អ៊ីចឹង ខ្ញុំមើលទៅ ប្រទេសណាក្រៅពីប្រទេសកម្ពុជា អត់ទៅរួចទេ ប្រទេសវៀតណាម ជាប្រទេសកំពុងតែឈ្លោះគ្នាជាមួយប្រទេសចិន។ ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសមួយកាន់ប្រជាធិបតេយ្យដ៏រឹងមាំ។ ប្រទេសហ្វីលីពីន ជាប្រទេសប្រជាធិបតេយ្យ ហើយមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ ប្រទេសម៉ាឡេ ហើយប្រទេសថៃ ប្រហាក់ប្រហែលគ្នា ដូច្នេះអត់មានប្រទេសណាផ្សេងទៀតទេនៅក្នុងតំបន់ជាសមាជិកអាស៊ានទាំងអស់ហ្នឹង»។
លោកកត់សម្គាល់ឃើញទៀតថា ប្រទេសចិន មានកិច្ចសហប្រតិបត្តិការបានជោគជ័យតែជាមួយប្រទេសកុម្មុយនិស្ត របបផ្តាច់ការ ឬរបបយោធានិយមនោះទេ។
ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រទេសចិន នោះដែរ មន្ត្រីជាន់ខ្ពស់កម្ពុជា ពុំធ្វើការអត្ថាធិប្បាយពិស្ដារឡើយ។
មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា លោកពុំមានអ្វីអត្ថាធិប្បាយបន្ថែមពីលើសេចក្តីថ្លែងការណ៍របស់ក្រសួងដែលចេញផ្សាយនៅថ្ងៃទី៣ មេសា នោះឡើយ៖ «ខ្ញុំ អ្វីដែលខ្ញុំមិនចង់និយាយហ្នឹង ដោយសារប៉្រេសរីលីស (Press Release) ចេញឥឡូវហើយ ជិតពីរទំព័រ. ហើយក្នុងហ្នឹង គឺបានក្បោះក្បាយហើយ ទស្សនកិច្ចផ្លូវការចូលរួមកម្មវិធីវេទិកាហ្នឹង គឺមានក្នុងហ្នឹងច្បាស់អស់ហើយ កិច្ចព្រមព្រៀងមានប៉ុន្មានអីប៉ុន្មាន ឯកសារចុះហត្ថលេខា គឺមានគ្រប់ហើយបាទ»។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី៣ មេសា បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ច លោក ហ៊ុន សែន នឹងចូលជួបសម្ដែងការគួរសមជាមួយលោក ស៊ី ជិនភីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ជួបជាមួយលោក ចាង តេជាង (Zhang Dejiang) ប្រធានសភាប្រជាជនចិន ជួបពិភាក្សាការងារជាមួយ លោក លី ខីឈាង និងជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ ជូលា ហ្គៀលឡាត (Julia Gillard) នាយករដ្ឋមន្ត្រីអូស្ត្រាលី។
នៅទីបញ្ចប់នៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងឯកភាពគ្នាកំណត់យកឆ្នាំ២០១៣ ជាខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ហើយនិងជាឆ្នាំមិត្តភាពកម្ពុជា-ចិន៕
No comments:
Post a Comment
yes