សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 17, 2013

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចោទ​វៀតណាម​កំពុង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ

សមាគម​ខ្មែរ​កម្ពុជា​ក្រោម រិះគន់​អាជ្ញាធរ​វៀតណាម ថា​នៅ​តែ​បន្ត​គាប​សង្កត់ និង​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​តាម​រយៈ​សកម្មភាព​មួយ​ចំនួន ដូច​ជា​ការ​រឹប​អូស​យក​លិខិត​ឆ្លង​ដែន ព្រម​ទាំង​ចាប់​បង្ខំ​ឲ្យ​ធ្វើ​ជា​គិញ​សម្ងាត់ ដើម្បី​រាយការណ៍​អំពី​ស្ថានភាព​ខ្មែរ​ក្រោម ឲ្យ​អាជ្ញាធរ​វៀតណាម។


អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​នៅ​កម្ពុជា អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​អាជ្ញាធរ​វៀតណាម បញ្ឈប់​រាល់​ទង្វើ​រំលោភ​សិទ្ធិ​ខ្មែរ​ក្រោម ខណៈ​ដែល​អ្នក​គ្រប់គ្រង​ការ​ផ្សាយ​កាសែត​ព្រៃ​នគរ គ្រោង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​រំលោភ​សិទ្ធិ​របស់​អាជ្ញាធរ​វៀតណាម។

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍ និង​ជា​ប្រធាន​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម លោក សឺន ជុំជួន រៀបរាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៧ ខែ​មេសា ថា ថ្មីៗ​នេះ​មាន​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ខ្លះ ក្នុង​ខណៈ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម ត្រូវ​បាន​អាជ្ញាធរ​វៀតណាម នៅ​ច្រក​ព្រំដែន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ខ្លះ​ត្រូវ​បាន​ឃាត់​ខ្លួន​ជាច្រើន​ម៉ោង ត្រូវ​បាន​ពិន័យ​ជា​ទឹក​ប្រាក់​ជាច្រើន ត្រូវ​បាន​ឆែកឆេរ​ឥវ៉ាន់​ចាប់​សួរ​ចម្លើយ និង​គំរាម​កំហែង​បំភិត​បំភ័យ មុន​នឹង​បញ្ជូន​ត្រឡប់​មក​កម្ពុជា វិញ។


លោក សឺន ជុំជួន បន្ត​ថា មាន​ខ្មែរ​កម្ពុជា​ក្រោម​ខ្លះ ពេល​ទៅ​ដល់​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម ត្រូវ​បាន​អាជ្ញាធរ​វៀតណាម រឹត​ត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ រួម​មាន​ការ​ហៅ​ទៅ​សួរ​ចម្លើយ​នៅ​ទីស្នាក់ការ​នគរបាល​ឃុំ ស្រុក និង​ខេត្ត​ជា​ញឹកញាប់។ អ្នក​ខ្លះ​ទៀត ត្រូវ​បាន​គំរាម​កំហែង​ដល់​គេហដ្ឋាន ខ្លះ​ត្រូវ​បាន​រឹប​អូស​យក​លិខិត​ឆ្លង​ដែន ព្រម​ទាំង​ចាប់​បង្ខំ​ឲ្យ​ធ្វើ​ជា​គិញ​សម្ងាត់ ដើម្បី​រាយការណ៍​ពី​ស្ថានភាព​ខ្មែរ​ក្រោម ឲ្យ​អាជ្ញាធរ​វៀតណាម ថែម​ទៀត។ ករណី​ទាំង​នោះ ត្រូវ​បាន​លោក សឺន ជុំជួន ចាត់​ទុក​ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

លោក សឺន ជុំជួន៖ «អ្នក​ខ្លះ​ទៀត​បាន​ទៅ​ដល់​កម្ពុជា​ក្រោម ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម គាត់​ហៅ​សួរ​ណែនាំ​មួយ​ចំនួន​ទាក់ទង​អ្វី​ជា​សកម្មភាព​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា ជា​រឿង​សំខាន់​ដែល​យើង​ចង់​ឲ្យ​បណ្ដាញ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ ឲ្យ​អង្គការ​នានា​ដែល​ទាក់ទង​សិទ្ធិ​មនុស្ស បាន​ជ្រាប​ពី​ស្ថានភាព​នៃ​ការ​ធ្វើ​ដំណើរ​យើង​ទៅ​ស្រុក​កំណើត»

