សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 17, 2013

ស្ថានភាព​រស់​នៅ​របស់​ស្ត្រី​ដែល​រង​ការ​បណ្ដេញ​ចេញ

ស្ត្រី ត្រពាំង​​អញ្ចាញ ៣០៥
អ្នកភូមិ​ត្រពាំង​អញ្ចាញ អ្នកស្រី អឿន ជីវ័ន រៀប​រាប់​ពី​ជីវិត​ជា​អ្នក​លី​បាវ​អង្ករ​ដើម្បី​ប្ដូរ​យក​ប្រាក់
 កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៣

អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​សិទ្ធិ​ដី​ធ្លី​បាន​រក​ឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក​មាន​ពលរដ្ឋ​ចំនួន ៥៤​សហគមន៍​ត្រូវ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ក្នុង​រាជធានី​ភ្នំពេញ។ ពួក​គេ​ត្រូវ​បញ្ជូន​អោយ​ទៅ​រស់​នៅ​ឆ្ងាយ​ពី​កន្លែង​ចាស់​ធ្លាប់​រស់​នៅ និង​អាច​ប្រកបរបរ​ចិញ្ចឹម​ជីវិត​បាន​ដោយ​ងាយ​ស្រួល។
មកដល់​ពេល​នេះ​ភាគ​ច្រើន​នៃ​អ្នក​ដែល​ត្រូវ​បណ្ដេញ​ចេញ​ទាំង​នោះ នៅ​មិន​ទាន់​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​នៅ​ឡើយ ហើយ​កំពុង​ជួប​ប្រទះ​នឹង​ជីវភាព​កាន់​តែ​យ៉ាប់​យឺន បើ​ប្រៀប​ធៀប​នឹង​ជីវភាព​នៅ​មុន​ពេល​ត្រូវ​បណ្ដេញ​ចេញ។ ផល​ប៉ះ​ពាល់​នៃ​បញ្ហា​នេះ​បាន​ជះ​ឥទ្ធិពល​ផ្ទាល់​ទៅ​លើ​ស្ត្រី និង​កុមារ ដែល​ជា​អ្នក​ងាយ​រង​គ្រោះ។
បញ្ហា​ប្រឈម​របស់​ស្ត្រី​ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​ក្រុង
ក្នុង​វ័យ ២២​ឆ្នាំ អឿន ជីវ័ន កំពុង​ពពោះ​កូន​ទី​៣ របស់​នាង​បាន ៩​ខែ​ហើយ។ បើ​ទោះ​ជា​នាង​ជិត​ដល់​ពេល​សម្រាល​ហើយ​ក៏​ដោយ ក៏ ជីវ័ន មិន​បាន​ឈប់​សម្រាក​ពី​ការងារ​របស់​នាង​ដែល​ជា​អ្នក​លី​បាវ​អង្ករ​ដែរ។
អ្នកស្រី អឿន ជីវ័ន៖ «ចូល​គ្រប់​ខែ​ហើយ​នៅ​តែ​ថ្ងៃ (ចាំ​ថ្ងៃ​កើត)។ សំណួរ៖ តើ​នៅ​តែ​ទៅ​លី​អង្ករ​រាល់​ថ្ងៃ? ចម្លើយ៖ ចាស! សំណួរ៖ ១​បាវ​ប៉ុន្មាន​គីឡូ? ចម្លើយ៖ ១​បាវ ៥០​គីឡូក្រាម។ សំណួរ៖ មួយ​ថ្ងៃ​លើ​ប៉ុន្មាន​បាវ? ចម្លើយ៖ អត់​ទៀង​បង! គេ​ស៊ី​តោន មួយ​ក្រុម​អ៊ីចឹង ១០​នាក់​លី​ទៅ​ជួន​កាល ១៥​តោន ១២​តោន​អ៊ីចឹង​ទៅ ចែក​គ្នា»

ចាប់​ពី​ម៉ោង ៧​ព្រឹក​ជា​រៀង​រាល់​ថ្ងៃ ជីវ័ន និង​សមាជិក​ក្នុង​គ្រួសារ​នាង​ជា​ច្រើន​នាក់​ទៀត បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​ត្រពាំង​អញ្ចាញ​ថ្មី ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ទៅ​កាន់​ឃ្លាំង​អង្ករ​មួយ​ដែល​មាន​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ​ពី​ផ្ទះ។ កម្មករ​លី​បាវ​អង្ករ​គឺ​ជា​មុខ​របរ​ប្រចាំ​របស់​គ្រួសារ ដែល​មាន​សមាជិក​សរុប​ជិត ៣០​នាក់​មួយ​នេះ ប៉ុន្តែ​អ្វី​ដែល​ប្លែក​គឺ ជីវ័ន ដែល​មាន​ផ្ទៃ​ពោះ ៩​ខែ​ហើយ​នោះ នៅ​តែ​បន្ត​ជួយ​លី​បាវ​អង្ករ ដើម្បី​បំពេញ​ចំណូល​ផ្គត់​ផ្គង់​គ្រួសារ។
ជីវ័ន យក​ដៃ​ស្ទាប​អង្អែល​ផ្ទៃពោះ​បណ្ដើរ​និយាយ​បណ្ដើរ​ថា ចូល​ដល់​ខែ​នេះ​នាង​ធ្វើ​ការ​មិន​សូវ​បាន​ជាប់​លាប់​ឡើយ ដ្បិត​សុខភាព​មិន​សូវ​ល្អ ម្យ៉ាង​ជិត​ដល់​ពេល​គ្រប់​ខែ​ត្រូវ​សម្រាល​កូន​ផង។ នាង​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា នាង​អត់​មាន​ជម្រើស​ទេ នៅ​ពេល​ដែល​ឮ​សំណួរ​ថា តើ​នាង​មិន​ចង់​សម្រាក​អោយ​បាន​ស្រួល​ខ្លួន​បន្តិច​នៅ​មុន​ពេល​សម្រាល​កូន​ទេ​ឬ?
