ពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហម
នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងស្ថិតនៅសហរដ្ឋអាមេរិក បានចូលរួមពិធីរម្លឹកខួបអ្នកស្លាប់ ក្នុងរបបខ្មែរក្រហម កាលពីព្រឹកថ្ងៃទី១៧មេសានេះ តាមរយៈវីដេអូ អ៊ីនថើណេត។ក្នុងពិធីជួបជុំ នៅបឹងជើងឯក ជាយទីក្រុងភ្នំពេញ ដែលជាកន្លែងសម្លាប់មនុស្ស ក្នុងសម័យខ្មែរក្រហម លោក សម រង្ស៊ី បានថ្លែងការណ៍ បង្កប់ដោយខ្លឹមសារនយោបាយ។ លោកសមរង្ស៊ី បានប្រកាសពីជោគជ័យរបស់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជាតិ នៅខែកក្កដាខាងមុខ ហើយថារាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រឆាំងរបស់លោក នឹងបើកឲ្យតុលាការបន្តសំណុំរឿង ចាប់កាត់ទោសលើអតីតមេខ្មែរក្រហម ដែលលោក សម រង្ស៊ី អះអាងថា សព្វថ្ងៃកំពុងស្ថិតក្នុងជួររាជរដ្ឋាភិបាល។
ដូចការគ្រោងទុក នៅព្រឹកថ្ងៃ១៧មេសានេះ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង រួបរួមមកពីគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី បានប្រារព្ធពិធីបង្សុកូល គោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ នៅក្នុងរបបខ្មែរក្រហម នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ក្នុងពិធីនោះ មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងការណ៍ តាមរយៈវីដេអូ អ៊ីនថើណេត ពីសហរដ្ឋអាមេរិក។
ក្រៅពីលើកឡើងពីសោកដនាដកម្មក្នុងរបបខ្មែរក្រហម ដែលនាំដល់ការកាប់សម្លាប់ជីវិតមនុស្សជិត ២លាននាក់ លោក សម រង្ស៊ី ក៏បានលើកឡើងថា រាជរដ្ឋាភិបាលបានរារាំងមិនឲ្យតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ប្រព្រឹត្តទៅបានល្អទេ។ តាមលោក សម រង្ស៊ី រាជរដ្ឋាភិបាលក៏មានការបិទបាំងការពិត និងមានការប៉ុនប៉ងចង់ការពារជនមួយចំនួន ដែលជាអតីតមេដឹកនាំខ្មែរក្រហម ហើយជនទាំងនោះ កំពុងមានដំណែងខ្ពង់ខ្ពស់នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជាបច្ចុបប្បន្ន។
លោកសម រង្ស៊ី បានបញ្ជាក់ថា នៅឆ្នាំក្រោយ នៅពេលមានរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយគណបក្សសង្គ្រោះជាតិ នោះមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួន ដែលលោកសម រង្ស៊ី ហៅថា ជនឧក្រិដ្ឋ មានតំណែងជារដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី នឹងមិនរួចផុតពីការកាត់ទោសឡើយ។ មេបក្សប្រឆាំង លោក សម រង្ស៊ី បានអំពាវនាវឲ្យមានការផ្លាស់ប្តូរមេដឹកនាំថ្មី នៅប្រទេសកម្ពុជា ដើម្បីនាំកម្ពុជាឲ្យស្គាល់សេរី និងយុត្តិធម៌។
ក៏ប៉ុន្តែលោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកការលើកឡើងខាងលើថា លោក សម រង្ស៊ី កំពុងតែលង់ ក្នុងការយល់សុបិន្ត គ្មានព្រំដែន។
តាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ការលើកឡើងរបស់លោក សម រង្ស៊ី ជាសារភូតកុហកប្រជាពលរដ្ឋ ហើយគណបក្សប្រឆាំងមិនមានលក្ខណៈសម្បត្តិណាមួយ ដើម្បីឈ្នះការបោះឆ្នោតជាតិ នៅខែកក្កដាឡើយ។ ប្រជាពលរដ្ឋ អ្នកបោះឆ្នោត ក៏មិនជឿទុកចិត្តលើមេបក្សប្រឆាំង ដែលចងក្រៀកភ្ជាប់ដោយបទល្មើសព្រហ្មទណ្ឌ ដ៏ច្រើនក្រាស់ក្រែលឡើយ៕
No comments:
Post a Comment
yes