ដោយ​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​បែប​នេះ ទើប​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​រៀបចំ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី២១ ខែ​មេសា ចុង​សប្ដាហ៍​នេះ ស្ដីពី "សេរីភាព​ដើរ​ហើរ​របស់​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ត្រូវ​រំលោភ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម" ដើម្បី​ជា​ការ​អំពាវនាវ​សូម​ឲ្យ​អាជ្ញាធរ​វៀតណាម ត្រូវ​តែ​បញ្ឈប់​រាល់​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ចាងហ្វាង​កាសែត​ព្រៃ​នគរ លោក លី ឈួន និង​ក្រុម​គ្រួសារ ដែល​ជា​ខ្មែរ​ក្រោម ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ពិន័យ​ប្រាក់ ៣០​លាន​ដុង ឬ​ប្រហាក់​ប្រហែល​នឹង ១.៥០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះលែង​ឲ្យ​មាន​សេរីភាព បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម ចាប់​ឃុំ​ខ្លួន​លោក និង​ប្រពន្ធ កូន កាល​ពី​ថ្ងៃ​ទី១២ ខែ​មេសា ដើម្បី​សួរ​ចម្លើយ និង​ឆែកឆេរ​តាំង​ពី​ក្បាល​ដល់​ចុង​ជើង​នៅ​តាម​ព្រំដែន ដោយ​គ្រាន់​តែ​គ្រួសារ​លោក​មាន​បំណង​ទៅ​ស្រុក​កំណើត ដើម្បី​ជួប​ជុំ​គ្រួសារ និង​សាច់ញាតិ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។

ជុំ​វិញ​បញ្ហា​នេះ​ដែរ ចាងហ្វាង​កាសែត​ព្រៃ​នគរ លោក លី ឈួន បញ្ជាក់​ថា លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក និង​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​រំលោភ​សិទ្ធិ​ខ្មែរ​ក្រោម​របស់​អាជ្ញាធរ​វៀតណាម ក្រោយ​ពី​ធ្វើ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ ក្រោយ​ពី​សមាគម​ខ្មែរ​ក្រោម​ចេញ​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​ខ្មែរ​ក្រោម​ជា​ផ្លូវការ​រួច៖ «ខ្ញុំ​ធ្វើ​ពាក្យ​បណ្ដឹង​ស្ដីពី​សិទ្ធិ​មនុស្ស​ហ្នឹង គឺ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​វៀតណាម កុំ​គាប​សង្កត់​សិទ្ធិ​សេរីភាព​ខ្មែរ​កម្ពុជា​ក្រោម​ខ្លាំង​ពេក»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ឡេ មិញង៉ុក (Le Minh Ngoc) ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៧ ខែ​មេសា។

កាល​ពី​ខែ​មីនា កន្លង​ទៅ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ ក៏​ត្រូវ​បាន​មន្ត្រី​នគរបាល​វៀតណាម រារាំង​មិន​ឲ្យ​ចូល​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ដែរ។ ស្ថិតិ​របស់​សង្គម​ស៊ីវិល រក​ឃើញ​ថា ពលរដ្ឋ​វៀតណាម កំពុង​រស់នៅ​លើ​ទឹក​ដី​កម្ពុជា ជា​ច្រើន​ម៉ឺន​នាក់។ ពលរដ្ឋ​វៀតណាម រស់នៅ​ទឹក​ដី​ខ្មែរ​ស្ទើរ​គ្រប់​ខេត្ត ក្រុង ហើយ​ទី​ដែល​វៀតណាម រស់នៅ​ច្រើន​ជាង​គេ មាន​ភ្នំពេញ កំពង់ឆ្នាំង សៀមរាប កំពង់ចាម ក្រចេះ និង​ក្នុង​តំបន់​បឹង​ទន្លេសាប ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​មិន​ដែល​ចុះ​ពិនិត្យ​ឡើយ​ថា​ជនជាតិ​វៀតណាម ទាំង​នោះ រស់នៅ​ខុស​ច្បាប់ ឬ​ស្រប​ច្បាប់​នោះ​ទេ៕

No comments:

Post a Comment

yes