អ្នកស្រី អឿន ជីវ័ន៖ «វា​ធ្វើ​ទុក្ខ វា​រាង​ចុកៗ​ក្រោម​ពោះ អ៊ីចឹង​ទៅ​ខ្ញុំ​ឈប់​ទៅ សម្រាក​ទៅ។ ជួន​កាល​កំពុង​តែ​ឈឺៗ​ សុំ​គេ​សម្រាក​​ទៅ ហើយ​អោយ​គេ​កាត់​លុយ​តាម​ហ្នឹង​ទៅ។ ពេទ្យ​ថា​មិន​អោយ​ខ្ញុំ​លើក​ធ្ងន់​ដែរ ព្រោះ​ខ្ញុំ​ខ្សោយ ខ្ញុំ​ខ្វះ​ឈាម។ ខ្ញុំ​ចេះ​តែ​ប្រាប់​គេ​ថា ខ្ញុំ​អត់​ធ្វើ​អី​ផង ថា​ខ្ញុំ​នៅ​ផ្ទះ​ចេះ​ចុះ​ទៅ ខ្លាច​គេ​ថា​អោយ។ យើង​ទម្ងន់​អ៊ីចឹង​គេ​អោយ​តម​ខ្លួន តែ​យើង​មាន​តម​អី​បើ​យើង​តម​អត់​ស៊ី ហើយ​ប្ដី​ទើប​តែ​បាន​ជិះ​ដោយសារ​គេ​ទៅ​ធ្វើ​ថ្ងៃ​ហ្នឹង។ ចេះ​តែ​ធ្វើ (លី​បាវ) អោយ​បាន​ម៉ា​ហូបៗ​ទៅ​ណាស់។ មួយ​ថ្ងៃ​អត់​ទៀង ជួន​កាល​ធ្វើ​ដល់​យប់​កប់​ព្រលប់​បាន ១​ម៉ឺន​ជាង»
ជីវ័ន គឺ​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ជា​ច្រើន​នាក់​ទៀត​ក្នុង​គ្រួសារ​ក្រីក្រ ដែល​តម្រូវ​អោយ​ផ្លាស់​ទី​លំនៅ​ចេញ​ពី​តំបន់​លើ​ផ្លូវ​រទេះ​ភ្លើង​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ អោយ​ទៅ​រស់​នៅ​ក្នុង​ភូមិ​ត្រពាំងអញ្ចាញ​ថ្មី ក្នុង​ខណ្ឌ​ដង្កោ កាល​ពី​ចុង​ឆ្នាំ​២០១១។ ការ​ផ្លាស់​ពួក​គាត់​ជាង ១៦០​គ្រួសារ​អោយ​ទៅ​រស់​ក្រៅ​ក្រុង គឺ​ដើម្បី​បើក​ផ្លូវ​អោយ​ក្រុមហ៊ុន​អូស្ត្រាលី ឈ្មោះ ថូល (Toll) អាច​ដំណើរការ​គម្រោង​កែ​លម្អ​ផ្លូវ​ដែក​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​គម្រោង​នេះ​បាន​ទទួល​បាន​ប្រាក់​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។ ក្នុង​នោះ​អេឌីប៊ី ផ្ដល់​ប្រាក់​កម្ចី​ការ​ប្រាក់​ទាប​ចំនួន ៨៤​លាន​ដុល្លារ មូលនិធិ​ប្រទេស​អូស្ត្រាលី អូស.អេដ (Aus-Aid) ផ្ដល់​ចំនួន ២២​លាន​កន្លះ រួម​ទាំង​ប្រាក់​ជំនួយ​ការ​អនុប្បទាន​ជាង ១៤២​លាន​ដុល្លារ​ទៀត​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក​នេះ។
ចាប់​តាំង​ពី​បាន​ទៅ​រស់​នៅ​ក្នុង​ទីតាំង​ថ្មី​អ្នកភូមិ​អះអាង​ថា ជីវភាព​ពួក​គាត់​កាន់​តែ​ដុនដាប។ ដុនដាប​ក៏​ដោយ​សារ​តែ​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​បាន​ថយ​ចុះ។ គ្រប់​ក្រុម​គ្រួសារ​ទាំង​អស់​បាន​ធ្លាក់​ខ្លួន​ជំពាក់​បំណុល​អ្នក​ចង​ការ​ប្រាក់​ឯកជន​ចាប់​តាំង​ពី ៦​ខែ​ដំបូង​ដែល​ពួក​គាត់​បាន​ទៅ​ដល់​ទី​នោះ ទាំង​ពួក​គេ​ភាគ​ច្រើន​មិន​ដែល​ជួប​បញ្ហា​នេះ​ទេ​ពី​មុន​មក។
ចំពោះ អឿន ជីវ័ន នាង​បាន​ជំពាក់​ប្រាក់​អ្នក​ចង​ការប្រាក់​ឯកជន​ដែរ គឺ​នៅ​ពេល​ដែល​នាង​រលូត​កូន ក្នុង​ពេល​ពពោះ​កូន​ទី​២។ ស្ត្រី​អ្នក​លី​បាវ​អង្ករ​រូប​នេះ​រំលឹក​ថា កូន​ក្នុង​ផ្ទៃ​របស់​នាង​បាន​រលូត​ដោយសារ​គ្រោះ​ថ្នាក់​ប៉ះ​ត្រូវ​ពោះ​ដោយ​ចៃដន្យ គឺ​ពេល​នោះ​ហើយ​ដែល​នាង​ត្រូវ​ខ្ចី​បុល​អ្នក​ចង​ការ​ប្រាក់​ឯកជន​សម្រាប់​ចំណាយ​លើ​ការ​ព្យាបាល។ ទោះ​យ៉ាង​ណា មក​ដល់​ពេល​នេះ​គ្រួសារ​នាង​អាច​សង​តែ​ការប្រាក់​ប៉ុណ្ណោះ៖ «នៅ​ឯ​ណោះ ម៉ា​ម៉ឺន​ជាងៗ ហូប​ទៅ​វា​សល់​តិចតួច អត់​ជំពាក់​គេ​ទេ ម៉ោ​ណេះ​ជំពាក់​គេ។ ខ្ញុំ​ជំពាក់​គេ​ដែរ​ជាង ១០០​ដុល្លារ»
បញ្ហា​ប្រឈម​ថ្មី​មួយ​ទៀត​របស់ អឿន ជីវ័ន គឺ​នាង​គ្មាន​ប្រាក់​សេស​សល់​ទេ​សម្រាប់​សម្រាល​កូន​ទី​៣ របស់​នាង​ឡើយ នាង​អាច​នឹង​ខ្ចី​ប្រាក់​បន្ថែម​ទៀត​ពី​អ្នក​ចង​ការប្រាក់​ឯកជន៖ «ឥឡូវ​ពោះ​ធំ​ម្ដង​នេះ ហើយ​រក ១០០​ដុល្លារ​មិន​ឃើញ ជិត​ដល់​ថ្ងៃ​ហើយ។ កាល​នៅ​គីឡូ​លេខ​៦ គ្រាន់​ឈឺ​ពោះ​កើត​ភ្លាម​មាន​ត្រឹម ៩​ម៉ឺន​អី ១០​ម៉ឺន​អី។ ពេទ្យ​កៀក​ផ្ទះ​ទៀត ហើយ​នៅ​នេះ​មាន​ណា​ពេទ្យ​ឆ្ងាយ បើ​ជិះ​ម៉ូតូ​គេ​ទៅ​ត្រូវ​យើង​ប្រញាប់​ប្រញាល់​ឈឺ​ពោះ​អ៊ីចឹង​ទៀត ៥.០០០ គេ​មិន​ចង់​ទៅ​ផង​ម៉ូតូ​ឌុប​ហ្នុង»
មិន​អាច​រក​ប្រាក់​ចំណូល​បាន​នៅ​ក្នុង​តំបន់​តាំង​ទី​លំនៅ​ថ្មី​ពុំ​មែន​កើត​មាន​តែ​ក្នុង​សហគមន៍​ត្រពាំង​អញ្ចាញ​ឡើយ។ ការ​ស្រាវជ្រាវ​របស់​អង្គការ​ក្នុង​ស្រុក​ឈ្មោះ «សមាគម​ធាង​ត្នោត» បាន​បញ្ជាក់​ថា បញ្ហា​ខ្វះ​ការងារ​ធ្វើ​បាន​ប្រែ​ក្លាយ​តំបន់​តាំង​លំនៅឋាន​ថ្មី​ទៅ​ជា​រណ្ដៅ​ទុក្ខ​សោក​នៃ​ភាព​តោកយ៉ាក និង​ការ​បែក​ខ្ញែក​នៃ​សមាជិក​គ្រួសារ។ អ្នក​ដែល​ពេញ​កម្លាំង​បាន​ចាកចេញ​ស្ងាត់​ពី​ភូមិ ដើម្បី​វិល​ចូល​ក្រុង​ភ្នំពេញ​វិញ ជា​ទី​ដែល​ពួក​គេ​អាច​ប្រកបរបរ​ចិញ្ចឹម​ជីវិត​បាន​ទៅ​តាម​លទ្ធភាព។ ចំណែក​ស្ត្រី​ជា​មេផ្ទះ​ដែល​ពី​មុន​អាច​រក​ចំណូល​បាន​ខ្លះ​ពី​មុខ​របរ​កំប៉ិក​កំប៉ុក​នៅ​ក្បែរ​ផ្ទះ​ត្រូវ​បាត់បង់ និង​ត្រូវ​សំកុក​នៅ​ផ្ទះ ដោយ​មិន​រំពឹង​ថា​នឹង​អាច​រក​ប្រាក់​ចំណូល​ដូច​ដើម​វិញ​នៅ​ពេល​ណា​ឡើយ។
ភ្នំ​បាត ៣០៥
៧-មីនា-២០១៣៖ ទិដ្ឋភាព​ពលរដ្ឋ​នៅ​សហគមន៍​ភ្នំបាត ក្បែរ​ជើង​ភ្នំ​ព្រះរាជទ្រព្យ ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ RFA/Sochivy
នៅ​ចម្ងាយ​ប្រមាណ​ជាង ៥០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ តំបន់​ភ្នំបាត ក្បែរ​ជើង​ភ្នំ​ព្រះ​រាជទ្រព្យ ជា​ឧទាហរណ៍​មួយ​ទៀត​នៃ​ការ​លំបាក​របស់​ពលរដ្ឋ​ដែល​កើត​ឡើង​នៅ​ពេល​តាំង​ទី​លំនៅឋាន​ថ្មី។ មិន​ខុស​ពី​ពលរដ្ឋ​នៅ​សហគមន៍​ត្រពាំង​អញ្ចាញ​ថ្មី​ឡើយ អ្នក​ភូមិ​នេះ​នៅ​មិន​ទាន់​ទទួល​បាន​កម្ម​សិទ្ធិ​លើ​ដី​ទំហំ ៤​ម៉ែត្រ គុណ​នឹង ៦​ម៉ែត្រ បន្ទាប់​ពី​ពួក​គេ​ជាង ១០០​គ្រួសារ ត្រូវ​បណ្ដេញ​ពី​បុរី​កីឡា​ក្នុង​ខណ្ឌ​៧​មករា កាល​ពី​ខែ​មករា ឆ្នាំ​២០១២។
រៀង​រាល់​ព្រឹក​ស្ត្រី​មេផ្ទះ​ជា​ច្រើន​នាក់​មាន​ទាំង​វ័យ​ក្មេង​ទាំង​វ័យ​ចំណាស់​បាន​នាំ​គ្នា​ប្រញាប់​ប្រញាល់​ចូល​ទៅ​រក​រ៉ឺម៉ក​ដែល​ចូល​ដល់​ក្នុង​ភូមិ។ រ៉ឺម៉ក​នោះ​បាន​ដឹក​អង្ករ បន្លែ ត្រី សាច់ និង​គ្រឿង​ទេស​មួយ​ចំនួន​ទៀត ដែល​ចាំ​បាច់​សម្រាប់​រៀប​ចំ​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ។ ក្នុង​ពេល​នោះ​គេ​ឮ​តែ​សំឡេង​សួរ​គ្នា​ទិញ​ទំនិញ និង​សូរស័ព្ទ​ត​ថ្លៃ​ទំនិញ​អឺងកង​នៅ​កណ្ដាល​ភូមិ។
ស្ត្រី​នៅ​ភូមិ​នេះ​ត្រូវ​ទិញ​អង្ករ បន្លែ ត្រី សាច់ ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ​បែប​នេះ​ជា​រៀង​រាល់ថ្ងៃ។ ពួក​គេ​ត្រូវ​ទិញ​សព្វ​បែប​យ៉ាង​ពី​រ៉ឺម៉ក​អ្នក​លក់ ត្បិត​ផ្សារ​នៅ​ឆ្ងាយ ចំណែក​នៅ​ជុំ​វិញ​ផ្ទះ​ក៏​ពុំ​អាច​ដាំ​ដំណាំ​អ្វី​បាន ដោយ​សារ​តំបន់​នោះ​ក្ដៅ​ហួតហែង​ខ្លាំង​ពេក និង​ខ្វះ​ប្រភព​ទឹក។ ស្ត្រី​អ្នក​ភូមិ​ទិញ​ម្ហូប​អាហារ​ដោយ​ត្បិត​ត្បៀត។ ក្នុង​១​ថ្ងៃ​ពួក​គេ​ចំណាយ​ច្រើន​បំផុត​ត្រឹម​ពី ៤ ទៅ ៥​ពាន់​រៀល។
ជីវភាព​តោក​យ៉ាក​របស់​អ្នក​ភូមិ​ភ្នំបាត បាន​កើត​មាន​ជាង​មួយ​ឆ្នាំ​ហើយ គឺ​ចាប់​តាំង​ពី​ពួក​គេ​ត្រូវ​បញ្ជូន​អោយ​ទៅ​រស់​នៅ​ទី​នោះ​ក្រោយ​ពេល​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួក​គាត់​នៅ​ក្នុង​តំបន់​បុរី​កីឡា ដើម្បី​យក​ដី​ប្រគល់​អោយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex)។ ពួក​គាត់​បាន​ឆ្លង​កាត់​ជីវិត​រស់​នៅ​ដ៏​សែន​ពិបាក ដោយ​ពឹង​អាស្រ័យ​ស្ទើរ​ទាំង​ស្រុង​ទៅ​លើ​ជំនួយ​ដែល​ទទួល​បាន​ពី​អង្គការ​សប្បុរសធម៌​នានា។
កំពុង​បេះ​ត្រកួន​បម្រុង​សម្រាប់​ស្ល​ម្ជូរ អ្នកស្រី គឹម សុផល បាន​ត្អូញត្អែរ​ថា ជីវភាព​ខ្សត់ខ្សោយ​បាន​តម្រូវ​អោយ​អ្នកស្រី​ដែល​ជា​មេផ្ទះ​ត្រូវ​លក​លៃ​ទិញ​ម្ហូប​អាហារ​ដោយ​រិះ​ថាំ​បំផុត។ អ្នកស្រី​រំលឹក​ថា ជាង ១​ឆ្នាំ​មក​នេះ​ពួក​គាត់​រស់​នៅ​ដោយ​ពឹង​លើ​ជំនួយ​អង្ករ​សប្បុរសធម៌​ដែល​ផ្ដល់​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល។ មក​ដល់​ពេល​នេះ​ជំនួយ​នោះ​ត្រូវ​ផ្អាក​ដោយ​ពុំ​ដឹង​ពេល​ណា​អាច​នឹង​បាន​វិញ​ទេ។ ប្រការ​នេះ​រឹត​តែ​ធ្វើ​អោយ​ជីវភាព​ពួក​គាត់​កាន់​តែ​ដុនដាប​ខ្លាំង។
អ្នកស្រី គឹម សុផល៖ «ថា​រស់​រាល់​ថ្ងៃ​នេះ​រស់​នៅ​ដោយ​អង្គការ​ជួយ​ខ្ញុំ និយាយ​អ៊ីចឹង​តែម្ដង។ បើ​អត់​អង្គការ​ទៀត​ពួក​ខ្ញុំ​ត្រូវ​តែ​ងាប់​ទាំង​អស់ មួយ​ភ្នំ​បាត​ហ្នឹង។ បាន​ព្រឹក​ខ្វះ​ល្ងាច បើ​ខែ​វស្សា​បាន​ទៅ​រក​ខ្យង​រក​អី​មក បន្លែ​អី​ចេះ​តែ​រក​ទៅ អ្នក​ណា​មាន​ល្ហុង​ទៅ​សុំ​គេ​មួយ​ផ្លែ​ពីរ​ផ្លែ​ស្ល​ចែក​កូន​ហូប​ទៅ។ បើ​អត់​ខែ​ប្រាំង​មាន​អី​ក្ដៅ ដាំ​អី​ក៏​មិន​បាន​ស្រោច​ទឹក​យ៉ង​ម៉េច​ក៏​ងាប់ អ៊ីចឹង​មាន​ម្ហូប​អី។ ម្ហូប​គេ​មក លុយ ២ ឬ ៣​ពាន់​ទិញ​អី​គ្រប់​អូន​ឯង​គិត​មើល។ បាន​តែ​សាច់​ជ្រូក​មួយ​ខាំ​ទៅ​ចិញ្ច្រាំ​ទៅ បន្លែ​លិច​បន្លែ​កើត​ទៅ បាន​ម៉ា​ខ្ទះ​ទៅ​ចែក​កូន​ហូប​អោយ​តែ​រួចៗ​ទៅ ល្ងាច​ចាំ​គិត​ទៀត។ ល្ងាច​ឡើង​ពង​ទា​មួយ​គ្រាប់​ទៅ ២​គ្រាប់​ទៅ ចេះ​តែ​នាំ​គ្នា​ហូប​អោយ​តែ​រស់ៗ​ទៅ»
ប្រើប្រាស់​ទឹក​មិន​ស្អាត​នាំ​ឲ្យ​កើត​ជំងឺ
អណ្ដូង ៣០៥
៧-មីនា-២០១៣៖ អណ្ដូង​ស្នប់ ជា​ប្រភព​ទឹក​ដែល​ពលរដ្ឋ​នៅ​សហគមន៍​ភ្នំបាត ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ RFA/Sochivy
អ្នក​ភូមិ​ភ្នំ​បាត​ម្នាក់​ទៀត​បាន​រៀប​រាប់​ថា ជីវភាព​កាន់​តែ​ខ្វះ​ខាត​នៅ​ពេល​សមាជិក​គ្រួសារ​ណា​ម្នាក់​មាន​ជំងឺ។ ជម្រើស​ដែល​អាច​ធ្វើ​បាន និង​បន្ទាន់​ភ្លាមៗ គឺ​ការ​ខ្ចី​បុល​អ្នក​ចង​ការ​ប្រាក់​ឯកជន។
នៅ​ពេល​ដែល​គ្មាន​ប្រព័ន្ធ​ទឹក​ស្អាត​ប្រើ​ប្រាស់ អ្នក​ភូមិ​ប្រើ​ទឹក​អណ្ដូង​ស្នប់​ចំនួន​២។ ពួក​គេ​ប្រើ​ទឹក​អណ្ដូង​ទាំង​នោះ​សម្រាប់​ងូត បោក​គក់ លាង​សំអាត ដាំ​ស្ល និង​ហូប។
អ្នកស្រី គឹម សុផល អោយ​ដឹង​ថា ទឹក​ដែល​ត្រង​ពី​អណ្ដូង​ស្នប់ ត្រូវ​ទុក​ចោល​អោយ​រង និង​ដាំ​អោយ​ពុះ​ទើប​អាច​ផឹក​បាន។ ប៉ុន្តែ​បញ្ហា​សុខភាព​មួយ​ចំនួន​នៅ​តែ​កើត​ឡើង​បន្ទាប់​ពី​ផឹក​ទឹក​នោះ៖ «ក្មេងៗ​ដូច​វា​អត់​អី ម៉ៅ​អី​តែ​អា​ឯង​ចាស់។ ជួន​ណា​ទៅ​វា​នោម​ទៅ​ដូច​រអាក់រអួល ដូច​នោម​ទៅ​វា​រាង​អួលៗ ឆួលៗ​យ៉ាង​ម៉េច​មិន​ដឹង។ ទាល់​តែ​ទៅ​ទិញ​ថ្នាំ​ពេទ្យ​មក មួយ​ឈុត​អី ២​ឈុត​អ៊ីចឹង​ទៅ​បាត់។ ដល់​ប្រហែល​កន្លះ​ខែ មួយ​ខែ តាំង​ទៅ​ទៀត ដូច​វា​ម៉េច មក​ពី​ជាតិ​កំបោរ​ហ្នឹង​វា​ច្រើន​តែម្ដង»
ប្រធាន​សហគមន៍ អ្នកស្រី កែវ វុទ្ធី អោយ​ដឹង​ថា សហគមន៍​នេះ​ត្រូវ​ការ​ជំនួយ​ស្បៀង​អាហារ​បន្ទាន់​ដែល​ចាំ​បាច់​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ។ ស្រប​ពេល​នេះ​មាន​ពលរដ្ឋ​ជាង ១០​គ្រួសារ​ទៀត​កំពុង​ស្នាក់​ក្រោម​តង់​ខៀវ ដើម្បី​រង់​ចាំ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទិញ​ដី និង​សង់​ផ្ទះ​អោយ៖ «ខាង​អង្គការ​អី​សូម​អោយ​គាត់​ជួយ​មក​មើល​ផង ដាច់​ស្បៀង​ហើយ ពួក​ខ្ញុំ​និយាយ​អោយ​ត្រង់ គឺ​ត្រូវ​ការ​ស្បៀង​តែ​ម្ដង»
ក្មេងៗ​ពុំ​មាន​សាលារៀន​នៅ​ជិត
កុមារ ភ្នំ​បាត ៣០៥
៧-មីនា-២០១៣៖ កុមារ​នៅ​សហគមន៍​ភ្នំបាត ហូប​អាហារ​ថ្ងៃ​ត្រង់។ RFA/Sochivy
ត្រឡប់​មក​រក អឿន ជីវ័ន ពលរដ្ឋ​នៃ​សហគមន៍​ព្រែក​អញ្ចាញ​វិញ កូនស្រី​ទី​១ របស់​នាង​មាន​អាយុ ៣​ឆ្នាំ​ហើយ។ ជីវ័ន មិន​មាន​ផែនការ​ពី​ការសិក្សា​របស់​ក្មេង​ស្រី​នោះ​នៅ​ឡើយ។ យ៉ាង​ណា​នាង​បញ្ជាក់​ថា តាម​មើល​នាង​គ្មាន​មធ្យោបាយ​អោយ​កូន​ទៅ​រៀន​ឡើយ ប្រសិន​បើ​ជីវភាព​នាង​នៅ​តែ​យ៉ាប់យ៉ឺន​បែប​នេះ ម្យ៉ាង​នៅ​ទី​នោះ​កំពុង​ខ្វះខាត​សាលារៀន។
អ្នកស្រី អឿន ជីវ័ន៖ «កូន​វា​នៅ​តូច​អ៊ីចឹង​មិន​ទាន់​គិត​ទេ ចាំ​មើល​រាង​​ធំ​តិច​ទៀត។ មាន​សាលា​ណា​ដែល​គេ​ជួយ អង្គការ​ណា​ដែល​គេ​ជួយ សុំ​គេ​អោយ​វា​ទៅៗ។ អោយ​វា​ទៅ​រៀន​ជាមួយ​គេ​ទៅ»
ដូចគ្នា​នេះ​ដែរ សម្រាប់​អ្នក​សហគមន៍​ដែល​ទៅ​រស់នៅ​កន្លែង​ថ្មី និង​ពុំ​មាន​សាលារៀន​នៅ​ក្បែរ ពួក​គេ​បាន​បន្ទុក​បណ្ដាក់​កូន​តូចៗ​ដែល​ដល់​អាយុ​ត្រូវ​ចូល​រៀន​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​មណ្ឌល​សម្រាប់​រក្សា និង​បង្ហាត់​បង្រៀន​ក្មេង។
ប្រធាន​សហគមន៍​ព្រែក​អញ្ចាញ​ថ្មី អ្នកស្រី រស់ បុបា្ផ ដែល​បច្ចុប្បន្ន​កូនៗ​ទាំង ៣​នាក់​ត្រូវ​បញ្ជូន​អោយ​ទៅ​រស់​នៅ​ក្នុង​មណ្ឌល​អង្គការ​មិន​មែន​រដ្ឋាភិបាល មាន​ប្រសាសន៍​ថា ពេល​នេះ​ហើយ​ដែល​អ្នកស្រី​ ស្គាល់​ច្បាស់​នូវ​អត្ថន័យ​នៃ​ពាក្យ​ចាស់​ដែល​ថា ស៊ូ​ចង្អៀត​ផ្ទះ​កុំ​អោយ​តែ​ចង្អៀត​ចិត្ត៖ «គឺ​យើង​ទ្រាំ​ដូច​លក្ខណៈ​ក្មេង​កំព្រា​អ៊ីចឹង​ទៅ តែ​យើង​ត្រូវ​តែ​ស៊ូ​ដើម្បី​អី? គឺ​ដើម្បី​អនាគត​កូន»
ស្ត្រី​រង​គ្រោះ​ដោយ​ការ​បាត់បង់​លំនៅ ៩០% មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត
អង្គការ​ស្ត្រី​ខ្មែរ​បាន​ស្រាវជ្រាវ​ក្នុង​ខេត្ត​ក្រុង​ចំនួន ៤ រួម​មាន​ខេត្ត​កំពង់ស្ពឺ កំពង់ធំ បាត់ដំបង និង​រាជធានី​ភ្នំពេញ រក​ឃើញ​ថា ស្ត្រី ៩០​ភាគរយ​នៃ​ស្ត្រី​ដែល​រងគ្រោះ​ដោយសារ​បាត់​បង់​ផ្ទះ និង​ដីធ្លី កំពុង​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​អារម្មណ៍ ជា​ពិសេស​នៅ​តាម​តំបន់​ដែល​ពុំ​មាន​សំណង​ត្រឹម​ត្រូវ។
ប្រធាន​គម្រោង​នៃ​អង្គការ​ស្ត្រី​ខ្មែរ អ្នកស្រី ប៉ិច ប៉ូឡែត មាន​ប្រសាសន៍​ថា ផល​ប៉ះពាល់​ផ្លូវ​ចិត្ត​ស្ត្រី​ដែល​បាត់​បង់​ដី​ធ្លី​បាន​កើត​ឡើង​តាំង​ពី​ពេល​ចាប់​ផ្ដើម គឺ​តាំង​ពី​ពេល​ដែល​ពួក​គេ​ដឹង​ថា លំនៅឋាន​ពួក​គេ​នឹង​ត្រូវ​ផ្លាស់​ប្ដូរ៖ «ស្រមៃ​ឃើញ​ព្រឹត្តិការណ៍​ដែល​គេ​ឈូស​ផ្ទះ ដី​របស់​ពួក​គាត់​ហ្នឹង​ដែល​អារម្មណ៍​ផ្លូវ​ចិត្ត​របស់​ពួក​គាត់។ ពេល​ខ្លះ​គាត់​អត់​មាន​អារម្មណ៍​ធ្វើ​អី​ផ្សេង​ទេ គាត់​គិត​តែ​ពី​រឿង​ហ្នឹង។ គាត់​អង្គុយ​យំ ពេល​ខ្លះ​ទៅ​គាត់​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​គាត់​ក៏​មាន​ដែរ នៅ​ពេល​ដែល​គាត់​មួម៉ៅ​ខ្លាំង។ មួយ​ទៀត​គាត់​អាច​បាក់​ស្បាត ព្រោះ​ការ​តវ៉ា​របស់​ពួក​គាត់​ត្រូវ​បាន​គេ​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​អ៊ីចឹង»
សង្កេត​ឃើញ​ការ​លំបាក​របស់​ក្រុម​អ្នក​ដែល​ត្រូវ​ជម្លៀស​ចេញ​ទៅ​នៅ​ក្រៅ​ក្រុង ពលរដ្ឋ​ជា​ច្រើន​នាក់​ក្នុង​សហគមន៍​សំខាន់​ពីរ​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ គឺ​អ្នក​បឹង​កក់ និង​អ្នក​បុរី​កីឡា ជា​ច្រើន​គ្រួសារ បាន​ក្រាញ​ននៀល​តវ៉ា​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ពួក​គេ បើ​ទោះ​បី​ការ​តវ៉ា​នោះ​ប្រឈម​នឹង​ការ​លំបាក​សព្វ​បែប​យ៉ាង។ ពួក​គេ​មួយ​ចំនួន​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ទៀត​ផង។
ពលរដ្ឋ​ត្រូវ​ការ​ជំនួយ
ពិត​មែន​ថា​បាន​ជួប​ការ​លំបាក​ក្នុង​ជីវិត​ក៏​ស្ត្រី​រង​គ្រោះ​ស្ទើរ​តែ​ទាំង​អស់ អះអាង​ថា ពួក​គេ​មិន​ប្រឆាំង​នឹង​ការ​អភិវឌ្ឍន៍ ឬ​ការ​នាំ​ពួក​គាត់​ទៅ​កាន់​ទីតាំង​ថ្មី​ទេ ប៉ុន្តែ​បាន​ស្នើ​សុំ​អោយ​ផ្ដល់​នូវ​សេវា​ចាំ​បាច់​មួយ​ចំនួន​ដល់​ពួក​គាត់៖ «ទី​១ គឺ​បញ្ហា​បាត់​បង់​មុខ​របរ ទី​២ គឺ​ការ​សិក្សា​របស់​កូន​គាត់ ទី​៣ គឺ​សំខាន់​បំផុត​ហ្នឹង គឺ​មន្ទីរពេទ្យ​តែ​ម្ដង។ អោយ​យើង​ចង់​មក​នៅ យើង​ចង់​ណាស់ កន្លែង​ដី​ធំ​ទូលំទូលាយ​ជាង​ដី​នៅ​លើ​ថ្នល់​រទេះភ្លើង។ ប៉ុន្តែ​ត្រូវ​ផ្ដល់​សេវា​ចាំបាច់​អោយ​ពួក​យើង​បាន​ទាំង ៣​ហ្នឹង។ សូម​អោយ​រាជរដ្ឋាភិបាល​ជួយ​ត​ទឹក​ត​ភ្លើង​ចូល​មក។ តែ​មាន​ភ្លើង​ពួក​គាត់​ប្រហែល​ជា​មាន​ម៉ាស៊ីន (ដេរ) អ៊ីចឹង​ទៅ​គាត់​អាច​ដេរ​ខោអាវ​រយ។ ធូរ​យើង​នៅ​ផ្ទះ​បាន​មើល​កូន​មើល​អី។ ជួល​គេ​មើល​កូន​មួយ​ខែ​អ៊ីចឹង​យ៉ាង​តិច​ក៏ ១០​ម៉ឺន​អី​ដែរ»
សាលា​រាជធានី​ភ្នំពេញ ជា​ស្ថាប័ន​មួយ​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ដល់​សេវា​ចាំ​បាច់​នានា​ដល់​ពលរដ្ឋ​ដែល​ត្រូវ​តាំង​ទី​លំនៅឋាន​ថ្មី ពុំ​បាន​ឆ្លើយ​តប​អោយ​ទាន់​ពេល​វេលា​ចំពោះ​តម្រូវ​ការ​របស់​ពលរដ្ឋ​ឡើយ។
ប្រការ​នេះ​បាន​ជំរុញ​អោយ​ពលរដ្ឋ​ដែល​មាន​ការ​លំបាក​រត់​ទៅ​រក​ជំនួយ​ដែល​អាច​ផ្ដល់​ពួក​គេ​បាន​ភ្លាមៗ។ យ៉ាង​ណា​ពួក​គេ​សង្ឃឹម​ដែរ​ថា នឹង​បាន​ជំនួយ​សប្បុរស​ពី​អង្គការ​រដ្ឋាភិបាល​ដទៃ​ទៀត ជា​ពិសេស​ពី​កាកបាទ​ក្រហម​កម្ពុជា ដែល​ពេល​មុន​ពួក​គេ​មិន​ធ្លាប់​នឹក​នា​ផង​នោះ នៅ​ពេល​ដែល​អង្គការ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​តំបន់​របស់​ពួក​គាត់​ចាប់​ផ្ដើម​ខ្វះ​ខាត​ជំនួយ។
អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ម៉ែន នារីសោភ័ណ មាន​ប្រសាសន៍​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ត្រូវ​ការ​ជំនួយ​គួរ​តែ​ដាក់​សំណើ​ទៅ​ការិយាល័យ​កណ្ដាល​នៃ​កាកបាទ​ក្រហម ដើម្បី​ស្ថាប័ន​នេះ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្ដល់​ជំនួយ៖ «ទេ! ហ្នឹង​តែ​កាលណា​ដល់​នេះ​ទាល់​តែ​មាន​ការ​ស្នើ​សុំ​ទៅ ហើយ​គេ​យក​ទៅ​ពិនិត្យ​មើល​សិន​ទៅ​ណា៎!»
យ៉ាង​នេះ​ក្ដី​ពលរដ្ឋ​អះអាង​ដែរ​ថា ភាគ​ច្រើន​ការ​ឆ្លើយ​តប​នឹង​នៅ​តែ​យឺតយ៉ាវ​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​តែ​បញ្ហា​ចោទ ប្រសិន​បើ​សំណើ​សុំ​ជំនួយ​ឧបត្ថម្ភ​ត្រូវ​ស្នើ​ឡើង​ដោយ​ឆ្លង​កាត់​អាជ្ញាធរ​មូលដ្ឋាន។
សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សិក្សា​ផល​ប៉ះពាល់​មុន​បណ្ដេញ​ចេញ
ចំពោះ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ការពារ​សិទ្ធិ​លំនៅឋាន​ពលរដ្ឋ នៅ​តែ​ទទូច​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​តែ​សិក្សា​ពី​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ នៅ​មុន​ពេល​ផ្លាស់​ប្ដូរ​លំនៅឋាន និង​ត្រូវ​ធានា​ថា ការ​ផ្លាស់​ប្ដូរ​លំនៅឋាន​នោះ​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍន៍។
នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ លើក​ឡើង​ថា ប្រសិន​បើ​ការ​ផ្លាស់​ប្ដូរ​លំនៅឋាន​នៅ​តែ​ធ្វើ​ដោយ​បង្ខំ និង​មិន​បាន​គិត​គូរ​ពី​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ នោះ​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល​នឹង​មិន​អាច​សម្រេច​បាន​ឡើយ។ នៅ​ពេល​មាន​ភាព​ក្រីក្រ​អ្នក​ដែល​ប៉ះពាល់​ជាង​គេ​គឺ​ស្ត្រី និង​កុមារ។
លោក សៀ ភារម្យ៖ «ដល់​ទៅ​ពេល​ដំណាក់​កាល​មួយ​ដែល​គេ​ធ្វើ​ការ​អភិវឌ្ឍ​ទីក្រុង ដែល​គាត់​ត្រូវ​ការ​សប្បាយ​រីករាយ​នឹង​ការ​អភិវឌ្ឍ​ហ្នឹង​ដែរ បែរ​ជា​គាត់​ត្រូវ​ជម្លៀស ហើយ​គាត់​ត្រូវ​ចាប់​ផ្ដើម​ពី​សូន្យ​ឡើង​វិញ។ តើ​នេះ​វា​អាច​ស្រប​ទៅ​ហ្នឹង​គោល​នយោបាយ​ដែល​រាជរដ្ឋាភិបាល​ដែល​ថា មិន​អោយ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​បាន​ទេ? ហើយ​យើង​សម្លឹង​ទៅ​មើល​បញ្ហា​ដែល​យើង​ការ​អភិវឌ្ឍ​ដោយ​មិន​បាន​ពិចារណា ឬ​គ្រប់​គ្រង​អោយ​បាន​គ្រប់​ជ្រុង​ជ្រោយ​ហ្នឹង​​ថា តើ​យើង​កំពុង​អនុវត្ត​បញ្ច្រាស​ទៅ​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល ឬ​ស្រប​នឹង​គោល​នយោបាយ​របស់​ប្រមុខ​រដ្ឋាភិបាល?»
របាយការណ៍​របស់​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក យ៉ាង​ហោច​ណាស់​ប្រជាជន​ចំនួន ៧០​ម៉ឺន​នាក់​ទូទាំង​ប្រទេស​រង​ផល​ប៉ះពាល់​ពី​ការ​ចាប់​យក​ដី និង​ការ​រើ​លំនៅឋាន​ដោយ​បង្ខំ។ ក្នុង​នោះ​ប្រហែល ១០​ភាគ​រយ​នៃ​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ គឺ​ប្រហែល ១៤,៥​ម៉ឺន​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ។ ស្របគ្នា​នេះ​ក៏​មាន​ប្រជាជន​ជិត ៤​ម៉ឺន​នាក់​ទៀត​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ភ្លាមៗ​នៃ​ការ​បណ្ដេញ​ចេញ៕

No comments:

Post a Comment

yes